ស្លាប់​១​នាក់​និង​របួស​៧​នាក់​ដោយសារ​រន្ទះ​បាញ់​នៅ​កំពង់ធំ

គ្រោះ​មហន្តរាយ ដូចជា​ខ្យល់​ព្យុះ រន្ទះ​បាញ់ ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត ត្រូវ​គេ​សង្កេត​ឃើញ​ថា​កំពុង​តែ​គំរាម​កំហែង​អាយុ​ជីវិត​មនុស្ស សត្វ និង​ដំណាំ​កសិកម្ម​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

0:00 / 0:00

របាយការណ៍​របស់​អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បញ្ជាក់​ថា គ្រោះ​ធម្មជាតិ​នេះ​មិន​ត្រឹម​តែ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​ការ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត​មនុស្ស និង​សត្វ ទាំង​ផ្ទាល់ និង​ប្រយោល។ ដោយ​ឡែក មនុស្ស ៣៥​នាក់​ស្លាប់ និង ២៤​នាក់​ទៀត​រង​របួស​ដោយសារ​រន្ទះ​បាញ់ គិត​ត្រឹម​ខែ​មេសា ដើម​ឆ្នាំ​២០១៣ នេះ។

ជំទប់​ទី១ ឃុំ​ទ្រាល មក​ពី​គណបក្ស សម រង្ស៊ី និយាយ​ថា កុមារី​ម្នាក់​ស្លាប់​ភ្លាមៗ​ក្នុង​ចំណោម ៨​នាក់​ដែល​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​រន្ទះ​បាញ់ កាល​ពី​ល្ងាច​ថ្ងៃ​ទី៨ ឧសភា ក្រៅ​ពី​នេះ ផ្ទះ និង​ផល​ដំណាំ​ផ្សេង​ទៀត ក៏​ត្រូវ​រង​ការ​ខូចខាត​ដែរ។

ជំទប់​ទី១ ឃុំ​ទ្រាល ស្រុក​បារាយ ខេត្ត​កំពង់ធំ នៃ​គណបក្ស សម រង្ស៊ី អ្នកស្រី សេង ចាន់ថូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៩ ឧសភា ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៨​នាក់ ក្នុង​នោះ​មាន​ក្មេង​ប្រុស​ស្រី និង​មនុស្ស​វ័យ​ជាង ៣០​ឆ្នាំ​ម្នាក់ ត្រូវ​រង​គ្រោះ​ដោយសារ​រន្ទះ​បាញ់​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ អ្នកស្រី​បន្ត​ថា ក្នុង​ចំណោម​មនុស្ស ៨​នាក់​នោះ មាន​កុមារ​អាយុ ១៦​ឆ្នាំ​ម្នាក់ ឈ្មោះ ទេព នឿន ត្រូវ​ស្លាប់​ភ្លាមៗ​ក្រោយ​ពី​រន្ទះ​បាញ់​រួច។

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា ដោយ​ឡែក​មនុស្ស ៧​នាក់​ផ្សេង​ទៀត ក្នុង​ចំណោម​នោះ​ត្រូវ​រង​របួស​ធ្ងន់ និង​ស្រាល។ ទោះ​ជា​បែប​ណា រហូត​មក​ដល់​ពេល​នេះ អ្នក​ដែល​រង​របួស​ដោយសារ​រន្ទះ​បាញ់​ទាំង​នោះ ត្រូវ​បាន​ជួយ​សង្គ្រោះ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ​រៀងៗ​ខ្លួន៖ «ទេព នឿន ប្រុស ១៦​ឆ្នាំ ស្លាប់ ទេព នឿន រួច​ហើយ វ៉ាយ ពួក ស្រី ១២​ឆ្នាំ របួស​ធ្ងន់។ ៣ ម៉េង ម៉ិក ប្រុស ១៤​ឆ្នាំ យ៉ែម ភាន់ ប្រុស ១៥​ឆ្នាំ ញូង ផុង ប្រុស ១៦​ឆ្នាំ។ ម៉ែន ផាន ប្រុស ១០​ឆ្នាំ បាវ ធួក ប្រុស ៣៧​ឆ្នាំ មី បូរ៉ា ប្រុស ៤​ឆ្នាំ»

លោក បាវ ធួក អាយុ ៣៧​ឆ្នាំ នៅ​ភូមិ​គិរីអណ្ដែត ឃុំ​ទ្រាល ស្រុក​បារាយ ខេត្ត​កំពង់ធំ គឺ​ជា​អ្នក​រង​គ្រោះ​ដោយ​រន្ទះ​បាញ់​កាល​ពី​ល្ងាច​ថ្ងៃ​ទី៨ ឧសភា ក្នុង​ចំណោម​មនុស្ស ៦​នាក់​ផ្សេង​ទៀត និយាយ​ថា ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង រូប​គាត់ និង​អ្នក​ឃ្វាល​គោ​ជាមួយ​គ្នា បាន​ទៅ​ជ្រក​ក្រោម​ដើម​ឫស្សី​ដោយ​មាន​ទូរស័ព្ទ​មួយ​គ្រឿង​ដែល​បាន​បិទ​ហើយ តែ​នៅ​កាន់​ក្នុង​ដៃ។ លោក​បន្ត​ថា ការ​បាញ់​នេះ​មិន​ដឹង​កើត​ឡើង​ដោយ​មូលហេតុ​អ្វី​នោះ​ទេ៖ «ខ្ញុំ​វា​ទៅ​ជ្រក​ហ្នឹង កន្លែង​ដេញ​គោ​ទៅ វា​ភ្លៀង​រងា​ចូល​ជ្រក។ ចូល​ជ្រក​ទៅ ក៏​មួយ​សន្ទុះ​ហ្នឹង ក៏​រន្ទះ​បាញ់​តែ​បណ្ដោយ។ គ្រាន់​តែ​បាញ់​ភឹប​ហ្នឹង អត់​ដឹង​ខ្លួន​ផង មាន​ទូរស័ព្ទ​មួយ​ដែរ ប៉ុន្តែ​ខ្ញុំ​បិទ​គ្រឿង​ចូល​ហើយ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​លោក កែវ វី នាយក​ខុទ្ទកាល័យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ទេ នៅ​ថ្ងៃ​ទី៩ ឧសភា។

ក៏ប៉ុន្តែ កាល​ពី​ដើម​ខែ​ឧសភា កន្លង​ទៅ​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​កោះ​ហៅ​មន្ត្រី​របស់​ខ្លួន​មក​ជួបជុំ​គ្នា ដើម្បី​ពិភាក្សា​រៀបចំ​ផែនទី ឬ​គ្រោងការ​ដើម្បី​ឆ្លើយ​តប​បន្ទាន់​មួយ ក្នុង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។