ក្រុមហ៊ុនCBS បដិសេធ​ព័ត៌មាន​ដែល​ថា លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ឧកញ៉ា គិត ម៉េង

ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​កម្ពុជា (Cambodia Broadcasting Service) ដែល​ហៅ​កាត់​ថា ស៊ី​.ប៊ី​.​អេស (CBS) រួមមាន​ទូរទស្សន៍ CNC CTN MyTV និង One TV ចេញ​សេចក្ដី​បំភ្លឺ​បដិសេធ​ព័ត៌មាន​ផ្សព្វផ្សាយ​ថា ឧកញ៉ា គិត ម៉េង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន តាម​បញ្ជា​របស់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន។

សេចក្ដី​បំភ្លឺ ចុះ​ថ្ងៃ​ទី​២២ ធ្នូ ក្រុមហ៊ុន CBS អះអាង​ថា កាសែត The Cambodia Daily និង​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ CBN Khmer បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មួលបង្កាច់ និង​ប្រមាថ​កិត្តិយស​ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន គឺ​លោក​ឧកញ៉ា គិត ម៉េង ហើយ​លោក គិត ម៉េង មិនមែន​រង​ការ​ចាប់ខ្លួន​ដូច​ការ​ផ្សាយ​ទេ តែ​កំពុងតែ​សប្បាយរីករាយ​ជាមួយ​គ្រួសារ​នៅ​ខេត្ត​សៀមរាប។ ការ​បដិសេធ​នេះ ធ្វើ​ឡើង​ក្រោយពី​សំឡេង​របស់​លោក ហ៊ុន សែន ត្រូវ​បាន​បែក​ធ្លាយ​ជា​សាធារណៈ​ករណី​អន្តរាគមន៍​វិវាទ​ផ្ទៃក្នុង​របស់​ទូរទស្សន៍​ឯកជន CNC។

សារ​សំឡេង​បែក​ធ្លាយ​របស់ លោក ហ៊ុន សែន កាលពី​ចុង​សប្ដាហ៍​នេះ បាន​បញ្ជា​ឲ្យ​ដក​អគ្គនាយក​ថ្មី នៃ​ស្ថានីយ​ទូរទស្សន៍ CNC ឈ្មោះ អ៊ុក បូរ៉ា ដែល​ត្រូវជា​ក្មួយ​របស់​សមាជិក​គណៈអចិន្ត្រៃយ៍​បក្ស​ប្រជាជន​កម្ពុជា អ្នកស្រី ម៉ែន សំអន ចេញពី​តួនាទី ដោយ​លោក ហ៊ុន សែន ចោទ​ថា បាន​រំលោភ​សិទ្ធិ​បុគ្គលិក​ធ្ងន់ធ្ងរ។

ក្នុង​សំឡេង​បែក​ធ្លាយ​នោះ លោក ហ៊ុន សែន ក៏បាន​ព្រមាន​ចាត់វិធានការ​គ្រប់​អាជីវកម្ម និង​អាច​ឈាន​ដល់​ការ​ចាប់ខ្លួន​ឧកញ៉ា គិត ម៉េង ប្រសិន​បើ ក្មួយប្រុស​អ្នកស្រី ម៉ែន សំអន រូប​នោះ មិន​ត្រូវ​បាន​បញ្ឈប់​ពី​តំណែង​ទេ។ លោក ហ៊ុន សែន អះអាង​ថា កុំថាឡើយ ត្រឹម​ក្មួយ​អ្នកស្រី ម៉ែន សំអន សូម្បី បិតា​ព្រះមហាក្សត្រ មាតា​ព្រះមហាក្សត្រ (ឪ​ម៉ែ​ស្ដេច​) ក៏​លោក​ចាត់ការ​ដែរ។ លោក ហ៊ុន សែន ថា លោក​ចាប់អារម្មណ៍​នឹង​ទូរទស្សន៍ CNC ដោយសារតែ​លោក​ជា​អ្នក​ឧបត្ថម្ភ និង​ផ្ដល់​លុយ​ទៅ​ឲ្យ​អ្នកសារព័ត៌មាន​របស់​ស្ថានីយ​នេះ។ អ្នកវិភាគ​លើកឡើង​ថា សារ​សំឡេង​លោក ហ៊ុន សែន បញ្ជាក់​ថា លោក​កំពុង​ត្រួតត្រា​ប្រព័ន្ធ​យុត្តិធម៌ និង​លូកដៃ​ចូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។