ជប៉ុន​ចង់​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​សន្តិសុខ និង​ឌីជីថល

ជប៉ុន ចង់​បង្កើន​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​លើ​វិស័យ​សន្តិសុខ ឌីជីថល និង​វិធានការ​ផ្នែក​សន្តិសុខ​ព័ត៌មានវិទ្យា​។ ជប៉ុន​ក៏​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន វប្បធម៌ និង​បញ្ញា រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹង​ម៉ាំ​ថែមទៀត តាមរយៈ​កម្មវិធី​ភាពជា​ដៃគូ និង​ការ​ផ្លាស់ប្ដូរ​ការ​អប់រំ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី។

ការ​បង្ហាញ​ពី​ចេតនា​បង្កើន​កិច្ច​សហប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​ក្នុង​ជំនួប​ទ្វេភាគី​មួយ​រវាង​រដ្ឋមន្ត្រីការបរទេស​ជប៉ុន អ្នកស្រី កាមីកាវ៉ា យូកូ (Kamikawa Yoko) និង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក សុខ ចិន្តាសោភា នៅ​ឯ​ក្រសួង​ការបរទេស​ជប៉ុន កាលពី​ថ្ងៃទី​១៧ ខែ​ធ្នូ។ ប្រទេស​ជប៉ុន​កំពុង​រៀបចំ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន ដើម្បី​អបអរសាទរ​ឆ្នាំ​ទី​៥០ នៃ​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​អាស៊ាន-ជប៉ុន នៅ​ទីក្រុង​តូក្យូ ពី​ថ្ងៃ​ទី១៦ ដល់​ថ្ងៃ​ទី១៨ ខែ​ធ្នូ។

ក្រសួង​ការបរទេស​ជប៉ុន ឱ្យ​ដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន កាល​ពី​ថ្ងៃទី​១៧ ខែ​ធ្នូ ថា ភាគី​ទាំង​ពីរ​បាន​គូសបញ្ជាក់​ពី​ការ​ធ្វើ​ការ​រួមគ្នា​ដើម្បី​ពង្រឹង «ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» រវាង​ប្រទេស​ទាំងពីរ និង​សណ្ដាប់ធ្នាប់​អន្តរជាតិ​សេរី និង​បើកចំហ​ផ្អែកលើ​ការ​គោរព​ច្បាប់​ជាធំ។

ទាក់ទង​នឹង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន​វិញ ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ និង​មេដឹកនាំ​ជប៉ុន កាលពី​ថ្ងៃទី​១៧ ខែ​ធ្នូ បាន​អនុម័ត​នូវ​ចក្ខុវិស័យ​រួមគ្នា​មួយ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ និង​សេដ្ឋកិច្ច ដោយ​យក​ការគោរព​ច្បាប់​ជាធំ​។ កិច្ចប្រជុំ​កំពូល​នេះ ធ្វើឡើង​ស្របពេល​ដែល​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​កំពុងតែ​ប្រឈម​នឹង​បញ្ហា​តានតឹង​នៅ​លើ​លម្ហ​សមុទ្រ​ជាមួយ​ប្រទេស​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។