ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិត និងទូរស័ព្ទថយចុះ ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២០នេះ។ ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជាមានចំនួន ១៥,៥លានអ្នក គឺមានការថយចុះ ៥,៦ភាគរយ បើប្រៀបធៀបទៅនឹងរយៈ ៨ខែដូចគ្នាក្នុងឆ្នាំ២០១៩។ ចំពោះការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទវិញ គឺមានការថយចុះចំនួន ៦ភាគរយ។
អ្នកនាំពាក្យនិយតករទូរគមនាគមន៍កម្ពុជា លោក អ៊ឹម វុត្ថា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការធ្លាក់ចុះនៃការប្រើប្រាស់ប្រព័ន្ធទាំងពីរនេះ បណ្ដាលមកពីការថយចុះ នៃចំនួនភ្ញៀវទេសចរ និងការបិទទីតាំងលេងល្បែងអនឡាញជាដើម។ លោកបន្តថា បើទោះបីជាមានការថយចុះ នៃចំនួនអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតក្ដី ប៉ុន្តែការប្រើប្រាស់មានការកើនឡើងដោយសារតែកម្ពុជាមាន អាជីវកម្មដែលអាស្រ័យដោយប្រព័ន្ធអ៊ីនធឺណិត ដែរមានដូចជា ផាសអែប (PassApp) ការប្រើប្រាស់ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ការលក់ដូរតាមប្រព័ន្ធអនឡាញ និងការសិក្សាតាមប្រព័ន្ធអនឡាញជាដើម។
កាលពីឆ្នាំ២០១៩ ជនជាតិចិនប្រមាណ ១២ម៉ឺននាក់បានចាកចេញពីកម្ពុជា ព្រោះដោយសារតែរដ្ឋាភិបាលពេលនោះ ប្រកាសបិទល្បែងតាមប្រព័ន្ធអនឡាញ ដែលវាគឺជាល្បែងដ៏ពេញនិយមរបស់ជនជាតិចិនទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។