ខ្មែរក្រោមរីករាយក្រោយទូកងខ្មែរកម្ពុជាក្រោមមានជ័យ ឈ្នះពានលេខ១ ក្នុងពិធីបុណ្យអុំទូកនៅភ្នំពេញ
2024.11.18
ទូកងរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមឈ្មោះ«ខ្មែរកម្ពុជា ក្រោមមានជ័យ» ដណ្ដើមបានចំណាត់ថ្នាក់ផែនលេខ១ ក្នុងការប្រណាំងទូកនៅ ក្នុងព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ នេះជាលើកទី១ ដែលទូកខ្មែរកម្ពុជាក្រោមមានជ័យឈ្នះជ័យលាភី លេខ១ ចាប់តាំងពីឆ្នាំ២០០២ មក។
ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមត្រេកអរ ក្រោយពីទូកងខ្មែរកម្ពុជាក្រោម ឈ្នះពានរង្វាន់លេខ១ ក្នុងពិធីបុណ្យអុំទូកនៅភ្នំពេញ ក្នុងឆ្នាំនេះ ដែលបង្ហាញពី ការប្រឹងប្រែងតស៊ូ រក្សាអត្តសញ្ញាណវប្បធម៌ និងកិតិ្តសព្ទខ្មែរកម្ពុជាក្រោម ឱ្យកាន់តែលេចត្រដែតឡើង។
ប្រធានស្តីទីមិត្តសមាគមខ្មែរកម្ពុជាក្រោម និងជាប្រធានគណៈកម្មការទូកងខ្មែរកម្ពុជាក្រោមមានជ័យលោក ញឹម រិទ្ធី លើកឡើងថា ទូក«ខ្មែរកម្ពុជាក្រោមមានជ័យ»កសាងឡើងតាំងពីឆ្នាំ២០០២ ក្រោមការគ្រប់គ្រងរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោម នៅវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ ហើយទូកនេះ ដំបូងឡើយកសាងក្នុងខ្នាតវែង ដើម្បីចូលរួមក្នុងពិធីបុណ្យអុំទូកថ្នាក់ជាតិ តែប្ដូរមកខ្នាតខ្លីចំណុះ ២២ នាក់វិញ នៅឆ្នាំ២០០៥។
លោកថា ទូកង«ខ្មែរកម្ពុជាក្រោមមានជ័យ» ចូលរួមប្រកួតតំណាងឱ្យខ្មែរកម្ពុជាក្រោមទូទៅ និង ដណ្ដើមបានជោគជ័យផែនលេខ១ នៅឆ្នាំ២០២៤នេះ ដោយ ឈ្នះទាំង៣ថ្ងៃជាប់ៗគ្នា ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម រីករាយក្រៃលែងចំពោះជ័យជម្នះដ៏មានកិត្តិយសនេះ។
លោក ញឹម រិទ្ធី៖ «គឺ៣ ថ្ងៃប្រកួតជាប់ហ្នឹង គឺយើងឈ្នះទាំង ៣ ថ្ងៃ អ៊ីចឹង បានយើងគណៈកម្មការបុណ្យជាតិហ្នឹង លោកផ្ដល់ជាចំណាត់ថ្នាក់លេខ ១ តំណាងពួកខ្នាតអន្តរជាតិជ័យជម្នះ។ អ៊ីចឹងមានតែទូកយើងមួយទេ ដែលទទួលបានពានឆ្នាំនេះ ពីព្រះមហាក្សត្រ»។
លោក ញឹម រិទ្ធី លើកឡើង ថា កន្លងមក គណៈកម្មការគ្រប់គ្រងទូកពិបាករកជំនួយ ជ្រោមជ្រែងឱ្យទូកង«ខ្មែរកម្ពុជាក្រោមមានជ័យ» បានចូលរួមប្រកួតថ្នាក់ជាតិម្ដងៗ ប៉ុន្តែឆ្នាំនេះ បានការឧបត្ថម្ភខ្លះដែរ ពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន។ លោក ថា ទូកនេះ អុំដោយកម្លាំងចម្រុះខ្មែរ គឺខ្មែរកម្ពុជាក្រោម និងខ្មែរកណ្ដាលរួមគ្នា។
លោក ញឹម រិទ្ធី៖ «ទិសដៅនិងគោលបំណងរបស់យើងគឺចង់ចូលរួមជាមួយគណៈកម្មការបុណ្យជាតិហ្នឹង ខាងខ្មែរក្រោមហ្នឹង គឺយើងរួមចំណែកឬមួយយើងចូលរួម ដើម្បីយើងពង្រឹងលើកស្ទួយអំពីវប្បធម៌ ប្រពៃណីរបស់ខ្មែរ បានធ្វើឱ្យពិភពលោកនិងខ្មែរយើងនៅស្រុកខ្មែរគឺខ្មែរកណ្ដាលហ្នឹង ដឹងឮថាមានខ្មែរក្រោមបានមកចូលរួមអីអ៊ីចឹង»។
