ឥទ្ធិពលចិន កំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ឥទ្ធិពលទាំងនោះ បានគ្របដណ្ដប់លើគ្រប់វិស័យ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងផ្នែកការទូត។
អ្នកវិភាគមួយចំនួន ព្រួយបារម្ភថា វត្តមានរបស់ចិន នៅពេលនេះ បានបំផ្លាញវប្បធម៌ ប្រពៃណីខ្មែរ និងជំរុញឲ្យស្ថានភាពអភិវឌ្ឍន៍កម្ពុជា ក្លាយជាប្រទេសពឹងលើបរទេសជាជាងស្វែងរកលទ្ធភាពរស់ដោយខ្លួនឯង។
ទាំងកត្តាប្រវត្តិសាស្ត្រ កត្តាសេដ្ឋកិច្ច និងនយោបាយ គឺជាមូលហេតុចម្បងនាំឲ្យឥទ្ធិពលចិន ចូលមកគ្របដណ្ដប់លើគ្រប់វិស័យនៅប្រទេសកម្ពុជា។ បច្ចុប្បន្ន កម្ពុជាបានទទួលជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសចិន។ កត្តានេះបានជំរុញឲ្យវត្តមានចិន បន្តកើនឡើង។ វត្តមានចិន នេះ បានផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋខ្មែរម្ដងបន្តិចៗ ដោយរាប់តាំងពីពិធីសែនព្រេន រហូតដល់មុខជំនួញទ្រង់ទ្រាយធំៗ។
ម៉្យាងវិញទៀត ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់បំផុត ទាំងចំនួនគម្រោងវិនិយោគ និងអ្នកធុរកិច្ចចិន ដែលថ្នាក់ដឹកនាំកម្ពុជា ចាត់ទុកថា ចិនជាដៃគូដែលមិនអាចខ្វះបាន។ ប៉ុន្តែភាពជាដៃគូនេះ ក្រុមអ្នកវិភាគមួយចំនួនព្រួយបារម្ភថា ការកើនឡើងក្រុមប្រជាពលរដ្ឋចិន អាចប៉ះពាល់ដល់សង្គមកម្ពុជា លើផ្នែកវប្បធម៌ សេដ្ឋកិច្ច និងផ្នែកបរិស្ថាន។
អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោកបណ្ឌិត សុខ ទូច យល់ឃើញថា ការទទួលយកវប្បធម៌ចិន ដោយមិនដឹងខ្លួន នឹងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ក្លាយជាជនជាតិភាគតិច។ ម៉្យាងវិញទៀត វប្បធម៌ចិន បានបញ្ជ្រាបចូលក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ទើរគ្រប់ជាន់ថ្នាក់ ដែលទំនាក់ទំនងនេះ បង្ហាញថា មេដឹកនាំណាមួយចង់ធានាអំណាចរបស់ខ្លួនរយៈពេលយូរនោះ ត្រូវតែពឹងពាក់ចិន៖ «យើងមើលឃើញថា មេដឹកនាំកម្ពុជា គ្រប់ជាន់ថ្នាក់ សុទ្ធតែមានឈាមជ័រជាចិន»។
របាយការណ៍ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ប្រជាពលរដ្ឋចិន បានភៀសខ្លួនចូលមករស់នៅកម្ពុជា បានកើនឡើងជាលំដាប់។ ជនជាតិចិន បានមករស់នៅកម្ពុជា ចំនួន ៦ម៉ឺននាក់កាលពីឆ្នាំ១៩៨៤ ហើយចំនួននេះ បានកើនឡើងដល់ ៤០ម៉ឺននាក់នៅឆ្នាំ២០០៥។
បច្ចុប្បន្ន អង្គការសហប្រជាជាតិនេះ មិនមានការស្រាវជ្រាវថ្មីអំពីចំនួនជនជាតិចិន រស់នៅកម្ពុជា មានប៉ុន្មាននោះឡើយ។ ប៉ុន្តែសមាគមខ្មែរចិន ធ្លាប់បានអះអាងថា ជនជាតិចិនកំពុងរស់នៅកម្ពុជា មានចំនួនប្រមាណ ១លាននាក់ និងមានសមាគមដែលរក្សាត្រកូលសំខាន់បែបចិន កំពុងរស់នៅកម្ពុជា ចំនួន ១៣សមាគម។
សមាគមនោះ មានគោលបំណងនិងទិសដៅផ្សេងៗគ្នា ដើម្បីថែរក្សាវប្បធម៌ប្រពៃណីរៀងខ្លួន និងបានបញ្ជ្រាបឥទ្ធិពលរបស់ខ្លួនម្ដងបន្តិចៗ ទៅកាន់ប្រជាពលរដ្ឋខ្មែរផ្សេងទៀត។ ម៉្យាងវិញទៀត សាលាបង្រៀនភាសាចិន នៅកម្ពុជា មានយ៉ាងហោចណាស់ចំនួន ១០០ស្ថាប័ន ដោយរាប់តាំងពីកម្រិតបឋមសិក្សារហូតដល់វិទ្យាល័យ ដែលសមាមាត្រនឹងចំនួនសិស្សប្រមាណ ១ម៉ឺននាក់។
