ជាតិ​ដើម​ភាគ​តិច​សួយ​៨​ភូមិ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ដូច​ពលរដ្ឋ​ខ្មែរ​ដែរ

0:00 / 0:00

ជនជាតិ​ដើម​ភាគ​តិច​សួយ​ចំនួន ៨ភូមិ នៅ​ខេត្ត​កំពង់ស្ពឺ ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ បុណ្យ​កឋិន និង​បុណ្យ​ចូល​ឆ្នាំ ​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ។

ក៏ប៉ុន្តែ​មាន​ឧបសគ្គ​ខ្លះៗ​ រារាំង​ដល់​ការ​ប្រតិបត្តិ​ជំនឿ​ទាំង​នេះ ដោយសារ​បាត់បង់​ព្រៃឈើ​ធ្វើ​ឱ្យ​ជីវភាព​សហគមន៍​ថយ​ចុះ​ ខ្វះខាត​ថវិកា​ធ្វើ​បុណ្យ​ ហើយ​គ្រួសារ​អ្នកភូមិ​ខ្លះ​ធ្វើ​ចំណាក​ស្រុក​ទៅ​តំបន់​ឆ្ងាយៗ​ ខកខាន​មិន​បាន​​ចូលរួម​ពិធី​បុណ្យទាន។

ទិដ្ឋភាព​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ពិធី​បុណ្យ​ភ្ជុំ​ធំ នៅថ្ងៃទី២ តុលា របស់​ជនជាតិ​ដើម​ភាគតិច​សួយ​ចំនួន ៨ ភូមិ​នៅ​ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់​ ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ជាង​ឆ្នាំ​មុនៗ ដោយសារ​សហគមន៍​មិន​សូវ​មាន​ធនធាន​ សម្រាប់​ធ្វើ​បុណ្យ​ទាន​ជា​ដុំ​កំភួន​នោះ​ឡើយ។

ពលរដ្ឋ​ភាគ​ច្រើន​នាំគ្នា​ទៅ​ធ្វើ​បុណ្យ​កាន់បិណ្ឌ នៅ​វត្ត កែវមុនី ហៅ វត្ត​កន្ទួត ​និង​វត្តកោ​ដូនតី ដែល​ឋិត​នៅ​កៀក​នឹង​ភូមិ​កំណើត​របស់​ពួកគាត់ ហើយ​អ្នក​ភូមិ​បាន​ចែក​វេន​គ្នា​ ធ្វើ​ចង្ហាន់​ប្រគេនព្រះសង្ឃ។

ជនជាតិ​ដើម​ភាគ​តិច​សួយ លោកស្រី កែប អឹប ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២ តុលា ថា ការ​បាត់បង់​ព្រៃឈើ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​ប្រពៃណី​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច​ប៉ុណ្ណោះ​ទេ វាបង្កឱ្យប៉ះពាល់​ដល់​ការ​ប្រតិបត្តិ​ប្រពៃ​ណី​ខ្មែរ​ដូច​គ្នា​ដែរ​ ដោយសារ​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ច្រើន ជីវភាព​សហគមន៍​ថយ​ចុះ ​និង​​អាកាស​ធាតុឡើងកម្តៅ ជាដើម។

ប្រការ​នេះ​ហើយ លោកស្រី​ថា ធ្វើ​ឱ្យ​ការ​សាមគ្គី​គ្នា​ក្នុង​សហគមន៍​ថយ​ចុះ ​ហើយ​ការ​ប្រារព្វ​ពិធី​កាន់​បិណ្ឌ​នៅ​រយៈ​ពេល​ជាង ១០​ឆ្នាំ​កន្លង​ទៅ​នេះ​ក៏​ពុំ​សូវ​មាន​អ្នកភូមិ​ចូលរួម​ច្រើន​ដែរ ព្រោះ​ពួកគាត់​រវល់​ការងារ​ស្រែ​ចម្ការ និង​ខ្លះ​ទៀត ធ្វើការ​ខេត្ត​ឆ្ងាយៗ​ ខកខាន​មិន​បាន​មក​លេង​ស្រុក​កំណើត។

លោកស្រី កែប អឹប៖ «យើង​ទៅ​សែន​ប្រាប់​ដូនតា​អ៊ីចឹង​ណា៎​ មុន​ទៅ​វត្ត​ជូន​ដល់​តាយាយ​ដែល​បាន​ចែក​ឋាន​ទាំង​ប៉ុន្មាន​នោះ​ឱ្យ​មក​ជួប​ជុំ​គ្នា យើង​ត្រូវ​ប្រាប់​ដូនតា​យើង​មុន​ទៅ​វត្ត​វ៉ា»។

ចាប់​ពី​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ រហូត​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ អ្នក​ភូមិ​បាន​ចែក​វេន​គ្នា​ធ្វើ​ចង្ហាន់​នាំ​យក​នំ​ចំណី ផ្កា​ភ្ញី ទៀន​ធូប​ទៅ​ប្រគេន​ព្រះសង្ឃ​តាម​ជំនឿ និង​រាប់បាត្រ​បោះ​បាយ​បិណ្ឌ ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​បុព្វការី​ជន។

