ព្រះមហាក្សត្រគ្រោងយាងទៅធ្វើព្រះរាជ​ទស្សនកិច្ចនៅប្រទេសឥណ្ឌា

ដោយ ម៉ៅ សុធានី
2023.05.26
ព្រះមហាក្សត្រគ្រោងយាងទៅធ្វើព្រះរាជ​ទស្សនកិច្ចនៅប្រទេសឥណ្ឌា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
រូប៖ ហ្វេសប៊ុក​ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី

ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី គ្រោង​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​ប្រទេស​ឥណ្ឌា ចាប់​ពី​ថ្ងៃ​ទី២៩ ដល់​ថ្ងៃ​ទី៣១ ខែឧសភា​ ខណៈ​កម្ពុជា និង​ឥណ្ឌា អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។​

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៦ ខែឧសភា ឲ្យ​ដឹង​ថា ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះអង្គ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​យូរអង្វែង និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​វប្បធម៌ សាសនា និង​ប្រវត្តិសាស្ត្រ​រួម ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជាតិ​នៃ​ប្រទេស​ទាំង​ពីរ។

ក្នុង​អំឡុង​ពេល​ព្រះរាជ​ទស្សនកិច្ច​នេះ ព្រះមហាក្សត្រ ទ្រង់​សព្វព្រះទ័យ​រាជានុញ្ញាត​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ឥណ្ឌា លោក ឌ្រូផាឌី មួរមូ (Droupadi Murmu) នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត ដើម្បី​ពិភាក្សា​ស្តីពី​សហប្រតិបត្តិការ​ទ្វេភាគីនៃប្រទេស​ទាំង​ពីរ។
ព្រះមហាក្សត្រ​នឹង​យាង​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​មណ្ឌល​អនុស្សាវរីយ៍ មហាត្មះ គន្ធី ផង​ដែរ។

នេះជាលើកទី២ហើយ ដែល​ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​បរម​នាថ នរោត្តម សីហមុនី ទ្រង់​យាង​ទៅ​ប្រទេស​ឥណ្ឌា បន្ទាប់​ពី​ព្រះបិតា​ព្រះអង្គ ព្រះ​បរម​រតនកោដ្ឋ នរោត្តម សីហនុ ដែល​បាន​យាង​កាល​ពី ៦០ឆ្នាំ​មុន

ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ COMTRADE បង្ហាញថា ឥណ្ឌា​នាំ​ចេញ​ទំនិញ​មក​កម្ពុជា មាន​ទឹកប្រាក់​ចំនួន​ជិត ២៣០លាន​ដុល្លារ កាល​ពី​អំឡុង​ឆ្នាំ២០២២។ ប៉ុន្តែ​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ឥណ្ឌា មាន​ចំនួន ១២៦លាន កាល​ពី​អំឡុង​ឆ្នាំ២០២១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។