លោក ហ៊ុន សែន បញ្ជា​អោយ​បើក​សាលា​ឡើង​វិញ​នៅ​តំបន់​គ្មាន​ការ​ឆ្លង​ជំងឺកូវីដ១៩

0:00 / 0:00

លោក ហ៊ុន សែន បញ្ជា​អោយ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ពិភាក្សា​ជា​មួយ​អាជ្ញាធរ​រាជធានី​ ខេត្ត​ដើម្បី​សិក្សា​ពីការ​បើក​សាលាឡើង​វិញ​នៅ​តំបន់​គ្មាន​ការ​ឆ្លង​ជំងឺ កូវីដ១៩​។ សារសំឡេង​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅថ្ងៃទី៣១ ខែសីហា លោកក៏ទទួល​ស្គាល់​ថា​សិស្ស​ក្រីក្រ​នៅ​តាម​ទី​ជន​​បទ​គ្មាន​លទ្ធភាព​រៀន​អនឡាន ​​(Online) ​​តាម​ប្រព័ន្ធ​អ៊ីនធើណែត​នោះទេ ហើយ​បើនៅតែ​បន្ត​បិទ​សាលា​ទៀត​នឹង​ធ្វើឲ្យក្មេង​ភ្លេចអក្សរ​។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​​ ថ្លែងថា​ បើ​កុមារ​មិន​រៀន​តទៅ​ទៀត​អាច​នឹង​ធ្វើ​ឲ្យ​កុមារ​បោះបង់​ចោល​ការ​សិក្សា​​។​ លោក​ថា​ ការ​អនុញ្ញាត​ឲ្យ​​បើក​សាលា​ឡើង​វិញជា​​គំនិត​ឆ្លាត​វ័យ​ និង​បត់បែន​តាម​សភាពការណ៍​​ ខណៈ​ការ​រីករាលដាល​​នៃ​​ជំងឺ​កូវីដ-១៩​ នៅ​ភ្នំពេញ​ និង​តំបន់​មួយ​ចំនួន​បាន​​ថយ​ចុះ​។​ លោកថា ​ជំងឺ​កូវីដ-១៩​ ឆ្លង​​ដាច់​​ដោយ​​ដុំ​ ហើយ​ប្រមូល​ផ្ដុំ​តែ​នៅ​ទី​ប្រជុំ​ជន៖ «យើង​មាន​លទ្ធភាព​បើក​​នូវ​សាលារៀន​នោះ​ដោយ​មិន​​រង់​ចាំ​ថា ​​ទូទាំង​ប្រទេស​​ត្រូវ​តែ​បើក​ ឬក៏​ខេត្ត​មួយ​​ត្រូវ​តែ​បើក​ ឬ​ស្រុក​មួយ​ត្រូវ​បើក​​​​។​ យើង​គួរ​ជ្រើសរើស​នៅ​តាម​ភូមិ​ តាម​ឃុំ​ដែល​ពុំ​មាន​​​​ការ​កើត​នូវ​ជំងឺ​ឆ្លង​នេះ​ ហើយ​កុមារ​របស់​យើង​បាន​ចូល​សិក្សា»

មុន​ពេល​លោក ហ៊ុន សែន ប្រកាស​បែបនេះ​មន្រ្តីសង្គមស៊ីវិល​ដែល​ធ្វើការងារ​ទាក់ទង​នឹង​ការ​សិក្សា​តែង​លើក​ឡើង​ពី​បញ្ហា​របស់​កុមារ​ក្រីក្រនិង​កុមារ​នៅ​ទីជនបទ​ដែល​គ្មាន​លទ្ធភាព​ទិញ​ទូរស័ព្ទ​ទំនើប​ឬ​មាន​សេវា​អ៊ីនធើណែតដើម្បី​អាច​សិក្សា​តាម​អនឡាញ​ (Online) ​បាន។

ទោះជា​យ៉ាង​ណា លោក​នាយករដ្ឋមន្ត្រី ​ មិនទាន់បញ្ជាក់​ពី​ពេល​វេលា​ជាក់លាក់​នៃ​ការ​បើក​សាលា​ឡើង​វិញ​នៅ​ពេល​នោះទេ ប៉ុន្តែ​លោក​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ឲ្យ​​ធ្វើ​​ការសិក្សា​​ជាមួយ​អាជ្ញាធរ​ខេត្ត រាជធានី ដើម្បី​សិក្សា​ទីតាំង​សាលារៀន​ដែល​គ្រោង​បើកឡើង​វិញ ​រួច​​ចាំ​ស្នើ​មក​លោក​ ​​​ទើប​លោក​អនុញ្ញាត​ឲ្យ​​បើក​សាលា​រៀនជា​ផ្លូវ​ការ​​។

ទាក់ទង​​រឿង​នេះ​​ វិទ្យុអាស៊ីសេរី​មិនអាច​សុំ​បំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា​លោក រស់ សុវាចា បាន​ទេ​នៅ​ថ្ងៃ​ទី​៣១​ ខែសីហា​។​

