រដ្ឋាភិបាលកម្ពុជា នៅមិនទាន់កំណត់ពេលជាក់លាក់នៅក្នុងការដាក់លិខិតទៅរដ្ឋាភិបាលថៃ ដើម្បីស្នើសុំបំភ្លឺករណីសណ្ឋាគារមួយនៅប្រទេសថៃដែលសាងសង់ឡើយដោយចម្លងតាមក្បាច់រចនានៃប្រាសាទបុរាណខ្មែរនៅឡើយទេ។ ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពន្លឿនវិធានការនេះឲ្យបានឆាប់ ព្រោះពលរដ្ឋខ្មែរ ចាត់ទុកថា ទង្វើរបស់ម្ចាស់សណ្ឋាគារនោះ គឺជាប្រមាថដល់អត្តសញ្ញាជាតិខ្មែរ។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង បុណ្ណា ស៊ីរីវត្ថ អះអាងប្រាប់អាស៊ីសេរីយ៉ាងខ្លីនៅថ្ងៃទី១៣ តុលានេះថា អន្តរក្រសួងកម្ពុជា កំពុងបន្តធ្វើការសិក្សាតាមផ្លូវច្បាប់និងឯកសារពាក់ព័ន្ធនានា ហើយនៅមិនទាន់អាចកំណត់ពេលវេលាក្នុងការដាក់លិខិតទៅរដ្ឋាភិបាលថៃនៅឡើយទេ ជុំវិញសណ្ឋាគារ ឡឺ ផាលេស (Le Palais Hotel) ចម្លងតាមរចនាបថប្រាសាទបុរាណខ្មែរ។ លោក មិនបញ្ជាក់ថា ការសិក្សាផ្លូវច្បាប់នឹងបញ្ចប់នៅពេលណានោះទេ ហើយលោកបានផ្តាច់ទូរស័ព្ទ មិនឆ្លើយតបអ្វីទៀតនោះទេ៖ « អត់ទេ កំពុងធ្វើការងារហ្នឹង កំពុងមើលច្បាប់មើលអីឲ្យស្រួលបួល អត់អីទេ កុំអាលទុកឲ្យយើងធ្វើការងារសិនទៅណាប្អូនណា បានទេប្អូន ? »។
អ្នកនាំពាក្យក្រសួងវប្បធម៌រូបនេះ ធ្លាប់បានអះអាងថា ការសាងសង់សណ្ឋាគារ ឡឺ ផាលេស (Le Palais Hotel) ដែលចម្លងតាមប្រាសាទបុរាណខ្មែរ គឺមិនបានសុំការអនុញ្ញាតជាមុននោះទេ ប៉ុន្តែលោកយល់ថា ការសាងសង់នេះ គឺជាផ្នែកមួយនៃការចូលរួមជួយផ្សព្វផ្សាយ លើកតម្លៃនៃបេតិកភណ្ឌរបស់ពិភពលោក ដែលប្រទេសទាំងអស់ក្នុងពិភពលោកអាចចូលរួមផ្សព្វផ្សាយ និងលើកតម្កើងបាន។
អាជ្ញាធរជំនាញកម្ពុជា បានប្រកាសពីគម្រោងដាក់សំណើសុំបំភ្លឺពីភាគថៃនេះជិតពីរសប្ដាហ៍មកហើយ។
ទាក់ទងនឹងរឿងនេះ ពលរដ្ឋខ្មែរម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់អាស៊ីសេរីថា លោកមិនយល់ស្របនូវអ្វីដែលមន្ត្រីរដ្ឋាភិបាលអះអាងថាការចម្លងរចនាបថប្រាសាទបុរាណខ្មែរនេះគឺ ជាការចូលរួមជួយផ្សព្វផ្សាយ លើកតម្លៃនៃបេតិកភណ្ឌរបស់ពិភពលោក ដែលសណ្ឋាគារមួយនៅប្រទេសថៃកំពុងតែធ្វើនោះទេ។ លោកយល់ថា គ្មានប្រទេសណាមួយនឹងអនុញ្ញាតឲ្យប្រទេសដទៃយកអត្តសញ្ញាណរបស់ជាតិខ្លួនទៅជាន់ឈ្លី ហើយបកស្រាយថាចូលរួមជួយផ្សព្វផ្សាយនោះទេ។ ពលរដ្ឋរូបនេះ ចាត់ទុកប្រាសាទអង្គរវត្ត និងប្រាសាទបុរាណរបស់ខ្មែរ គឺជាទីសក្ការ និងជាអត្តសញ្ញាណមួយដែលបង្ហាញអំពីវប្បធម៌នៃជាតិសាសន៍មួយដ៏រឹងមាំ ដូច្នេះការដែលម្ចាស់សណ្ឋាគារ ឡឺ ផាលេស (Le Palais Hotel) យកប្រាសាទបុរាណដែលពលរដ្ឋខ្មែរគ្រប់ជំនាន់គោរព និងលើកតម្កើង ទៅធ្វើជាទីកន្លែងកម្សាន្តសប្បាយ ដូចជាបា ភោជនីយដ្ឋាន បន្ទប់ដេក និងរហូតប្រើរូបចម្លាក់អប្សរាដាក់ក្នុងបន្ទប់ទឹកជាដើម នោះ គឺការប្រមាថ និងជារឿងមិនត្រឹមត្រូវនោះទេ។
