ពលករ​ខ្មែរ​ធ្វើ​នៅ​ប្រទេស​ថៃ​ជា​ច្រើន​នាក់​មិន​បាន​ត្រឡប់​ទៅ​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ស្រុក​កំណើត​ដោយ​សារ​ជីវភាព​ខ្វះខាត

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទី​ជិត​ឆ្ងាយ​បាន​​​នាំ​គ្នា​សម្រាក​ពី​ការងារ​ ដើម្បី​ធ្វើ​ដំណើរ​​ទៅ​ចូល​រួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ជួប​ជុំ​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​កំណើត​រៀងៗ ខ្លួន។ រីឯ​ពលករ​ខ្មែរ​ជា​ច្រើន​នាក់ ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ឯណោះ​វិញ​ ពួក​គាត់​បែរ​ជា​ខំ​ធ្វើ​ការ​រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព​ ដោយ​​មិន​បាន​ទៅ​លេង​ស្រុក​កំណើត​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ដ៏​សំខាន់​នេះ​ទេ។ ពួក​គាត់​ លើក​ឡើង​ថា មូលហេតុ​ដែល​មិន​បាន​ទៅ​ចូល​រួម​បុណ្យ​នេះ​ ដោយសារ​ឆ្នាំ​នេះ​ជីវភាព​ខ្វះខាត​ និង​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​ ដើម្បី​ទៅ​លេង​ស្រុក​កំណើត​ដូច​ឆ្នាំ​មុនៗ ទេ។

តើ​មូលហេតុ​អ្វី​ បាន​ជា​ពលករ​ខ្មែរ​ទាំង​នេះ​រក​ប្រាក់​មិន​បាន​ ដើម្បី​ទៅ​ធ្វើ​បុណ្យ​ភ្ជុំ​ដូច​ឆ្នាំ​មុនៗ?

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ដែល​មិន​បាន​ទៅ​លេង​បុណ្យ​ភ្ជុំ​បុណ្យ​ប្រពៃណី​ខ្មែរ លើក​ឡើង​ស្រដៀង​គ្នា​ថា ពួកគាត់​នឹក​ស្រុក​កំណើត​ និង​​ចង់​ទៅ​​​ជួប​ជុំ​ញាតិសន្ដាន​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ដែរ​ ក៏​ប៉ុន្តែ​ពួកគាត់​អះអាង​ថា​ ប្រសិន​បើ​​ទៅ​ចូលរួម​ធ្វើ​បុណ្យ​ គឺ​ត្រូវ​ចំណាយ​អស់​ថវិកា​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ ស្រប​ពេល​ដែល​​ពួកគេ​​រក​ប្រាក់​មិន​សូវ​បាន​​ដូច​ឆ្នាំ​កន្លង​ទៅ។

