អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​​ជិត​៥០​​​នាក់​ត្រឡប់​ទៅ​កម្ពុជា​វិញ

0:00 / 0:00

អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ជិត ​៥០​នាក់ ​ត្រឡប់​ទៅ​កម្ពុជា​តាម​ច្រក​របៀង​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​តុលា​។ ​​ទន្ទឹម​គ្នា​នេះ​មាន​ពលករ​ខ្មែរ​​ជា​ច្រើន​នាក់​នៅតែ​បន្ត​​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​ដដែល​។ មន្ត្រី​សង្គម​ស៊ីវិល ​មើលឃើញ​ថា ការ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​អំឡុង​ពេល​នេះ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ច្រើន​ជាង​ពេល​មុន​ៗ​។

អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ចំនួន ​៤៨​នាក់ ​​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​តាម​ច្រក​របៀង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​តុលា​។ ពលករ​ទាំង​​នោះ​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡឺស័ក​ស្រុក​អូរជ្រៅ​និង​ទីរួម​ខេត្ត​អស់​ហើយ​ ក្រោយ​ពេល​អាជ្ញាធរ​ធ្វើ​តេស្ដ​រក​មេរោគ​ជំងឺ​កូវីដ-​១៩​។

ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ទទួល​បន្ទុក​ការពារ​ព្រំដែន លោក អ៊ុំ សុផល ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មក​កម្ពុជា​ទាំង​នោះ គឺ​ពួកគេ​​ឆ្លង​ដែន​​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់។ ក្រៅ​អំពី​ពលករ​ទាំង​នេះ​ ​នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត បន្ត​​លួច​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ជា​រៀង​រាល់​ថ្ងៃ​ដដែល​។ លោក អ៊ុំ សុផល​ បន្ត​ថា ​ពលរដ្ឋ​ទាំង​នោះ​ចាញ់​បោក​មេ​ខ្យល់​នាំ​ឆ្លង​ដែន​​ទៅ​ប្រទេស​ថៃ​ទាំង​ប្រថុយប្រថាន​​។ លោក​បញ្ជាក់​ថា មួយ​រយៈ​នេះ​​​យ៉ាង​ហោច​ណាស់​មាន​​ពលរដ្ឋ​ប្រមាណ​១០​នាក់​ក្នុង​មួយ​ថ្ងៃ​ ត្រូវ​បាន​អាជ្ញាធរ​​នៅ​តំបន់​ព្រំដែន​ខេត្ត​បន្ទាយ​មានជ័យ​ចាប់​ខ្លួន​​​ក្នុង​ពេល​ពួកគេ​​​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ​​៖ «រាល់​ថ្ងៃ​ថៃ​ចាប់​បញ្ជូន​មក​​ប្រហែល​ប៉ុណ្ណឹង​ឯង មួយ​ថ្ងៃ​៥០​នាក់​៦០​នាក់​។ គាត់​លួច​ទៅ​ថៃ ហើយ​អាជ្ញាធរ​តាម​ចាប់​បាន​រហូត តែ​យើង​បញ្ជូន​ទៅ​ខេត្ត។​អំឡុង​ពេល​នេះ​ប្រឈម​ជំងឺ កូវីដ​ផង​ ហើយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ថៃ​តឹង​ដែរ​មិន​ឱ្យ​ចូល​​ទេ​​ »

មេ​ប៉ូលិស​ផ្កាយ​១​រូប​នេះ​​បន្ថែម​ទៀត​ថា ​អាជ្ញាធរ​ខ្មែរ​នៅ​តែ​បន្ត​ដាក់​ពង្រាយ​កង​កម្លាំង​ការពារ​តាម​ព្រំដែន​ទប់​ស្កាត់​ពលករ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ដដែល​។

Thai_arrested_Khmer_people_10_10_2021_by_Thai_News_01.jpg
សកម្មភាព​អាជ្ញាធរ​ថៃ​ចាប់​ពលករ​ខ្មែរ​ចំនួន​១៥​នាក់​នៅ​ស្រុក​តាបផាក់យ៉ា ខេត្ត​ស្រះកែវ កាល​ពី​ថ្ងៃ​ទី​១០​តុលា​ឆ្នាំ​២០២១។ (រូប៖ សារព័ត៌មានថៃ)

ជា​មួយ​គ្នា​នេះ ​នៅ​រសៀល​ថ្ងៃ​ទី​១០​តុលាការ​អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​ពលករ​​ខ្មែរ​ចំនួន​១៥​នាក់​​ ក្នុង​ពេល​ដែល​ពួកគេ​លួច​ឆ្លង​ដែន​នៅ​ស្រុក​តាបផាក់យ៉ា​(Taphaya)​ ខេត្ត​ស្រះកែវ (Srakao) ​ជាប់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ។ សារព័ត៌មាន​​របស់​ថៃ ចុះ​ផ្សាយ​នៅ​១០​តុលា​ឱ្យ​ដឹង​ថា ​ពលករ​ទាំង​នោះ​​មាន​ទីលំនៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ទាំង​អស់ ។​ពួកគេ​បាន​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​តាម​រយៈ​មេខ្យល់​ក្នុង​តម្លៃ​ពី​៥ពាន់​ទៅ​៦ពាន់​បាត ឬ​ប្រមាណ​១៩០​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ ដើម្បី​ជា​ថ្នូរ​នាំ​ទៅ​រក​ការងារ​ធ្វើ​ដោយ​ខុស​ច្បាប់​នៅ​ខេត្ត​ស្រះកែវ​។

