ការ​ត្រៀម​លក្ខណៈ​របស់​សមត្ថកិច្ច​ក្នុង​ការ​ជួយ​ពន្លត់​អគ្គិភ័យ

ដោយ ប្រាជ្ញ ចេវ
2016-04-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ផ្សារ​ថ្មស្ទឹងត្រែង ក្រោយ​ភ្លើង​ឆេះ នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៦។
ទិដ្ឋភាព​ផ្សារ​ថ្មស្ទឹងត្រែង ក្រោយ​ភ្លើង​ឆេះ នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៦។
RFA/Men Sothyr

ករណី​ភ្លើង​ឆេះ​ផ្ទះ​តែង​កើត​ឡើង​ជា​រាល់​ឆ្នាំ​នៅ​ក្នុង​ថ្ងៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​ការ​អុជ​ធូប​ទៀន ឬ​ឆ្លង​ចរន្ត​អគ្គិសនី​ជាដើម។ សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​នៅ​ឆ្នាំ​នេះ សមត្ថកិច្ច​ផ្នែក​ពន្លត់​អគ្គិភ័យ​អះអាង​ថា ពួកគេ​ត្រៀម​ឧបករណ៍ និង​កងកម្លាំង​ជា​ស្រេច​រង់ចាំ​អន្តរាគមន៍​នៅ​ពេល​មាន​អគ្គីភ័យ​កើតឡើង។

ករណី​ឆ្លង​ចរន្ត​អគ្គីសនា ឬ​ទុស្សេ​ខ្សែភ្លើង ភ្លើង​ធូប ភ្លើង​ទៀន បង្ក​ទៅជា​អគ្គិភ័យ​តែង​កើត​ឡើង​ជា​រាល់​ឆ្នាំ​ក្នុង​រដូវ​ចូល​ឆ្នាំ។

អ្នក​ជំនាញ​ផ្នែក​បង្ការ​អគ្គិភ័យ លោក នេត វន្ថា ពន្យល់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​រដូវ​ចូល​ឆ្នាំ​ខ្មែរ​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​កើត​ឡើង​ញឹកញាប់ ព្រោះ​រដូវ​នេះ​ជា​រដូវ​ក្តៅ និង​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ពលរដ្ឋ។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ម្នាក់ លោក វង្ស សុផា ឲ្យ​ដឹង​ថា ដើម្បី​ជៀសវាង​គ្រោះ​អគ្គិភ័យ​កើត​ឡើង​មុន​ពេល​លោក​ចាក​ចេញ​ពី​ផ្ទះ លោក​ត្រូវ​ពន្លត់​ធូប​ទៀន និង​បិទ​កុងតាក់​ភ្លើង។ លោក​បន្ត​ថា ដោយសារ​ភ័យ​ព្រួយ​ករណី​នេះ ក្នុង​ពេល​ចូល​ឆ្នាំ​នេះ គ្រួសារ​លោក​ទុក​សមាជិក​គ្រួសារ​ម្នាក់​ឲ្យ​នៅ​ចាំ​ផ្ទះ​ដើម្បី​នៅ​មើល​ការ​ខុស​ត្រូវ៖ «ក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ​សុំ​ផ្ដាំផ្ញើ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ថា មុន​នឹង​ចេញ​ដំណើរ​ចាក​ចេញ​ពី​ផ្ទះ សុំ​ប្រយ័ត្ន​បំផុត​រឿង​ធូប​ទៀន ហើយ​បើ​អាច​ទុក​សមាជិក​គ្រួសារ​ម្នាក់​ឲ្យ​នៅ​មើល​ផ្ទះ»

​សុភាសិត​ខ្មែរ​ពោល​ថា ស៊ូ​លិច​ទូក​កណ្ដាល​ទន្លេ​កុំ​ឲ្យ​តែ​ភ្លើង​ឆេះ​ផ្ទះ។

កាល​ពី​អំឡុង​ចូល​ឆ្នាំ​ចិន-​វៀតណាម ក្នុង​ខែ​កុម្ភៈ កន្លង​ទៅ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ដែរ​ថា ករណី​អគ្គីភ័យ​ទូទាំង​ប្រទេស​មាន​ចំនួន ១៤​លើក បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ចំនួន ១២០​ខ្នង ហើយ​ចំនួន​នេះ​កើន​ឡើង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន។

