លោក ហ៊ុន ម៉ាណែត បារម្ភចំពោះការផ្សព្វផ្សាយបញ្ហាឧក្រិដ្ឋកម្មបង្កផលប៉ះពាល់ដល់កម្ពុជា
2024.02.20

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ចេញប្រតិកម្មខឹងសម្បារជាថ្មីទៀត និងហាក់ព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនបរទេសមួយចំនួន ព្រមទាំងស្ថាប័នសារព័ត៌មានអន្តរជាតិផ្សព្វផ្សាយព័ត៌មានលាតត្រដាងអំពីបញ្ហាឧក្រិដ្ឋកម្មនានាដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ និងសេដ្ឋកិច្ចកម្ពុជា។ អ្នកឃ្លាំមើលលើកឡើងថា ប្រសិនបើកម្ពុជាពិតជាសម្បូរដោយរឿងរ៉ាវករណីចាប់ជំរិត និងការជួញដូរមនុស្សមែននោះ រដ្ឋាភិបាលគួរបង្ហាញឆន្ទៈដោះស្រាយទើបជាការប្រសើរ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ជាង ៤០ឆ្នាំដែលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលប្រឹងប្រែងស្ដារសេដ្ឋកិច្ច និងទប់ស្កាត់ការកើតមានសង្គ្រាមកាប់សម្លាប់គ្នា ប៉ុន្តែបច្ចុប្បន្នមានជនបរទេស និងស្ថាប័នសារព័ត៌មានអន្តរជាតិមួយចំនួនបានដែលលោកចោទថា ផ្សាយព័ត៌មានបំផ្លើសបំផ្លាញមុខមាត់កម្ពុជា។ លោកទទួលស្គាល់ថា ការផ្សព្វផ្សាយព័ត៌មានអំពីបញ្ហាឧក្រិដ្ឋកម្មនានាធ្វើឱ្យភ្ញៀវទេសចរចិន និងភ្ញៀវអន្តរជាតិផ្សេងទៀតយល់ច្រឡំ ខ្លាចរអាមិនហ៊ានមកកម្សាន្តនៅកម្ពុជា ដែលបញ្ហានេះ បានជះឥទ្ធិពលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពលរដ្ឋ និងសង្គមជាតិទាំងមូល។
លោក ហ៊ុន ម៉ាណែត៖ «ប្រជាជនខ្មែរប្រទេសខ្មែរខំកសាងប្រទេសពីសង្គ្រាម ខំផ្សព្វផ្សាយថា ប្រទេសខ្មែរអត់មានសង្គ្រាមទេមកៗ ស្រាប់តែអ្នកទាំងអស់ហ្នឹងចង់បាន អ្នកមើល (View) ចង់បានលុយមកថតផ្សព្វផ្សាយ ឱ្យគេយល់ច្រឡំ។ យល់ច្រឡំរឿងអីមិនរឿងថា រឿងហូបអាពីងអីខ្លាច កាលមុនមានអ្នកថតថា កម្ពុជាអ្នកហូបអាពីងអ៊ីចឹងទៅ នេះមកថតចាប់ជំរិតឱ្យគេយល់ច្រឡំស្រុកខ្មែរ ឱ្យគេលែងហ៊ានមក តើវាយុត្តិធម៌សម្រាប់យើងទេ? អ៊ីចឹងការអនុវត្តច្បាប់ត្រូវដាក់»។
