មន្ត្រី​សិទ្ធិមនុស្ស​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​លើ​ករណី​មនុស្ស​ដណ្ដើម​អាំង​ប៉ាវ​នៅផ្ទះ​លោក សុខ​ គង់ ស្លាប់​និង​របួស

ដោយ ទីន ហ្សាការីយ៉ា
2025.01.23
មន្ត្រី​សិទ្ធិមនុស្ស​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​លើ​ករណី​មនុស្ស​ដណ្ដើម​អាំង​ប៉ាវ​នៅផ្ទះ​លោក សុខ​ គង់ ស្លាប់​និង​របួស ទិដ្ឋភាព​ពលរដ្ឋ​ខ្មែរ​ប្រមូលផ្ដុំ​គ្នា​កកកុញ​​ នៅ​ខាង​មុខ​ផ្ទះ​ឧកញ៉ា សុខ​ គង់ ហើយ​ជាន់​គ្នា​​ស្លាប់ ៤នាក់ និង​របួស​ ៥នាក់​ ក្នុង​ពេល​ប្រជ្រៀត​គ្នា​ដណ្ដើម​អាំងប៉ាវ​ពី​ឧកញ៉ា​រូប​នោះ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៣ ខែមករា ឆ្នាំ២០២៥។
រូប៖ ហ្វេសប៊ុក Em Riem

អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចេញ​មុខ​ទទួល​ត្រូវ​លើ​ករណី​មនុស្ស​ស្លាប់​ និង​របួស ពេល​ដណ្ដើម​អាំង​ប៉ាវ​ នៅផ្ទះ​លោកឧកញ៉ា សុខ​ គង់។

ពួកគេ​ព្រួយ​បារម្ភ​ថា​ ករណី​នេះ​គ្មាន​អ្នក​ទទួលខុសត្រូវ ហើយ​ទី​បំផុត​ទៅ​ បាន​ត្រឹមតែ​ផ្ដល់​លុយ​បន្តិច​បន្តូច​ចូល​បុណ្យ​គ្រួសារ​សព ​ហើយ​បិទ​បញ្ចប់​សំណុំ​រឿង​ ដូច​ករណី​រត់​ជាន់គ្នា​នៅ​កោះ​ពេជ្រ​កាល​ពី​ឆ្នាំ២០១០​ ជាដើម​។​

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ និង​អ្នកការពារ​សិទ្ធិមនុស្ស​​លើក​ឡើង​ថា​ សមត្ថកិច្ច​ប្រាប់​អំពី​មូល​ហេតុ​មនុស្ស​ស្លាប់​ ៤នាក់​ និង​របួស​ ៥នាក់​ ក្នុង​ពេល​ប្រជ្រៀត​គ្នា​ដណ្ដើម​អាំងប៉ាវ​ពី​ឧកញ៉ា​ សុខ គង់​ ថា​ មក​ពី​បញ្ហា​សុខភាព​ខ្សោយ​នោះ​ ជា​ការ​សន្និដ្ឋាន​លឿន​ពេក​ ហើយ​ហាក់​ដូចជា​ចង់​គេច​វេះពី​ការ​ទទួល​ត្រូវ។

អ្នក​អត្ថាធិប្បាយ​នយោបាយ​ លោក គឹម សុខ​ មាន​ប្រសាសន៍​ថា​ ជាទូទៅ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ​តែង​តែ​គេចវេះ​ពីការ​ទទួល​ត្រូវ​។ លោក​ថា​ ​សមត្ថកិច្ច​នៅ​ក្នុង​របប​ដឹកនាំ​ដោយ​ត្រកូល​ ហ៊ុន​ តែង​តែ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​យ៉ាង​ឆាប់​រហ័ស​ ក្នុង​ទិសដៅ​ ដើម្បី​បិទ​បញ្ចប់​សំណុំ​រឿង​ មិន​ថា​អ្នក​ស្លាប់​ដណ្ដើម​អាំង​ប៉ាវ​នេះ​ ឬ​ព្រឹត្តិការណ៍​នៅ​កោះពេជ្រ​នោះ​ទេ។