ទាក់ទងនឹងផ្នែកនយោបាយវិញ កម្ពុជា ត្រូវតែពឹងមហាអំណាចដូចជាចិន ដើម្បីជៀសវាងការឈ្លានពានពីប្រទេសជិតខាង ប៉ុន្តែការពឹងពាក់ចិន គឺជាកាំបិតមុខ២ ពោលគឺអាចធ្វើឲ្យកម្ពុជា ខាតបង់ដែរ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ស្ថានភាពដឹកនាំប្រទេសកម្ពុជា ជាប្រវត្តិសាស្ត្រ មិនទាន់ចាត់ទុកថា មានចរិតឯករាជ្យឡើយ។ ម៉្យាងវិញទៀត ការពឹងពាក់ប្រទេសខ្លាំង នឹងធ្វើឲ្យប្រទេសនោះ មានឥទ្ធិពលលើប្រទេសកម្ពុជា។ ផ្ទុយទៅវិញ បើមើលលើចរិតរបស់ថ្នាក់ដឹកនាំចិនវិញ ច្រើនតែជួយកម្ពុជា ដោយគ្មានលក្ខខណ្ឌ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍បន្ថែមទៀតថា ទោះបីជាគ្មានលក្ខខណ្ឌក៏ដោយ តែការជួយជ្រោមជ្រែងរបស់ចិន អាចបំផ្លាញសេដ្ឋកិច្ចកម្ពុជា តាមរយៈការអនុញ្ញាត និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគចិន នៅកម្ពុជា៖ «វប្បធម៌ចិន មួយឈ្មោះថា ខ្វាន់ស៊ី ឬហៅថា ទឹកតែ រួមទាំងអាំងប៉ាវ កញ្ចប់ក្រហម ដែលយើងទទួលបាននៅពេលចូលឆ្នាំចិន គឺឆ្លុះបញ្ជាំងថា ជាចារិតខ្ញុំគេ។ ភាសាសាមញ្ញគេនិយាយថា សង្កត់កចិន លៀនអណ្ដាតខ្មែរ របៀបអ៊ីចឹង គេហៅថា ខ្វាន់ស៊ី គឺគេរកខ្សែ រកបក្សពួក»។
ទោះបីជាមានការព្រួយបារម្ភបែបនេះ ប្រទេសចិន បានផ្ដល់ជំនួយនិងកម្ចីយ៉ាងច្រើនដើម្បីលើកស្ទួយការអភិវឌ្ឍនានានៅប្រទេសកម្ពុជា។
របាយការណ៍វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា បានរកឃើញថា នៅទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានទទួលជំនួយពីប្រទេសចិន ប្រមាណ ១០ពាន់លានដុល្លារ ដែលសមាមាត្រនឹងទឹកប្រាក់ ៧០០លានដុល្លារអាមេរិករៀងរាល់ឆ្នាំ។ រដ្ឋាភិបាលចិន ក៏បានប្រកាសថា នឹងផ្ដល់កម្ចីដល់ប្រទេសកម្ពុជា បន្ថែម ក្នុងចន្លោះទឹកប្រាក់ ៥០០លាន ទៅ ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្រុមហ៊ុនចិនវិញ ក៏គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារទៀត ដើម្បីសាងសង់រោងចក្រនានានៅប្រទេសកម្ពុជា។
ក្រៅពីនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានកំណើនយ៉ាងខ្លាំងដែរ។ កំណើនពាណិជ្ជកម្មនាំចេញនិងនាំចូលនៃប្រទេសទាំងពីរ គិតជាទឹកប្រាក់ចំនួន ៤ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៤។ ម៉្យាងវិញទៀត ប្រទេសទាំងពីរក៏គ្រោងនឹងសម្រេចទំហំពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់រហូតដល់ ៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ខាងមុខ។
ផ្ទុយទៅវិញ ប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ មានប្រសាសន៍ថា ចិនជួយកម្ពុជា ដោយសារតែកម្ពុជា ជាទីតាំងសំខាន់សម្រាប់ការពង្រីកឥទ្ធិពលនយោបាយសេដ្ឋកិច្ច និងវប្បធម៌របស់ចិន នៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសថ្នាក់ដឹកនាំចិន នៅតែគាំទ្រដល់គណបក្សប្រជាជនកម្ពុជា បន្តកាន់អំណាច៖ «ប្រទេសចិន ចាត់ទុកថា តំបន់អាស៊ីអាគ្នេយ៍គឺជាទីតាំងភូមសាស្រ្តនយោបាយរបស់ខ្លួន។ ប្រទេសកម្ពុជា ជាប្រទេសមួយងាយមានឥទ្ធិពល ដែលចិន តែងតែជួយគណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យបន្តកាន់អំណាច»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានកោតសរសើរមិនដាច់ពីមាត់ថា ចិនជាមិត្តដ៏ល្អសម្រាប់កម្ពុជា ដោយអះអាងថា ប្រទេសចិន បានផ្ដល់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនានា បានលើកឡើងថា ទោះបីជាកម្ពុជា បានទទួលផលប្រយោជន៍ច្រើនពីប្រទេសចិន ក៏ដោយ ប៉ុន្តែវប្បធម៌ចិន បានជះឥទ្ធិពលដល់ប្រជាពលរដ្ឋកម្ពុជា ម្ដងបន្តិចៗ រហូតដល់ប្រជាពលរដ្ឋខ្មែរភាគច្រើនតាំងខ្លួនជាអ្នកជាប់សែស្រឡាយចិន។ ម៉្យាងវិញទៀត វប្បធម៌ចិន ជាវប្បធម៌បែបអាជីវកម្ម ដែលប្រជាពលរដ្ឋត្រូវចំណាយលុយច្រើនលើសលុបនៅពេលដល់រដូវបុណ្យប្រពៃណីជាតិចិនម្ដងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។