​ចំណែក​ឯ​ទំហំ​គ្រោះ​អគ្គីភ័យ​នេះ បណ្ដាល​ឲ្យ​ខាតបង់​ថវិកា​សរុប​ជិត ៤​ម៉ឺន​ដុល្លារ។

អង្គុយ​លើ​ម៉ូតូ​កង​បី​នៅ​មុខ​ផ្ទះ លោក ជិន សុធី ជា​ពលរដ្ឋ​រស់នៅ​ភ្នំពេញ មាន​ស្រុកកំណើត​នៅ​ខេត្ត​កណ្ដាល ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា លោក​ត្រូវ​បើក​ទឹក​ទុក​ឲ្យ​បាន​ពេញ​ពាង និង​អាង ព្រមទាំង​ត្រៀម​បំពង់​ពន្លត់​អគ្គិភ័យ។ លោក​ថា ទន្ទឹម​នឹង​ពលរដ្ឋ​ប្រុងប្រយ័ត្ន លោក​ស្នើ​ឲ្យ​មាន​ឡាន​ទឹក​ប្រចាំការ​នៅ​សាលា​សង្កាត់​នីមួយៗ​ដើម្បី​អាច​អន្តរាគមន៍​ទាន់​ពេល​វេលា៖ «មាន​បំពង់​ពន្លត់​អគ្គិភ័យ​ក៏ដោយ ប៉ុន្តែ​សំខាន់​មួយ​ទៀត​ផ្ទះ​យើង​មាន​ពាង ឬ​អត់​មាន​ពាង ត្រូវ​បើក​ទឹក​ទុក​ឲ្យ​ពេញៗ ទុក​ចោល​សម្រាប់​យើង​មាន​ធុរៈ​មាន​អគ្គិភ័យ​អី​អាច​ជួយ​ពន្លត់​បាន»

ករណី​អគ្គិភ័យ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ ផ្សារ​មួយ​នៅ​កណ្ដាល​ខេត្ត​ស្ទឹងត្រែង មាន​ជាង ១.០០០​តូប ត្រូវ​អគ្គិភ័យ​បំផ្លាញ​ទាំង​ស្រុង ដែល​គិត​ជា​ទឹក​ប្រាក់​អស់​រាប់​លាន​ដុល្លារ។

ដើម្បី​បង្ការ​អគ្គិភ័យ​នៅ​រដូវ​ក្ដៅ និង​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​នេះ ស្នងការ​រាជធានី​ភ្នំពេញ បាន​ត្រៀម​កង​អន្តរាគមន៍​ជាង ១៧០​នាក់ និង​ឡាន​ទឹក​ចំនួន ៤៨​គ្រឿង រង់ចាំ​ជួយ​សង្គ្រោះ​ពលរដ្ឋ ២៤​ម៉ោង​លើ ២៤​ម៉ោង។

ស្នងការ​រង​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ លោក នេត វន្ថា ថា ឆ្នាំ​នេះ​ដោយសារ​កម្ដៅ​ឡើង​ក្ដៅ​ខ្លាំង​នៅ​តំបន់​ខ្លះ ភ្លើង​បាន​ឆាបឆេះ​ដោយ​ខ្លួន​ឯង ដែល​នេះ​ជា​ការ​គំរាមកំហែង​មួយ។

​អ្នក​ប្រកប​របរ​លក់ដូរ​ចាប់ហួយ​ម្នាក់ លោកស្រី គួង ណយ ដែល​ក្នុង​ហាង​របស់​លោកស្រី​មាន​កំប៉ុង​ហ្គាស​តម្រៀប​នៅ​ក្បែរ​ឥវ៉ាន់​ផ្សេង​ទៀត​នោះ ឲ្យ​ដឹង​ថា វត្ថុ ឬ​អីវ៉ាន់​ណា​ដែល​ងាយ​ឆាបឆេះ លោកស្រី​ទុកដាក់​ឆ្ងាយ​ពី​ប្រភព​ភ្លើង។ លោកស្រី​លើក​ឡើង​ថា លោកស្រី​ប្រុងប្រយ័ត្ន​ដូច​នេះ ព្រោះ​តែងតែ​ឃើញ​បណ្ដា​សារព័ត៌មាន​ផ្សាយ​ទាក់ទង​ករណី​អគ្គិភ័យ៖ «អត់​ហ៊ា​ប្រហែស​ទេ យើង​ប្រុងប្រយ័ត្ន​ទៅ​ល្អ​ជាង បើ​តាម​បន្ទប់​ពេល​គ្មាន​មនុស្ស​យើង​បិទ​ភ្លើង»

