សហជីពឯករាជ្យការពារកម្មករ យល់ថារបបលោក ហ៊ុន សែន គួរតែជួយដំឡើងប្រាក់ខែជូនកម្មករឲ្យបានខ្ពស់ និងគិតគូរផ្ដល់ផលប្រយោជន៍ផ្សេងៗជូនកម្មករ គឺជារឿងល្អប្រសើរ ជាជាងការបើកប្រាក់ខែ ២ដង ក្នុងមួយខែ ខណៈប្រាក់ខែកម្មករនៅទាបដដែល។ ការលើកឡើងនេះ បន្ទាប់ពីក្រសួងការងារ ប្រកាសថា កម្មករនិយោជិកអាចបើកប្រាក់ឈ្នួល ២ដងក្នុងមួយខែ ចាប់ពីខែមករា ឆ្នាំ២០១៩ តទៅ។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា ការបើកប្រាក់ខែ ២ដង ក្នុងមួយខែអាចធ្វើឲ្យកម្មករមួយចំនួនសប្បាយចិត្ត ព្រោះអាចជួយសម្រួលតម្រូវការខ្លះៗ ប៉ុន្តែកម្មករមួយចំនួនទៀត ក៏មិនសប្បាយចិត្តដែរ ព្រោះពួកគេត្រូវការបើក ១ខែម្ដង ដើម្បីងាយស្រួលសន្សំលុយ និងចាត់ចែងលុយ។ អ្នកស្រីយល់ថា ការជួយសម្រួលបើកប្រាក់ខែនេះ មិនបានជួយឬផ្ដល់ប្រយោជន៍ដល់កម្មករច្រើននោះទេ។ ផ្ទុយទៅវិញរបបលោក ហ៊ុន សែន គួរតែជួយដំឡើងប្រាក់ខែឲ្យខ្ពស់ជាងបច្ចុប្បន្ននេះ ដើម្បីឲ្យកម្មកររស់នៅសមរម្យ៖ «ច្បាប់បើកប្រាក់ឈ្នួល២ដងក្នុងមួយខែនេះ បានចេញតាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ ហើយរដ្ឋាភិបាលគួរតែបានគិតដល់បងប្អូនកម្មករនូវអ្វីផ្សេងទៀត ដែលជាការផ្ដល់ប្រយោជន៍ដល់បងប្អូនកម្មករ ជាជាងច្បាប់ដែលមានស្រាប់ហើយ នៅចាំតែអនុវត្តទៀត។ មួយទៀតពាក់ព័ន្ធនឹងរឿងប្រាក់ឈ្នួលបងប្អូនកម្មករ គឺជាកត្តាមួយដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ព្រោះប្រាក់ឈ្នួលកម្មករមកដល់ពេលនេះ យើងជជែកគ្នាដល់ដំណាក់កាលចុងក្រោយហើយ ដូច្នេះគួរតែគិតថា គួរដំឡើងប្រាក់ឈ្នួលប៉ុន្មាន ឬដំឡើងតាមការទាមទាររបស់សហជីព ព្រោះវាគឺជាការយកចិត្តទុកដាក់ដល់បងប្អូនពិតប្រាកដ។ មួយទៀត ពេលដែលសហជីពទាមទារដំឡើងប្រាក់ឈ្នួល គឺមានរោងចក្រខ្លះ ធ្វើការកៀបសង្កត់ដល់បងប្អូនកម្មករដែលរដ្ឋាភិបាលគួរតែពិនិត្យទៅលើបញ្ហាទាំងអស់នេះ»។