ពលករ​ម្នាក់​រស់​នៅ​ខេត្ត​កំពង់ធំ លោក ហួត ប៊ុនថា រៀបរាប់​ឱ្យ​ដឹង​ថា លោក​មក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ចំនួន​ ១០​ឆ្នាំ​ហើយ គឺ​រក​ប្រាក់​បាន​សម្រាប់​តែ​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​រស់​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ ដោយ​មិន​មាន​ប្រាក់​សល់​​ទិញ​ដី​ និង​សង់​ផ្ទះ​សម្បែង​ធំដុំ​ដូច​អ្នក​មាន​ជីវភាព​ធូរធារ​នៅ​ក្នុង​ស្រុក​មួយ​ចំនួន​ឡើយ។ ពលករ​រូប​នេះ​បន្ថែម​ថា សព្វ​ថ្ងៃ​លោក​ធ្វើ​ការ​សំណង់​នៅ​ខេត្ត​ឆុនបុរី (Chunbori) គឺ​ចម្ងាយ​ប្រហែល​ ៧០គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក ដោយ​​ធ្វើ​ការ​បាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី​៣៥០ ទៅ​ ៤៥០បាត​ក្នុង​មួយ​ថ្ងៃ ឬ​ប្រមាណ​ពី​ ១០​ ទៅ ១៥ដុល្លារ​អាមេរិក។ លោក​បញ្ជាក់​ថា ប្រសិន​ជា​លោក​ខំប្រឹង​ធ្វើ​ការ​ជាប់​មិន​ឈប់​សម្រាក គឺ​អាច​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​ពី​ ១ម៉ឺន​​ទៅ​១ម៉ឺន​ ៣ពាន់​បាត​​ ឬ​ពី ​៣០០​ទៅ ​៤០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ ប៉ុន្តែ​ប្រាក់​ទាំង​នេះ ​លោក​ត្រូវ​ចាយ​វាយ​ជាង​ពាក់​កណ្ដាល​ទៅ​ហើយ។ ទោះ​ជា​យ៉ាង​ណា​ពលករ​រូប​នេះ បន្ថែម​ថា ឆ្នាំ​នេះ​ពួក​គាត់​រក​ប្រាក់​មិន​បាន​ទេ ដោយសារ​លោក​ត្រូវ​ផ្លាស់​ប្ដូរ​កន្លែង​ធ្វើ​ការ​ញឹកញាប់ ហើយ​មិន​សូវ​បាន​ធ្វើ​ការ​ជាប់​លាប់​នោះ​ឡើយ ព្រោះ​រវល់​ធ្វើ​ដំណើរ​ទៅ​កន្លែង​ធ្វើ​ការ​ថ្មី​ផង ហើយ​ម្យ៉ាង​ក្រុមហ៊ុន​ដែល​លោក​ធ្វើ​ការ​ក៏​មិន​សូវ​មាន​ការងារ​ធ្វើ​ដូច​ពេល​មុនៗ ដែរ ទើប​ធ្វើ​ឱ្យ​លោក​មិន​មាន​ប្រាក់​ទៅ​លេង​ស្រុក​កំណើត​បុណ្យ​ភ្ជុំ​បិណ្ឌ៖ «ជា​ទូទៅ​មួយ​ឆ្នាំខ្ញុំ​ទៅ​ផ្ទះ​២​ដង​គឺ​ខែ​ភ្ជុំ​និង​ខែ​ចូល​ឆ្នាំ​ខ្មែរ​ តែ​ឆ្នាំ​នេះ​អត់​បាន​ទៅ​ទេ​ ។ខ្ញុំ​ជា​ទូទៅ​ពេល​បើក​ប្រាក់​ផ្ញើ​ទៅ​ឱ្យ​បងប្អូន​នៅ​ស្រុក​យ៉ាង​ហោច​ណាស់​ក៏​បាន​១ម៉ឺន​បាទ​ដែរ​។តែ​ឆ្នាំ​នេះ​មិន​បាន​ផ្ញើ​ប្រាក់​ទៅ​ស្រុក​ច្រើន​ទេ​ ព្រោះ​ការងារ​មិន​ទៀត​ទាត់​មិន​ដូច​ឆ្នាំ​មុន​ កន្លះ​ខែ​បើក​ប្រាក់​បាន​៧ពាន់​បាត​ ហើយ​ផាត់​ថ្ងៃ​ម្ហូប​អាហារ​សល់​បាន​៤ពាន់​បាត​ផ្ញើ​ទៅ​ផ្ទះ តែ​ដល់​ឥឡូវ​លុយ​មាន​ប្រហែល​៣ពាន់​បាត​ដែរ តែ​យក​ទៅ​សង​ថ្លៃ​ម្ហូប​គេ​អស់​ទៅ​ហើយ​សល់​មិន​ដល់​១ពាន់​បាត​ផង »

ពុំ​មែន​មាន​តែ​ពលករ​ម្នាក់​ប៉ុណ្ណោះ​ទេ​ ដែល​មិន​បាន​ទៅ​ជួប​ជុំ​សាច់ញាតិ​នៅ​ស្រុក​កំណើត​នោះ មាន​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ទៀត ​ក៏​​មិន​បាន​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​ដែរ ក្នុង​នោះ​មាន​ពលករ​ខ្លះ​លើក​ឡើង​ថា ដល់​រដូវ​បុណ្យ​ភ្ជុំ​ហើយ​ គឺ​​ពួកគេ​មាន​​ប្រាក់​ជាប់​ខ្លួន​មិន​ដល់​ ១ពាន់​បាត​ ឬ​ស្មើ​នឹង ៣០​ដុល្លារ​ផង។