លោក គឹម សុខ៖ «កាលណា​មាន​រឿង​ជា​ទម្លាប់​របស់​រដ្ឋាភិបាល​ តែង​តែ​ប្រើ​លេស​ ដើម្បីដោះ​បន្ទុក ដើម្បី​គេចវេះ​ពីការ​ទទួល​ត្រូវ​របស់​ខ្លួន​ហើយ។​ តែ​បញ្ហា​សំខាន់ ទោះបីជា​ពលរដ្ឋ​ នៅក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ​ គាត់​ស្លាប់​ដោយសារ​សុខភាព​លាយ​ឡំ​ក៏​ដោយ​ តែ​បរិយាកាស​នៃ​ការ​ជាន់គ្នា​ គឺជា​រូបភាព​អាក្រក់​បំផុត។ អាក្រក់​នៅ​ត្រង់​ថា​ បង្ហាញ​ពី​ភាព​ក្រីក្រ​មែន​ទែន​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គាត់​បាត់​បង់​សេចក្ដីថ្លៃថ្នូរ ទៅ​យក​អាំងប៉ាវ​បន្តិច​ពី​ឧកញ៉ា​ត្រកូល​ ហ៊ុន ឧកញ៉ា​រកស៊ី​មិន​ត្រឹមត្រូវ​នៅ​កម្ពុជា ហើយ​ភាព​ក្រីក្រ​នេះ​បង្ហាញ​ពី​អសមត្ថភាព​ នៃ​ការ​ដឹកនាំ​របស់​ត្រកូល​ ហ៊ុន​ ច្បាស់​ណាស់។​ ម្លោះ​ហើយ​ កុំ​យក​លេស​អី​ផ្សេង​ៗ​ ទៅ​បិទបាំង​ណា»។

ការ​លើក​ឡើង​របស់​លោក គឹម សុខ​ នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​មនុស្សចំនួន ៤នាក់ បាន​ស្លាប់​ ពីរ​នាក់​ជា​ស្ត្រី​ ដែល​មាន​អាយុ​ចន្លោះ​ពី​ជាង ​៣០​ឆ្នាំ​​ទៅ​ជាង​ ៧០ឆ្នាំ​ និង ៥នាក់​ទៀត​​រង​របួស​ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ នៅ​ ក្រោយ​ពី​បាន​ប្រជ្រៀត​ដណ្ដើម​អាំង​ប៉ាវ​ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ​៤ម៉ឺន​រៀល​ ឬ ១០ដុល្លារ​ និង​អង្ករ​ ២គីឡូហ្រ្គាម។​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ខាងមុខ​ភូមិគ្រឹះ​អ្នក​ឧកញ៉ា សុខ គង់ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ នរោត្ដម​ រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃទី២៣ ខែ​មករា

Stamped_victim_is_being_rescued_012325.jpg
ក្រុម​អ្នក​សង្គ្រោះ​កំពុង​សែង​លោក​តា​ម្នាក់​ដាក់​លើ​ឡានពេទ្យ ដើម្បី​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ហេតុការណ៍​ជាន់​គ្នា​ស្លាប់ និង​របួស ពេល​ប្រជ្រៀត​គ្នា​ដណ្ដើម​អំណោយ​អាំងប៉ាវ នៅ​ផ្ទះ​របស់​ឧកញ៉ា សុខ គង់ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែមករា ឆ្នាំ២០២៥។ រូបថតពីហ្វេសប៊ុក (ចុចលើ​រូបថត​នេះ ដើម្បី​ទៅ​មើល​រូប​មួយ​ចំនួន​ផ្សេង​ទៀត)

នៅមុខ​ផ្ទះ​លោក សុខ គង់​ ចែក​អំណោយ​នេះ​ សាលា​រាជធានី​ភ្នំ​ពេញ​ ឬ​អាជ្ញាធរ​មូល​ដ្ឋាន​ ពុំ​បាន​រៀបចំ​សណ្ដាប់​ធ្នាប់​ឱ្យ​ពលរដ្ឋ​ឈរ​តម្រៀប​ជួ​រ ដើម្បី​ដើរ​ផ្លាស់ប្ដូរ​គ្នា​ ទៅ​យក​អាំងប៉ាវ​នៅ​ក្នុង​បរិវេណ​ភូមិ​គ្រឹះ​លោក សុខ គង់​ ឡើយ។

ព័ត៌មាន​ចុង​ក្រោយ​ ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន ​​មកទល់​យប់​ថ្ងៃ​ទី២៣ មករា​នេះ សាកសព​ចំនួន​ ៣នាក់​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ធ្វើ​បុណ្យ​នៅ​ខែត្រ​តាកែវ​ និង​ម្នាក់​នៅ​ច្បារ​អំពៅ។ រីឯ​អ្នក​រង​របួស ​៥​នាក់​ទៀត​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅឡើយ។