ព្រះសង្ឃខ្មែរក្រោមគង់នៅវត្តសាមគ្គីរង្សី ព្រះតេជព្រះគុណ សិរី វឌ្ឃនៈ មានដីកា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែវិច្ឆិកា ថា ព្រះអង្គរំភើបដែលទូកងតំណាង ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម បានឈ្នះលេខ១ និងបានកិត្តិយសទទួលពានពី ព្រះមហាក្សត្រ ដែលបង្ហាញភាពលេចត្រដែតនូវការប្រឹងប្រែងរក្សាអត្តសញ្ញាណ វប្បធម៌ខ្មែរកម្ពុជាក្រោម ឱ្យប្រជាពលរដ្ឋខ្មែរទូទៅបានឃើញ។
ព្រះតេជព្រះគុណ សិរី វឌ្ឃនៈ មានដីកាជំរុញឱ្យប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ចាប់អារម្មណ៍ លើការពង្រឹងវិស័យវប្បធម៌ ដែលព្រះអង្គពន្យល់ថា ការលេចឈ្មោះខ្មែរកម្ពុជាក្រោម ដែលកូនខ្មែរ និងពិភពលោក នៅតែស្គាល់ទឹកដីកម្ពុជាក្រោម គឺដោយសារ ប្រជាពលរដ្ឋខ្មែរក្រោមយកចិត្តទុកដាក់ថែរក្សាការពារវត្តអារាម សាសនា និងរក្សាប្រពៃណីពូជសាសន៍ខ្មែរ ដូចជាបុណ្យអុំទូកនេះជាដើម។
ព្រះតេជព្រះគុណ សិរី វឌ្ឃនៈ៖ «គឺលើកស្ទួយកិត្តិនាមពាក្យថា កម្ពុជាក្រោមឱ្យខ្មែរក្រោម ជាពិសេសខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម គឺគាត់បានលឺតាមរយៈទូរទស្សន៍ផ្សាយតាមរយៈសារព័ត៌មានផ្សាយ ពីសារព័ត៌មានផ្សេងៗ និងតាមរយៈផេករបស់សមាគមជាច្រើនធ្វើឱ្យខ្មែរក្រោមនៅទីនោះ គាត់ដឹងយើងនៅព្រះរាជាណាចក្រកម្ពុជាតស៊ូ»។
នៅថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១៦ ខែវិច្ឆិកា ព្រះមហាក្សត្របានប្រទានពានរង្វាន់ និងប្រាក់ឧបត្ថម្ភដល់ទូកផែនលេខ១ មានចំនួន ៥ទូក ដែលនៅក្នុងនោះទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» របស់ពលរដ្ឋខ្មែរកម្ពុជាក្រោមទទួល បានចំណាត់ថ្នាក់ផែនលេខ១ សម្រាប់ទូកខ្នាតអន្តរជាតិបុរស។
ក្រៅពីមានទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» របស់ខ្មែរក្រោម ចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូកប្រពៃណីជាតិខ្មែរ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋខ្មែរក្រោម ក៏បានប្រារព្ធពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើទឹកដីកម្ពុជាក្រោមដែរ ដើម្បីរក្សាវប្បធម៌និងប្រពៃណីខ្មែរ។
ខុសពីនៅប្រទេសកម្ពុជា ដែលទូកភាគច្រើន សម្បូរដាក់ឈ្មោះភ្ជាប់ងារ ឬក៏នាម អ្នកដឹកនាំកំពូលៗនៃគណបក្សកាន់អំណាចនោះ ទូកងនៅទឹកដីកម្ពុជាក្រោម ត្រូវបានព្រះសង្ឃដាក់នាមតាមឈ្មោះវត្តឬឈ្មោះស្រុកឬឈ្មោះខេត្តនៅកម្ពុជាក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។