លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ទាំងអស់ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ ជាប់បាក់ឌុបទាំងអស់ ដោយមិនបាច់ប្រឡងនៅដើមឆ្នាំក្រោយនោះទេ។ គ្រូបង្រៀន និងសង្គមស៊ីវិលស្នើរដ្ឋាភិបាល គួរធ្វើការស្ទាប់ស្ទង់មតិសាធារណជនទូទៅមួយជាមុនសិន ដើម្បីកុំឲ្យរងការរិះគន់ និងគុណភាពអប់រំធ្លាក់ចុះ។
ការសម្រេចរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងក្នុងការផ្សាយផ្ទាល់តាមបណ្ដាញសង្គមហ្វេសប៊ុក រយៈពេលជិត៤ម៉ោង នៅថ្ងៃទី១៥ ធ្នូ។ លោកយកហេតុផលថា ការមិនប្រឡងថ្នាក់ទី១២ នេះ ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។
លោក ហ៊ុន សែន លើកឡើងថា លោកមិនខ្វល់ពីការរិះគន់ពីក្រុមមនុស្សមួយចំនួនតូចនោះទេ ព្រោះថា គ្មានជម្រើសអ្វីល្អប្រសើរជាងនេះឡើយ។ លោកបញ្ជាក់ថា រដ្ឋាភិបាល មិនទុកឲ្យសិស្សឆ្លងជំងឺកូវីដ-១៩ ដែលអាចកើតចេញពីការរៀបចំប្រឡងបាក់ឌុបឆ្នាំនេះបានឡើយ៖ «ខ្ញុំពិតជាឃើញការលំបាក ការមិនបានប្រឡង បែរជាអ្នកនេះបានជាប់ អ្នកនោះធ្លាក់។ ខ្ញុំឃើញការលំបាក។ បើលំបាកអ៊ីចឹង ឲ្យជាប់ទាំងអស់គ្នាម្ដងទៅ វាឆាប់ចប់។ ដើម្បីឲ្យក្មេងសប្បាយ ហើយមួយថ្ងៃៗ ស្រស្រាក់ស្រស្រាំ មួយថ្ងៃភ័យ ប្រឡងក៏មកប្រឡងមិនជាប់ដែរ អាខ្លះវាភ័យ។ និយាយអ៊ីចឹងថា ខ្ញុំលូកលាន់កិច្ចការប្រឡងឯណាទៀតហើយ។ ខ្ញុំប្រមើលទុកជាមុននឹងមានប្រតិកម្មហើយ យកស្អីធ្វើម៉ែត្រវាស់ ប្រឡងឆមាស យកមកធ្វើមូលដ្ឋាន។ គ្នាប្រឹងរៀនណាស់ ប៉ុន្តែដោយសារកូវីដនេះ»។
អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា ប្រាប់អាស៊ីសេរីដោយខ្លីថា ក្រសួងគោរពនិងអនុវត្តតាមសេចក្ដីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែលោកបដិសេធមិនធ្វើការបកស្រាយទាក់ទងនឹងការចាត់និទ្ទេសរបស់សិស្សម្នាក់ៗ ថា តើត្រូវពិនិត្យមើលលើអ្វីនោះទេ៖ «ខ្ញុំសូមជម្រាបជូនថា ក្រសួងអប់រំយុវជននិងកីឡា គោរពទទួលអនុសាសន៍សម្ដេចតេជោ នាយករដ្ឋមន្ត្រីសម្រាប់ពិភាក្សាផ្ទៃក្នុងក្រសួង រួចនឹងជម្រាបជូនករណីនេះ ក្នុងពេលឆាប់ៗ»។
គ្រូបង្រៀនម្នាក់ ក្នុងខេត្តតាកែវ លោក មាស ម៉ុង ឲ្យដឹងថាសិស្សភាគច្រើនដែលប្រឹងប្រែងរៀនសូត្រដើម្បីប្រឡង មិនសប្បាយចិត្តនឹងការសម្រេចនេះទេ រីឯសិស្សដទៃទៀតដែលចូលចិត្តដើរលេងច្រើន បែរជាសាទរចំពោះការសម្រេចឲ្យពួកគេជាប់បាក់ឌុបដោយស្វ័យប្រវត្តិទៅវិញ។
លោកបន្តថា ត្បិតមានការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍យ៉ាងនេះក្ដី ប៉ុន្តែការប្រឡងបាក់ឌុបនៅឆ្នាំនេះ អាចធ្វើទៅបាន ប្រសិនបើអនុវត្តទៅតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល ដោយពិនិត្យមើលកម្ដៅ រក្សាគំលាតអង្គុយប្រឡងក្នុងបន្ទប់ ហើយសិស្សប្រឡងនៅតាមមណ្ឌលរៀងៗខ្លួន ដោយគ្មានឆ្លងទៅមណ្ឌលផ្សេង។
