មន្ត្រីសង្គមស៊ីវិលមិនរំពឹងថា បញ្ហាឆបោកតាមអនឡាញ (Online) និងឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជាមានស្ថានភាពល្អប្រសើរនោះទេ ទោះបីជារដ្ឋាភិបាលអះអាងថា បានបង្ក្រាបក្រុមឆបោកជាបន្តបន្ទាប់ក៏ដោយ។ បណ្ដាញប្រព័ន្ធផ្សព្វផ្សាយចិនអះអាងថ្មីៗនេះថា ប៉ូលិសចិនបានសហការជាមួយកម្ពុជាចាប់បញ្ជូនជនសង្ស័យឆបោកតាមអនឡាញជនជាតិចិនជិត ៧រយនាក់ (៦៨០) បញ្ជូនមកជំនុំជម្រះនៅប្រទេសចិនវិញ។
ក្រុមមន្ត្រីសង្គមស៊ីវិលនៅតែជំរុញដល់រដ្ឋាភិបាលកម្ពុជាឱ្យប្រយុទ្ធប្រឆាំងនឹងបញ្ហាឆបោកតាមអនឡាញ និងការជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាព ឬកុំធ្វើច្បោលៗ។ ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ខ្លួនពួកគេថា រដ្ឋាភិបាលគួរតែបើកការស៊ើបអង្កេត និងចាត់វិធានការលើក្រុមអ្នកមានអំណាច និងឧកញ៉ាដែលសង្ស័យជាប់ពាក់ព័ន្ធពីក្រោយនៃអំពើឧក្រិដ្ឋកម្មទាំងនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ ខែមេសាថា ការឆបោកតាមអនឡាញនៅតែជាបញ្ហាព្រួយបារម្ភសម្រាប់ប្រទេសកម្ពុជា។ លោកបន្ថែមថា ទោះបីជាសមត្ថកិច្ចមានកិច្ចសហការជាមួយចិនបង្ក្រាបជនឆបោកបញ្ជូនទៅប្រទេសចិនជាបន្តបន្ទាប់ក្ដី ក៏សមត្ថកិច្ចកម្ពុជាគួរតែស៊ើបអង្កេតរកអ្នកពាក់ព័ន្ធពីក្រោយនៃអំពើឧក្រិដ្ឋកម្មទាំងនេះ ដើម្បីអនុវត្តទោសតាមច្បាប់។
លោក អំ សំអាត៖ «ការឆបោកតាមប្រព័ន្ធអនឡាញនេះ ក្រៅពីមានជនជាតិចិនមួយចំនួន ក៏មានជនបរទេសផ្សេងទៀតដែរ ដែលត្រូវមានកិច្ចសហប្រតិបត្តិការល្អក្នុងការទប់ស្កាត់ និងការបង្ក្រាប ជាពិសេសត្រូវតែកំណត់នូវមុខសញ្ញានៃឧក្រិដ្ឋជននៃការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញហ្នឹង និងអ្នកដែលពាក់ព័ន្ធត្រូវតែអនុវត្តតាមផ្លូវច្បាប់ឱ្យខាងតែបាន។ ជនបរទេសក៏ដោយ ជនណាក៏ដោយឱ្យតែពាក់ព័ន្ធទោះបីជាមានឋានន្តរសក្ដិប៉ុណ្ណាក៏ដោយ ក៏ត្រូវតែអនុវត្តតាមផ្លូវច្បាប់»។
ចំណែក ប្រធានអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី លើកឡើងថា បញ្ហាឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្សនេះជាឧបសគ្គធំដែលបានរារាំងដល់ការអភិវឌ្ឍសង្គម និងទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាកម្ពុជា។ លោកឱ្យដឹងថា បញ្ហាពុករលួយ បានជំរុញឱ្យបញ្ហានៃអំពើឆបោកនៅកម្ពុជានៅតែអាចបន្តដំណើរការបាន ដោយសារក្រុមឧក្រិដ្ឋជនមានខ្នងបង្អែកជាមួយអ្នកមានអំណាចមួយចំនួនឱ្យជួយកាងការពារ។