សណ្ឋាគារ ឡឺ ផាលេស (Le Palais Hotel) សាងសង់ចម្លងតាមរចនាបថប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និងប្រាសាទបាយ័ន។ សណ្ឋាគារនេះ ស្ថិតនៅលើកោះផាង៉ាន នៃខេត្តសុរ៉ាតថានី (Surat Thani) មានចំងាយ ប្រមាណជាង ៦០០គីឡួម៉ែត្រពីក្រុងបាងកក។
កន្លងទៅថ្មីៗ នេះ សណ្ឋាគារ ឡឺផាលេស (Le Palais Hotel) ចេញលិខិតសុំទោសជាចំហតាមបណ្ដាញសង្គមរបស់សណ្ឋាគារនេះ បន្ទាប់ពីអ្នកលេងអ៊ីនធឹណេតនៅកម្ពុជា ខឹងសម្បារ និងខកចិត្ត ដោយយល់ថា ជាទង្វើមិនសមរម្យ។ ក្នុងលិខិតសុំទោសនោះ សណ្ឋាគារ ឡឹ ផាលេស ហូថែល បានសុំទោសពលរដ្ឋកម្ពុជា និងសោកស្ដាយ ដែលបានធ្វើឲ្យពលរដ្ឋកម្ពុជាខកចិត្ត ហើយសណ្ឋាគារនេះបញ្ជាក់ថា ចេតនានៃការចម្លងប្រាសាទបុរាណខ្មែរ នោះគឺដោយសារតែការស្ងើចសរសើរនិងគោរពចំពោះសិល្បៈដ៏អស្ចារ្យនៃប្រាសាទបុរាណខ្មែរប៉ុណ្ណោះ។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង ថ្លែងថា វិធានការជាក់លាក់របស់រដ្ឋាភិបាលចំពោះការចម្លងប្រាសាទបុរាណខ្មែរទៅជាសណ្ឋាគារនោះត្រូវតែធ្វើឡើងឲ្យបានឆាប់។ លោក ស្នើឲ្យរដ្ឋាភិបាលបង្ហាញជាសាធារណៈនិងពន្លឿនការសួរដេញដោលឬវិធានការទាំងឡាយទាក់ទងនឹងករណីនេះ ឲ្យបានឆាប់ ជាជាងទុកអូសបន្លាយពេលវេលា។ លោក យល់ថា ពលរដ្ឋកម្ពុជាភាគច្រើន កំពុងរង់ចាំមើលវិធានការរបស់រដ្ឋាភិបាលចំពោះករណីនេះ៖ « ការដែលអត់មានប្រតិកម្មពីអាជ្ញាធរយើងក៏មានការងឿងឆ្ងល់ដែរ តើអ្វីជាការទាមទារឲ្យមានពីខាងអ្នកដែលធ្វើនោះ ត្រូវតែឆ្លើយតបយ៉ាងម៉េច ហើយរឿងទី២ ទៀត គឺយើងឃើញហើយ កន្លងមកអ្នកដែលគាត់ធ្វើនោះគាត់សុំទោសអីចឹងណា ថា តើតម្រូវឲ្យគាត់ធ្វើម៉េច ? ឲ្យគាត់រុះរើ ឲ្យគាត់កែច្នៃរបស់គាត់ ឬក៏យ៉ាងម៉េច ឬក៏ថា គាត់ត្រូវតែបើសិនគាត់ធ្វើអ៊ីចឹងហើយ ត្រូវតែធ្វើម្តងទៀតតាមស្តង់ដារដោយត្រូវតែបង់សិទ្ធិអីត្រូវចំណាយ។ កម្ពុជាទាមទារសំណងយ៉ាងម៉េចបើគាត់មិនព្រមរុះរើ។ យើងជាប្រជាពលរដ្ឋចង់ដឹងចង់លឺរឿងហ្នឹងដែរបាទ » ។
សាស្ត្រាចារ្យ ផ្នែកសិលាចារឹក និងប្រវត្តិសាស្ត្រខ្មែរ-អាស៊ីអាគ្នេហយ៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បណ្ឌិត វង់ សុធារ៉ា សរសេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) របស់លោកថ្មីៗ នេះថា នៅពេលដែលប្រាសាទអង្គរវត្ត ដែលជាជម្រកអទិទេព និងជាអត្តសញ្ញាណជាតិខ្មែរ ត្រូវគេយកទៅចម្លងដើម្បីគោលដៅធ្វើជំនួញដោយប្រាសចាកពីខ្លឹមសារគោលគំនិតដើមបែបនេះ «វាជាការប្រមាថដល់ព្រលឹងដូនតាខ្មែរ និងប្រជាជាតិខ្មែរ ដែលគោរពលើកតម្កើងយ៉ាងខ្លាំង»។ លោក ស្នើ ឲ្យរដ្ឋាភិបាលថៃអន្តរាគមន៍រឿងដោយយុត្តិធម៌ ប្រសិនបើថៃពិតជាអារ្យប្រទេសមួយ ដែលចេះស្រឡាញ់និងលើកតម្កើងអត្តសញ្ញាណរបស់ជាតិខ្លួនដែរនោះ បើពុំនោះទេ ជម្លោះជាតិសាសន៍ និងសម្អប់ជាតិសាសន៍ពិតជាពិបាកជៀសវាងណាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។