កម្មករធ្វើការងារតាមផ្ទះ ស្វាគមន៍ចំពោះការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម ដែលមានវិសាលភាពគ្រប់ដណ្ដប់លើពួកគេ។ ស្ត្រីបម្រើការងារតាមផ្ទះ អះអាងថា សព្វថ្ងៃនេះ ពួកគាត់នៅតែជួបបញ្ហាប្រឈមច្រើន ដោយមិនទាន់ទទួលបានអត្ថប្រយោជន៍ផ្សេងៗ និងមានសិទ្ធិស្មើភាពដូចកម្មករក្នុងវិស័យកាត់ដេរឡើយ។
ភាគច្រើននៃកម្មករធ្វើការងារតាមផ្ទះ គឺជាស្ត្រី មានទាំងវ័យក្មេងៗមិនទាន់គ្រប់អាយុធ្វើការ រហូតដល់វ័យ ៦០ឆ្នាំ។ ពួកគេបានធ្វើចំណាកស្រុកពីតំបន់ដាច់ស្រយាល ពីព្រោះតែមិនមានជម្រើស ខ្វះចំណេះដឹងក្នុងការស្វែងរកការងារធ្វើសមរម្យ និងកត្តាខ្វះខាតជីវភាព។ ពួកគេអះអាងថា ការងារបម្រើតាមផ្ទះទទួលបានប្រាក់ខែតិច ប៉ុន្តែជួបបញ្ហាប្រឈមច្រើន ដោយសាររដ្ឋាភិបាលហាក់មើលរំលង ទោះបីជាពួកគេខំរួមគ្នាតស៊ូមតិទាមទារការយកចិត្តទុកដាក់បែបណាក្តី។
អ្នកធ្វើការតាមផ្ទះម្នាក់ លោកស្រី មាស ស្រអែមផល្លា រៀបរាប់ថា លោកស្រីបានធ្វើការងារនេះ រយៈពេលជិត ២០ឆ្នាំហើយ។ លោកស្រី ជួបប្រទះបទពិសោធន៍ល្វីងជូរចត់ជាច្រើន ដូចជាត្រូវម្ចាស់ផ្ទះបង្ខំឱ្យធ្វើការនឿយហត់ច្រើនម៉ោង ប្រើពាក្យសម្ដីប្រមាថមើលងាយ និងមិនអនុញ្ញាតឱ្យទទួលការព្យាបាលបានត្រឹមត្រូវ ព្រមទាំងទទួលបានប្រាក់ខែបន្តិចបន្តួច ជាដើម ហើយពេលខ្លះក៏ត្រូវប្រឈមការបៀតបៀនផ្លូវភេទទៀតផង។ ទោះយ៉ាងណា លោកស្រីបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកស្រីមិនសូវប្រឈមនឹងការលំបាកដូចមុនឡើយ ដ្បិតជួបថៅកែជាជនជាតិអឺរ៉ុប ដែលចេះគោរពសិទ្ធិមនុស្ស៖ «និយាយទៅខ្ញុំទើបតែធួរស្រាល៤ឆ្នាំនេះទេដោយសារខ្ញុំបានមេល្អមកពីក្រៅចឹងហ្អា។ប្រឈមទី១ត្រូវទៅធ្វើការ១១ម៉ោងឬ១២ម៉ោងហើយប្រើយើងរហូតអត់ឲ្យ ឈប់ហ្មង។ខ្ញុំរ៉ូយដៃជើងជាពិសេសជើងខាងឆ្វេងមានបញ្ហា តែពេលខ្ញុំជជែកជាមួយគាត់គឺគាត់មិនដែលរវល់ជាមួយយើងឡើយ»។
មានវ័យ ៤០ឆ្នាំ លោកស្រី មាស ស្រអែមផល្លា រីករាយដែលរដ្ឋាភិបាល បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គមដែលគ្រប់ដណ្ដប់ទាំងកម្មករធ្វើការងារតាមផ្ទះ។ លោកស្រីបញ្ជាក់ថា ច្បាប់នេះ នឹងអាចជួយកម្មករធ្វើការងារតាមផ្ទះបានច្រើន ប្រសិនបើរដ្ឋាភិបាលអនុវត្តឱ្យមានប្រសិទ្ធភាព៖ «សូមកុំឲ្យមានការរើសអើងនៅពេលខាង ប.ស.ស ផ្តល់ប័ណ្ណអ៊ីចឹងហើយ។ សូមឲ្យរដ្ឋាភិបាលជួយមើល ឬយកចិត្តទុកដាក់ដល់កម្មករនិងអ្នកក្រីក្រពួកខ្ញុំផង»។
កម្មករធ្វើការងារតាមផ្ទះជិត២០ឆ្នាំម្នាក់ទៀត គឺលោកស្រី សៀង ម៉ៅ រៀបរាប់ថា លោកស្រី កំពុងធ្វើការងារតាមផ្ទះឱ្យជនជាតិបរទេស។ ដោយសារតែមានបទពិសោធន៍ច្រើនឆ្នាំ សព្វថ្ងៃនេះលោកស្រីមិនសូវជួបបញ្ហាលំបាកដូចមុនឡើយ ពោលគឺទទួលបានប្រាក់ខែសមរម្យ មានពេលសម្រាកត្រឹមត្រូវ និងមិនមានការរំលោភបំពានលើរូបរាងកាយ និងពាក្យសម្ដីឡើយ។