សាច់​ញាតិ​ជន​រងគ្រោះ ​ដែល​ស្លាប់​បាន​ស្រែក​ទ្រហោ​យំ​ស្ដាយ​ស្រណោះ​ ចំពោះ​ការ​បាត់បង់​ជន្ទល់​គ្រួសារ​ និង​សមាជិក​របស់​ខ្លួន​ ដោយ​ការ​ដណ្ដើម​គ្នា​រឿង​លុយ ​៤ម៉ឺន​រៀល​នេះ។​ ពួកគាត់​បញ្ជាក់​ថា មូល​ហេតុ​ចម្បង​ ដែល​ធ្វើ​ឱ្យ​ពួកគាត់​នាំ​គ្នា​ទៅ​ទទួល​អំណោយ​ពី​អ្នក​មាន​លុយ​មាន​អំណាច​នេះ​ គឺ​ដោយសារ​តែ​មាន​ជីវភាព​ក្រីក្រ។

លោក សុខ គង់ បាន​ប្រកាសផ្ដល់​ក្ដារ​មឈូស​ដល់​អ្នក​ស្លាប់​ម្នាក់​មួយ និង​ទឹក​ប្រាក់​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ម្នាក់​ប្រមាណ​ ៦ពាន់​ដុល្លារ ចំណែក​អ្នក​រង​របួសទទួល​បាន​ទឹក​ប្រាក់ ៤លាន​រៀល​ ឬ ១​ពាន់​ដុល្លារ។ ​​

គិត​មកទល់​យប់​ថ្ងៃទី២៣ មករា​នេះ​ រដ្ឋាភិបាល​​មិនទាន់​ចេញ​សារ​ណា​មួយ​ បញ្ជាក់​អំពី​ការ​ទទួល​ខុសត្រូវ​ លើ​ករណី​នេះ​ថា ​យ៉ាងណា​នៅឡើយ​ទេ។

រីឯ​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ លោក សំ វិច្ឆិកា បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​​ កាលពី​ថ្ងៃទី២៣ ​ខែ​មករា ថា​ ជន​រងគ្រោះ​ចំនួន​ ៤នាក់​បាន​ស្លាប់​នោះ​ ដោយសារ​តែ​ពួកគាត់​មាន​សុខភាព​ខ្សោយ​ និង រង​ការ​ប្រជ្រៀត​ពី​មនុស្ស​កុះករ​​នៅ​ខាង​មុខ​ផ្ទះ​លោក សុខ គង់។ លោក​អះអាង​ថា​ សមត្ថកិច្ច​មិន​មាន​ចំណាត់​ការ​ស្វែង​រក​អ្នក​ទទួលខុស​ត្រូវ​ចំពោះ​ការបាត់បង់​ជីវិត​មនុស្ស​ចំនួន​ ៤នាក់​នេះ​ទេ។

លោក សំ វិច្ឆិកា៖ «តាម​ពិត​ទៅ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​គាត់ [លោក សុខ គង់ជា​អ្នក​មាន​ទឹក​ចិត្ត​សប្បុរស​មាន​ចិត្ត​ជួយ​ប្រជាពលរដ្ឋ ​និង​អំណោយ​ដែល​ជា​ទឹក​ចិត្ត​របស់​គាត់។ អ៊ីចឹងកិច្ចការងារនេះ គឺ​ជា​ការងារ​ដែល​កើតឡើង​ គឺ​រឿង​រ៉ាវ​បញ្ហា​សុខភាព អត់មាន​ពាក់ព័ន្ធ​នឹង​រឿង​អី​ផ្សេងៗ​ ទេការងារ​ហ្នឹង​ យើង​នឹង​រៀប​ចំ​នូវ​អ្វី​ ដែល​ចូលរួម​រំលែក​ជាមួយ​ក្រុម​គ្រួសារ​សព​ពាក់​ព័ន្ធ​អ្វី​ ដែល​កើត​ឡើង​ពាក់ព័ន្ធ​បញ្ហា​សុខភាព ហើយ​អ្នក​ចែក​អំណោយ​មាន​ទឹក​ចិត្ត​សប្បុរស»

​​នេះ​មិនមែន​ជា​លើក​ទី១ ​ទេ​ ដែល​រដ្ឋាភិបាល​មិន​ទទួល​ត្រូវ​លើ​ករណី​ជាន់គ្នា​ស្លាប់​នេះ​ ព្រឹត្តិការណ៍​កាលពី ១៥ឆ្នាំមុន​ គឺ​ព្រឹត្តិការណ៍​ផ្អើល​រត់​ជាន់គ្នា​នៅ​កោះ ពេជ្រ​ នា​រាត្រី​នៃ​ពិធី​បុណ្យ​អ៊ំទូក​កាល​ពី​ឆ្នាំ២០១០​ ដែល​ធ្វើ​ឱ្យ​មនុស្ស​៣៥១នាក់ស្លាប់​ និង​មនុស្ស​ ៣៩៥នាក់​ទៀត​រង​របួស​នោះ​ ក៏​រដ្ឋាភិបាល​ត្រកូល ហ៊ុន មិន​ទទួល​ខុសត្រូវ​លើ​ករណី​នេះ​ដែរ។​ កាល​ណោះ ​អតីត​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ បាន​ត្រឹម​សម្រក់​ទឹក​ភ្នែក​នៅមុខ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​មួយ​ចំនួន​ និង​ផ្ដល់​ថវិកា​ជូន​រងគ្រោះ​ច្រើន​បំផុត​ម្នាក់​ ១ម៉ឺន ​២ពាន់​ដុល្លារ​។

