អ្នកវិភាគ​ថា លោក សម រង្ស៊ី ជាន់​ទឹក​ដី​ម៉ាឡេស៊ី ប្រៀប​ដូច​ជា​ការ​ទះ​កំផ្លៀង​លោក ហ៊ុន សែន

ដោយ ទីន ហ្សាការីយ៉ា
2023.05.31
អ្នកវិភាគ​ថា លោក សម រង្ស៊ី ជាន់​ទឹក​ដី​ម៉ាឡេស៊ី ប្រៀប​ដូច​ជា​ការ​ទះ​កំផ្លៀង​លោក ហ៊ុន សែន លោក សម រង្ស៊ី និងមាជិកសភាម៉ាឡេស៊ី ក្នុង​ជំនួប​ពេលលោក​ធ្វើ​ទស្សនកិច្ចនៅរដ្ឋសភាម៉ាឡេស៊ី នៅព្រឹកថ្ងៃពី៣០ ខែឧសភា ឆ្នាំ២០២៣។
រូបពីពលរដ្ឋ

ក្រុម​អ្នកវិភាគ​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ម៉ាឡេស៊ី នៅ​ពេល​នេះ គឺ​បង្ហាញ​កាន់តែ​ច្បាស់​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី មិន​ចាប់​យក​មេ​ដឹកនាំ​ផ្ដាច់ការ​ជា​មិត្ត​នោះ​ទេ។ ពួក​គេ​លើក​ឡើង​ថា ទំនាក់ទំនង​រវាង លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយក​រដ្ឋមន្ត្រី ម៉ាឡេស៊ី (Malaysia) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់តែ​ជា​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស និង​ប្រទេស។ ប៉ុន្តែ​ពុំ​មាន​ន័យ​ថា មេ​ដឹកនាំ​ម៉ាឡេស៊ី​ចាប់​ដៃ​លោក ហ៊ុន សែន ហើយ​បោះបង់​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នោះ​ឡើយ។

ក្រុម​អ្នក​តាមដាន​កិច្ចការ​អន្តរជាតិ​លើក​ឡើង​ថា លោក សម រង្ស៊ី បាន​ទៅ​ជាន់​ទឹកដី​ម៉ាឡេស៊ី​ជា​ថ្មី​ទៀត ក្រោយ​ពី​របប​លោក ហ៊ុន សែន រារាំង​មិន​ឲ្យ​លោក​វិល​ទៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នោះ ប្រៀប​ដូច​ជា ការ​ទះ​កំផ្លៀង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច្នោះ​ដែរ។

អ្នក​វិភាគ​នយោបាយ លោក បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ថ្មី​ម៉ាឡេស៊ី ដែល​កើត​ចេញ​ពី​គណបក្ស​ប្រឆាំង ឈ្នះ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ២០២២ នោះ ហើយ​ទទួល​ស្វាគមន៍​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ បង្ហាញ​ថា រដ្ឋបាល​របស់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មិន​បោះបង់​មេដឹកនាំ​គណបក្ស​ប្រឆាំង​កម្ពុជា លោក សម រង្ស៊ី ដែល​បាន​តស៊ូ ដើម្បី​ប្រជាធិបតេយ្យ​ដូច​គ្នា​នោះ​ឡើយ។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នេះ នៅ​ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អួតអាង ក្រោយ​ពី​លោក​បាន​ជួប​លោក អាន់វ៉ា អ៊ីប្រាហ៊ីម កាល​ពី​ខែមីនា ឆ្នាំ២០២៣ ថា នាយក​រដ្ឋមន្ត្រី ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) មិន​ឲ្យ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ជាន់​ទឹកដី ឬ​ប្រើប្រាស់​ទឹកដី​ម៉ាឡេស៊ី ដើម្បី​ធ្វើ​នយោបាយ​ប្រឆាំង​នឹង​រួប​លោក​ឡើយ។ លោក ហ៊ុន សែន អះអាងថា កាលពីមុន លោក អាន់វ៉ា ធ្លាប់​ធ្វើ​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង ហើយ​អាច​មាន​ទំនាក់ទំនង​ជាមួយ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា តែ​ឥឡូវ​នេះ​ខុស​ពី​មុន។

