ថៅកែ​រោងចក្រ​ហ្គាវ័ន​បញ្ឈប់​កម្មករ​ជិត​៦០០​នាក់​ដែល​ធ្វើ​កូដកម្ម​កន្លង​មក

ដោយ តាំង សារ៉ាដា
2018-01-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​កម្មករ​នៃ​រោងចក្រ ហ្គាវ័ន អាប់ភែរឹល (Gawon Apparel) ប្រមូល​ផ្តុំ​គ្នា​នៅ​បរិវេណ​ខាង​ក្នុង​នៃ​រោងចក្រ រង់ចាំ​ដំណោះស្រាយ​នា​ទីក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
ក្រុម​កម្មករ​នៃ​រោងចក្រ ហ្គាវ័ន អាប់ភែរឹល (Gawon Apparel) ប្រមូល​ផ្តុំ​គ្នា​នៅ​បរិវេណ​ខាង​ក្នុង​នៃ​រោងចក្រ រង់ចាំ​ដំណោះស្រាយ​នា​ទីក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

កម្មករ​រោងចក្រ​ហ្គាវ័ន អាប់ភើរៀល (Gawon Apparel Co., Ltd.) នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ចោទ​ថៅកែ​រោងចក្រ​ថា បាន​រំលោភ​ច្បាប់​ការងារ និង​រំលោភ​សិទ្ធ​របស់​កម្មករ ករ​ណី​ថៅកែ​រោងចក្រ​ចេញ សេចក្ដី​ប្រកាស​បញ្ឈប់​កម្មករ​ទាំង​ជិត​៦​រយ​នាក់ ដែល​បាន​ធ្វើ​កូដកម្ម​កន្លងមក។

ពួកគេ​អះអាង​ថា រយៈពេល​ជាង​ម្ភៃ​ថ្ងៃ​មក​ហើយ ដែល​ពួកគេ​ធ្វើ​កូដកម្ម​តវ៉ា​នៅមុខ​រោងចក្រ ហ្គាវ័ន អាប់ភើរៀល (Gawon Apparel) ប៉ុន្តែ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេ។ ពួកគេ​ទាមទារ​អោយ​ថៅកែ​រោងចក្រ បើកប្រាក់​ឈ្នួល​របស់​ពួកគេ ដែល​ថៅកែ​បាន​កិបកេង ទៅ​អោយ​ពួកគេ​វិញ។

កម្មការិនី​រោងចក្រ​ម្នាក់ ដែល​បាន​តវ៉ា​នៅមុខ​រោងចក្រ​ទាំង​យប់​ទាំង​ថ្ងៃ គឺ អ្នកស្រី សាន សុខន ឲ្យ​ដឹង​ថា ថៅកែ​រោងចក្រ​បាន​បញ្ឈប់​កម្មករ ដែល​ធ្លាប់​តវ៉ា កន្លង​មក ជាង​៥០០ នាក់ តាំងពី​ថ្ងៃ​ទី​៤ មករា មក​ម្ល៉េះ។

អ្នកស្រី​បញ្ជាក់​ថា កម្មករ​មិន​អាច​ទទួលយក​បានទេ ចំពោះ​ការបញ្ឈប់​នេះ។ កម្មការិនី​រូប​នេះ អះអាង​ថា អ្នកស្រី​នឹង​បន្ត​ធ្វើ​កូដកម្ម​បន្ត​ទៀត ដើម្បី​ទាមទារ​រក​ដំណោះស្រាយ និង​អត្ថប្រយោជន៍​របស់ ពួកគេ​មកវិញ។

កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៧ កម្មករ​រោងចក្រ ហ្គាវ័ន្ត ម្នាក់​បាន​សន្លប់​ភ្លាមៗ នៅ​ពេល​ពួកគេ​បាន​គ្នា​រារាំង​មិន​ឲ្យ​ថៅកែ​រោងចក្រ ដឹក​ម៉ាស៊ីន កាត់ដេរ​ចេញ​ក្រៅរបង​រោងចក្រ។ វិវាទ​ការងារ​រវាង​ថៅកែ​រោងចក្រ និង​កម្មករ បាន​អូសបន្លាយ​ជា​យូរ​ថ្ងៃ​មក​ហើយ នៅតែ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ចប់​នោះ​ទេ។ ក្រុម​កម្មករ​បាន​ចោទ​ថា​ភាគី​ថៅកែ​រោងចក្រ​មានបំណង លួច​ដឹក​សម្ភារៈ​រត់ នឹង​បិទ​រោងចក្រ មិន​បើកប្រាក់​ឈ្នួល​អោយ​កម្មករ។

