កាស៊ីណូ​លោក លី យ៉ុងផាត់ រង​ការ​ចោទប្រកាន់​ថា បង្ខាំង​មនុស្ស​ឱ្យ​ធ្វើ​ការ​ឆបោក​តាម​អនឡាញ

ដោយ ហ៊ុំ ចំរើន
2024.10.02
កាស៊ីណូ​លោក លី យ៉ុងផាត់ រង​ការ​ចោទប្រកាន់​ថា បង្ខាំង​មនុស្ស​ឱ្យ​ធ្វើ​ការ​ឆបោក​តាម​អនឡាញ សមាជិកព្រឺទ្ធសភា​គណបក្សប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ (ឆ្វេង) និង​ម្ចាស់​ក្រុមហ៊ុន សាង៉ាំ រីសត និង កាស៊ីណូ (Sangam Resort and Casino) លោក លឹម ហេង។
រូប៖ ហ្វេសប៊ុក​សមាគម​ឧកញ៉ាកម្ពុជា

អគារ​បនល្បែង​កាស៊ីណូ​របស់​អ្នក​ជំនួញ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ត្រកូល ហ៊ុន មាន​ងារ​ជា​ឧកញ៉ា​ពីរ​រូប​គឺ​លោក លី យ៉ុងផាត់ និង​លោក លឹម ហេង ស្ថិត​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​អូស្មាច់​ក្នុង​ខេត្ត​ឧត្តរមានជ័យ​រង​ការ​ចោទ​ប្រកាន់​ថា ជា​សំបុក​ក្រុម​ឧក្រិដ្ឋជន​ចិន​ចាប់​បង្ខាំង​ជនបរទេស​ជា​ច្រើន​នាក់ ដើម្បី​បង្ខំ​ឱ្យ​បម្រើ​ការងារ​ឆបោក​តាម​អនឡាញ (Online)។ ពលរដ្ឋ​ក្បែរ​តំបន់​នោះ​ឱ្យ​ដឹង​ថា ជា​រឿយៗ បុគ្គលិក ជនជាតិ​ចិន វៀតណាម និង​ថៃ តែងតែ​សម្រុក​ចេញ​មក​ខាង​ក្រៅ​ដើម្បី​សេរីភាព ប៉ុន្តែ​ត្រូវ​សន្តិសុខ​ថៅកែ​ចិន​ដេញ​ចាប់ និង​ធ្វើ​ទារុណកម្ម​ពួកគេ​ជា​បន្ត​បន្ទាប់។

តំបន់​អគារ​នៃ​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ចំនួន​ពីរ​គឺ​រមណីយដ្ឋាន​អូស្មាច់​រីសត និង​កាស៊ីណូ (O'smach resort & casino) របស់​លោក លី យ៉ុងផាត់ និង​ក្រុមហ៊ុន រ៉ូយ៉ាល់ ហៀលរីស៊ត និងកាស៊ីណូ (Royal Hill resort & Casino) របស់​អ្នកឧកញ៉ា លឹម ហេង នៅ​ទល់​មុខ​គ្នា​ដែល​ស្ថិត​ក្នុង​ឃុំ​អូរស្មាច់ ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ ត្រូវ​បាន​អ្នក​ស្រុក​ស្គាល់ និង​ហៅ​យ៉ាង​ទូលំទូលាយ​ថា ជា​តំបន់​អគារ «គុក​ចិន»។

