អ្នក​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​បណ្ឌិត យ៉ង់ សាំងកុមារ ទាមទារ​ឱ្យ​សង​ប្រាក់​ដល់​ពួកគេ​វិញ

0:00 / 0:00

អ្នក​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​បណ្ឌិត យ៉ង់ សាំងកុមារ បាន​ធ្វើ​យុទ្ធនាការ​ចេញ​ទាមទារ​ឱ្យ​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រូប​នេះ​សង​ប្រាក់​ត្រឡប់​ដល់​ឱ្យ​ពួកគេ​វិញ ដោយ​ថា ពួកគេ​ត្រូវ​ការ​ប្រាក់ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ។ សង្គម​ស៊ីវិល​លើក​ឡើង​ថា បើ​មាន​កិច្ចសន្យា​គ្រប់​ភាគី​ទាំងអស់​គឺ​ត្រូវ​គោរព និង​ដោះស្រាយ​ទៅ​តាម​កិច្ចសន្យា។

អ្នក​ដាក់​ប្រាក់​វិនិយោគ លើ​គម្រោង​មួយចំនួន​ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម បណ្ឌិត យ៉ង់ សាំងកុមារ កាល​ពី​ថ្ងៃ​ទី៨ កុម្ភៈ បាន​នាំ​គ្នា​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ស្រដៀង​គ្នា ទាមទារ​ឱ្យ​ដោះស្រាយ និង​សង​ប្រាក់​ទៅ​ពួកគេ​វិញ។

អ្នក​ដាក់​ប្រាក់​វិនិយោគ​ឈ្មោះ ម៉េង ហ្វាឈីវ (Meng Fa Chiv) បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ដោយ​ភ្ជាប់​ជាមួយ​នឹង​តារាង​បង់ប្រាក់​វិនិយោគ ក្នុង​គម្រោង «សហគមន៍​សម្បូរ​ទុរេន​អាស្រ័យ​ផល​មនោ​សុខ និង​«​គម្រោង​សហគមន៍​សម្បូរ​បន្លែ និង​ទុរេន​អូ​សោម រួម​ទាំង​គម្រោង​សហគមន៍​សម្បូរ​នាគ ៨២ » អម​ជាមួយ​រូបថត លោក យ៉ង់ សាំងកុមារ និង​គ្រួសារ​របស់​លោក​កាលពី​ថ្ងៃទី៨ កុម្ភៈ។

នៅក្នុង​តារាង​គម្រោង​នីមួយៗ​ខាងលើ​នេះ​ដែល​មាន​ឈ្មោះ លោក យ៉ង់ សាំងកុមារ និង​ប្រពន្ធ​របស់​លោក គឺ​លោកស្រី នូ សុជាតិ ចុះ​ហត្ថលេខា។

ឈ្មោះ ម៉េង ហ្វាឈីវ ថា មក​ដល់​ពេល​នេះ ពួកគាត់ មិនបាន​ទទួល​ប្រាក់​សង​ពី​ខាង លោក យ៉ង់ សាំងកុមារ រាប់​ខែ​មក​ហើយ ពួកគាត់​មិន​មាន វីឡា រថយន្ត​ទំនើបៗ​ជិះ​នោះ​ទេ ពួកគាត់​គ្រាន់តែ​សុំ​ប្រាក់​ត្រឡប់​មក​វិញ​តែ​ប៉ុណ្ណោះ។

លោក​ស្នើ​ឱ្យ​លោក យ៉ង់ សាំងកុមារ និង​ប្រពន្ធ​របស់​លោក​ទទួលខុស​ត្រូវ និង​គោរព​អនុវត្ត​កិច្ចសន្យា​សង​ប្រាក់​ដែល​បាន​ព្រមព្រៀងគ្នា ដោយ​ថា លោក​ត្រូវ​ការ​ប្រាក់​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ។

អ្នក​ដាក់​ប្រាក់​វិនិយោគ​ផ្សេង​ទៀត​ឈ្មោះ អ៊ាត សុភ័ក្រ ហើយ​ឈ្មោះ ហេង សុខឃាង (Heng Sokheang) ឈ្មោះ សោម វាសនា (Som Veasna) និង​ឈ្មោះ ឈីវ គឹមលាង (Chiv Kimleang) ជាដើម បាន​សរសេរ​លើ​ហ្វេសប៊ុក​ស្នើ​ឱ្យ​លោក​បណ្ឌិត យ៉ង សាំងកុមារ និង​លោកស្រី នូ សុជាតិ ជួយ​ដោះស្រាយ​ឱ្យ​ពួកគេ​វិញ។

