អ្នក​វិភាគ​ថា លោក ហ៊ុន សែន បោក​ប្រាស់​ពលរដ្ឋ​រឿង​ជួយ​អតីត​យុទ្ធជន​

0:00 / 0:00

អ្នក​វិភាគ​នយោបាយ និង​សង្គម ដែល​ហ៊ាន​និយាយ​រិះគន់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​ឥត​សំចៃ​មាត់​អះអាងថា លោក ហ៊ុន សែន កំពុង​បោកប្រាស់​ប្រជា​ពលរដ្ឋ ឲ្យជឿថា​ លោក​មាន​ចិត្ត​គិតគូរ​រឿង​ជួយ​អតីត​យុទ្ធជន តាមរយៈការ​ប្រកាស​​យក​ប្រាក់​ដែល​បាន​ពីការ​លក់​សៀវភៅ និង​ប្រាក់​រង្វាន់​ពី​អង្គការ​សាសនា​កូរ៉េទៅ​បន្ត​សាងសង់​លំនៅដ្ឋាន​ជូន​អតីត​យុទ្ធជន។

លោ​ក គឹម សុខ ​ចាត់ទុក​សារ​បែប​នោះថា​ជាការ​យល់​សប្តិ​ទាំង​កណ្តាល​ថ្ងៃត្រង់និង​ជា​សារ​ប្រជាភិថុតិ​តែ​ប៉ុណ្ណោះព្រោះ​លោក ហ៊ុន សែន កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ជិត​៤០ ឆ្នាំ (៣៧ឆ្នាំ) មក​ហើយហេតុអ្វី​ទើប​តែ​នឹក​ឃើញ​សរសេរ​សៀវភៅ​លក់ និង​យក​ប្រាក់​បាន​ពី​រង្វាន់​បន្តិចបន្តួច​ទៅ​ជួយ​អតីត​យុទ្ធជនដែល​ខ្វះការ​យក​ចិត្តទុកដាក់​ពី​រដ្ឋាភិបាល​នេះយូរយារ​ណាស់​មក​ហើយ៖ «យុទ្ធជន​ពិការ ក្រីក្រ​លំបាក​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ទទួល​ខុសត្រូវ​ហ្នឹង​មាន​ច្រើន​ណាស់​ ហើយ​អាជ្ញាធរ​លោក ហ៊ុន សែន ហ្នឹង​ធ្វើ​អាជីវកម្ម​លើ​យុទ្ធជន​ទាំងអស់​នោះ​ទៅ​ទៀត​ ដូចជា​គាត់​បើក​ប្រាក់​អាហារ​សង្គមកិច្ច​របស់​ពួកគាត់​ជាដើម​ហ្នឹង​ គេកិបកេង​ពីរបបហ្នឹង​ ដោយ​ អំពើ​ពុករលួយ ​ស្រស់ៗ នៅ​នឹង​ភ្នែក​ រឿងនេះ​យុទ្ធជន​ដឹង​ច្បាស់​ណាស់ »

ប្រតិកម្ម​របស់​លោក គឹម សុខ ធ្វើឡើង​តប​ទៅ​នឹង​សារ​របស់​លោក ហ៊ុន សែន ដែល​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​កាល​ពី​ថ្ងៃទី៤ ខែកុម្ភៈ ដែល​លោក ហ៊ុន​ សែន ថាលុយ​បានពី​ការ​លក់​សៀវភៅ​រឿង«គូរព្រេង​មិន​ព្រាត់» ប្រមាណ​៧​ពាន់​ដុល្លារ និង​ ១លាន​ដុល្លារទៀត​ពី​រង្វាន់​អង្គការ​សាសនា​កូរ៉េ​ឈ្មោះ ស៊ុនហាក់ នឹង​ត្រូវ​យក​ទៅ​បន្ត​សាងសង់​លំនៅដ្ឋាន​ជូន​អតីត​យុទ្ធជន។

លោក គឹម សុខ ថា​សារ​របស់​លោក ហ៊ុន សែន គឺ​ផ្ទុយ​ទៅ​នឹង​ការពិត​ជាក់ស្តែង​ដែល​លោក​ថារដ្ឋាភិបាល​ចំណាយ​លុយ​ឥតប្រយោជន៍​រាប់​លាន​ដុល្លារ​ដើម្បី​សាងសង់​ស្តូប​អនុស្សាវរីយ៍​ទាហាន​វៀតណាម​ដែល​ពលរដ្ឋខ្មែរ​ជាច្រើន​មិន​ពេញ​ចិត្ត។ លោកថា​បើ​រដ្ឋាភិបាល​យក​លុយ​នោះ​មក​ជួយ​យុទ្ធជន គឺ​បាន​ផល​ច្រើន​ជាង​យក​ទៅ​ចំណាយ​សង់ស្តូប​វៀតណាម​ទាំង​នោះ។ម្យ៉ាងទៀត​លោក​ថារដ្ឋាភិបាល​លោក ហ៊ុន សែន ផ្តល់​ដី​សម្បទាន​រាប់សិប​ម៉ឺន​ហិកតា​នៅ​ទូទាំង​ប្រទេស​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ធ្វើ​អាជីវកម្មដែល​ដី​នោះ គួរ​ផ្តល់ទៅ​គ្រួសារ​យុទ្ធជន ដើម្បី​អាស្រ័យផល ធ្វើ​ស្រែ​ចម្ការ​ដោះ​ស្រាយ​ជីវភាព​របស់​ពួកគាត់​។ មិន​តែ​ប៉ុណ្ណោះ​លោក​ថាចម្ការកៅស៊ូ​ធំៗ​ជាច្រើន​នៅ​កម្ពុជា​ជា​របស់​វៀតណាម​ ដោយ​មានថៅកែ អ្នកបច្ចេកទេស និង​សូម្បី​តែ​កម្មករ​ក៏ជា​ជនជាតិ​វៀតណាម​ទៅ​ទៀត។ លោកចោទ​ជា​សំណួរ​ទៀតថា ហេតុអ្វី​មិន​ផ្តល់​ឱកាស​ឲ្យ​យុទ្ធជន​ក្រីក្រក្នុង​ការ​បាន​ទទួល​ផល​ពី​អាជីវកម្ម​ទាំង​នេះ​ផង?

ជុំវិញ​ ពានរង្វាន់​សន្តិភាព​នោះ គឺលោក ហ៊ុន សែន ទទួល​បាន​ពី​ អង្គការ​សាសនា​កូរ៉េ​មួយ​ដែល​បង្កើត​ឡើង​​ដោយ​​ប្តីប្រពន្ធកូរ៉េ​ពីរនាក់។ អង្គការ​សាសនា​នេះ ជាអង្គការ​រកប្រាក់​ចំណេញ​ពី​អ្នក​ចូល​ជា​សមាជិក។​ ប្រធាន​អង្គការ​នេះ ធ្លាប់​ជាប់​គុក​ជិត​១​ឆ្នាំ​នៅ​អាមេរិក ដោយ​សារ​លួចបន្លំពន្ធ ​និង​រួមគំនិត​ប្រព្រឹត្តបឧក្រិដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។