​លោក អ៊ុំ សុផល ឱ្យ​ដឹង​ថា ពលករ​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​មក​ដល់​កម្ពុជា​វិញ​ហើយ​ នៅ​ថ្ងៃ​ទី​១១​តុលា។

ទោះ​ជា​យ៉ាង​ណា​ មន្ត្រី​អង្គការ​សង់​ត្រាល់ ទទួល​បន្ទុក​ផ្នែក​ពលករ​ លោក ឌី ថេហូយ៉ា យល់​​ថា ពលករ​ខ្មែរ​​មិន​គួរ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​អំឡុង​ពេល​នេះ​នោះ​ទេ ពី​ព្រោះ​ការ​ឆ្លង​ដែន​បែប​នេះ​​ប្រឈម​នឹង​​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​​ដាក់​ពន្ធនាគារ ឆ្លង​ជំងឺ​កូវីដ​១៩ ​​នឹង​ត្រូវ​ទាហាន​ថៃ​បាញ់​​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ជា​ដើម។ ​លោក​បន្ត​ថា មូលហេតុ​ដែល​ពលរដ្ឋ​ឆ្លង​ដែន​ទាំង​ប្រថុយប្រថាន​ទៅ​ប្រទេស​ថៃ​នេះ ដោយសារ​ពួកគេ​មាន​ជីវភាព​ក្រីក្រ ​ហើយ​​​ជំពាក់​បំណុល​ធនាគារ​ ​ស្រប​ពេល​ដែល​ពួកគេ​អត់​ការងារ​នៅ​ក្នុង​ស្រុក​៖ «ទី​១​គឺ​ថៃ​មិន​ទាន់​បើក​ច្រក​ឱ្យ​​ចេញ​ចូល​ផ្លូវ​ការ​បាន​ទេ វា​ជា​ការ​ល្មើស​នូវ​បម្រាម​​របស់​ថៃ ដែល​ប្រឈម​ផ្នែក​ផ្លូវ​ច្បាប់​។ ទី២​ពាក់​ព័ន្ធ​ឱកាស​​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ។​ទី​៣​ការ​ចាញ់​បោក​ ព្រោះ​ការ​​ទៅ​ធ្វើ​ការ​នៅ​ថៃ​នៅ​ពេល​នេះ គេ​មិន​មែន​ទៅ​ដល់​ឱ្យ​យើង​ធ្វើ​ភ្លាម​ទេ​ គេ​ឱ្យ​យើង​ទៅ​ធ្វើ​ចត្តាឡឺស័ក​១៤​ថ្ងៃ​​អី​ណា​ណី​អីចឹង​ទៀត​ ទម្រាំ​តែ​បាន​ការងារ​ធ្វើ​។​មែន​ៗ​ទៅ​គឺ​ប្រថុយ​ខុស​ពី​សព្វ​ដង​មាន​ន័យ​ថា ប្រថុយ​ខ្ពស់​ខ្លាំង​ជាង​មិន​ទាន់​មាន​កើត​ជំងឺ​កូវីដ​ »

របាយការណ៍​អង្គការ​សង់ត្រាល់ ឲ្យ​ដឹង​ថា ចាប់​​ពី​ខែ​មករា រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០២១ មាន​​ពលរដ្ឋ​ខ្មែរ​ជាង៧រយនាក់ (៧៤១​) ត្រូវ​បាន​ឃាត់​ខ្លួន​ ពាក់ព័ន្ធ​នឹង​ការ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ក្នុង​នោះ​មនុស្ស​ជិត​៤រយនាក់ (៣៦០​) ​ត្រូវ​បាន​អាជ្ញាធរ​​​កម្ពុជា​និង​ថៃ​​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ចាត់ការ​តាម​ច្បាប់។របាយការណ៍​ដដែល​ រក​ឃើញ​ថា មាន​ពលរដ្ឋខ្មែរ​រាប់ពាន់​នាក់​បាន​ចាញ់​បោក​មេខ្យល់​នាំ​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ។

មន្ត្រី​សង្គម​ស៊ីវិល​ លោក ឌី ថេហូយ៉ា ​​ជឿ​ថា ដើម្បី​​កុំ​ឱ្យ​ពលរដ្ឋ​​ឆ្លង​ខុស​ច្បាប់​អំឡុង​ពេល​នេះ​ គឺ​រដ្ឋាភិបាល​គួរតែ​​បង្កើត​​ការងារ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​សម្រាប់​ឱ្យ​ពលរដ្ឋ​​ និង​ជួយ​រក​ទីផ្សារ​លក់​កសិផល​​មាន​តម្លៃ​សមរម្យ​​ជូន​ដល់​ពលរដ្ឋ​ ដើម្បី​ពួកគាត់​អាច​ដាំដុះ​​លក់​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​។ លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល​​នៅ​តែ​មិន​ដោះស្រាយ​បញ្ហា​នេះ​​ទៀត​ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​​ជា​មិន​ខាន​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។