រីឯ​ហ្វេសប៊ុក​ឈ្មោះ គៀន ចាន់រ៉េត បាន​សរសេរ កាល​ពី​ថ្ងៃទី៨ កុម្ភៈ ថា លោក​ទុក​ពេល​រហូត​ដល់​ល្ងាច​ថ្ងៃទី១២ កុម្ភៈ នេះ បើ​ប្រធាន​គម្រោង​ដែល​ដឹកនាំ​ដោយ​លោក យ៉ង់ សាំងកុមារ មិន​ដោះស្រាយ​ឱ្យ​លោក គឺ​លោក​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ឡាយ​ហ្វេសប៊ុក​បង្ហាញ។

លោក​បញ្ជាក់​ថា លោក​បាន​យោគយល់ អត់ធ្មត់​ជាង បី​ឆ្នាំ​ហើយ ហើយ​ថា ពេល​លោក​ឆោឡោ​ទូទាត់​ប្រាក់ ពេល​លោក​ស្ងប់ស្ងាត់ គឺ​លោក​ធ្វើ​ភ្លេច ហើយ​រក​ល្បិច​កល​កែប្រែ​គោលការណ៍​ទូទាត់​ប្រាក់​រហូត បំពាន​កិច្ចសន្យា​ម្ដង​ហើយ​ម្ដង​ទៀត។

ហ្វេសប៊ុក​ឈ្មោះ គៀន ចាន់រ៉េត៖ «ខ្ញុំ​ទុក​ពេល​រហូតដល់​ល្ងាច​ថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ បើ​ប្រធាន​គម្រោង​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត មិន​ដោះស្រាយ​ឱ្យ​ខ្ញុំ។ ខ្ញុំ​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ឡាយ​ហ្វេសបុក​បង្ហាញ​ពី​ល្បិចកល​ទាំងឡាយ​របស់​លោក​ឯកឧត្ដម​បណ្ឌិត ។ ខ្ញុំ​យោគយល់​អស់ហើយ អត់ធ្មត់ ៣​ឆ្នាំ​ជាង​ហើយ។ ពេល​ខ្ញុំ​ឆោឡោ ទូទាត់​ប្រាក់ ពេល​ខ្ញុំ​ស្ងប់ស្ងាត់ គឺ​លោក​ធ្វើ​ភ្លេច ហើយ​រក​ល្បិចកល​កែប្រែ​គោលការណ៍​ទូទាត់​ប្រាក់​រហូត បំពាន​កិច្ចសន្យា ម្ដង​ហើយ​ម្ដង​ទៀត។ បើ​ចិត្ត​ខ្ញុំ​ដាក់ចុះ​ហើយ(លែង​ចង់​បាន​លុយ​វិញ)គឺ​លោក​បណ្ឌិត​កុំ​សង្ឃឹម​អង្គុយ​ដំណែង​ឯកឧត្ដម​ជាប់»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ ពី​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម បណ្ឌិត យ៉ង់ សាំងកុមារ បានទេ នៅ​ថ្ងៃទី៩ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ​កន្លង​ទៅ លោក យ៉ង់ សាំងកុមារ បាន​បដិសេធ បន្ទាប់​ពី​មាន​ការ​ចោទប្រកាន់​លើ​លោក​រឿង​លុយ​ជាង ៣០​លាន​ដុល្លារ។

រីឯ​អ្នក​ចេញ​ប័ណ្ណ​ក្នុង​គម្រោង​«​សហគមន៍​សម្បូរ​បន្លែ និង​ទុរេន​អូសោម» ឈ្មោះ ឈន សុខលី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៩ កុម្ភៈ ថា ការ​ចេញ​ប័ណ្ណ​នៅ​ពេល​នោះ ដោយសារ​គាត់​ជា​គណនេយ្យ​នៅ​ក្នុង​គម្រោង​នោះ ប៉ុន្តែ​បច្ចុប្បន្ន អ្នក​នាង​បាន​ឈប់​ហើយ។

លោកស្រី ឈន សុខលី៖ «ដោយសារ ខ្ញុំ​ជា​គណនេយ្យ​នៅ​ខាង​គម្រោង​ហ្នឹង ហើយ​ខ្ញុំ​ចេញ​ប័ណ្ណ​បាន លុះត្រាតែ​ប្រធាន​គម្រោង​គាត់​អនុម័ត​ឱ្យ​អ៊ីចឹង តែ​ឥឡូវ​ខ្ញុំ​ឈប់​ពី​គម្រោង​យូរ​ហើយ។ អ៊ីចឹង​ខ្ញុំ​អស់​តួនាទី​នៅក្នុង​ហ្នឹង​ទៀត»។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៩ កុម្ភៈ ថា បើ​មាន​កិច្ចសន្យា​គ្រប់​ភាគី​ទាំងអស់ ត្រូវ​គោរព និង​ដោះស្រាយ​ទៅ​តាម​កិច្ចសន្យា។

