ក្រសួង​ការងារ​ព្រមាន​មេ​សហជីព​ម្នាក់​ទៀត​ឱ្យ​បញ្ឈប់​សកម្មភាព​ជួយ​ការពារ​សិទ្ធិ​កម្មករក្រុម​ហ៊ុន​ស៊ីនទ្រី

ដោយ វ៉ែន សុមេធ
2020-10-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីនទ្រី ខេមបូឌា (CINTRI Cambodia) ប្រមាណ ១ពាន់​នាក់ បន្ត​ការ​តវ៉ា​នៅ​ថ្ងៃ​ទី៥ ខែតុលា ទាមទារ​ឲ្យ​ថៅកែ​ក្រុម​ហ៊ុន​​ទូទាត់​ប្រាក់​បញ្ចប់​កិច្ច​សន្យា​ការងារ​មុន​កាល​កំណត់។
បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីនទ្រី ខេមបូឌា (CINTRI Cambodia) ប្រមាណ ១ពាន់​នាក់ បន្ត​ការ​តវ៉ា​នៅ​ថ្ងៃ​ទី៥ ខែតុលា ទាមទារ​ឲ្យ​ថៅកែ​ក្រុម​ហ៊ុន​​ទូទាត់​ប្រាក់​បញ្ចប់​កិច្ច​សន្យា​ការងារ​មុន​កាល​កំណត់។
រូប៖ កម្មករ

ក្រសួង​ការងារ​ចេញ​លិខិត​ព្រមាន​​ប្រធាន​សហព័ន្ធ​សហជីព​ម្នាក់​ទៀត ដោយ​ចោទ​ថា​ជា​អ្នក​ដឹកនាំ និង​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម ​ដាក់​សម្ពាធ​ក្រុមហ៊ុន​ឲ្យ​ផ្ដល់​ប្រាក់​ឈ្នួល។ មេ​សហជីព​រូប​នោះ​ថ្លែង​ថា នេះ​ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​ ព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​​ការ​ចោទ​ប្រកាន់​នេះ​ទេ។

ក្រសួង​ការងារ​ព្រមាន​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល ឱ្យ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ ករណី​វិវាទ​រវាង​កម្មករ និង​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីនទ្រី។ ក្រសួង​ចោទ​លោក ទូច កុសល ថា កំពុង​ធ្វើ​សកម្មភាព​ដោយ​ល្មើសច្បាប់។

ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ នៃ​ក្រសួង​ការងារ លោក ជ្រុន ថេរ៉ាវង្ស លើក​ឡើង​នៅ​ក្នុង​លិខិត​នៅ​ថ្ងៃ​ទី៨ ខែតុលា​ថា លោក ទូច កុសល បាន​ដឹកនាំ​ និង​ញុះញង់​កម្មករ​ ឲ្យ​ធ្វើ​កូដកម្ម​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន ដើម្បី​ទទួល​បាន​ការ​ទូទាត់​ប្រាក់​ឈ្នួល​ផ្ទុយ​ពី​ច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ។ មន្ត្រី​ក្រសួង​ការងារ​រូប​នេះ​ចោទ​ប្រកាន់​ទៀត​ថា លោក ទូច​ កុសល ដឹក​នាំ​សកម្មភាព​តាម​គ្រប់​មធ្យោបាយ និង​បង្ករឿង​សម្រាប់​គោល​បំណង​ និង​មហិច្ឆតា​ផ្ទាល់​ខ្លួន។

លោក ជ្រុន ថេរ៉ា​វង្ស បញ្ជាក់​ទៀត​ថា បើ​លោក ទូច កុសល នៅ​តែ​បន្ត​សកម្មភាព​នេះ​ទៀត ក្រសួង​នឹង​​ប្ដឹង​ទៅ​តុលាការ​ ដើម្បី​រំលាយ​ចោល​សហជីព​របស់​លោក ឬ​ដាក់​ចេញ​វិធានការ​ផ្លូវ​ច្បាប់​ផ្សេងៗ ទៀត ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​បន្ថែម​ពី​ ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ នៃ​ក្រសួង​ការងារ លោក ជ្រុន ថេរ៉ាវង្ស និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ទេស រុក្ខាផល នៅ​រសៀល​ថ្ងៃ​ទី​៨ តុលា បាន​ទេ ដោយ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល ។

ទោះជា​យ៉ាង​ណា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល លើក​ឡើង​ថា​ការ​ចោទ​ប្រកាន់​លោក ដោយ​គ្មាន​ភស្តុតាង និង​មិន​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់​បែប​នេះ គឺ​ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​បាន​ ព្រោះ​លោក​មិនបាន​ចេញ​មុខ​ដឹកនាំ ឬ​ញុះញង់​​កម្មករ​ឲ្យ​ចេញ​តវ៉ា​នោះ​ទេ ។