​នៅ​ពេល​មាន​អគ្គិភ័យ​កើតឡើង​ម្តងៗ​តែង​បំផ្លាញ​ទ្រព្យសម្បត្តិ ឬ​ផ្ទះ​របស់​ពលរដ្ឋ ហើយ​ពេល​ខ្លះ​បាន​ឆក់​យក​ជីវិត​មនុស្ស​ទៀត​ផង។ របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៥ ករណី​អគ្គិភ័យ​កើត​ឡើង​ទូទាំង​ប្រទេស​មាន​ជិត ៦០០​ករណី ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង ៣០​នាក់។

ពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​ស្ទឹងមានជ័យ ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ ផ្ទះ​លោកស្រី​បាន​ក្លាយ​ជា​ផេះផង់​ព្រោះ​អគ្គិភ័យ រៀបរាប់​ទាំង​យំសោក​ស្ដាយ​ថា ទ្រព្យសម្បត្តិ​របស់​លោកស្រី​ត្រូវ​ឆេះ​គ្មាន​សល់៖ «ខ្ញុំ​ខំ​សន្សំ​មិន​ហ៊ាន​ស៊ី​មិន​ហ៊ាន​ចាយ​ទេ ពេល​អស់​គ្មាន​សល់​អី​ទេ លុយ​ក៏​យក​មិន​បាន​ដែរ ខំ​ធ្វើ​ការ​អត់​ហ៊ាន​ឈប់​ទេ ឥឡូវ​អស់​គ្មាន​សល់​អី​ទាំង​អស់»

ស្នងការ​រង​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ លោក នេត វន្ថា ស្នើ​ឲ្យ​ពលរដ្ឋ​បង្កើត​ការ​ប្រុងប្រយ័ត្ន និង​ចូលរួម​បង្ការ។ លោក​បន្ត​ថា ពលរដ្ឋ​នៅ​តាម​ភូមិឋាន​ត្រូវ​ទុក​ដាក់​សម្ភារៈ​ដែល​ងាយ​ឆេះ ឲ្យ​ឆ្ងាយ​ពី​ប្រភព​កម្ដៅ ហើយ​ត្រូវ​ត្រៀម​បាវ​ខ្សាច់ ធុង​ទឹក​ជាដើម ដើម្បី​ពន្លត់​ពេល​មាន​អគ្គីភ័យ​កើត​ឡើង៖ «សុំ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍​ឲ្យ​កាន់​តែ​ខ្លាំង​រឿង​អគ្គិភ័យ​នេះ បើ​សិន​កើត​ឡើង​គឺ​គ្មាន​សល់​អី​ទេ រលាយ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក»

​ស្នងការ​រង​រាជធានី​ភ្នំពេញ លោក នេត វន្ថា ឲ្យ​ដឹង​ទៀត​ថា នៅ​ឆ្នាំ​២០១៦ នេះ រដ្ឋាភិបាល​បាន​បញ្ជា​ទិញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង ១០០​គ្រឿង​បន្ថែម​ដើម្បី​ត្រៀមលក្ខណៈ​ជួយ​ពលរដ្ឋ។ ចំណែក​សំណើ​របស់​ពលរដ្ឋ​ដែល​ស្នើ​ឲ្យ​មាន​ឡានទឹក​ដាក់​ប្រចាំការ​នៅ​តាម​សាលាសង្កាត់​នីមួយៗ​នោះ លោក​ថា រដ្ឋ​មិន​ទាន់​មាន​លទ្ធភាព​ធ្វើ​ដូច​នេះ​នៅ​ឡើយ​ទេ​នៅ​ពេល​ចំពោះ​មុខ ប៉ុន្តែ​លោក​ថា ទៅ​ថ្ងៃ​អនាគត​អាច​នឹង​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Yes you are ready to prepare,but a fire at Pursat a Battambang fire truck will go over there.Don't worry we will take all of you.

Apr 16, 2016 11:23 AM

គេហទំព័រ​ទាំងមូល