អ្នកភូមិ​ខ្លះ​ធ្វើ​ពិធី​សែន​ផ្នូរ សូត្រ​មន្ត​បង្សុកូល​ក្នុង​តំបន់​ព្រៃ​កប់​ខ្មោច និង​តំបន់​ល្អាង​ភ្នំ ដែល​ពួកគាត់​តែងតែ​ធ្វើ​ពិធី​នេះ​ជា​រៀងរាល់​ឆ្នាំ។

ម្យ៉ាង​វិញ​ទៀត ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​សួយ ក្នុង​ថ្ងៃបុណ្យ​ភ្ជុំ​បិណ្ឌ ពួក​គេ​តែង​នាំ​គ្នា​សម្អាត​ទីកន្លែង​គោរព​បូជា​អារក្ស​អ្នកតា ធ្វើ​ពិធី​សែន​អារក្ស រាំ​របាំ​ប្រពៃណី និង​សែន​ព្រេន មាន​មាន់​ស្ងោរ ផ្កា និង​នំ​ចំណី ជាដើម។

ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់ ឋិត​ក្នុង​តំបន់​ជន​បទ​ដាច់​ស្រយាល​មួយ​ ឋិត​នៅ​ភាគ​ខាង​លិច​នៃ​រាជ​ធានី​ភ្នំពេញ​ដែល​មាន​ចម្ងាយ​​​ជាង ១០០​គីឡូម៉ែត្រ។

ជនជាតិ​ដើម​ភាគ​តិច​សួយ​មាន​ជំនឿ និង​ឱ្យ​តម្លៃ​លើ​ព្រលឹង​ដូនតា​ ម្ចាស់​ទឹក​ម្ចាស់ដី ​ដែល​ពួកគាត់​តែងតែ​គោរព​បូជា រួមមាន អ្នកតា​ប្រាក់ អ្នកតា​ប្រប តាឫក និង​តារឹល ដែល​អ្នក​ស្រុក​មាន​ជំនឿ​ថា ពូកែ​សក្ដិសិទ្ធិ អាច​ជួយ​ឱ្យ​អ្នកភូមិ​ខ្លះ ជា​សះស្បើយ​ពី​ជំងឺ ប្រសិន​បើ​គ្រូពេទ្យ​ព្យាបាល​មិន​ជា។

ស្ទើរ​ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​រដូវ​បុណ្យ​ជាតិ​សំខាន់ សហគមន៍​រៃអង្គាស​ប្រាក់​គ្នា ធ្វើ​ពិធី​សែន​អ្នកតា ដោយ​ថ្វាយ​មាន់​ស្ងោរ​និង​កាប់​គោ​ជាដើម។ ក្នុង​ពិធីនោះ ​អ្នកភូមិ​បាន​ចាត់​ឱ្យ មនុស្ស​វ័យ​ចំណាស់​ម្នាក់​ស្លៀក​ក្បិន​ក្រហម រុំ​ក្រណាត់​ក្រហម​លើ​ក្បាល ដោះអាវ ដើម្បីរៀបចំកិច្ច​បញ្ចូល​រូប​អ្នកតា​ភ្នំ ដោយ​ផឹក​ឈាម​គោ និង​ឈាម​ក្របីឆៅ។

ចាស់​ព្រឹទ្ធាចារ្យ និង​ជា​គ្រូ​អាចារ្យ​ជា​ជនជាតិ​ដើម​សួយ លោក ទូច ខ្លុំ វ័យ ៨០ ឆ្នាំ ឱ្យ​ដឹង​ថា អ្នកភូមិ​ប្រកាន់​ទំនៀម​ទម្លាប់​ជនជាតិ​ដើម​ភាគ​តិច និង​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ ដូចគ្នា​ផ្សារ​ភ្ជាប់​នឹង​ទំនាក់​ទំនង​ក្នុង​សហគមន៍ ដើម្បី​សុំ​សេចក្តី​សុខ​ចម្រើន។

លោក​ថា ប្រសិន​បើ​បាត់បង់​ព្រៃឈើ និង​ដីធ្លី​ទាំង​ស្រុង អត្តសញ្ញាណ​របស់​ជន​ជាតិ​ដើម​ភាគតិច នឹង​បាត់​បង់​ដែរ ហេតុនេះ​សហគមន៍​ត្រូវ​រួបរួម​គ្នា​ថែរក្សា​ព្រៃ​ដែល​នៅ​សល់​ឱ្យ​គង់ ដោយ​ដាំ​ស្ដារ​ឡើង​វិញ ជា​ពិសេស​ត្រូវ​រៀបចំ​ពិធី​ផ្សេងៗ ដើម្បី​​រំលឹក​វប្បធម៌ ជនជាតិ​ដើម​ភាគតិច​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ។