គ្រូបង្រៀនរូបនេះ យល់ថាការឲ្យសិស្សជាប់ស្វ័យប្រវត្តិបែបនេះ អាចធ្វើឲ្យគុណភាពការអប់រំធ្លាក់ចុះ៖ «និទ្ទេសនេះ បើសិនជាយកពិន្ទុឆមាស គឺមានតែយកសរុបចូលគ្នា ហើយចេញមក ឧទាហរណ៍ថា ពិន្ទុសិស្សហ្នឹង៥០ បើសិនគាត់បានពិន្ទុ៤៥ ឲ្យគាត់បាននិទ្ទេសអេអ៊ីចឹងទៅ។ បើមិនកំណត់និទ្ទេសទេ ឲ្យជាប់ធ្លាក់ ជារឿងមួយដូចពិបាកទទួលយកណាស់។ ព្រោះសិស្សនៅតាមសាលា វាមានសិស្សខ្លះខ្លាំង សិស្សខ្លាំងដូចគ្នា។ សិស្សបើគាត់ប្រឡងពិតប្រាកដ ក៏គាត់បាននិទ្ទេសអេដែរ ដូចខ្ញុំនៅនេះវិញ គាត់ខ្លាំងៗ ណាស់»។
កាលពីថ្ងៃទី៨ ធ្នូ កន្លងទៅ ប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សា លោក ហេង វ៉ាន់ដា បានស្នើសុំក្រសួងអប់រំ ឲ្យបេក្ខជនប្រឡងបាក់ឌុប ជាប់ដោយស្វ័យប្រវត្តិ ឬយកពិន្ទុមធ្យមថ្នាក់ទី១២ ដើម្បីកំណត់ជាប់ ឬធ្លាក់ ដោយមិនចាំបាច់ប្រឡង ព្រោះភ័យខ្លាចអំពីការរាតត្បាតជំងឺកូវីដ-១៩។
ទាក់ទងនឹងរឿងនេះ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មានប្រសាសន៍ ការសម្រេចឲ្យសិស្សជាប់បាក់ឌុបភ្លាម ៗ បែបនេះ ហាក់នៅមិនទាន់មានភាពច្បាស់លាស់ណាមួយ រវាងការសម្រេចរបស់នាយករដ្ឋមន្ត្រី និងការសម្រេចបែបបច្ចេកទេសរបស់ក្រសួងអប់រំថា តើគួរប្រើយន្តការអ្វីដើម្បីកំណត់និទ្ទេសសិស្ស។
លោករំពឹងថា ក្រសួងនឹងនៅតែឈរលើគោលការណ៍កែទម្រង់ប្រព័ន្ធអប់រំ អស់រយៈពេលជាង ៧ឆ្នាំកន្លងមកនេះ ក្រោមពាក្យស្លោកថា "អ្នកចេះ គឺជាប់" ដើម្បីផ្ដល់យុត្តិធម៌រវាងសិស្សខ្លាំង និងសិស្សខ្សោយ បើទោះបីជាឆ្នាំសិក្សានេះ មិនមានការប្រឡងក៏ដោយ៖ «នៅពេលដែលមានការបង្កើតយន្តការបន្ទាន់ណាមួយ ដើម្បីឆ្លងតបទៅជាមួយនឹងការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី គេត្រូវពិនិត្យមើលដែរ ថាតើរបៀបនៃការឆ្លើយតបបែបបច្ចេកទេសពីក្រសួងអប់រំ។ ហើយទី២ ទុកពេលវេលាមួយសមរម្យ ដើម្បីស្វែងយល់ ចំណាប់អារម្មណ៍ឬក៏ការចង់បានរបស់សិស្សពូកែ និងសិស្សដែលរៀនកម្រិតមធ្យម។ ពួកគេមានផ្នត់គំនិត ឬក៏ការគិតបែបណាដើម្បីឆ្លើយតបនឹងការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី។ ជាទម្រង់នៃការសម្រេចចិត្តមួយបែបការចូលរួម វាក៏អាចរួមចំណែកនឹងផ្ដល់តម្លៃសញ្ញាប័ត្រនៅឆ្នាំនេះផងដែរ»។
បើតាមតួលេខក្រសួងអប់រំបង្ហាញថា បេក្ខជនដែលត្រូវប្រឡងបាក់ឌុបនៅឆ្នាំនេះ មានចំនួនជាង ១២ម៉ឺននាក់ (១២១.២០១) ក្នុងនោះបេក្ខនារីមានជាង ៦ម៉ឺននាក់ (៦៣.៩៣៧)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