លោក ហ៊ុន សែន អះអាង​បែប​នេះ ទំនង​ជា​លោក​ភ្លេច​គិត​ថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ម៉ាឡេស៊ី ដែល​តស៊ូ​នយោបាយ​យ៉ាង​ស្វិតស្វាញ​ជាង ៣ទសវត្ស​មក​ហើយ ទម្រាំ​លោក ទទួល​បាន​ជោគជ័យ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​នោះ។ លោក អាន់វ៉ា ក៏​ជា​មេដឹកនាំ​នយោបាយ​ប្រឆាំង ធ្លាប់​រងគ្រោះ​នយោបាយ ជាប់​ពន្ធនាគារ​ម្ដង​ជា​ពីរ​ដង ក៏​ប៉ុន្តែ លោក​ក៏​មិន​ចុះ​ញ៉ម​នឹង​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែល​ធ្វើ​ទុក្ខ​បុក​ម្នេញ​លោក​ដែរ។ លោក​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​នយោបាយ​រងគ្រោះ​ដោយសារ​តែ​រឿង​នយោបាយ មិន​ខុស​ពី​អ្វី​ដែល​លោក ហ៊ុន សែន កំពុងតែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លោក សម រង្ស៊ី នា​ពេល​នេះ​ឡើយ។ លោក អាន់វ៉ា ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​កិច្ចការ​នយោបាយ​អន្តរជាតិ​មើល​ឃើញ​ថា ជា​មេ​ដឹកនាំ​ចលនា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​ម៉ាឡេស៊ី ដូច​ដែល​លោក សម រង្ស៊ី កំពុង​តែ​ដឹកនាំ​ចលនា​ប្រឆាំង នឹង​របប​ជិះជាន់ គាបសង្កត់​របស់​លោក ហ៊ុន សែន នា​ពេល​នេះ​ដូច្នោះ​ដែរ។

លោក សម រង្ស៊ី និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ រួម​ទាំង​ភរិយា​លោក​ផង បាន​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី៣០ ឧសភា។ នៅ​ក្នុង​វីឌីអូ​ឃ្លីប ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក មាន​មន្រ្តី​រដ្ឋាភិបាល​ម៉ាឡេស៊ី និង​គណៈប្រតិភូ​ជនជាតិ​ចាម​នៅ​ប្រទេស​ម៉ាឡេស៊ី​ទៅ​ទទួល​ស្វាគមន៍​លោក​នៅ​ព្រះលាន​យន្តហោះ នៅ​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) ថែម​ទៀត​ផង។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​លោក សម រង្ស៊ី ក្រោយ​ពី​លោក​បាន​ព្យាយាម​វិល​ទៅ​កម្ពុជា​វិញ មិន​បាន​សម្រេច កាល​ពី​ថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារ​តែ​របប​លោក ហ៊ុន សែន បាន​រារាំង។ ការ​វិល​ទៅ​ជាន់​ទឹកដី​ម៉ាឡេស៊ី​ជា​ថ្មី​ទៀត​នេះ ក៏​មាន​មន្ត្រី​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី ទៅ​រារាំង និង​សុំ​ឲ្យ​មន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី មិន លោក សម រង្ស៊ី នៅ​ម៉ាឡេស៊ី​ទៀត​ផង។ ក៏​ប៉ុន្តែ ការ​រារាំង​របស់​មន្ត្រី​ទូត​ខ្មែរ​នេះ មិន​ជោគជ័យ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី បាន​ជួប​មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី​មួយ​ចំនួន ដើម្បី​ជជែក​អំពី​បញ្ហា​លំហ​សេរីភាព និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​របប​លោក ហ៊ុន សែន កំពុងតែ​បំផ្លាញ​ចោល។ នេះ បើ​យោង​តាម​ការ​អះអាង​របស់​មន្ត្រី ស្និទ្ធ​នឹង​លោក សម រង្ស៊ី ដែល​បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង កាល​ពី​យប់​ថ្ងៃ​ទី៣០ ខែឧសភា​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើក​ឡើង​ថា លោក ហ៊ុន សែន មិន​យល់ កំពុងតែ​យល់​ច្រឡំ​ខ្លួន​ឯង​ថា ខ្លាំង ហើយ​អាច​គាបសង្កត់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ឲ្យ​ធ្វើ​តាម​លោក។ តែ​ការ​ស្រមើស្រមៃ​របស់​លោក ហ៊ុន សែន ខុស​ពី​ការ​ពិត​ហើយ។ លោក គឹម សុខ បញ្ជាក់​ថា ម៉ាឡេស៊ី​ជា​រដ្ឋ​ឯករាជ្យ​មិនមែន​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន។

