កម្មករ ៥នាក់ ដាច់​ដៃ​ម្ខាង ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​កម្មករ​បុកគ្នា នៅ​ខេត្ត​កំពង់ស្ពឺ

ដោយ មាន ឫទ្ធិ
2019.04.04
កម្មករ​គ្រោះថ្នាក់ចរាចរណ៍ កម្មការិនី​រង​របួស ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​កម្មករ​បុកគ្នា នៅ​ស្រុក​ឧត្ដុង្គ ខេត្ត​កំពង់ស្ពឺ ​នៅ​ព្រឹក​​ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ

អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់​អាស៊ី​សេរី​ថា កម្មការិនី ៨នាក់​រង​របួស​ធ្ងន់ គឺ​ដាច់​ដៃ​ម្ខាង​ចំនួន ៥នាក់ ហើយ ៧នាក់​ទៀត បាក់​ដៃ​ម្នាក់ បែក​ក្បាល និង​រលាត់​ស្បែក ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ឡាន​ដឹក​កម្មករ និង​ឡាន​ដឹក​ជី ក្នុង​ស្រុក​ឧដុង្គ នៅ​ព្រឹក​​ថ្ងៃ​ទី៤ មេសា។

កម្មការិនី​របួស​ធ្ងន់​ទាំង ៨នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ឯ​កម្មករ​ ៤នាក់​ទៀត រង​របួស​ស្រាល សម្រាក​នៅ​មន្ទីរ​ពេទ្យ​ស្រុក​ឧដុង្គ។

លោក​អភិបាល​ខេត្ត​ រៀប​រាប់​ថា សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា គ្រោះថ្នាក់​នេះ​កើត​ឡើង​ដោយសារ អ្នក​បើក​បរ​រថយន្ត​ដឹក​កម្មករ​​បើក​ជែង (វ៉ា) រថយន្ត​ដឹក​កម្មករ​មួយ​ទៀត ស្រាប់​តែ​ទៅ​កៀរ​គ្នា​ជាមួយ​រថយន្ត​ដឹក​ជី​មួយ​គ្រឿង ដែល​បើក​បញ្ច្រាស​ទិស​គ្នា បណ្ដាល​ឲ្យ​កម្មករ​ចំនួន ៥នាក់ ដែល​ឈរ​ដាក់​ដៃ​ចេញ​ក្រៅ​ឡាន​ដាច់​ដៃ​ម្នាក់​ម្ខាង៖ «គាត់​វ៉ា​គេ។ ជែង​ ពីលើ​ឡាន​កម្មករ​គ្នា​គាត់​មួយ​ទៀត។ ជែង​ឡើង​ខាង​ឆ្វេង​វឹង​ទៅ ស្រាប់​តែ​វាក់ (ប៉ះ) ជា​មួយ​នឹង​ឡាន ដែល​គេ​មក​​បញ្ច្រាស​ទិស​គ្នា​នោះ។ អា​ឡាន​គេ​ដឹក​ជី មក​បញ្ច្រាស​ទិស​គ្នា ហើយ​មក​កៀរ​គ្នា។ វា​មិន​បាន​បុក​ពេញ​ទំហឹង​ទេ។ វា​គ្រាន់​តែ​កៀរ​ជញ្ជាំង​គ្នា។ កៀរ​ជញ្ជាំង​ឡាន នឹង (ជញ្ជាំង) ឡាន ហើយ​អត់​មាន​ក្រឡាប់​ អត់​មាន​អ្វី​ទេ គ្រាន់​តែ​កៀរ​គ្នា​ខ្វោក​អ៊ីចឹង​ទៅ ធ្វើ​ឲ្យ​កម្មករ​ដែល​គាត់​តែង​ជិះ​ដាក់​ដៃ​ចេញ​ក្រៅ គាត់​តែង​តោង​ឡាន​ តោង​អ្វី​ហ្នឹង ហើយ​ដៃ​ចេញ​ក្រៅ​ហ្នឹង ប្រោក​ទៅ​ ដាច់​ដៃ​អស់ ៥នាក់​អ៊ីចឹង​ទៅ បាក់​ដៃ​ម្នាក់​អ៊ីចឹង​ទៅ។ មួយ​ឡាន​ហ្នឹង ៤១​នាក់ តែ​រង​គ្រោះ ១២នាក់ របួស​ធ្ងន់​នោះ រហូត​ដល់​ដាច់​ដៃ​ចេញ ដាច់​ដៃ​ ធ្លាក់​ដៃ​ចេញ ដាច់​ដៃ​ចេញ​ពី​គ្នា ​ហ្នឹង មាន​ដល់​ទៅ ៥នាក់។ បាក់​ដៃ​ម្នាក់ សល់​ ២នាក់​ទៀត យើង​រាប់​ថា​ធ្ងន់​ដែរ​ហ្នឹង គាត់​បែក​ក្បាល​ និង​រលាត់​ស្បែក។ ដោយ​ឡែក​ ៤នាក់​ផ្សេង​ទៀត គាត់​គ្រាន់​តែ​ធម្មតា របួស​វា​មិន​ធម្មតា តែ​តិច​តួច​ របួស​ស្រាល»

គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ កើត​ឡើង​ម៉ោង ៦កន្លះ​ព្រឹក នៅ​ចំណុច​លើ​ផ្លូវ​ជាតិ​លេខ ៤៤ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ១៣១ និង​១៣២ ស្ថិត​ក្នុង​ ភូមិ​ខ្នុរ​អំពិល ឃុំ​វាលពង់​ ស្រុក​ឧដុង្គ​ ខេត្ត​កំពង់ស្ពឺ។ កម្មការិនី​រង​របួស​ធ្ងន់​ស្រាល​ទាំង ១២នាក់ រស់​នៅ​ភូមិ​ច្រក​ខ្លុង ឃុំ​មនោរម្យ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។

ជន​រង​គ្រោះ ជា​កម្មការិនី​នៅ​រោងចក្រ រោងចក្រ ហ្គោលឌិន​អាប់ភីរា (GA) រោងចក្រ ហើរាយ៍ហ្សិន (​ផលិត​កាបូប) និង​រោងចក្រ ខាយណេង។ រោងចក្រ​ទាំង៣ ស្ថិត​នៅ​ក្នុង​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

អភិបាល​ខេត្ត​កំពង់ស្ពឺ ប្រាប់​ថា សមត្ថកិច្ច​​ចាប់​បាន​អ្នក​បើក​រថយន្ត​ដឹក​កម្មករ និង​កំពុង​ឃាត់​ខ្លួន​សាកសួរ​នៅ​ស្នងការ​ខេត្ត ដើម្បី​កសាង​សំណុំ​រឿង​បន្ត​នីតិវិធី​ទៅ​តុលាការ។ ចំណែក​កម្មការិនី​​រង​របួស​ទាំង​អស់ អាជ្ញាធរ​ និង​បេឡា​ជាតិ​របប​សន្តិសុខ​​សង្គម នឹង​រ៉ាប់រង​លើ​ការ​ព្យាបាល។

តែ​យ៉ាង​ណា​ លោក វ៉ី សំណាង សម្ដែង​ការ​សោកស្ដាយ​គ្រោះថ្នាក់​នេះ ហើយ​អំពាវនាវ​ឲ្យ​អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​នៅ​ខេត្ត​កំពង់ស្ពឺ​ទាំង​អស់ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​សុវត្ថិភាព​របស់​កម្មករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។