លោក ទូច ខ្លុំ៖«រឿង​នឹង​ពិបាក​ដែរ​ ព្រោះ​ប្រជាជន​ពី​ដើម​គាត់​រស់​នៅ​អាស្រ័យ​ផល​តាម​ព្រៃ​ភ្នំ និង​តាម​តំបន់​គាត់​រស់​នៅ។ តែ​ឥឡូវ​នេះ​ គេ​ហាម​ឃាត់​មិន​ឱ្យ​យើង​ចូល​ទៅ​កន្លែង​នឹង​ទៀត​ទេ ហើយ​ពួក​យើង​ក៏​ពិបាក ដើរ​ទៅ​កន្លែង​គោរព​បូជា ជួន​កាល​គេ​ចិត្ត​ល្អ​ក៏​ឱ្យ​ឆ្លង​កាត់​ ជួន​កាល​គេ​មិន​ឱ្យ​ឆ្លង​កាត់»។

ឆ្លើយ​តប​រឿង​នេះ មេឃុំ​សង្កែ​សាទប លោក ណន សារុន មាន​ប្រសាសន៍​ថា​ ក្នុង​ឃុំ​សង្កែ​សាទប មាន​ជន​ជាតិ​ដើម​ភាគ​តិច​សួយ​ជាង ២០០​គ្រួសារ​ប៉ុណ្ណោះ​ ដោយ​ពួកគាត់​តែងតែ​សាមគ្គី​គ្នា ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ និង​ប្រតិបត្តិ​ជំនឿ​​បែប​ជនជាតិ​ដើម​ភាគ​តិច​ជា​រៀង​រាល់​ឆ្នាំ។លោក​ថា តំបន់​នោះ មាន​វត្ត​ចំនួន២ ដែល​ជនជាតិ​ដើម​សួយ​ភាគច្រើន​ចូលរួម​ពិធី​កាន់​បិណ្ឌ រួមមាន វត្ត​កន្ទួត និង​វត្ត​កោដូនតី។

លោក ណន សារុន៖«គាត់​ចូល​បុណ្យ​ភ្ជុំ​បិណ្ឌ កឋិន​ ចូល​អី​ទាំង​អស់​ដូច​ខ្មែរ​យើង​ដែរ លាយ​គ្នា​តាម​ជនជាតិ​ជា​មួយ​ខ្មែរ ឧទាហរណ៍​៥០​គ្រួសារ លាយ​ពួកគាត់​ជាមួយ​ដប់ ម្ភៃ​ សាមសិប​គ្រួសារ​ដែរ»។

ជុំវិញ​រឿង​នេះ អនុ​ប្រធាន​អង្គការ​ពលរដ្ឋ​យើង លោក មាន ព្រហ្មមុនី យល់​ថា ដើម្បី​អភិរក្ស​អត្ត​សញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ឱ្យ​គង់​វង្ស អាជ្ញាធរ​ត្រូវ​ពន្លឿន ចុះ​បញ្ជី​ដី​សមូហភាព​ជូន​សហគមន៍​ដែល​ជា​ផ្នែក​មួយ​លើក​កម្ពស់​សេដ្ឋកិច្ច​ពួកគាត់ និង​បង្កើន​សាមគ្គីភាព​ធ្វើ​បុណ្យ​ទាន​របស់​សហគមន៍។

លោក មាន ព្រហ្មមុនី៖ «រដ្ឋ​មាន​កាតព្វកិច្ច​ចូល​រួម​ការពារ ផល​ប្រយោជន៍​ជាតិ​ ការពារ​ធនធាន​ធម្មជាតិ ក្នុង​ច្បាប់​តំបន់​ការពារ​ធម្មជាតិ និង​ច្បាប់​ភូមិ​បាល ការពារ​ដី​សមូហភាព​ គឺ​ការពារ​អត្ត​សញ្ញាណ​ជន​ជាតិ​ដើម​ភាគ​តិច ព្រោះ​ប្រទេស​នី​មួយៗ មាន​ជន​ជាតិ​ដើម។​ យើង​ត្រូវ​ផ្តល់​សិទ្ធិ​ឱ្យ​ជនជាតិ​ដើម ចុះ​បញ្ជី​ដី​សមូហភាព​ឱ្យ​ជន​ជាតិ​ដើម»។

ជន​ជាតិ​ដើម​ភាគ​តិច​សួយ​ចាត់​ទុក​ព្រៃ​ឈើ ជា​ប្រភព​អនុផល​ធនធាន​ធម្មជាតិ​សម្បូរ​បែប​របស់​សហគមន៍ និង​ជា​កន្លែង​គោរព​បូជា​អារក្ស​អ្នកតា​ភ្នំ ដោយ​មាន​ទឹក​អូរ​ធម្មជាតិ​សម្បូរ​ត្រី ​ទឹក​ផុស​ចេញ​ពី​ល្អាង​ភ្នំ និង ព្រៃ​ជំនឿ​ដែល​អ្នក​ស្រុក​ធ្វើ​ពិធី​សែន​ព្រេន ជា​រៀង​រាល់​ឆ្នាំ។

ពួកគាត់​តែង​តែ​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​បុណ្យ​បង្សុកូល រាល់​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ភ្នំ​វិហារ ដើម្បី​បួងសួង​ឱ្យ​អារក្ស​អ្នកតា​ ជួយ​ការពារ​ធនធាន​ធម្មជាតិ ដែល​កំពុង​ប្រឈម​ការ​បាត់បង់​ជា​បន្ត​បន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។