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ​ ស្វាគមន៍​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ពេលនេះ។ លោកបន្តថា ការ​អនុញ្ញាត​ឲ្យ​បើក​សាលា​ក្នុង​តំបន់​គ្មាន​ការ​ឆ្លង​ជំងឺកូវីដ​​ និង​ឲ្យរៀន​តាម​អនឡាញ (Online)​​ ចំពោះ​តំបន់​ដែល​បង្ក​ការ​គំរាមកំហែង​ដោយ​ជំងឺ​កូវីដ​-១៩​ ជាជម្រើសល្អក្នុងវិបត្តិជំងឺកូវីដបែបនេះ។ ទោះ​យ៉ាងណា​ អ្នក​​ធ្វើ​ការងារ​វិស័យ​អប់រំ​រូប​នេះ​យល់​ថា​ មុន​ពេល​​មាន​ការ​បើក​សាលា​រៀន​ឡើងវិញ​អាជ្ញាធរ​ពាក់ព័ន្ធ​​គួរ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​ឪ​ពុក​ម្ដាយ ​ឬ​អាណាព្យាបាល​សិស្ស​​​​ឲ្យ​​ដឹង​មុន​​​ដើម្បី​ត្រៀម​ខ្លួន​បង្ការ​​ពី​ជំងឺ​កូវីដ​​ផង​៖ «ការ​បើក​ឡើង​វិញ​ក្នុង​ស្ថានភាព​បែបនេះ​​ក៏​ជា​រឿង​មួយ​ល្អ​ហើយ​គ្រប់​គ្នា​បាន​រៀនសូត្រ​​បាន​ច្រើន​ពី​វិធានការ​បង្ការ​ក៏​ដូច​ជា​​ការ​រក​មធ្យោបាយ​ដើម្បី​បង្ការ​ខ្លួន»។

​​​​​ស្រដៀង​គ្នា​នេះ​ដែរ​​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការអភិវឌ្ឍន៍​និង​សន្តិភាពលោក យង់ គិមអេង គាំទ្រ​​គម្រោង​បើក​សាលារៀន​ឡើង​វិញ​ពេល​នេះ​​។​ ​លោកស្នើ​​ទៅ​ក្រសួង​អប់រំ​និង​អ្នក​ពាក់​ព័ន្ធ​ គួរ​ណែនាំ​កុំ​ឲ្យ​សិស្ស​លេង​ជុំគ្នា​ជាក្រុម ឬ​ច្រើន​នាក់ ​រក្សា​គម្លាត​​សុវត្ថិភាព​​ពេល​ម៉ោង​ចេញ​លេង​​ ចំណែក​គ្រូ​បង្រៀន​មិន​បាន​បង្រៀន​គួរ​ផ្ដល់​ដំណឹង​ឲ្យ​សិស្ស​ដឹង​មុន​ជៀសវាង​ក្មេង​​លេង​ជុំ​គ្នា​​ច្រើន​ក្នុង​ពេល​ដែលរង់​ចាំ​គ្រូ​។​ អ្នក​ឃ្លាំមើលសង្គម​រូប​នេះ​បន្ត​ទៀត​ថា​ នៅ​តាម​សាលា​នីមួយៗ ​គួររៀប​ចំ​ឲ្យ​មាន​អនាម័យ​​​ និង​មាន​ទឹក​លាង​ដៃ​​​ជាដើម៖ «ឲ្យ​ណែនាំ​ពី​ការ​​គម្លាត​កុំ​ឲ្យ​គាត់​ទៅ​ប្រឡូកប្រឡាក់​ជាមួយ​គ្នា​នេះ​ជា​រឿង​សំខាន់​ហើយ​ការ​ពាក់​ម៉ាស់​ លាង​ដៃ​​ហើយ​តាម​សាលា​មួយៗ​​កុំ​ឲ្យ​មាន​ការលំបាក​ ត​ទឹក​ទៅ​ដល់​ទីធ្លា​ ដល់​សួនច្បារ​របស់​សាលា​សម្រាប់​ដាក់​លាង​ដៃ​ទៅ​​បាទ»។

រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ បាន​បិទ​សាលា​រៀន​គ្រប់​កម្រិត​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ក្រោយ​មាន​ករណី​​ជំងឺ​កូ​វីដ​-១៩ ​ឆ្លង​ចូល​សហគមន៍​លើក​ទី​៣។​ របាយការណ៍រដ្ឋាភិបាលឲ្យ​ដឹង​ថា ពេលនេះ​កុមារ​ឬ​យុវវ័យ​ដែល​អាយុពី​១២​ ទៅ​ ១៧​ឆ្នាំ​ចំនួន​ ១លាន​ ៥សែន​នាក់ ​ត្រូវ​បាន​ចាក់​រ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩​ រួចរាល់​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។