ទោះជាយ៉ាងណា លោកស្រី បញ្ជាក់ថា មានកម្មករតិចតួចប៉ុណ្ណោះដែលមានសំណាងបែបនេះ ពោលគឺកម្មករតាមផ្ទះភាគច្រើននៅតែជួបការលំបាក ធ្វើការងារដូចទាសករដដែល។ លោកស្រី ស្នើសុំឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមទៀតលើកម្មករតាមផ្ទះ ដូចជាពង្រីកការផ្តល់សេវាកិច្ចគាំពារសង្គមដោយគ្មានការរើសអើង និងជួយកំណត់ប្រាក់ឈ្នួលដូចវិស័យកាត់ដេរជាដើម៖ «សុំមួយហេតុអីប័ណ្ណ ប.ស.ស របស់ពួកខ្ញុំមានពណ៌ខុសពី ប.ស.ស របស់មន្ត្រីរាជការ។ សូមឲ្យមានដូចៗ គ្នាមក កុំឲ្យមានការរើសអើង។ ខ្ញុំឃើញថា គ្រាន់តែប៉ុណ្ណឹងរើសអើងបាត់ទៅហើយ។ប័ណ្ណ ប.ស.ស ពួកខ្ញុំពណ៌លឿង ហើយពួកគេពណ៌ស និងមានរូបថត។ ពេលដែលទៅមន្ទីរពេទ្យ គឺមានមន្ទីរពេទ្យខ្លះគេអត់ស្គាល់ប័ណ្ណសមធម៌របស់ពួកខ្ញុំទេ»។
កាលពីថ្ងៃទី២ ខែសីហា កន្លងទៅ ទីស្ដីការគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម ដែលមានវិសាលភាពគ្រប់ដណ្ដប់ទាំងកម្មករធ្វើការងារតាមផ្ទះ។ សេចក្ដីព្រាងច្បាប់នេះ ផ្ដល់អត្ថប្រយោជន៍សំខាន់ៗចំនួន៤ រួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកភាពគ្មានការងារធ្វើ។
ប្រធានបណ្ដាញអ្នកធ្វើការតាមផ្ទះនៅកម្ពុជា អ្នកស្រី វុន សម្ផស្ស ឱ្យដឹងថា កម្ពុជាមានអ្នកធ្វើការងារតាមផ្ទះប្រហែល ២៨ម៉ឺននាក់ ក្នុងនោះប្រមាណ ៩០% ធ្វើការ ៧ថ្ងៃក្នុងមួយសប្ដាហ៍។ អ្នកស្រីបញ្ជាក់ថា ៨០% ជាស្ត្រីដែលភាគច្រើនផ្លាស់ទីពីជនបទមកទីក្រុង ហើយ ១០% មានអាយុក្រោម ១៥ឆ្នាំ។ អ្នកស្រីឱ្យដឹងទៀតថា ក្នុងចំណោមកម្មករតាមទាំងនេះ មានតែ ៣០% ប៉ុណ្ណោះ ដែលអាចរកចំណូលបានចន្លោះពី ៨០ ទៅ ១២០ដុល្លារក្នុងមួយខែ។
អ្នកការពារសិទ្ធិកម្មករតាមផ្ទះរូបនេះ យល់ថា ការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គមនេះ គឺជាដំណឹងល្អមួយ ប៉ុន្តែអ្នកស្រីជំរុញឱ្យរដ្ឋាភិបាលពន្លឿនការបង្កើតច្បាប់នេះឱ្យចេញជាផ្លូវការ ហើយអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករតាមផ្ទះ៖ «អ្វីដែលខ្ញុំរំពឹង គឺក្រសួងក៏ដូចជា បេឡាជាតិរបបសន្តិសុខសង្គមនឹងជំរុញម្ចាស់ផ្ទះ ដែលមានអ្នកបម្រើការងារតាមផ្ទះឱ្យទៅចុះបញ្ជី ដើម្បីឲ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ ក៏ដូចជា ករណីដែលមានគ្រោះថ្នាក់ការងារ និងករណីផ្សេងៗ ត្រូវបានគ្របដណ្តប់ដោយម្ចាស់ផ្ទះ។ ខ្ញុំរំពឹងថា បើគាត់ចុះបញ្ជី គឺនឹងផ្តល់ប្រយោជន៍ប្រសើរជាជាងបង្កើតច្បាប់ ហើយអតមានការអនុវត្តន៍»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងនេះពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ហេង សួរ បាននៅឡើយទេ នៅថ្ងៃទី៣ សីហា ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។
ក្រសួងការងារ កំណត់ថា ការងារផ្ទះសំដៅយកកិច្ចការទាំងឡាយ ដែលត្រូវប្រតិបត្តិនៅក្នុងរង្វង់គ្រួសារមួយ ឬសម្រាប់គ្រួសារមួយជាកំណត់ ដូចជាការបោសសំអាត ការចម្អិនអាហារ ការបោកគក់ និងអ៊ុត ការថែទាំកុមារ ការថែទាំមនុស្សចាស់ ការថែទាំសមាជិកគ្រួសារ ការថែទាំសួន ការថែទាំទ្រព្យសម្បត្តិ ការបើកបររថយន្តសម្រាប់គ្រួសារ និងការថែទាំសត្វចិញ្ចឹមក្នុងគ្រួសារជាដើម។
អ្នកស្រី វុន សម្ផស្ស កត់សម្គាល់ថា កម្មករធ្វើការងារតាមផ្ទះ នៅតែប្រឈមបញ្ហាជាច្រើន ដោយសារច្បាប់ការងារ គ្មានចំណុចណាមួយ ដែលចែងការពារសិទ្ធិកម្មករ ដែលបម្រើការងារតាមផ្ទះនោះឡើយ។ អ្នកស្រីជំរុញឱ្យរដ្ឋាភិបាល ពន្លឿនការផ្ដល់សច្ចាប័ន និងទទួលស្គាល់អនុសញ្ញាលេខ១៨៩ ស្ដីពីការងារសមរម្យសម្រាប់កម្មករធ្វើការងារតាមផ្ទះ ដើម្បីអាចឱ្យពួកគេទទួលបានការការពារដូចកម្មករនៃវិស័យដទៃទៀតដែរ៖ «អ្នកស្នាក់នៅជាមួយម្ចាស់ទៅ គឺទ្វារបិទជិតហើយបញ្ហាមួយចំនួនយើងអត់ដឹងទេ ហើយករណីកន្លងមកលុះត្រាតែមានគេផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ហើយអ្នកខ្លះប្រឈមនឹងការប្រើអំពើហិង្សា ប្រឈមការបណ្តេញចេញដោយគ្មានកំហុស ហើយគ្មានការផ្តល់សំណង។អ្នកខ្លះប្រឈមការបៀតបៀនផ្លូវភេទមានទាំងការលែបខាយនៅកន្លែងការងារ ធ្វើឲ្យពួកគាត់អត់សប្បាយចិត្ត។ ពេលនៅក្នុងផ្ទះរបស់ម្ចាស់ផ្ទះយូរពេកធ្វើឲ្យពួកគាត់មានជំងឹសតិអារម្មរណ៍ខ្លាចមនុស្សពេលចេញមកខាងក្រៅ។ ដូច្នេះ គាត់ទទួលរងអយុត្តិធម៌ច្រើនមែនទែន បើប្រៀបធៀបនឹងកម្មករវិស័យផ្សេងៗ»។
កាលពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅ មានករណីម្ចាស់ផ្ទះធ្វើបាបកូនឈ្នួលរហូតកក្រើកដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ម្ចាស់ផ្ទះបានប្រើអំពើហិង្សាលើក្មេង ស្រីវ័យ ១៦ឆ្នាំសឹងរាល់ថ្ងៃ ដោយវាយទាត់ធាក់ និងបង្អត់បាយជាដើម។ ទង្វើនេះបានកើតឡើងអស់ រយៈពេល៤ឆ្នាំមកហើយ ប៉ុន្តែត្រូវបែកការណ៍ បន្ទាប់ពីអ្នកជិតខាងបានផ្ដល់ដំណឹងនេះដល់អ្នកសារព័ត៌មាន និងសមត្ថកិច្ចមូលដ្ឋាន។ ក្រោយសមត្ថកិច្ចបានជួយសង្គ្រោះកុមាររងគ្រោះនោះ មានសភាព ស្លេកស្លាំង និងមានស្លាកស្នាមជាំ និងរបួសពេញខ្លួន ដូចជា ក្បាល ដៃ ជើង។
លោក ហ៊ុន សែន លើកឡើងថា លោកចង់ឃើញម្ចាស់ផ្ទះផ្ដល់តម្លៃ គោរពសិទ្ធិនិងត្រូវមានចិត្តមេត្តាករុណាចំពោះអ្នកបម្រើ បើម្ចាស់ផ្ទះមានលទ្ធភាពជួលពួកគេឱ្យមកបម្រើការងារផ្ទះរបស់ខ្លួននោះ។
ទោះជាយ៉ាងណា កម្មករតាមផ្ទះនៅតែទទូចឱ្យប្រមុខដឹកនាំរដ្ឋាភិបាលឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់ពួកគេ គឺទទួលយកអនុសញ្ញាលេខ១៨៩ របស់អង្គការអន្តរជាតិខាងការងារ (ILO) និងធ្វើវិសោធនកម្មច្បាប់ការងារបន្ថែមទៀត ដើម្បីផ្ដល់ផលអត្ថប្រយោជន៍ពិតប្រាកដដល់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។