ពលករ​ធ្វើ​ការ​សំណង់​នៅ​ខេត្ត​ឆុនបុរី (Chunbori) ម្នាក់​ទៀត លោក ឆែ ប៊ុនឌឿន ថ្លែង​ថា ​នៅ​កន្លែង​លោក​មាន​ពលករ​ខ្មែរ​ប្រមាណ ​៣០​នាក់ នាំ​គ្នា​ខំប្រឹង​ធ្វើ​ការ​រក​ប្រាក់​ផ្ញើ​ទៅ​ជួយ​បងប្អូន​នៅ​ផ្ទះ ដើម្បី​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​ និង​សង​បំណុល​ជំពាក់​ធនាគារ​ ដែល​បាន​ខ្ចី​គេ​​ធ្វើ​ដើម​ទុន​ដាំដុះ​ កាល​ពី​ពេល​កន្លង​ទៅ។ លោក​ថា អ្នក​ទាំង ៣០​នាក់​នេះ គឺ​ពុំ​មាន​នរណា​ម្នាក់​​បាន​ទៅ​ចូល​រួម​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឯ​ស្រុក​កំណើត​ឡើយ។ លោក​បន្ត​ថា នៅ​ពេល​សម្រាក​ពី​ការងារ​ ថ្ងៃ​ខ្លះ​លោក​អង្គុយ​ស្រក់​ទឹក​ភ្នែក​ម្នាក់​ឯង​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​នឹក​តូច​ចិត្ត​ ដែល​ខំធ្វើ​ការ​នឹង​គេ​ដែរ​ នៅ​តែ​រក​ប្រាក់​មិន​បាន​ទៅ​លេង​ស្រុក​កំណើត​ទៀត៖ «សូម​ពុក​ម៉ែ​អភ័យ​ទោស​ឱ្យ​កូន​ផង​ ព្រោះ​កូន​មិន​បាន​ទៅ​លេង​ស្រុក​ដូច​គេ​ ព្រោះ​កូន​រវល់​ធ្វើ​ការ​ងារ​នៅ​ស្រុក​គេ​ ហើយ​គ្មាន​លុយ​ទៅ​លេង​ផ្ទះ​ទេ​។ឥឡូវ​ខ្ញុំ​សល់​លុយ​ចាប់​ខ្លួន​តែ​១ពាន់​បាត​ គ្មាន​លុយ​ចាយវាយ​ទេ​។បើ​យើង​បាន​ធ្វើ​ការងារ​ជាប់​បាន​លុយ​ច្រើន​តែ​យើង​មិន​ស្រូល​ខ្លះ​អី​ខ្លះ​ត្រូវ​សម្រាក​មិន​បាន​ធ្វើ​ការ​ដូច​កន្លែង​ក្រុម​ហ៊ុន​គេ​ធំៗ​ ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​តូច​ ពេល​ខ្លះ​ការងារ​អីវ៉ាន់​មិន​ចូល​ក៏​ផ្អាក​ធ្វើ​ការងារ​ ហើយ​អ្នក​ផ្អាក​អត់​មាន​ប្រាក់​ខែ​ទេ​ហើយ​ក៏​មិន​មាន​ប្រាក់​ថ្ងៃ​ដែរ​អីចឹង​មួយ​ខែ​អត់​មាន​ធ្វើ​ការ​៣០​ថ្ងៃ​ទេ »

