ស្ថានភាព​ពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម​ក្នុង​ខេត្ត​មួយ​ចំនួន

ពលរដ្ឋ​រស់នៅ​កៀក​ព្រំដែន​កម្ពុជា​-​វៀតណាម​តាម​ខេត្ត​មួយចំនួន ពុំ​សូវ​ប្រឈម​ខ្វះខាត​ស្បៀងអាហារ ដូច​ពលរដ្ឋ​រស់នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ ព្រោះ​ពួកគេ​អាច​មាន​លទ្ធភាព​ស្វែងរក​អាហារ​ត្រី​សាច់ ក្តាម​ខ្យង បន្លែបង្ការ​តាម​វាលស្រែ និង​បឹងបួ​មក​ចិញ្ចឹមជីវិត។

ពលរដ្ឋ​មួយចំនួន​រស់នៅ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ ខេត្ត​រតនគិរី និង ខេត្ត​តាកែវ នៅតែ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ការពារ​ជំងឺ​រាតត្បាត​កូវីដ​១៩​ដោយ​ខ្លួនឯង ខ្លះ​សម្ងំ​ក្នុងផ្ទះ ប្រើប្រាស់​ម៉ាស និង​កាន់​អាល់កុល (Alcohol) ជាប់​តាម​ខ្លួន​។ កសិករ​រស់នៅ​តំបន់​ជនបទ​ដាច់ស្រយាល​តាម​ព្រំដែន បាន​ចាប់ផ្តើម​ធ្វើស្រែ​បណ្តើរៗ និង​ខ្លះទៀត ដើរ​ស៊ីឈ្នួល​រក​ប្រាក់​ចិញ្ចឹម​ជីវិត។

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី លោក សេវ ហ្វិញ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ មេសា​ថា ចាប់តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ​១៩ ចូល​សហគមន៍​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ស្ថានភាព​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ស្រុក​នេះ​ហាក់​ស្ងប់ស្ងាត់​ខ្លាំង។ លោក​ថា ផលិតផល​ក្នុងស្រុក របស់​ជនជាតិ​ដើម​ភាគតិច ដូចជា ដំឡូង ស្វាយចន្ទី​និង​ដំណាំ​ផ្សេងៗ​ទៀត កំពុង​ប្រឈម​គ្មាន​ទីផ្សារ​លក់​ចេញ និង​ចុះថោក​ខ្លាំង ប៉ះពាល់​សេដ្ឋកិច្ច​ពលរដ្ឋ៖ «ទី​១ ទំនិញ​ចុះថោក ទី​២ អីវ៉ាន់​អីហ្នឹង​ឡើងថ្លៃ ដូច​សាំង​កាន់តែ​ឡើងថ្លៃ​ទៅៗ ម៉ាស៊ូត​កាន់តែ​ឡើងថ្លៃ​។ ទំនិញ​យើង​លក់ដូរ ក្នុងស្រុក​ /​ ភូមិ កាន់តែ​ចុះថោកៗ»។

ចំណែក ពលរដ្ឋ​រស់នៅ​កៀក​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​តាកែវ​ឯណោះ​វិញ កំពុង​ព្រួយបារម្ភ ពី​សុខទុក្ខ​កូនចៅ ដែល​កំពុង​ធ្វើការ តាម​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ​។ អ្នកភូមិ​ខ្លះ ចង់ឱ្យ​កូនចៅ ធ្វើដំណើរ​មក​ស្រុកកំណើត ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ១៩ ព្រោះ​រស់នៅ​ស្រែចម្ការ​អាច​មាន​លទ្ធភាព រក​ត្រី​សាច់ ក្តាម​ខ្យង​តាម​ស្រែ​ចិញ្ចឹមជីវិត​បាន។

ពលរដ្ឋ​រស់នៅ​ជិត​ព្រំដែន ក្នុងស្រុក​កោះ​អណ្តែត លោកស្រី ចិន ថុល បារម្ភ​ពី​សុខទុក្ខ​កូនៗ របស់​លោក​ស្រី ២​នាក់ កំពុង​ធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​រដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​ក្រុង​ភ្នំពេញ ហើយ​ពួកគេ​កំពុង​សម្ងំ​ក្នុងផ្ទះ​។ លោកស្រី​ថា យុវជន​រស់នៅ​ជនបទ​ពេញកម្លាំង​ភាគច្រើន​តែង​នាំគ្នា ធ្វើការ​នៅ​ស្រុក​ឆ្ងាយៗ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ហើយ​មក​ទល់​ពេល​នេះ កម្រ​ឃើញ​ពួកគេ​មក​លេង​ស្រុក​កំណើត​ណាស់៖ «តាំងពី​ផ្ទុះ​កូវីដ​មក មិន​ដែល​ឃើញ​មក​ផង គេ​បិទ​ជិត​ឈឹង​ផ្លូវ។ អ្នកស្រែ​ទៅ​រក​អី តែ​ខ្វះខាត ចេះ​តែ​ដើរ​រក​ក្តាម​ខ្យង»។