អតីត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ករណី​នេះ​ ​ជា​មេរៀន​ពិសោធន៍​ប្រវត្តិសាស្ត្រ សម្រាប់​ទុក​ជា​មេរៀន ដោះស្រាយ​រាល់​ព្រឹត្តិការណ៍​ផ្សេង​ទៀត។ ​នៅ​ពេល​នោះ​ ​លោក​ ហ៊ុន សែន ​ថែម​ទាំង​​បញ្ជាក់​ថា គ្មាន​នរណា​ទទួលទោស នៅ​ក្នុង​ហេតុការណ៍​ស្លាប់​មនុស្ស​នៅ​ស្ពាន​កោះ​ពេជ្រ​ឡើយ ដោយ​លោក​​ចាត់​ទុក​ថា ​ជាការ​​​ការ​ទទួលខុសត្រូវ​រួម​ទៅ​វិញ​។ រី​ឯប្រធាន​គណៈកម្មការ​ដោះស្រាយ​ករណី​ឧបទ្ទវហេតុ​លើ​ស្ពាន​កោះពេជ្រ លោក សុខ អាន​បាន​ចេញ​មុខ​ប្រកាស​អំពី​លទ្ធផល​ស៊ើប​អង្កេត​យ៉ាង​ខ្លី​ថា​ មក​ពី​ផ្អើល​ស្លន់​ស្លោ រត់​ជាន់គ្នា។ បញ្ហា​នេះ​នេះ​ក៏​បិទ​បញ្ចប់​តាំង​ពី​ពេល​នោះ​មក។​

អត្ថបទទាក់ទង​រឿងជាន់គ្នាស្លាប់៖

មន្ត្រីសង្គមស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ឱ្យស៊ើបអង្កេត​​ព្រឹត្តិការណ៍​​ជាន់គ្នាស្លាប់​នៅ​ស្ពាន​កោះពេជ្រ

អ្នកច្បាប់ និង​សង្គមស៊ីវិលស្នើរដ្ឋាភិបាល​ឱ្យ​បន្តសំណុំរឿង​រត់ជាន់គ្នា​នៅ​ស្ពាន​កោះពេជ្រ

គ្រួសារជនរងគ្រោះមួយចំនួន ប្រតិកម្មទៅនឹងការវាយ​កម្ទេចស្ពានកោះ​ពេជ្រ

ខួប ១ឆ្នាំនៃ​ព្រឹត្តិការណ៍​លើ​ស្ពានកោះពេជ្រ

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយ​ចំពោះ​ការ​ស្លាប់​ពលរដ្ឋ​ក្រីក្រ​​ចំនួន ៤នាក់​ក្នុង​ព្រឹត្តិការណ៍​ប្រជ្រៀត​គ្នា នៅ​មុខ​ផ្ទះ​លោក សុខ គង់​ នេះ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​​ស្វែង​រក​អ្នក​ទទួល​ខុស​ត្រូវ​ករណី​នេះ។