ប្រតិកម្មរបស់លោក ហ៊ុន ម៉ាណែត នេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ពីចាក់អង្រែក្រោមទៅព្រែកប្រា នៅថ្ងៃទី១៩ ខែកុម្ភៈ បន្ទាប់ពីតុលាការខេត្តព្រះសីហនុដែលកាលពីថ្ងៃទី១៥ ខែកុម្ភៈ បានកាត់ទោសឱ្យជនជាតិតៃវ៉ាន់(Taiwan) ២នាក់ជាប់ពន្ធនាគារចំនួន ២ឆ្នាំ ពាក់ព័ន្ធសកម្មភាពផ្សាយផ្ទាល់វីដេអូ (Video) លើបណ្ដាញសង្គមបង្ហាញពីកន្លែងអគារធ្វើទារុណកម្មជួញដូរមនុស្ស និងអះអាងថា ពួកគេត្រូវបានគេវាយធ្វើបាបក្នុងខេត្តនេះ។
លោក ហ៊ុន ម៉ាណែត៖ «គាត់មកបំផ្លាញស្រុកយើង គាត់ធ្វើឱ្យមនុស្សរាប់សែន រាប់លាននាក់ដែលមើលតិកតុកគាត់ (TikTok) ថា ស្រុកខ្មែរអសុវត្ថិភាពដោយសារគាត់ចង់បានអ្នកមើល (View) លក់ផលិតផលគាត់ តើនេះឬជាការស្រឡាញ់មកប្រជាជនកម្ពុជា? យើងមិនអាចឱ្យអ្នកហ្នឹងធ្វើអ៊ីចឹងទេ ឥឡូវចាប់ដាក់គុក ២ឆ្នាំ ផាក ៤លាន។ ម្សិលម្ង៉ៃ មានអ្នកតវ៉ារកអន្តរាគមន៍ ខ្ញុំថា ឱ្យតាមទូរស័ព្ទ អ្នកអន្តរាគមន៍ថា ក្មេងៗអាណិតម្ដាយឈឺនៅតៃវ៉ាន់ សុំលែងទៅ។ ខ្ញុំថា បើម្ដាយឈឺគួរដាក់វាឱ្យយូរ បើម្ដាយឈឺមិនគួរអកតញ្ញូ គួរតែនៅតៃវ៉ាន់មើលម្ដាយឈឺ មិនគួរជិះកប៉ាល់ហោះមកបំផ្លាញស្រុកគេទេ»។
អ្នកឃ្លាំមើលសង្គមលើកឡើងថា ជំនួសការថ្លែងបារម្ភពីការផ្សព្វផ្សាយបញ្ហាឧក្រិដ្ឋកម្ម រដ្ឋាភិបាលគួរបង្ហាញឆន្ទៈដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព ពីព្រោះរដ្ឋាភិបាលខ្លួនឯងក៏ធ្លាប់ទទួលស្គាល់ពីបញ្ហាចាប់ជំរិតមនុស្សធ្វើទារុណកម្ម និងបញ្ហាជួញដូរមនុស្សនៅកម្ពុជាដែរ។
អ្នកសិក្សាសង្គម និងនយោបាយ លោក ប៉ោ មករា ជំរុញដល់រដ្ឋាភិបាលត្រួតពិនិត្យរបាយការណ៍របស់ស្ថាប័នអន្តរជាតិនានា ប្រសិនបើកម្ពុជាពិតជាកើតមានរាល់បញ្ហាឧក្រិដ្ឋកម្មដូចជាស្ថាប័នអន្តរជាតិតែងលើកឡើងនោះ រដ្ឋាភិបាលគួរចាត់វិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។
លោក ប៉ោ មករា៖ «ដូចជាការផលិតកុនពាក់ព័ន្ធរឿងចាប់ជំរិតនៅកម្ពុជាអីហ្នឹង រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីគួរតែពិនិត្យថា តើសកម្មភាពទាំងអស់ហ្នឹងវាត្រូវនឹងបញ្ហាកម្ពុជាអត់ ហើយគួរតែមានការបំភ្លឺពីខាងភាគីផលិតរឿងហ្នឹង ដើម្បីកុំឱ្យកម្ពុជាមានបញ្ហាកេរ្តិ៍ឈ្មោះ។ មួយទៀតវាពាក់ព័ន្ធបញ្ហាអំពើពុករលួយ។ អំពើពុករលួយក៏អង្គការតម្លាភាពអន្តរជាតិ បានចេញរបាយការណ៍ថា យើងមានពិន្ទុទាប មានបញ្ហាអំពើពុករលួយធ្ងន់ធ្ងរដែរ»។
ចំណែកអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្ទ្រ មានប្រសាសន៍ថា ថ្វីត្បិតកម្ពុជាគ្មានសង្គ្រាមកាប់សម្លាប់គ្នា ប៉ុន្តែកម្ពុជាបច្ចុប្បន្នសម្បូរដោយរឿងរ៉ាវឧក្រិដ្ឋកម្មក្នុងសង្គម ហើយពលរដ្ឋ និងអ្នកប្រឆាំងមួយចំនួនរងការកាប់សម្លាប់រកមុខឃាតកមិនឃើញក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោកសង្កត់ធ្ងន់ថា បញ្ហាឧក្រិដ្ឋកម្មដូចជា ការចាប់ជំរិតមនុស្សនៅតែបន្តកើតមាន គឺដោយសារតែរដ្ឋាភិបាលខ្លួនឯងគ្មានសមត្ថភាព និងគ្មានឆន្ទៈបង្ក្រាបមេខ្លោងនៃក្រុមឧក្រិដ្ឋជនទាំងនោះ ទើបធ្វើឱ្យពលរដ្ឋ រួមទាំងសេដ្ឋកិច្ចជាតិទាំងមូលកាន់តែដុនដាប។
លោក ម៉ែន សុថាវរិន្ទ្រ៖ «ដោយសារតែអត់មានភ្ញៀវទេសចរ ហើយសេដ្ឋកិច្ចកំពុងដួលរលំគាត់ឃើញជាក់ស្ដែង ហើយគាត់ចេះតែពន្លើស និងស្ដាប់តាមតែរបាយការណ៍កូនចៅដែលខ្លាចគាត់ រឿងនិទ្ទណ្ឌភាព រឿងកាប់សម្លាប់ចាប់ជំរិតទាំងប៉ុន្មាន តើមានយុត្តិធម៌អត់? រឿងនិទ្ទណ្ឌភាពអីហ្នឹងអត់មានដោះស្រាយអីទាំងអស់ តាំងពីឪពុកគាត់មក រហូតដល់ឥឡូវជាក់ស្ដែង បើគាត់បានរៀនសូត្រ យើងជឿជាក់ថា គាត់អាចធ្វើបាន ព្រោះគាត់ធ្លាប់រៀននៅប្រទេសលោកសេរីដែរ ប៉ុន្តែ សម្រេចសម្រួលគាត់ធ្វើដូចប្រទេសកូរ៉េខាងជើង (North Korea) អ៊ីចឹង បន្តពូជធ្វើឱ្យប្រទេសកាន់តែកាចសាហាវ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ ដើម្បីឆ្លើយតបនឹងបញ្ហានេះបានទេនៅថ្ងៃទី១៩ ខែកុម្ភៈ។
សកម្មភាពឧក្រិដ្ឋកម្មនៅកម្ពុជាដូចជាបញ្ហាជួញដូរមនុស្ស ការបាញ់បោះសេរី និងករណីចាប់ជំរិត នៅតែបន្តកើតមានជាហូរហែ ស្របពេលអាមេរិកបានដាក់កម្ពុជាចូលក្នុងបញ្ជីតាមដាននៃក្រុមប្រទេសដែលមានស្ថានភាពអាក្រក់នៃអំពើជួញដូរមនុស្ស។
មន្ត្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើលលើកឡើងថា នៅពេលដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អសមត្ថភាព លុបបំបាត់បទល្មើសឧក្រិដ្ឋកម្មធំៗនោះ ក្រៅពីទេសចរពីលោកខាងលិច សូម្បីតែទេសចរចិនក៏ពួកគេខ្លាចរអាមិនហ៊ានចូលមកទស្សនាកម្សាន្តនៅកម្ពុជាដែរ។ ពួកគេបារម្ភថា បើបញ្ហាទាំងអស់នៅតែគ្មានការដោះស្រាយ និងទប់ស្កាត់ ពលរដ្ឋ និងសេដ្ឋកិច្ចជាតិនឹងរងផលប៉ះពាល់យូរអង្វែង និងធ្វើឱ្យកម្ពុជាអាប់មុខមាត់នៅឆាកអន្តរជាតិកាន់តែខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។