ស្រដៀង​គ្នា​នេះ​ដែរ យុវជន​រស់​នៅ​ស្រុក​អង្គរបុរី ខេត្តតាកែវ កញ្ញា ហៀន សុខលី សង្កេត​ឃើញ​ថា ពលរដ្ឋ​ភាគច្រើន​រស់នៅ​ស្រុក​នេះ កំពុង​មមាញ​ញឹក​ធ្វើ​កសិកម្ម​ឱ្យ​ទាន់​រដូវភ្លៀង។ ប៉ុន្តែ​ពួកគេ​នៅតែ​ភ័យខ្លាច​ឆ្លង​ជំងឺ​កូវីដ១៩ និង​អនុវត្ត​តាម​គោលការណ៍​ណែនាំ របស់​ក្រសួង​សុខាភិបាល​ជានិច្ច​។ ចំណែក​ឯ ច្រករបៀង​ព្រំដែន​នៅ​តំបន់​នោះ កម្រ​ឃើញ​ពលរដ្ឋ​វៀតណាម និង​ពលរដ្ឋ​ខ្មែរ ធ្វើ​ដំណើរ​ចេញចូល​ណាស់៖ «ដើររក​អី​តាម​ស្រែ ដើរ​រក​កណ្តុរ​ដើម្បី​យក​ទៅ​លក់ គាត់​រក​កណ្តុរ រក​ត្រី​លក់ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គាត់ រក​លៀស​ទៀត​។ តាំង​ពី​ខែ ២ ខែ ៣ និង​ខែ ៤ ដូច​អត់​ដែល​ឃើញ​វៀតណាម​ចេញ​ចូល​ទេ»។

រីឯ​ពលរដ្ឋ​រស់​នៅ​តំបន់​ព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺ​លោក សន មាង បារម្ភ​ថា លោក​ពិបាក​រក​កម្លាំង​កម្មករ ដើម្បី​ប្រមូល​ផល​ម្រេច​នៅ​ឆ្នាំនេះ ព្រោះ​កម្មករ​ភាគច្រើន​មក​ពី​ខេត្ត​ឆ្ងាយៗ​។ លោក​សង្កេត​ឃើញ​ថា ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ១៩ អ្នក​ភូមិ​ត្អូញត្អែរ​ថា ប៉ូលិស​ចរាចរ​ផាកពិន័យ​តាម​ដងផ្លូវ​ញឹកញាប់ នៅ​គ្រា​ដែល​ពួកគេ​កំពុង​មាន​ជីវភាព​ខ្វះខាត​ខ្លាំង៖ «ដាំ​ដំណាំ​ម្រេច​ត្រូវ​ការ​កម្លាំង​ពលកម្ម ដល់​ខែ​ប្រមូល​ផល វា​ខ្វះ​កម្លាំង​ពលកម្ម​។ និយាយ​ទៅ​ជំងឺ​កូវីដ​១៩ ខ្លាច​ប៉ូលិស ជាង​ខ្លាច​ជំងឺ​ហ្នឹង​ទៀត ដោយសារ​ជីវភាព​ពលរដ្ឋ​ខ្វះខាត ត្រូវ​ការ​ក្រពះ​ជាង​ខ្លាច​ជំងឺ​ហ្នឹង​ហ្មង»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អភិបាលខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ ប៉ុន្តែ​ជំនួយការ​របស់​លោក បាន​លើក​ទូរស័ព្ទ​ជំនួស​លោក​ហើយ​សន្យា​ថា នឹង​ឆ្លើយ​សំណួរ​អាស៊ីសេរី​នៅ​ថ្ងៃ​បន្ទាប់ ព្រោះ​អភិបាល​ខេត្ត​កំពុង​ជាប់​រវល់​ប្រជុំ។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ថ្លែង​តាម​ហ្វេសប៊ុក (Facebook) ថ្មីៗ​នេះ ដោយ​រិះគន់​វិធានការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ដែល​ដាក់​ចេញ​ដោយ​របប​លោក ហ៊ុន សែន​។ លោក​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ណាត់​គ្នា​ចេញ​ប្រកប​មុខរបរ​រកស៊ី​ឡើង​វិញ ព្រោះ​ប្រសិនបើ​ពលរដ្ឋ​នាំគ្នា​អនុវត្ត​បម្រាម​បិទ​ខ្ទប់​តទៅ​ទៀត នឹង​ប្រឈម​ការ​ស្លាប់ ដោយសារ​គ្មាន​អាហារ​បរិភោគ។ លោក​ក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាច​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​ដើម្បី​អាច​បង្ក​បង្កើនផល និង​អាច​រក​ម្ហូបអាហារ​ដើម្បី​ចិញ្ចឹមជីវិត​បាន ជា​ជាង​ស្លាប់​ដោយ​អត់បាយ​នៅ​ភ្នំពេញ។

អ្នកភូមិ​បន្ថែម​ថា ក្នុង​ពេល​ជំងឺ​កូវីដ១៩ រីក​រាលដាល​ខ្លាំង​ចូល​សហគមន៍ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ទំនិញ​ស្ទើរ​គ្រប់​ប្រភេទ ហក់​ឡើងថ្លៃ​ខ្ពស់​រួមមាន សាំង ប្រេងម៉ាស៊ូត និង គ្រឿង​ឧបភោគ បរិភោគ​ជាដើម​។ ប៉ុន្តែ​កសិផល ដែល​អ្នកភូមិ​ដាំ​ដុះ​បាន​ដូចជា ដំឡូង ផ្លែស្វាយ និង​គ្រាប់​ចន្ទី​ជាដើម បែរជា​ចុះ​ថោក​ខ្លាំង​ទៅវិញ​។ ពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន អំពាវនាវ​ឱ្យ​អាជ្ញាធរ​អន្តរាគមន៍ ដោះស្រាយ​បញ្ហា​នេះ ដើម្បី​សម្រាល​ការ​លំបាក​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។