កម្មករ​ម្នាក់ទៀត អ្នកស្រី ថូ ណៃយៀប អះអាង​ថា ថៅកែ​រោងចក្រ​បាន​បង្គាប់​ឲ្យ​ពួកគាត់ ចូល​ទៅ​បើកប្រាក់​ឈ្នួល សម្រាប់​ខែ​ចុងក្រោយ បន្ទាប់ពី​រោងចក្រ​ប្រកាស​បញ្ឈប់​ពួកគាត់។ អ្នកស្រី​ថា ពួកគាត់​មិន​ទទួល​យក​តែ​ប្រាក់​ឈ្នួល​សម្រាប់​ខែ​ចុងក្រោយ​នោះ​ទេ ប៉ុន្តែ​ទាមទារ ឲ្យ​បើកប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ទាំងអស់ ទើប​ពួកគាត់​សុខចិត្ត។

កម្មករ​បាន​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ និង​ផ្លាស់​វេន​គ្នា ដេក​នៅមុខ​រោងចក្រ​ហ្គាវ័ន្ត ទាំង​យប់​ទាំង​ថ្ងៃ ជិត​មួយ​ខែ​មកនេះ ដោយសារតែ​ថៅកែ​រោងចក្រ​បើកប្រាក់​ឈ្នួល​មិន​គ្រប់​ចំនួន និង​មិន​ទៀងទាត់។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ កន្លងទៅ តុលាការ​ខេត្ត​កណ្ដាល ចេញ​ដីកា​បង្គាប់​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ។

នៅ​ពេល​មាន​ដីកា​ពី​តុលាការ​ដូចនេះ កម្មករ​ខ្លះ​ព្រម​ចូល​ធ្វើការ ប៉ុន្តែ​កម្មករ​ខ្លះ​ទៀត​ក៏​មិន​ព្រម​ចូល​ធ្វើការ​ដែរ។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ភាគី​ថៅកែ​រោងចក្រ ដើម្បី​បំភ្លឺ​ជុំវិញ បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​៧ ខែ​មករា។ ទោះជា​យ៉ាងណា កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ កន្លងទៅ ថៅកែ​រោងចក្រ​អ្នកស្រី ឆា ក្យុងហ៊ី បាន​រាយការណ៍​ទៅ​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល​ថា ការ​ដឹក​ម៉ាស៊ីន​ចេញពី​រោងចក្រ គឺ​ដើម្បី​ផ្លាស់ប្ដូរ​ម៉ាស៊ីន​ថ្មី​តម្រូវ​តាម​ការ​បញ្ជាទិញ​របស់​ភ្ញៀវ​ថ្មី។ ថៅកែ​រោងចក្រ បាន​ហៅ​ការ​តវ៉ា​របស់​កម្មករ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ នោះ គឺជា​ខុសច្បាប់។

សហជីព​ប្រចាំ​រោងចក្រ​ហ្គាវ័ន លោក រ៉ាន់ បូរ៉ា ឲ្យ​ដឹង​ថា លោក​នឹង​ស្វែងរក​ការ​ដំណោះស្រាយ​បញ្ហា​នេះ។

ទោះជា​យ៉ាងណាក៏ដោយ ក្រុម​កម្មករ​រំពឹង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួយ​អន្តរាគមន៍ ក្នុង​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

សូមជំរាបជនរួមជាតិ នៅមានច្រើនទៀត រឿងនេះ ក្នុងរបប ពុករលួយ ហ៑ុន សែន ល្បីខាងរំលោភសិទ្ធមនុស្ស !

Jan 09, 2018 04:54 AM

land grab victim 2009

Why the Gawan Apparel company fired all those "600"khmer employees before national election coming in 2018,because they want to save some money before the world sanctions approaching,and they'll move their company to another countries rather voodoo with this stupid govm't.

Jan 08, 2018 02:08 PM

គេហទំព័រ​ទាំងមូល