អតីត​បុគ្គលិក និង​ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​នៃ​ក្រុមហ៊ុន​បនល្បែង​ទាំង​នេះ​អះអាង​ថា មូលហេតុ​តំបន់​សំណង់​អគារ​ពាណិជ្ជកម្ម និង​បនល្បែង​កាស៊ីណូ​ទាំង​នេះ ត្រូវ​បាន​គេ​ហៅ​ថា ជា​តំបន់​អគារ «គុក​ចិន» ព្រោះ​ថៅកែ​ជនជាតិ​ចិន​កំពុង​បង្ខាំង​ជនបរទេស​រាប់​រយ​នាក់​បង្ខំ​ឱ្យ​បម្រើ​ការងារ​ឆបោក​តាម​អនឡាញ។ ពួកគាត់​ឱ្យ​ដឹង​ថា ជនបរទេស​ដូចជា វៀតណាម ថៃ និង​ជនជាតិ​ចិន​ជាដើម នៅ​ពេល​ពួកគេ​ចង់​ចេញ​ពី​តំបន់​នៃ​អគារ ដែល​ពួកគេ​ធ្វើ​ការ​ត្រូវ​បាន​ក្រុម​សន្តិសុខ​ចាប់​បង្ខាំង​វាយ​ដំ​ធ្វើ​ទារុណកម្ម។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ឃុំ​អូរស្មាច់​ក្បែរ​តំបន់​បនល្បែង​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ ហៀល ប្រាប់​វិទ្យុអាស៊ីសេរី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ឱ្យ​ដឹង​ថា ជនបរទេស​ដែល​រត់​ចេញ​ពី​តំបន់​អគារ​ក្រុមហ៊ុន រ៉ូយ៉ាល់ ហៀល និង​អគារ​អូស្មាច់​រីសត អ្នក​ខ្លះ​ត្រូវ​ស្លាប់​នៅ​តាម​ដង​ផ្លូវ​ហើយ​សមត្ថកិច្ច​ពុំ​ដែល​ស្វែង​រក​មុខ​ជន​ដៃ​ដល់​ឃើញ​នោះ​ទេ។ ប្រភព​ដដែល​ឱ្យ​ដឹង​ថា កន្លង​មក​ជនជាតិ​ថៃ​មួយ​ចំនួន​ដែល​បាន​រួច​ខ្លួន​ពី​តំបន់​បនល្បែង​ពួកគេ​បាន​រៀបរាប់​អំពី​ស្ថានភាព​ក្នុង​កាស៊ីណូ​ប្រាប់​ពលរដ្ឋ​ខ្មែរ​ថា ក្នុង​តំបន់​អគារ​កាស៊ីណូ​មាន​លក្ខណៈ​បង្ខាំង ប្រើ​អំពើ​ហិង្សា​លើ​បុគ្គលិក និង​បំបិទ​សិទ្ធិ​សេរីភាព​មិន​ពួកគេ​មាន​អាច​ចេញ​ក្រៅ​បាន​នោះ​ទេ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖«ពួក​ចិន​វា​ច្រើន​តែ​ធ្វើ​បាន​ជនជាតិ​វៀតណាម។ ភាគច្រើន​គេ​លួង​មក​ឆបោក​ចូល​ទៅ​ក្នុង​ហ្នឹង​ទៅ គឺ​អត់​ឱ្យ​ចេញ គេ​បង្ខាំង​ធ្វើ​បាប​គាត់។ និយាយ​ទៅ​កន្លែង​ហ្នឹង​ដូច​គុក​អ៊ីចឹង​របង​គេ​ដូច​គុកៗ​ម៉េច​គឺ​អ៊ីចឹង ដូច​គ្នា។ គេ​ធ្វើ​របង​រាំង​មិន​អាច​ឱ្យ​ឆ្លង​កាត់​បាន​ទេ»

អគារ​នៃ​រមណីយដ្ឋាន​អូរស្មាច់​រីសត និង​កាស៊ីណូ (O'smach resort & casino) របស់​លោក លី យ៉ុងផាត់ មាន​ចំនួន ៣អគារ​ធំៗ ដែល​អគារ​នីមួយៗ​មាន​កម្ពស់​ជាង ១០ជាន់។ ក្រុមហ៊ុន​មួយ​នេះ ក៏​កំពុង​ចាប់ផ្ដើម​ពង្រីក​អគារ​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ផង​ដែរ។ ដោយ​ឡែក ក្រុមហ៊ុន រ៉ូយ៉ាល់ ហៀល នៅ​ទល់​មុខ​គ្នា​នោះ​ភាគច្រើន​អ្នក​ដែល​អាច​ចេញ​ចូល​បាន​មាន​តែ​ថៅកែ​ចិន​ជិះ​ឡាន​ទំនើបៗ។

ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​នៃ​បនល្បែង​ទាំង​ពីរ​នេះ​តែងតែ​ពង្រាយ​កង​សន្តិសុខ​រាប់​រយ​នាក់​យាម​កាម​យ៉ាង​តឹងរ៉ឹង ហើយ​អ្នក​ខ្លះ​មាន​ក្របខ័ណ្ឌ​ការងារ​ជា​កងរាជអាវុធហត្ថ ប៉ុន្តែ​បែរ​ពួកគេ​ពាក់​អាវ​កង​សន្តិសុខ ដើម្បី​ការពារ​ឱ្យ​ក្រុមហ៊ុន​ទាំង​នោះ។ លើស​ពី​នេះ នៅ​តាម​របង​នៃ​ក្រុមហ៊ុន​ត្រូវ​បាន​គេ​សាងសង់​ខ្ពស់ៗ​អម​ដោយ​បន្លា​លួស​ព័ទ្ធ​ជុំវិញ ខណៈ​នៅ​តាម​របង​ខ្លះ​ថែម​ទាំង​មាន​ឧបករណ៍​សម្រាប់​ឆក់​ថែម​ទៀត​ផង។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «ជនជាតិ​វៀតណាម​ស្លាប់​ច្រើន​នៅ​សង្កាត់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ​គឺ​ស្លាប់​ច្រើន​ជនជាតិ​វៀតណាម។ ជួនកាល​គេ​យក​ទៅ​កប់​ចោល និយាយ​ទៅ​ឃាតកម្ម​ច្រើន​នៅ​អូស្មាច់។ បញ្ហា​នេះ និយាយ​ទៅ​គេ​ធ្វើ​ទារុណកម្ម គាត់​ដូច​ចាញ់​បោក​គេ​ដូច​គេ​យក​មក​លក់ ហើយ​គាត់​ចង់​រត់​ជួនកាល​ឆក់។ បើ​លោត​ពី​លើ​អគារ​ច្រើន​គ្នា។ បើ​អ្នក​ស្រុក​នេះ​គេ​ហៅ​ថា គុក​ចិន ព្រោះ​អី​វា​ធ្វើ​ដូច​គុក​អ៊ីចឹង វា​មាន​ខ្សែ​លួស​បាំង​ជិត​អត់​ឱ្យ​ចេញ​ទេ អគារ​ហ្នឹង​គេ​បិទ​ឈឹង​តែ​ម្ដង»