លោក អំ សំអាត៖ «បើ​យើង​និយាយ​តាម​ពី​កាតព្វកិច្ច ហើយ​ហ្នឹង​តាមផ្លូវ​ច្បាប់​កាលណា​មាន​កិច្ចសន្យា បើ​តាម​ផ្លូវច្បាប់​មាន​បញ្ហា​ត្រូវ​អនុវត្ត​ទៅតាម​កិច្ចសន្យា​ដែល​បាន​ចែង​មក ត្រូវ​ដោះស្រាយ​គ្នា គឺ​ទៅតាម​កិច្ចសន្យា​ហ្នឹង​ឯង។ អាហ្នឹង​គឺ​អ្វីៗ​បើ​យើង​ពី​វិនិយោគ ឬ​ភាព​ចំណេញ ឬ​ផល​ប៉ះពាល់​ដែល​កើតឡើង​ដោយ​ការ​វិនិយោគ​ហ្នឹង ទី​២ គឺ​យក​កិច្ចសន្យា​មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ជា​មុន»។

កាល​ពី​ពេល​ថ្មីៗ ម្ចាស់​គណនី ប៉ែន ជីវ័ន្ត ជា​ញឹកញាប់ តែងតែ​បង្ហោះ​សារ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម ទាក់ទង​នឹង​ភាព​អយុត្តិធម៌​សង្គម និង​អំពើពុករលួយ​ជាដើម។ ក្នុង​នោះ​កាល​ពី​ថ្ងៃទី១៨ ខែមករា ម្ចាស់​គណនី​រូប​នេះ បាន​បង្ហោះ​សារ​ថា លោក ព្រាប កុល បាន​កិបកេង​លុយ​ជាង ៨០​លាន​ដុល្លារ។

ម្ចាស់​គណនី ប៉ែន ជីវ័ន្ត (Chivann Pen) ដែល​គ្រប់គ្រង​ដោយ លោក យ៉ង់ ប៉ាក់ ក៏បាន​បង្ហោះ​សារ​ទម្លាយ​រឿង​របស់​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក យ៉ង់ សាំងកុមារ ដែល​បាន​ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ថា បាន​ជាប់​ពាក់ព័ន្ធ​នឹង​លុយ​ប្រមាណ​ជាង ៣០​លាន​ដុល្លារ​ផង​ដែរ។ក្រោយ​ពី​ម្ចាស់​គណនី ប៉ែន ជីវ័ន្ត ដែល​ទម្លាយ​រឿង​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ បន្ទាប់​ពី​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អតីត​ប្រធាន​អង្គការ​ក្រៅរដ្ឋាភិបាល​ដ៏​មាន​កេរ្តិ៍ឈ្មោះ​ម្នាក់ លោក ព្រាប កុល ប្ដឹង​លោក ប៉ែន ជីវ័ន្ត ឬ លោក យ៉ង់ ប៉ាក់ ខណៈ​បណ្ឌិត យ៉ង់ សាំងកុមារ ចេញ​បដិសេធ និង​បង្ហាញ​ការ​ហួសចិត្ត​លើ​ការចោទប្រកាន់​ចំពោះ​រូបលោក រឿង​លុយ​ជាង ៣០​លាន​ដុល្លារ។

យ៉ាងណា ក្រុម​អ្នក​ដាក់​ប្រាក់​វិនិយោគ​ក្នុង​គម្រោង​ជាមួយ​បណ្ឌិត យ៉ង់ សាំងកុមារ សរសេរ​ថា ពួកគេ​នឹង​តស៊ូ​ទាមទារ​លុយ​ដាក់​វិនិយោគ​ជាមួយ​បណ្ឌិត យ៉ង់ សាំងកុមារ មកវិញ ដោយ​ថា លុយ​ពិបាក​រក​ណាស់ ហើយ​ពួកគេ​ត្រូវ​ការ​លុយ ដើម្បី​យក​មក​ដោះស្រាយ​បញ្ហា​ជីវិត​ប្រចាំថ្ងៃ។

អតីត​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​បណ្ឌិត យ៉ង សាំងកុមារ ត្រូវ​បាន​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ផ្ដល់​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម បន្ទាប់ពី​លោក​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។