ព្រះ​បរម​រូប​សម្ដេចឪ​នឹង​ត្រូវ​សាងសង់​បញ្ចប់​មុន​ថ្ងៃ​៩​វិច្ឆិកា

រាជ​រដ្ឋាភិបាល​កំពុង​ពន្លឿន​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ​សីលា ជា​អ្នក​ម៉ៅការ​សាងសង់​រូប​សំណាក​ព្រះ​បរម​រូប​សម្ដេចឪ នរោត្តម សីហនុ សាងសង់​ឲ្យ​រួច​រាល់​ឲ្យ​បាន​មុន​ថ្ងៃ​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ទី៩ ខែ​វិច្ឆិកា ខាង​មុខ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២ ខែ​ឧសភា ថា កម្មករ​ក្រុមហ៊ុន​សីលា បន្ត​សាងសង់​រូប​សំណាក​ព្រះ​បរម​រូប​សម្ដេចឪ ទាំង​យប់​ទាំង​ថ្ងៃ និង​គ្មាន​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ពន្លឿន​ឲ្យ​ព្រះ​បរម​រូប​នោះ​អាច​សម្ពោធ​តាម​ការ​ដាក់​កំហិត​របស់​រដ្ឋាភិបាល។

លោក​បន្ត​ថា បច្ចុប្បន្ន ជាង​កំពុង​ចាក់​ទម្រ​រូប​សំណាក និង​កំពុង​សូន​រូប​ព្រះ​បរម​រូប​សម្ដេចឪ ប៉ុន្តែ​លោក​មិន​ទាន់​អាច​កំណត់​ថា តើ​ការ​សាងសង់​នោះ​បាន​ប៉ុន្មាន​ភាគ​រយ​នៅ​ឡើយ ព្រោះ​មិន​ទាន់​បាន​ជួប​ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ​នៅ​ឡើយ៖ «រូប​សំណាក​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ ហ្នឹង គឺ​ត្រូវ​តែ​ធ្វើ​ពិធី​សម្ពោធ​តែ​ម្តង​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ២០១៣។ កំពុង​ធ្វើ​សូន​រូប កំពុង​តែ​សូន​ផង ទី១។ ទី២ គឺ​ទីតាំង​ដែល​យើង​ឃើញ​ទាំងអស់​គ្នា​នៅ​សួនច្បារ​វិមាន​ឯករាជ្យ​ហ្នឹង គឺ​កំពុង​រៀបចំ​ផ្ដើម​បុក​គ្រឹះ​ហើយ ពីព្រោះ​អី​រដ្ឋាភិបាល​បាន​ដាក់​កំហិត​ថា ធ្វើ​ឲ្យ​បាន​ទាន់​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា»

តាម​គម្រោង ទម្រង់​ព្រះ​បរម​រូប​របស់​សម្ដេច​តា គឺ​ជា​រូប​ឈរ។ សំណង់​ស្តូប​មាន​កម្ពស់ ២៧,២០​ម៉ែត្រ ស្ថិត​នៅ​ចម្ងាយ ២០០​ម៉ែត្រ ខាង​កើត​វិមាន​ឯករាជ្យ។ សំណាក​ព្រះ​បរម​រូប​សម្ដេចឪ ដែល​មាន​កម្ពស់​ទាំង​ទម្រ​ចំនួន ៧​ម៉ែត្រ ២​តឹក​នោះ នឹង​ត្រូវ​សង់​អំពី​ស្ពាន់​លេខ​១។ រាជ​រដ្ឋាភិបាល​ជា​អ្នក​ធានា​ចេញ​ប្រាក់​ទាំង​ស្រុង សម្រាប់​ការ​សាងសង់​ព្រះ​បរម​រូប​នេះ ដោយ​គ្រោង​ចំណាយ​ទឹក​ប្រាក់​អស់​ជិត ១​លាន ៥​សែន​ដុល្លារ។ សំណង់​នេះ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ព្រះ​គុណូបការៈ​របស់​ព្រះអង្គ​ចំពោះ​ជាតិ​មាតុភូមិ ម្យ៉ាង​ទៀត សំណង់​ក៏​សង់​ដើម្បី​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយៗ​ស្គាល់​ព្រះអង្គ​ដែរ។

ដំបូង​ឡើយ រាជ​រដ្ឋាភិបាល​មាន​បំណង​ចង់​អោយ​ក្រុមហ៊ុន​ទទួល​បន្ទុក​ការ​សាងសង់​សម្រេច​បាន​ស្តូប​ព្រះ​បរម​រូប​សម្ដេច​តា ចប់​នៅ​មុន​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៣ ដើម្បី​រៀបចំ​ការ​សម្ពោធ​ស្តូប​ព្រះ​បរម​រូប​នេះ​នៅ​ចំ​ថ្ងៃ​ប្រសូត​របស់​សម្ដេចឪ នរោត្តម សីហនុ តែ​ម្តង គឺ​ថ្ងៃ​ទី៣១ តុលា។ ប៉ុន្តែ​ទំនង​មិន​ទាន់ ទើប​ពន្យារ​ពេល​ដាក់​សម្ពោធ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា វិញ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​ដែល​សម្ដេចឪ​បាន​ទាមទារ​ឯករាជ្យ​ភាព​ពេញ​បរិបូរណ៍​ជូន​ដល់​ប្រជាជាតិ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។