កម្មករ​​ណាហ្គាវើលដ៍​​ផ្ដិត​មេដៃ​​​ស្នើ​សុំ​ស្ថាន​ទូត​​នានា ឱ្យ​​​ជួយ​​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ដោះលែង​តំណាង​សហជីព​ ៨​នាក់

0:00 / 0:00

ក្រុម​កូដករ​ណាហ្គាវើដល៍​ ដាក់​ញត្តិ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​បណ្ដា​ស្ថានទូត​នានា​នៅ​រាជធានី​ភ្នំពេញ ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ដោះលែង​ថ្នាក់ដឹកនាំ​និង​សកម្មជន ៨នាក់​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ ការ​ស្នើ​សុំ​នេះ ធ្វើ​ឡើង​ស្រប​ពេល​រដ្ឋមន្ត្រី​ទទួល​បន្ទុក​អាស៊ី​នៃ​ចក្រភព​អង់គ្លេស ធ្វើ​ទស្សនកិច្ច​នៅ​​កម្ពុជា។

ក្រុម​កូដករ​ណាហ្គាវើលដ៍ ភាគ​ច្រើន​ជា​ស្ត្រី​និង​ស្ត្រី​មាន​ផ្ទៃ​ពោះ នាំ​គ្នា​កត់​ឈ្មោះ​ អត្ត​លេខ​ការងារ និង​ផ្ដិត​មេដៃ​ ក្នុង​លិខិតស្នើ​សុំ​មួយ ​ដាក់​តាម​ស្ថាន​ទូត​ចំនួន១៤ ក្នុង​នោះ​មាន ស្ថានទូត​អាមេរិក កាណាដា បារាំង អូស្ត្រាលី អង់គ្លេស ជប៉ុន និង​កូរ៉េ ជា​ដើម ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​មាន​ការ​ដោះលែង​តំណាង​សហជីព​៨​នាក់​ត្រឡប់​មកវិញ និង​ពន្លឿន​ដំណោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុម​ហ៊ុន។

បុគ្គលិក​ម្នាក់​ធ្វើ​ការ ៨ឆ្នាំ ផ្នែក​ចែក​បៀរ កញ្ញា ម៉ែន សុធីវឌ្ឍនៈ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី១១ មករា​ថា ការ​ប្រមូល​ស្នាម​មេដៃ​ពី​ក្រុម​កម្មករ​ធ្វើ​កូដកម្ម​នេះ បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ដើម្បី​ដាក់​ញត្តិ​ជូន​បណ្ដា​ស្ថានទូត​នៅ​ថ្ងៃ​ទី១២ ខែមករា។

កញ្ញា​បញ្ជាក់​ថា ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​បណ្ដា​ស្ថានទូត​មហាអំណាច និង​ស្ថានទូត​ផ្សេង​ទៀត​នៅ​ពេល​នេះ ដោយ​សារ​តែ​តំណាង​របស់​គាត់​កំពុង​ជាប់​ឃុំ​ដោយ​អយុត្តិធម៌ ខណៈ​ដែល​ពួក​គាត់​គ្រាន់​តែ​ប្រើ​ប្រាស់​សិទ្ធិ​សហជីព​ការពារ​ដោយ​ច្បាប់ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​បុគ្គលិក​ជាង ៣រយ​នាក់ ចូល​ធ្វើ​ការ​វិញ។

បុគ្គលិក​វ័យ ៣០ឆ្នាំ ដែល​មាន​ឈ្មោះ​កាត់​ចេញ​ពី​ក្រុមហ៊ុន​រូប​នេះ រំពឹង​ថា បណ្ដា​ស្ថានទូត​ទាំង​អស់​នោះ នឹង​ជួយ​ឲ្យ​តំណាង​កម្មករ ៨នាក់ មាន​សេរីភាព​ក្នុង​ពេល​ឆាប់ៗ នេះ ដើម្បី​វិល​ចូល​តុ​ចរចា​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន និង​ក្រសួង​ការងារ៖ «ខ្ញុំ​រំពឹង​ថា វា​នឹង​សង្ឃឹម​ថា ព្រោះ​ថា​ពួក​គាត់​ជា​ទូត នឹង​យល់​ដឹង​អំពី​ច្បាប់។ គាត់​នឹង​ជួយ​ខាង​ពួក​យើង​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​កម្មករ។ ហើយ​សម្រាប់​ពួកគាត់ ៨នាក់ គឺ​គាត់​អត់​បាន​ធ្វើ​អ្វី​ខុស​ក្រៅ​ពី​ការ​ទាមទារ​សិទ្ធិ​ឲ្យ​បុគ្គលិក​ទេ»។

ការ​ស្វែង​រក​អន្តរាគមន៍​នេះ ធ្វើ​ឡើង​ចំ​ពេល​រដ្ឋមន្ត្រី​ទទួល​បន្ទុក​អាស៊ី​នៃ​ចក្រភព​អង់គ្លេស អ្នកស្រី អាមែនដា មៀលលីង (Amanda Milling) កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ប្រធាន​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត។