អតីត​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន រ៉ូយ៉ាល់ ហៀលរីសត និង​កាស៊ីណូ​គឺ​លោកស្រី សៃ សុភួន ឱ្យ​ដឹង​ថា ក្នុង​គ្រា​ដែល​បម្រើ​ការងារ​ផ្នែក​អនាម័យ​ថៅកែ និង​កង​សន្តិសុខ បាន​កំណត់​កន្លែង​ឱ្យ​ជូត​សម្អាត​អគារ ហើយ​តំបន់​អគារ​ដែល​មាន​បុគ្គលិក​បរទេស​បម្រើ​ការងារ​ត្រូវ​បាន​រឹតត្បិត​មិន​អនុញ្ញាត​ឱ្យ​ចេញ​ចូល​ដោយ​សេរី​នោះ​ទេ។

លោកស្រី សៃ សុភួន៖ «គេ​ណែនាំ​ឱ្យ​យើង​ទៅ​បោស​តែ​ជូត​ទៅ បើ​គេ​ហៅ​យើង​ចូល​ទៅ​ក្នុង​បន្ទប់ យើង​កុំ​ចូល។ បើ​យើង​ចូល​ត្រូវ​មាន​គ្នា​ពីរ​នាក់ ឬ​មួយ​សន្តិសុខ​យាម​តាម​បន្ទប់ ដូច​ថា យើង​ចូល​បន្ទប់​ណា​យើង​ហៅ​សន្តិសុខ​ទៅ​បាន​ជា​គ្នា។ និយាយ​ទៅ​រឿង​បន្ទប់​កម្រ​ចូល​ណាស់ ខ្ញុំ​បោស​សម្អាត​តែ​ខាង​ក្រៅ​ទេ»

កាល​ពី​ថ្ងៃ​ទី១២ ខែកញ្ញា ក្រសួង​រតនាគារ​ជាតិ​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក​ចំនួន៥ រួម​មាន​ក្រុមហ៊ុន L.Y.P Group, រមណីយដ្ឋាន អូរស្មាច់ (O-Smach Resort) សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel), រមណីយដ្ឋាន កោះកុង (Koh Kong Resort), និង​សណ្ឋាគារ ភ្នំពេញ។ អាមេរិក​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ ដោយសារ​តែ​លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ ឆបោក​តាម​អនឡាញ (Online) និង​រូបិយប័ណ្ណ​គ្រីបតូ (Cryptocurrency)។ អាមេរិក​រក​ឃើញ​ថា មនុស្ស​ដែល​ស្នើ​ឱ្យ​ជួយ​សង្គ្រោះ​ចេញ​ពី​រមណីយដ្ឋាន​អូរស្មាច់​របស់​លោក លី យ៉ុងផាត់ បាន​ទទួល​រង​នូវ​ការ​វាយ​ដំ​ច្រំ​ធាក់ ប្រើ​ដំបង​ឆក់ ជំរិត​ទារ​ប្រាក់ និង​គំរាម​លក់​បន្ត​ទៅ​ឱ្យ​ក្រុម​ជើង​កាង​នៃ​ក្រុម​ឆបោក​អនឡាញ​ដទៃ​ទៀត។