លោកបកស្រាយ​​ថា ក្រោយ​ពី​មាន​ដំណោះស្រាយ​ជា​កំណត់​ហេតុ​ច្បាស់​លាស់  កាល​ពី​ថ្ងៃ​ទី​៧ តុលា​  លោក​បាន​និយាយ​ទៅ​កាន់​ក្រុម​កម្មករ ថា​ការ​ទាមទារ​ប្រាក់​ឈ្នួល​នៅ​ពេល​នេះ គឺ​ធ្វើ​មិន​ត្រឹមត្រូវ​ទេ ដោយ​សារ​តែ​ក្រុមហ៊ុន​មិន​ទាន់​បិទទ្វារ ឬ​បញ្ឈប់​កម្មករ​ចេញ​ពី​ការងារ​នៅ​ឡើយ ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​ខាង​កម្មករ​ចូល​ធ្វើការ​វិញ ដើម្បី​រក្សា​ស្ថេរ​ភាព​ការងារ​​ត​ទៅ​ទៀត និង​ជួយ​ប្រមូល​សំរាម​សំអាត​ទីក្រុង​ឲ្យបាន​ស្អាត​ឡើង​វិញ ។ លោក​ថា ក្រុម​កម្មករ​មិន​ពេញចិត្ត​ ចំពោះ​ការ​លើក​ឡើង​របស់​លោក​ឡើយ។

ប្រធាន​សហព័ន្ធ​សហជីព​រូប​នេះ ស្នើ​ដល់​ក្រសួង​ចុះ​ស៊ើប​អង្កេត​ចំពោះ​រឿង​ចោទប្រកាន់​នេះ ​ឲ្យ​បាន​ច្បាស់លាស់៖ «ខ្ញុំ​ក៏​បាន​សម្ដែង​ការ​ស្មោះ​ត្រង់​ប្រាប់​ទៅ​អគ្គលេខាធិការដ្ឋាន​ដោះស្រាយ​កូដកម្ម បាតុកម្ម​គ្រប់​មុខ​សញ្ញា ព្រឹក​មិញ​គាត់​បាន​ទាក់​ទង​មក​ខ្ញុំ សួរ​នាំ​រឿង​ហ្នឹង។ ខ្ញុំ​អត់​យល់​ គាត់​នៅ​តែ​និយាយ​ថា ​កុសល​ឯង​ប្រាប់​កម្មករ​ឲ្យ​ចូល​ធ្វើ​ការ​វិញ។ អ៊ីចឹង! អ្វី​ដែល​គាត់​និយាយ​ពាក្យ​មួយ​ម៉ាត់​ហ្នឹង វា​ហាក់​បី​ដូច​ជា កម្មករ​ទៅ​ធ្វើ​ការ មិន​ធ្វើ​ការ​ដោយ​សារ​ខ្ញុំ​ ។ វា​ដូច​ជា​ទម្លាក់​កំហុស​មក​លើ​ខ្ញុំ​ទាំង​ស្រុង។ ខ្ញុំ​តែង​និយាយ​ហើយ​ថា ច្បាប់​ខ្ញុំ​បាន​បកស្រាយ​ហើយ ទៅ​ធ្វើការ​ឬ​មិន​ធ្វើការ​ ជា​សិទ្ធិ​របស់​បងប្អូន​កម្មករ។ ខ្ញុំ​អត់​មាន​បង្ខំ​ទេ។ ខ្ញុំ​គ្រាន់​តែ​ថា បង​ប្អូន​ធ្វើ​ចឹង​ វា​អត់​ត្រឹមត្រូវ ។ ខ្ញុំ​បាន​និយាយ​អ៊ីចឹង​មែន។ ខ្ញុំ​អត់​បាន​ទៅ​ញុះញង់​ទេ»

អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា បើ​ពិនិត្យ​មើល​តាម​ច្បាប់​ការងារ​ និង​ច្បាប់​សហជីព​វិញ លោក ទូច កុសល មិន​មាន​ប្រព្រឹត្ត​អ្វី​ខុស​នោះ​ទេ ព្រោះ​ថា​ការ​ទាមទារ​​ផល​ប្រយោជន៍​ការងារ​របស់​កម្មករ​និយោជិក គឺ​ជា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​សហជីព។