រីឯ​ពលករ​រស់​នៅ​ព្រំដែន​ខេត្ត​បាត់ដំបង​ឯណោះ​វិញ លោក វិន មករា មាន​ប្រសាសន៍​ថា ​លោក​ធ្វើ​ការ​រោងចក្រ​ក្រណាត់​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក​ប្រមាណ​ ៥ឆ្នាំ​ហើយ។ ពលករ​រូប​នេះ​បន្ត​ថា​ កន្លង​មក លោក​​តែង​ទៅ​លេង​ស្រុក​កំណើត​មួយ​ឆ្នាំ​ ២ដង ជា​ពិសេស គឺ​នៅ​ពេល​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ និង​​បុណ្យ​ភ្ជុំ។ លោក​បន្ត​ថា ប្រមាណ ៣​ឆ្នាំ​មក​នេះ​ លោក​មិន​បាន​ទៅ​ចូល​រួម​បុណ្យ​ភ្ជុំ​បិណ្ឌ ​ជួប​ជុំ​ឪពុកម្ដាយ​នៅ​ស្រុក​ខ្មែរ​នោះ​ទេ ព្រោះ​​គ្មាន​ថវិកា​ផង និង​ខាង​រោងចក្រ​មិន​អនុញ្ញាត​ច្បាប់​ឱ្យ​ឈប់​សម្រាក​ផង។ លោក​ថា ​ប្រសិន​បើ​ទៅ​លេង​ស្រុក គឺ​ត្រូវ​ឈប់​សម្រាក​យ៉ាង​ហោច​ណាស់​ពី​ ៣ទៅ​ ៥ថ្ងៃ ទើប​ត្រឡប់​មក​ដល់​កន្លែង​វិញ។ ដូច្នេះ​ប្រសិន​បើ​ពលករ​ឈប់​ច្រើន​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ផលិត​សាច់ក្រណាត់​របស់​ថៅកែ​រោងចក្រ៖ «ក្នុង​កន្លះ​ខែ​​ខ្ញុំ​សល់​លុយ​បាន​៤ពាន់​បាត​អី​ដែរ​ គ្រាន់​តែ​យើង​ចាយ​ថ្លៃ​ទឹក​ភ្លើង​និង​ថ្លៃ​ហូប​ចុក​ទៅ​វា​មិន​សល់​ច្រើន​ បាន​ជា​អត់​បាន​ទៅ​។តែ​ចិត្ត​ចង់​ទៅ​ស្រុក​ណាស់​ ព្រោះ​ចង់​បោះ​បាយបិណ្ឌ​ដូច​កាល​ពី​មុន​ដែរ​។ព្រោះ​អី​​នៅ​រោងចក្រ​កន្លែង​ខ្ញុំ​ធ្វើ​ការ​បើ​ឈប់​លើស​ពី​៣ថ្ងៃ​គេ​ឱ្យ​ចេញ​ហើយ​ អីចឹង​ខាង​ថៃ​វា​ពិបាក​ណាស់​ការងារ​នៅ​គេ​បើ​ឈប់​លើស​ពី​ថ្ងៃ​ហើយ​គឺ​គេ​ដេញ​យើង​ចេញ​ពី​ការងារ​ហើយ »

លោក​បន្ត​ថា​ បើ​ទោះ​​ជា​ឆ្នាំ​នេះ​ពួកគាត់​​មិន​បាន​ត្រឡប់​ទៅ​ធ្វើ​នៅ​បុណ្យ​ស្រុក​ខ្មែរ​ក៏​ដោយ​ ក៏​ពួកគេ​បាន​យក​ថ្ងៃ​ឈប់​សម្រាក​​ទៅ​ចូល​រួម​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​ជា​មួយ​ព្រះសង្ឃ​ខ្មែរ នៅ​ខេត្ត​សមុទ្រ​ប្រាកាន​(Samuth brakan) រួច​មក​ហើយ​ដែរ កាល​ពី​ថ្ងៃ​ទី​២២​ កញ្ញា។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំ​វិញ​បញ្ហា​ដែល​ពលករ​មិន​បាន​ត្រឡប់​ទៅ​លេង​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​នេះ។ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​បម្រើការ​នៅ​អង្គការ​លើក​កម្ពស់​ជីវភាព​ពលករ​ ហៅ​កាត់ ​អ៊ិលភីអ៊ិន (LPN)​ប្រចាំ​នៅ​ខេត្ត​សាមុត សាខន (Samuth sakorn) ប្រទេស​ថៃ ទទួល​បន្ទុក​ពលករ​ខ្មែរ​ លោក ប្រាក់​ ភត្រា ប្រាប់​អាស៊ី​សេរី​ថា ពលករ​ខ្មែរ​ភាគ​ច្រើន​មិន​បាន​ទៅ​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​នោះ​ទេ។ លោក​ថា មាន​មូលហេតុ​ ២យ៉ាង គឺ​ទី​មួយ បណ្ដាល​មក​ពី​ថៅកែ​រោងចក្រ​មិន​អនុញ្ញាត​ច្បាប់​ឱ្យ​ពួក​គេ​​ឈប់​សម្រាក​ទៅ​ធ្វើ​បុណ្យ​ ដោយសារ​បុណ្យ​ភ្ជុំ​បិណ្ឌ​ពុំ​មែន​ជា​បុណ្យ​ជាតិ​នៅ​ប្រទេស​ថៃ​ និង​ទី​ពីរ បណ្ដាល​មក​ពី​ពលករ​គ្មាន​ប្រាក់​ទៅ​លេង​ស្រុក​ញឹកញាប់​ ដោយ​ពួក​គេ​សន្សំ​ប្រាក់​សម្រាប់​ឈប់​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។

លោក​បញ្ជាក់​ថា កន្លង​មក​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​របស់​លោក​តែង​ស្នើ​សុំ​ទៅ​មន្ត្រី​ក្រសួង​ការងារ​​ថៃ​ ឱ្យ​ពលករ​ខ្មែរ​បាន​ឈប់​សម្រាក​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ញឹកញយ​មក​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​នៅ​ឡើយ។ លោក​បន្ត​ថា ភាគី​ថៃ​មិន​ឯកភាព​តាម​ការ​ស្នើ​សុំ​ទេ ដោយ​ខាង​ថៃ​បាន​ពន្យល់​ថា ប្រសិន​ឱ្យ​ពលករ​ខ្មែរ​ឈប់​សម្រាក ធ្វើ​ឱ្យ​ការ​ងារ​របស់​រោងចក្រ​រាំងស្ទះ ព្រោះ​កម្មករ​ប្រទេស​ដទៃ ​ក៏​ត្រូវ​ឈប់សម្រាក​ដែរ។ ដូច្នេះ វា​ធ្វើ​ឱ្យ​រោងចក្រ​គ្មាន​កម្មករ​ធ្វើ​ការ។ ម្យ៉ាង​ទៀត​លោក​ថា ច្បាប់​ការងារ​ថៃ ​ក៏​បាន​កំណត់​ថ្ងៃ​ឈប់​សម្រាក​គ្រប់គ្រាន់​ហើយ​ដែរ។ ដូច្នេះ​បើ​សិន​ជា​ឈប់​បន្ថែម​ទៀត​ នឹង​ធ្វើ​ឱ្យ​ម្ចាស់​ក្រុម​ហ៊ុន ដែល​ទទួល​ពលករ​បរទេស​ធ្វើ​ការ​នោះ ​នឹង​ខាត​បង់​អត្ថប្រយោជន៍​របស់​ក្រុម​ហ៊ុន​ជា​មិន​ខាន៖ «អីចឹង​យើង​ទាល់​តែ​ព្យាយាម​លើក​បញ្ហា​នេះ​យក​មក​និយាយ​បន្ត​ៗ​ទៅ​ទៀត​។ខ្ញុំ​គិត​ថា​រឿង​នេះ​ខ្ញុំ​ចង់​ឱ្យ​ខាង​រដ្ឋាភិបាល​ថៃ​គួរ​តែ​បើក​ចំហ​ឱ្យ​ពលករ​បរទេស​ដែល​គាត់​មក​ធ្វើ​ការ​​នៅ​ប្រទេស​នឹង​បាន​ឈប់​សម្រាក​នៅ​ថ្ងៃ​បុណ្យ​ប្រពៃណី​ខ្មែរ​ ពីព្រោះ​ថា​ភ្ជុំ​បិណ្ឌ​វា​ជា​បុណ្យ​ប្រពៃណី​របស់​ជាតិ​យើង​មួយ​ ប៉ុន្តែ​ប្រទេស​គេ​មិន​ទាន់​អនុញ្ញាត​ឱ្យ​យើង​អីចឹង​បើ​ពលករ​គាត់​ចង់​ទៅ​លេង​បុណ្យ​គឺ​ឈប់​ដោយ​ខ្លួន​ឯង​ »

លោក ប្រាក់​ ភត្រា ថ្លែង​ថា ក្នុង​នោះ​មាន​ពលករ​នៅ​ប្រទេស​ថៃ​ ដែល​​តែង​តែ​ទៅ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឯ​ស្រុក​កំណើត​ជា​រៀងរាល់​ឆ្នាំ មាន​ប្រមាណ​ ២០ភាគ​​ប៉ុណ្ណោះ ​រីឯ​ពលករ​ប្រហែល ​៨០​ភាគ​រយ​ទៀត នៅ​ធ្វើ​ការ​ជា​ធម្មតា​ ហើយ​ពួក​គេ​នឹង​បាន​ឈប់​សម្រាក​ច្រើន​ថ្ងៃ​ទៅ​លេង​ស្រុក​កំណើត​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។