លោក អំ សំអាត៖ «ប្រសិន​ជា​និយាយ​ពី​រឿង​ទទួល​ខុសត្រូវ​ គឺ​ជា​ទំហំ​មួយ​ធំធេង ​ព្រោះ​គឺជា​ប្រជាពលរដ្ឋ ដែល​ពលរដ្ឋ​លោក​ស្ម័គ្រចិត្ត​ទៅ​ទទួល​អាំង​ប៉ាវ ឬ​អំណោយ​អំពី​អ្នក​ ដែល​មាន​ទ្រព្យ​ធន​ហ្នឹង។ ប៉ុន្តែ​គ្រាន់​តែ​ថា អ្វី​ដែល​សំខាន់​ហ្នឹង​ វប្បធម៌​នេះ​មិន​គួរ​កើត​ឡើង​របៀប​ហ្នឹង​បន្ត​ទៀត បើ​អាច​បន្ត​កើត​ឡើង​ទៀត​អាច​ជួប​បញ្ហា​គ្រោះថ្នាក់ ឬ​ហានិភ័យ​បន្ត​ទៀត។ ជា​គោលការណ៍​នីត្យានុកូល នៅ​មាន​ព្រឹត្តិការណ៍​កើត​ឡើង ទោះបី​ព្រឹត្តិការណ៍​ហ្នឹង​យ៉ាងណា​ក៏​ដោយ​ នៅ​ពេល​ធ្វើ​ឱ្យ​មាន​ការ​បាត់បង់​ជីវិត​មនុស្ស គឺ​ត្រូវតែ​មាន​ការ​ស៊ើបអង្កេត ការ​ស្រាវជ្រាវ​រក​មូលហេតុ​មួយ​ឱ្យ​បាន​ច្បាស់លាស់។ ប្រសិនបើ​រឿង​ទាំង​អស់​ហ្នឹង​មិនមែន​ជា​បទល្មើស ​ក៏​គួរតែ​មាន​ការ​ស្វែងរក​វិធី​មធ្យោបាយ ដើម្បី​បង្ការ និង​ទប់ស្កាត់ ដើម្បី​កុំ​ឱ្យ​កើត​មាន​បញ្ហា​ទាំង​អស់​ហ្នឹង​កើត​ឡើង​បន្ត​ទៀត»

ឧកញ៉ា​ សុខ គង់ អាយុ ៦៩ឆ្នាំ មាន​ដើមកំណើត​ជា​ជន​ជាតិ​វៀតណាម​។ លោក​មាន​រហ័ស​នាម​ថា «Mr. Sokimex» និង​ជាទី​ប្រឹក្សា​លោក ហ៊ុន សែន។ លោក​ជា​ម្ចាស់​ក្រុមហ៊ុន​លក់​ប្រេងសាំង​ សូគីម៉ិច​ ដែល​ល្បី​ឈ្មោះ​អាក្រក់​ខាង​រត់ពន្ធ​សាំង​ ប្រេងកាត​ កៅស៊ូ​ សម្ភារៈ​យោធា​ ស្បៀង​ និង​ថ្នាំ​សង្កូវ​សម្រាប់​យោធា​។ ក្រៅ​ពី​នេះ​ លោក​ក៏​មាន​រឿង​អាស្រូវ​កិបកេង​ចំណូល​ជាតិ​ បាន​មក​ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​អង្គរ​ដែរ។

លោក​ក៏​ជា​ម្ចាស់​សណ្ឋាគារ​យីហោ​ សុខា អូតែល និង​ទទួល​បាន​សិទ្ធិ​វិនិយោគ​ខ្វះ​តម្លាភាព​នៅ​តាម​តំបន់​ជាច្រើន​ ជា​ពិសេស​ នៅ​តំបន់​រមណីយដ្ឋាន​ភ្នំ​បូកគោ​ ដែល​រង​ការ​ចោទ​ថា​ បាន​ឃុំឃាំង​មនុស្ស​ខុស​ច្បាប់

ជា​រឿង​រាល់​ឆ្នាំ​ ឱ្យ​តែ​ជិត​ដល់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​​ចិន និង​វៀតណាម​ លោក សុខ គង់​ តែងតែ​​ផ្ដល់​អាំងប៉ាវ​ ឬលុយ​ ​ដល់​កង​កម្លាំង​សមត្ថកិច្ច កង​សន្តិសុខ ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​នៅ​ខាង​មុខ​ផ្ទះ​របស់​លោក។

ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ លើក​ឡើង​ថា​ ពលរដ្ឋ​ មន្រ្តី​រាជ​ការ​ទៅ​ដណ្ដើម​គ្នាយក​អាំង​ប៉ាវ​ពី​ឧកញ៉ា សុខ គង់ ​នេះ​ ហាក់​លែង​ខ្វល់​អំពី​ការ​ខ្មាស់​អៀន​ និង​មិន​ខ្វល់​អំពី​ធនធាន ​ដែល​ឧក​ញ៉ា​ជិត​ស្និទ​ជាមួយ​ត្រកូល​ហ៊ុន ​រូប​នេះ​ រក​ស៊ី​​កឹប​កេង ​ឬ​បំផ្លាញ​ជាតិ​បែប​ណា​ឡើយ​ ដោយ​សារ​តែ​ពួកគាត់​រស់​នៅ​ក្នុង​ស្ថានភាព​ក្រ​លំបាក​ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​តែ​មាន​លុយ​ ដើម្បី​យក​មក​ដោះស្រាយ​រឿង​​ក្រពះ​មួយ​គ្រា​សិន​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។