ក្រសួងការងារ កាលពីថ្ងៃទី២១ ខែកញ្ញា បានចេញសេចក្តីប្រកាស ស្ដីពីការបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ២ដង ក្នុងមួយខែ ដោយចាប់អនុវត្តពីខែមករា ឆ្នាំ២០១៩ តទៅ។ សេចក្តីប្រកាសនោះ ឲ្យដឹងថា ម្ចាស់សហគ្រាស គ្រឹះស្ថាន ទាំងឡាយណាដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ត្រូវរៀបចំបើកប្រាក់ខែចំនួន២ដង ក្នុងមួយខែ។ លើកទី១ត្រូវបើកនៅសប្ដាហ៍ទី២ ចំនួន៥០ភាគរយនៃប្រាក់ឈ្នួលសុទ្ធសាធក្នុង១ខែ។ លើកទី២ ត្រូវបើកនៅសប្ដាហ៍ទី៤ គឺស្មើនឹងចំនួនប្រាក់ឈ្នួលសុទ្ធសាធដែលនៅសល់ ប្រាក់ឈ្នួល បន្ទាប់បន្សំ និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករនិយោជិក ត្រូវទទួលបាននៅក្នុងខែនីមួយៗ។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា ក៏សម្ដែងការបារម្ភថា ការអនុវត្តការបើកប្រាក់ឈ្នួលពីរដង ក្នុងមួយខែ អាចធ្វើឲ្យកម្មករជួបបញ្ហាមួយចំនួន ដូចជា ងាយជំពាក់លុយធនាគារ និងគ្មានលទ្ធភាពបង្វិលសង ការប្រាក់វិញ ព្រោះពួកគេមួយចំនួននិយមស៊ីចាយមិនសូវចេះសន្សំ និងខ្ចីលុយគេដើម្បីទិញរបស់ បង់រំលោះជាដើម។ អ្នកស្រីមើលឃើញថា កម្មករភាគច្រើននៅពុំទាន់ចេះគ្រប់គ្រងលុយ និងចាយវាយលុយនោះឡើយ៖ «ជាទូទៅបងប្អូនកម្មករយើងនៅពេលដែលបើកប្រាក់ឈ្នួលមួយខែម្តង គឺគាត់តែងតែខ្ចីលុយអ្នកដទៃ ឬចងការគេយកមកចាយអ៊ីចឹង ប៉ុន្តែ បើកប្រាក់ខែពីរដងគឺអាចជួយគាត់ដែរ តែមិនមែនកម្មករទាំងអស់សុទ្ធតែអ៊ីចឹងទេ ព្រោះកម្មករមួយចំនួនចេះគ្រប់គ្រងលុយ ហើយមួយចំនួនទៀតមិនចេះគ្រប់គ្រងអ៊ីចឹងទៅ»។
កាលពីថ្ងៃទី១៨ ខែកញ្ញាកន្លងទៅ ក្រុមការងារបច្ចេកទេសត្រីភាគី មានតំណាងភាគី សហជីព តំណាងភាគីនិយោជក និងពីភាគីរដ្ឋាភិបាល បានជួបប្រជុំចរចាគ្នាលើកទី៣ ដើម្បីចរចាគ្នា អំពីការដំឡើងប្រាក់ឈ្នួល អប្បបរមាជូនកម្មករនិយោជិកវិស័យ កាត់ដេរនៅឆ្នាំ២០១៩ ។ ការចរចានោះ គឺខាងភាគីនិយោជកព្រមដំឡើងចំនួន ១៧៦ដុល្លារក្នុងមួយខែ រដ្ឋាភិបាល ព្រមដំឡើងចំនួន ១៧៧ដុល្លារ រីឯខាងសហជីព ទាមទារចំនួន១៨៩ដុល្លារក្នុងខែវិញ បន្ទាប់ពីដំបូងឡើយទាមទារ ជាង ២រយដុល្លារត្រូវបរាជ័យ។
ក្រុមសហជីព លើកឡើងថា ការដំឡើងប្រាក់ឈ្នួលជាង ១៨៩ដុល្លារអាចធ្វើឲ្យកម្មកររស់នៅបាន សមរម្យខ្លះ ខណៈបច្ចុប្បន្ននេះ ពួកគេទទួលបានប្រាក់ឈ្នួលចំនួន១៧០ដុល្លារក្នុងមួយខែ ដែល មិនទាន់អាចឲ្យពួកគេរស់នៅសមរម្យនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