លោក ហ៊ុន សែន ធ្លាប់​ទទួល​បាន​ជោគជ័យ​កាល​ពី​ឆ្នាំ២០១៩ ដោយ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​យោធា​ថៃ គឺ​លោក ប្រាយុទ្ធ ចាន់អូចា មិន​ឲ្យ​លោក សម រង្ស៊ី ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​ដឹកនាំ​អ្នក​គាំទ្រ​លោក​វិល​ទៅ​កម្ពុជា​វិញ កាលពីឆ្នាំ២០១៩។ ក៏ប៉ុន្តែ​សម្រាប់​បរិបទ​នយោបាយ​នៅ​ថៃ​នា​ពេល​នេះ​វិញ ខុស​ពី​មុន ពោល​គឺ រដ្ឋាភិបាល​របស់​លោក ប្រាយុទ្ធ បាន​ចាញ់​ការ​បោះ​ឆ្នោត កាល​ពី​ពេល​ថ្មីៗ នេះ។ ក្រុម​អ្នកវិភាគ​មើល​ឃើញ​ថា គណបក្ស​ប្រឆាំង​នៅ​ថៃ​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ ក៏​ជា​របត់​មួយ​ថ្មី​ទៀត សម្រាប់​លោក សម រង្ស៊ី ក្នុង​ការ​វិល​ទៅ​កម្ពុជា​វិញ។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​កាល​ពី​ពេល​ថ្មីៗ នេះ​ថា លោក នឹង​វិល​ទៅ​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ នេះ។ លោក​អះអាង​ថា លោក​អាច​វិល​ទៅ​កម្ពុជា​វិញ​បាន​ឆាប់ ឬ​យ៉ាង​ណា​នោះ ក៏​អាស្រ័យ​លើ​រដ្ឋាភិបាល​ថ្មី​របស់​ថៃ ដែល​នឹង​បង្កើត​ឡើង នៅ​ពេល​ខាង​មុខ​នេះ​ដែរ។

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នក​តាមដាន​ស្ថានការណ៍​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មានប្រសាសន៍ថា លោក សម រង្ស៊ី មិន​ទាន់​ប្រាកដ​ថា អាច​ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​ប្រមូលផ្ដុំ​អ្នក​គាំទ្រ វិល​ចូល​ស្រុក​វិញ​បាន ១០០% នោះ​ឡើយ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ថៃ​ថ្មី ដែល​នឹង​បង្កើត​ឡើង​នៅ​ពេល​ខាង​មុខ​នេះ ជា​រដ្ឋាភិបាល​កើត​ចេញ​ពី​គណបក្ស​ឆ្ពោះ​ទៅ​មុខ ដែល​នឹង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ភឿថៃ របស់​កូនស្រី​លោក តាក់ស៊ីន ស៊ីណាវ៉ា់ត់ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​កំពុង​និរទេស​ខ្លួន និង​គណបក្ស​នយោបាយ​ថៃ​តូចៗ មួយ​ចំនួន​ទៀត។

ដោយឡែក បណ្ឌិត សេង សារី វិញ មើល​ឃើញ​ថា ប្រសិន​រដ្ឋាភិបាល​ថ្មី​របស់​ថៃ បើក​ច្រក​ឲ្យ​លោក សម រង្ស៊ី ជាន់​ទឹកដី​ថៃ​បាន​នោះ អំណាច​របស់​លោក ហ៊ុន សែន អាច​នឹង​រង្គោះរង្គើ។

លោក សម រង្ស៊ី និង​គណៈប្រតិភូ បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ឥណ្ឌូនេស៊ី កាល​ពី​ដើម​ខែឧសភា។ លោក​បាន​ជួប​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង និង​សមាជិកសភា​មួយ​ចំនួន។ បន្ទាប់​មក​លោក​បន្ត​ដំណើរ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី បាន​ជួប​អ្នក​គាំទ្រ តំណាងរាស្ត្រ មន្ត្រី​រដ្ឋាភិបាល​អូស្ត្រាលី​មួយ​ចំនួន ហើយ​កាល​ពី​ថ្ងៃ​ទី២៩ ឧសភា លោក​បាន​បន្ត​ដំណើរ​ទៅ​តំបន់​អាស៊ាន​ជា​ថ្មី​ម្ដង​ទៀត គឺ​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ដំណើរ​ទស្សនកិច្ច​ចុង​ក្រោយ។ តាម​គម្រោង​លោក សម រង្ស៊ី នឹង​វិល​ទៅ​ប្រទេស​បារាំង​វិញ នៅ​ថ្ងៃ​ទី១ ខែមិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។