ទំព័រ​ហ្វេសប៊ុក​របស់​ស្ថាន​ទូត​ចក្រភព​អង់គ្លេស​ឲ្យដឹង​ថា អ្នក​ស្រី អាមែនដា មៀលលីង (Amanda Milling) ចាត់​ទុក​សិទ្ធិមនុស្ស​ជា​គោលការណ៍​ស្នូល​នៃ​កិច្ចការ​ដែល​ចក្រ​ភព​ធ្វើ។ នៅ​ក្នុង​ជំនួប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល អ្នកស្រី​បញ្ជាក់​ពី​ជំហរ​របស់​ចក្រភព​អង់គ្លេស នៅ​តែ​គាំទ្រ​ឲ្យ​មាន​ការ​ការពារ​សិទ្ធិ​មនុស្ស សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា និង​តំបន់​អាស៊ី​អាគ្នេយ៍។

ទាក់ទង​បញ្ហា​នេះ​ដែរ អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណ ឲ្យ​ដឹង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​លើក​ឡើង​អំពី​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​របស់​កម្មករ​ណាហ្គាវើលដ៍ និង​ការ​ឃុំ​ខ្លួន​សហជីព​៨​នាក់​ ជូន​អ្នកស្រី អាមែនដា មៀលលីង (Amanda Milling)។ លោក​បញ្ជាក់​ថា សង្គម​ស៊ីវិល​ក៏​បាន​ស្នើ​អ្នកស្រី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​អ្នក​ទាំង​អស់​នោះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ដែរ៖ «គាត់​បាន​ដឹង​ព័ត៌មាន​ទាំង​អស់​ហ្នឹង​ហើយ ក្នុង​ន័យ​គាត់​បាន​តាមដាន​ព័ត៌មាន​កន្លង​មក​ដែរ ហើយ​អ្វី​ដែល​យើង​ទទូច​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​ទូត​អង់គ្លេស​ រដ្ឋាភិបាល​អង់គ្លេស​ហ្នឹង ដើម្បី​ស្វែង​រក​ដំណោះស្រាយ ក៏​ដូច​ជា កិច្ច​អន្តរាគមន៍​ដោះ​លែង​អ្នក​តំណាង​ពួក​គាត់​ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ និង​តុលាការ»។

ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​នៃ​កម្មករ​ណាហ្គាវើលដ៍ ៨នាក់ ដាក់​ពន្ធនាគារ​ព្រៃ​ស ចោទ​ពី​បទ​ញុះញង់ កាល​ពី​ពេល​ថ្មីៗ នេះ ធ្វើ​ឲ្យ​អង្គការ​ជាតិ អន្តរជាតិ ខាង​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​ស្ថាន​ទូត​មួយ​ចំនួន ថ្កោល​ទោស​ចំណាត់​ការ​របស់​អាជ្ញាធរ​កម្ពុជា ហើយ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​អស់​នោះ​ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​បន្ត​ការ​ចរចា​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន។

កាល​ពី​ថ្ងៃ​ទី៧ មករា ប្រធាន​អង្គការ​អន្តរជាតិ​ខាង​ការងារ លោក ហ្គាយ រ៉ៃឌើរ (Guy Ryder) អំពាវនាវ​ដល់​លោក ហ៊ុន សែន ឲ្យ​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ជា​បន្ទាន់ ដើម្បី​ធានា​ឱ្យ​មាន​ការ​ដោះលែង​បុគ្គលិក​ណាហ្គាវើលដ៍​ពី​មន្ទីរ​ឃុំឃាំង ហើយ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​អស់ ទាក់ទង​នឹង​សកម្មភាព​សហជីព​របស់​ពួកគេ។

គិត​មកដល់​ថ្ងៃ​ទី១១ មករា អស់​រយៈ​ពេល ២៥ថ្ងៃ​ហើយ ដែល​ក្រុម​កម្មករ​កាស៊ីណូ​ណាហ្គាវើលដ៍ នៅ​បន្ត​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី។ ពួក​គាត់​អះអាង​ថា នឹង​បន្ត​ការ​តវ៉ា​នេះ រហូត​ដល់​មាន​ការ​ដោះ​លែង​តំណាង​ពួកគេ​ត្រឡប់​មក​វិញ ហើយ​ក្រុមហ៊ុន​ត្រូវ​ទទួល​យក​កម្មករ​ជាង ៣រយ​នាក់​ចូល​ធ្វើ​ការ​វិញ​ដែរ។

ទន្ទឹម​នឹង​គ្នា​នេះ កម្មករ​ណាហ្គាវើលដ៍​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន នាំ​គ្នា​ធ្វើ​យុទ្ធនាការ​បង្ហោះ​ប័ណ្ណ​ការងារ​របស់​ពួកគេ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក អម​ដោយ​សារ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​តំណាង​សហជីព​​៨​នាក់​ត្រឡប់​មក​វិញ ដើម្បី​វិល​ចូល​តុ​ចរចា​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ដើម្បី​បញ្ចប់​វិវាទ​ការងារ​នេះ ក្រសួង​ការងារ​គួរ​សម្រប​សម្រួល​ដោះ​ស្រាយ​ជាមួយ​ភាគី​ក្រុមហ៊ុន​ឲ្យ​ព្រម​ទទួល​យក​បុគ្គលិក​ជាង ៣រយ​នាក់ ចូល​ធ្វើការ​វិញ ដោយ​គោរព​សិទ្ធិ​ការងារ​កម្មករ និង​ទទួល​ស្គាល់​វត្ត​មាន​សហជីព​នៅ​កន្លែង​ធ្វើ​ការ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។