ចំណែក លោក លឹម ហេង មាន​ងារ​អ្នកឧកញ៉ា​ហើយ​ជា​អ្នក​ជំនួញ​លើ​វិស័យ​អចលនទ្រព្យ និង​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយ​ក្រុម​គ្រួសារ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ប៉ុន្តែ​លោក​មិន​ទាន់​មាន​វាសនា​រង​ទណ្ឌកម្ម​ណា​មួយ​ដូច​លោក លី យ៉ុងផាត់ នៅ​ឡើយ។ កន្លង​មក ក្នុង​គ្រា​ដែល​រដ្ឋាភិបាល​ប្រកាស​រៃអង្គាស​ប្រាក់​មូលនិធិ និង​សប្បុរសធម៌​នានា​ពី​ក្រុម​ឧកញ៉ា​ឈ្មួញ​គ្រាក់ៗ​លោក លឹម ហេង ក៏​ឈាន​មុខ​គេ​ក្នុង​ការ​ផ្ដល់​ប្រាក់​ទៅ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​កាកបាទ​ក្របាទ​ក្រហម​កម្ពុជា​ក្នុង​ទំហំ​ទឹក​ប្រាក់​ម្ដងៗ​រាប់​ម៉ឺន​ដុល្លារ។

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​តំណាង​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ និង​លោក លឹម ហេង ជា​ច្រើន​ដង​ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល។ វិទ្យុអាស៊ីសេរី​ក៏​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ លោក ខូវ លី ដើម្បី​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ដែរ​នៅ​ថ្ងៃ​ទី០១ ខែ​តុលា។

អ្នក​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (LICAHDO) ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត អះអាង​ថា ជនបរទេស​ជាច្រើន​ដែល​ត្រូវ​ល្បួង​ឱ្យ​មក​ធ្វើ​ការ​ក្នុង​កាស៊ីណូ​ទាំង​ពីរ​នោះ​តាម​ច្រក​ព្រំ​ដែន​អន្តរជាតិ អូរស្មាច់​មិន​មាន​លិខិត​ឆ្លងដែន​ទេ។ ដូច្នេះ ពួកគាត់​ងាយ​ស្រួល​ត្រូវ​បាន​ក្រុម​ជនល្មើស​ចាប់​បង្ខាំង​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ខុស​ច្បាប់​លើ​ទឹក​ដី​ខ្មែរ។ លោក​ចង់​ឃើញ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ថ្នាក់​ជាតិ​បើក​ការ​ស៊ើបអង្កេត និង​ចាត់​វិធានការ​លើ​រឿង​នេះ ដោយ​ឯករាជ្យ និង​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​អ្នក​មាន​អំណាច​ណា​មួយ។

លោក អ៊ិន គង់ជិត៖ «សមត្ថកិច្ច​នៅ​ពេល​គាត់​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ គាត់​ត្រូវ​សុំ​យោបល់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ឬ​សុំ​ខាង​អគ្គស្នងការ​នគរបាល​ជាតិ​បើក​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ស៊ីជម្រៅ ក្នុង​ករណី​ដែល​មាន​ភាព​ស្មុគស្មាញ​ធ្ងន់ធ្ងរ ឯកឧត្ដម​ព្រះរាជអាជ្ញា​គួរ​សុំ​យោបល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដើម្បី​ឱ្យ​មាន​ការ​គិតគូរ​យក​ចិត្ត​ទុក​ដាក់ បើក​ការ​ស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ ដោយ​មិន​គិត​ខ្វល់​ពី​រឿង​ម្ចាស់​ទី​កន្លែង​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​ណា​មួយ​សោះ​ឡើយ។ ពីព្រោះ​ប្រសិន​បើ​មិន​បាន​បង្ក្រាប​ឱ្យ​បាន​ទាន់​ពេល អំពើ​ល្មើស​នៅ​តែ​បង្កើត​មាន​ដដែលៗ។ ថ្នាក់​ដឹកនាំ​ខេត្ត​សមត្ថកិច្ច នគរបាល​អាជ្ញាធរ​ដែនដី​អត់​ត្រូវ​គិត​ភ័យ​ខ្លាច​អំណាច​នៃ​ឧកញ៉ា​ទេ»

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​ឪពុក​របស់​លោក បរាជ័យ ក្នុង​ការ​លុប​បំបាត់​អំពើ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ដោយ​រង​ការ​ចោទ​ថា ភាគ​ច្រើន​ក្ដោបក្ដាប់​ដោយ​ក្រុម​ឧកញ៉ា និង​ឈ្មួញ​គ្រាក់ៗ​ស្និទ្ធ​នឹង​គ្រួសារ​ត្រកូល​ហ៊ុន។ សហរដ្ឋ​អាមេរិក​បាន​វាយ​តម្លៃ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​ស្ថានភាព​នៃ​អំពើ​ជួញដូរ​មនុស្ស​ថា រយៈពេល ៣ឆ្នាំ​កន្លង​មក​នេះ ការ​ប្រព្រឹត្ត​អំពើ​រលួយ និង​ការ​ឃុបឃិត​រវាង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន​ជាមួយ​ក្រុម​ជនល្មើស​នៅ​តែ​បន្ត​កើត​មាន​ដែល​បាន​ធ្វើ​ឱ្យ​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​កាន់​តែ​កើន​ឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។