ស្របដែលពលរដ្ឋ ខ្មែរនៅកម្ពុជាកំពុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ពលរដ្ឋខ្មែរនៅឯកម្ពុជាក្រោមវិញ ក៏ចូលរួមធ្វើពិធីនេះដែរ។ ពួកគេថា ការចូលរួមព្រះរាជពិធីបុណ្យអុំទូក គឺដើម្បីរក្សាវប្បធម៌និងប្រពៃណីខ្មែរ។
ពលរដ្ឋខ្មែរក្រោមរស់នៅលើទឹកដីកំណើតបាននាំគ្នាធ្វើពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក បើទោះបីពួកគេកំពុងរងការរឹតត្បិតសិទ្ធិសេរីភាព និងសាសនាក្ដី។ សកម្មជនសិទ្ធិមនុស្សលោក ថាច់ ង៉ា ប្រាប់វិទ្យុអាស៊ីសេរីថា លោកផ្ទាល់និងពលរដ្ឋខ្មែរក្រោមរីករាយប្រារព្ធព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីរក្សាអត្តសញ្ញាណខ្មែរ។
លោក ថាច់ ង៉ា៖«សម្រាប់ខ្ញុំបាទផ្ទាល់ហ្នឹង។ ខ្ញុំបានទៅមើលបុណ្យអុំទូកនៅស្រុកកំពង់ស្ពាននិងវត្តក្រមា។ ខ្ញុំរំភើបខ្លាំងដែលឃើញសកម្មភាពដែលឃើញពលរដ្ឋជួយលើកតម្កើងកេរ្តិ៍មរតករបស់ដូនតាយើងដែលបានបន្សល់ទុកមក»។
លោក ថាច់ ង៉ា ថា ការចូលរួមព្រះរាជពិធីបុណ្យអុំទូកនេះបង្ហាញថា ខ្មែរក្រោមមិនដែលបំភ្លេចប្រពៃណី និងវប្បធម៌ខ្មែរម្ដងណាឡើយ។
លោក ថាច់ ង៉ា៖«ការអុំទូកនៅកម្ពុជាក្រោមយើងហ្នឹង បង្ហាញពីការសាមគ្គីភាពខ្មែរ និងខ្មែរ និងបង្ហាញឲ្យពិភពលោកឃើញថា មានវប្បធម៌និងប្រពៃណី»។
ទូក ង នៅកម្ពុជាក្រោម ត្រូវបានព្រះសង្ឃដាក់ឈ្មោះតាមវត្ត ដែលតម្កល់ទូក និងខ្លះទៀតយកឈ្មោះ តាមឈ្មោះស្រុក និងទីរួមខេត្ត។ កាលពីដើមឡើយខ្មែរកម្ពុជាក្រោម ជាអ្នករៀបចំផ្ដួចផ្ដើម រៀបចំព្រះរាជពិធីបុណ្យអុំទូក ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរវៀតណាម បានបញ្ចូលព្រះរាជពិធីបុណ្យអុំទូក ជាកីឡាមួយប្រភេទរបស់វៀតណាម។ ដូច្នេះ អាជ្ញាធរវៀតណាមបានយកការប្រណាំងទូកខ្មែរក្រោមមកគ្រប់គ្រងវិញ។ ទោះបីវៀតណាមហាក់បើកទូលាយឲ្យខ្មែរក្រោមបានប្រារព្ធពិធីជាតិខ្លះក្តី ប៉ុន្តែ វៀតណាមនៅតែរឹតត្បិតសិទ្ធិសេរីនិងសាសនា។ បច្ចុប្បន្ន ព្រះសង្ឃ ៥អង្គនិងសកម្មជនខ្មែរក្រោម ៨នាក់ ត្រូវបានអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគារ រឿងទាមទារសិទ្ធិស្វ័យសម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