លោក​យល់​ថា ចោទ​ប្រកាន់​របស់​ក្រសួង​បែប​នេះ គឺ​ជា​ការ​គំរាម​កំហែង​ បំបាក់​ស្មារតី​ដល់​សហជីព មិន​ឲ្យ​ចេញ​មុខ​ស្វែង​ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ជូន​កម្មករ៖ «ទោះ​បី​ជា​គាត់​ចូល​នៅ​ក្នុង​ការ​ចរចា ឬ​នៅ​ក្នុង​ការ​ដោះស្រាយ​អី​ហ្នឹង។ គាត់​គោរព​ទៅ​តាម​សេចក្ដី​សម្រេច​ចិត្ត​របស់​សមាជិក​របស់​គាត់។ អ៊ីចឹង! រាល់​ពួកគាត់​មិន​សប្បាយ​ចិត្ត មិន​ពេញ​ចិត្ត​ហ្នឹង វា​ជា​សិទ្ធិ​របស់​កម្មករ ដែល​គាត់​គិត​ថា ការ​ទាមទារ​របស់​គាត់​ហ្នឹង វា​មិនបាន​ទៅ​នឹង​អ្វី​ដែល​គាត់​ទាមទារ ៥ចំណុច។ ខ្ញុំ​មើល​ឃើញ​ថា លិខិត​វា​មាន​ចេតនា​នៅ​ក្នុង​ការ​គំរាមកំហែង​ បំបាក់​ស្មារតី​ទៅ​ដល់​សហព័ន្ធ​របស់​លោក​កុសល​ហ្នឹង ដែល​គាត់​កន្លង​មក​ហ្នឹង ធ្វើការ​ទាមទារ​នៅ​ហ្គ្រេតឌូក នៅ​សៀមរាប​អី​ជា​ដើម​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី៦ តុលា នាយកដ្ឋាន​វិវាទ​ការងារ​ ក៏បាន​ចេញ​លិខិត​ព្រមាន​មួយ​ច្បាប់​ចំពោះ​ប្រធាន​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន ស៊ីនទ្រី (ខេមបូឌា) លោក កៅ សុខវ៉ាត ដោយ​ចោទ​ប្រកាន់​រឿង​ស្រដៀង​គ្នា​នេះ។

កម្មករ​ប្រមូល​សំរាម​ក្រុម​ហ៊ុន​ស៊ីនទ្រី​ជាង ១ពាន់ ២រយ​នាក់​ ផ្ទុះ​ការ​តវ៉ា​មុខ​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​ទី២ តុលា ដោយ​មិន​ព្រម​ចេញ​ប្រមូល​និង​ដឹក​សំរាម​ដូច​រាល់​ដង ក្រោយ​ពួក​គេ​បារម្ភ​បាត់​បង់​ការងារ និង​អត្ថប្រយោជន៍ នៅ​ពេល​ឮ​ដំណឹង​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​នឹង​ដេញ​ថ្លៃ​គ្នា​ក្នុង​សេវា​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង​ ស្រេង បាន​សន្យា​នឹង​កម្មករ​ ដោយ​មាន​លាយលក្ខណ៍​អក្សរ​ថា ភាគី​ក្រុមហ៊ុន​ទទួល​ដោះ​ស្រាយ​តាម​ច្បាប់​ស្ដីពី​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នក​ធានា​ខុស​ត្រូវ។ សាលា​រាជធានី​ភ្នំពេញ ធានា​រក្សា​ការងារ​ជូន​កម្មករ​មិន​ឲ្យ​បាត់បង់​ឡើយ ទោះ​បី​ជា​ក្រុមហ៊ុន​ស៊ីនទ្រី ដេញ​ថ្លៃ​បាន ឬ​មិន​បាន​ក៏ដោយ។

បើ​ទោះ​បី​ជា​​យ៉ាងណា ក្រុម​កម្មករ​ស៊ីនទ្រី​នៅ​តែ​មិន​ព្រម​ចូល​ធ្វើ​ការ ដោយ​ប្រកាន់​ជំហរ​ចង់​បាន​ដំណោះស្រាយ ៥ចំណុច រួម​មាន​ ប្រាក់​បំណាច់​អតីតភាព ប្រាក់​សំណង​ជំងឺ​ចិត្ត ប្រាក់​ជួស​ការ​ជូន​ដំណឹង ប្រាក់​ខែ​ចុង​ក្រោយ និង​ប្រាក់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​នៅ​សល់។

ប្រាក់​ឈ្នួល​ កម្មករ​កើប​សំរាម​ទទួល​ចាប់​ពី ៧០ម៉ឺន​ដល់ ៨០ម៉ឺន​រៀល ហើយ​អ្នក​បើក​ឡាន​ដឹក​សំរាម​ ​ទទួល​បាន ២៥០ដុល្លារ​ដល់ ៣០០ដុល្លារ ។

ក្នុង​ដំណាក់កាល​នេះ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​ការងារ​ លោក ឃុន ថារ៉ូ និង ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល យល់​ថា ក្រុម​កម្មករ​គួរ​ពិភាក្សា​គ្នា ហើយ​ងាក​មក​ចូល​ធ្វើការ​ជា​ធម្មតា​វិញ ដើម្បី​រក្សា​ស្ថេរ​ភាព​ការងារ​របស់​ពួកគេ​ និង​បន្ត​តាម​ដាន​ព័ត៌មាន​​ដេញថ្លៃ​នៅ​ពេល​ខាង​មុខ ដែល​មាន​ក្រុមហ៊ុន​ចំនួន ៣ប្រជែង​គ្នា​ ក្នុង​សេវា​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល