ហ្វេសប៊ុក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​លួច​ចូល​គ្រប់គ្រង

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​បង្កើត​ទំព័រ​(Facebook Page)​ថ្មី​នៃ​កម្មវិធី​ផ្សាយ​សំឡេង​កម្ពុជា​ក្រោម​ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​(Voice of Kampuchea Krom) ក្រោយ​ពេល​ក្រុម​(Hacker)​បាន​លួច​ចូល​គ្រប់គ្រង​និង​លុបចោល​ទាំងស្រុង​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោកអ្នក​នាង​អាច​ចូល​ទៅ​កាន់​អាសយដ្ឋាន​ថ្មី​របស់ សំឡេង​កម្ពុជា​ក្រោម (Voice of Kampuchea Krom) តាមរយៈ​ www.facebook.com/voiceofkampucheakrom

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រើប្រាស់​ទំព័រ​(Facebook Page) សំឡេង​កម្ពុជា​ក្រោម​ដើម្បី​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ផ្សេងៗ​ដែល​កើតមានឡើង​នៅ​លើ​ដែនដី​កម្ពុជា​ក្រោម និង​អំពី​សកម្មភាព​តស៊ូ​មតិ​ដោយ​សន្តិវិធី និង​អហិង្សា​នៅ​លើ​ឆាក​អន្តរជាតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ ប្រធាន​នាយកដ្ឋាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះ​ភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា ទោះបី​ក្រុម​(Hacker)​បាន​លុបចោល​ទំព័រ​Facebook ចាស់​របស់​សំឡេង​កម្ពុជា​ក្រោម​(Voice of Kampuchea Krom)​ក្តី ក៏​សហព័ន្ធ​បាន​បង្កើត​ទំព័រ Facebook ថ្មី​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​រង​ការ​គៀបសង្កត់​ផ្នែក​សិទ្ធិមនុស្ស​នៅ​លើ​ទឹកដី​កំណើត។

ភិក្ខុ សឺង យ៉ឹងរតនា៖ «អាត្មាភាព​សូម​អំពាវនាវ​ដល់​ប្រិយមិត្ត​អ្នក​តាមដាន ការផ្សាយ​របស់​សំឡេង​កម្ពុជា​ក្រោម របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដោយ​ជួយ​ចែកចាយ ចុច​ចូលចិត្ត​ (like) និង​តាមដាន​ (follow)​ នៅ​គេហទំព័រ​ថ្មី»។

សំឡេង​កម្ពុជា​ក្រោម​ជា​កម្មវិធី​ផ្សាយ​វិទ្យុ​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០១ គឺ​មាន​អាយុកាល ២២​ឆ្នាំ​ហើយ​។ កម្មវិធី​នេះ ឋិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងចំណោម​កម្មវិធី​ផ្សេងទៀត​ដូចជា ទូរទស្សន៍​អនឡាញ បោះពុម្ព​សៀវភៅ ព្រឹត្តិបត្រ និង​កាសែត​ព្រៃនគរ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។