លោក ប៉ិច ពិសី៖ «រដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហានេះជាប្រព័ន្ធ ហើយរកអ្នកដែលពាក់ព័ន្ធឱ្យឃើញមិនថា អ្នកហ្នឹងខ្សែធំប៉ុណ្ណាទេ យើងគួរដោះបញ្ហានេះជាប្រព័ន្ធ យើងបានឃើញរបាយការណ៍កន្លងមកបានរកឃើញថា មានការជាប់ពាក់ព័ន្ធគ្នាយ៉ាងជិតដិតរវាងអំពើពុករលួយ និងបទឧក្រិដ្ឋមួយចំនួនដោយសារតែជនឧក្រិដ្ឋប្រើប្រាស់អំពើពុករលួយការសូកប៉ាន់ ដើម្បីបានការការពារពីអ្នកធំៗផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ អំពើពុករលួយក៏ជាមូលហេតុចម្បងមួយដែរ ដែលធានាថា បទឧក្រិដ្ឋផ្សេងៗអាចកើតមានបាន»។
បណ្ដាញផ្សព្វផ្សាយរបស់ចិនបានរាយការណ៍ថា កាលពីថ្ងៃទី២១ ខែមេសា ក្រសួងសន្តិសុខសាធារណៈ ចិនបានសហការជាមួយសមត្ថកិច្ចកម្ពុជា និងបានចាប់បញ្ជូនជនសង្ស័យឆបោកជនជាតិចិនចំនួន ៦៨០ នាក់មកកាន់ខេត្តហួប៉ី (Hubei) នៃប្រទេសចិន។
កាលពីដើមខែមេសា កម្ពុជាក៏បានបញ្ជូនជនសង្ស័យជនជាតិចិនចំនួន ១៣០នាក់ ទៅកាន់ប្រទេសចិន ពាក់ព័ន្ធនឹងបញ្ហាឆបោកតាមអនឡាញ បន្ទាប់ពីសមត្ថកិច្ចនៃប្រទេសទាំងពីរបានបើកប្រតិបត្តិការបង្ក្រាបពួកគេនៅទីតាំងអគារកាស៊ីណូមួយចំនួននៅក្រុងព្រះសីហនុ។
ក្រៅពីការចាប់ជនសង្ស័យជនជាតិចិនបញ្ជូនទៅប្រទេសពួកគេវិញ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យដឹងដែរថា ក្នុងសប្ដាហ៍នេះ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងអគារកាស៊ីណូដែលបង្កប់សកម្មភាពឆបោកតាមអនឡាញជាបន្តបន្ទាប់ និងបានចាប់បញ្ជូនជនសង្ស័យជនជាតិវៀតណាមពាក់ព័ន្ធល្បែងឆបោកតាមអនឡាញជាង ២រយនាក់ (២៣១) បញ្ជូនទៅប្រទេសពួកគេវិញ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ ដើម្បីសាកសួរបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៤ ខែមេសា។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលសង្កេតឃើញថា សមត្ថកិច្ចចុះបង្ក្រាបជនបរទេសជាប់ពាក់ព័ន្ធល្បែងឆបោកតាមអនឡាញនេះជាក្រុមជនល្មើសតូចតាច ប៉ុន្តែសមត្ថកិច្ចពុំបានស៊ើបអង្កេតចាប់មេខ្លោងធំៗ និងអ្នកដែលពាក់ព័ន្ធនឹងបញ្ហានៃអំពើឧក្រិដ្ឋកម្មនេះ ដើម្បីបង្ហាញឱ្យមហាជនមានជំនឿនៅឡើយ។
ក្រៅពីគ្មានចំណាត់ការលើមេខ្លោងដែលជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងអំពើឆបោកអនឡាញហើយ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បានស្នើឱ្យព្រះមហាក្សត្រតែងតាំងអ្នកជំនួញចិនមានសញ្ជាតិខ្មែរគឺ លោក ចេន ហ្ស៊ី (Chen Zhi) ជាទីប្រឹក្សារបស់លោក បើទោះបីជាជននេះមានឈ្មោះជាឧក្រិដ្ឋជនរបស់តុលាការចិនក៏ដោយ។
ក្រុមមន្ត្រីសង្គមស៊ីវិលនៅតែជំរុញឱ្យរដ្ឋាភិបាលស៊ើបអង្កេតលើក្រុមឧក្រិដ្ឋជនមេខ្លោងធំៗកំពុងលាក់ខ្លួននៅកម្ពុជា ដើម្បីស្ដារមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។