នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CAMBO-JA) លោក ណុប វី ថា ស្ថានភាពសេរីភាពរបស់អ្នកសារព័ត៌មានកំពុងស្ថិតក្នុងភាពផុយស្រួយជាពិសេសនៅពេលអ្នកកាន់អំណាចមិនសប្បាយចិត្តចំពោះមតិរបស់ពួកគាត់រួចបញ្ជាឲ្យដកអាជ្ញាបណ្ណរបស់ពួកគាត់ចោលយ៉ាងតក់ក្រហល់។ លោក ណុប វី បន្តថា ការដកអាជ្ញាបណ្ណបែបប្រញាប់ប្រញាល់បែបនេះ គឺបង្កើតឲ្យភាពមន្ទិលអំពីតម្លាភាព និងភាពត្រឹមត្រូវនិងយុត្តិធម៌ក្នុងការអនុវត្ត។ ជាងនេះទៅទៀត លោកថាចំណាត់ការបែបនេះ ធ្វើឲ្យមានការគម្រាមកំហែងដល់សេរីភាពសារព័ត៌មាននៅកម្ពុជា៖ «បើសិនជាអ្នកសារព័ត៌មានត្រូវបានពិន័យផ្នែករដ្ឋបាល ការពិន័យហ្នឹងគួរតែទទួលរងនូវការពិន័យមែន។ ដើម្បីឲ្យមានដំណើរបែបនេះល្អ វាគួរតែមានតម្លាភាពនៅក្នុងការពិន័យក្នុងការព្រមាន។ ការឈានទៅដកអាជ្ញាបណ្ណ ខ្ញុំគិតថាគួរតែមានការសម្រេចពីតុលាការអីទៅទៀត មិនគួរនៅក្នុងករណីដែលក្រសួងផ្ដល់អាជ្ញាបណ្ណអ្វីហើយ ត្រូវការដកជួនកាលដកព្រឹកដកល្ងាចបែបនេះ ខ្ញុំគិតថា វាជារឿងមួយដែលវាធ្វើឲ្យមានភាពផុយស្រួយខ្លាំងពេក»។
កន្លងមកក្រសួងព័ត៌មានបានដកអាជ្ញាបណ្ណអ្នកសារព័ត៌មានមួយចំនួន ហើយតុលាការបានកាត់ទោសពួកគាត់ឲ្យជាប់ពន្ធនាគារទៀតផងដូចករណីអតីតនិពន្ធនាយកនៃសារព័ត៌មានអនឡាញ ធី.វី.អេហ្វ.ប៊ី (TVFB ) លោក សុវណ្ណ រិទ្ធី ដែលជាប់ទោសក្រោយការបញ្ចេញមតិរឿងលោក ហ៊ុន សែន ឲ្យអ្នករត់ម៉ូតូឌុប លក់ម៉ូតូដើម្បីទិញអង្ករហូបបើទីទាល់ខ្លាំង។
ថ្មីៗ នេះអ្នកសារព័ត៌មានតាមបណ្តាញសង្គមម្នាក់ត្រូវក្រសួងព័ត៌មានដកអាជ្ញាបណ្ណក្រោយមានបញ្ជាពីលោក ហ៊ុន សែន ដោយសារលោកចោទប្រកាន់បុរសរូបនេះថា ផ្សាយព័ត៌មានញុះញង់។
តាមរយៈ ប្រកាសរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី១០ ខែមេសា ក្រសួងនេះលុបអាជ្ញាបណ្ណផ្សព្វផ្សាយព័ត៌មានរបស់លោក ឃឿន សុឡា ហៅ ខេសូន្យមួយ (K01) ដោយក្រសួងថា ម្ចាស់អាជ្ញាបណ្ណរូបនេះបានផ្សព្វផ្សាយព័ត៌មានញុះញង់មានចេតនាទុច្ចរិត បង្កចលាចលសង្គម។
ទោះជាយ៉ាងនេះក្ដី ក្រសួងព័ត៌មានមិនបានបញ្ជាក់ថា តើខ្លឹមសារអ្វីខ្លះនៃការផ្សព្វផ្សាយនោះដែលធ្វើឲ្យក្រសួងចាត់ការម្ចាស់អាជ្ញាបណ្ណផ្សាយព័ត៌មានញុះញង់នោះទេ។ ប៉ុន្តែចំណាត់ការក្រសួងព័ត៌មាននេះធ្វើឡើងភ្លាមៗ ក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យចាត់ការលោក ឃឿន សុឡា ហៅ ខេសូន្យមួយ (K01) នេះ៖ «អាអន្ទិត K01 ហ្នឹងវាស្រែកសុទ្ធតែប៉ុន្មានអីប៉ុន្មាន ! អា K01 ផ្ដាំទៅអាក្មួយ ដកអាវីដេអូឯងក្រវាត់ចោលទៅ។ អាហ្នឹងនិយាយស្អី ? ញុះញង់បង្កើតចលាចល។ អ៊ីចឹងមានតែគេវ៉ៃខ្នោះតែប៉ុណ្ណឹង។ អាហ្នឹងគេហៅថា ជាប់គុកដូចបំណងហើយ បើចង់ជាប់គុក ព្រោះសម្ដីអា K01 គឺធ្ងន់។ តែមិនដឹងថា វាដកចេញហើយឬនៅ ហើយអារដ្ឋមន្រ្តីក្រសួងព័ត៌មាន វាដឹងឬអត់ ? ទៅមើលឲ្យច្បាស់»។
ក្នុងវីដេអូដែលធ្វើឲ្យលោក ហ៊ុន សែន ខឹងសម្បានិងបញ្ជាឲ្យក្រសួងចាត់ការនេះ លោក ឃឿន សុឡា ហៅ ខេសូន្យមួយ (K01) បាននិយាយរឿងរដ្ឋាភិបាលលោក ហ៊ុន សែន មិនយកចិត្តទុកដាក់ពីទុក្ខលំបាករបស់ពលរដ្ឋក្នុងរឿងធំៗ បីចំណុច ទីមួយ គឺរឿងបំណុលធនាគារ ទីពីរគឺរឿងថ្លៃឈ្នួលផ្ទះ និងទីបីគឺរឿងទឹកភ្លើង ដែលគ្មានការបន្ធូរបន្ថយដូចនៅប្រទេសដទៃ។
ក្រោយដកអាជ្ញាបណ្ណលោក ឃឿន សុឡា ហៅ ខេសូន្យមួយ (K01) ដែលតែងតែហៅលោក ហ៊ុន សែន ថា ជាសម្តេចពុកៗ ពេញៗ មាត់ និងមានរូបថតលោក ហ៊ុន សែន និងអរគុណសន្តិភាពបិទពេញផ្ទះនោះ នៅតែបន្តផ្សាយផ្ទាល់តាមបណ្ដាញសង្គមហ្វេសប៊ុកដដែល ប៉ុន្តែលោកមិននិយាយអ្វីទៀតរឿងបំណុលធនាគារ ថ្លៃទឹកភ្លើង និងឈ្នួលផ្ទះនោះឡើយ។
រឿងបំណុលធនាគារនេះ កាលពីខែឧសភា ឆ្នាំ២០២០ មកអាជ្ញធរធ្លាប់រារាំងនិងឃាត់ខ្លួនយុវជនខ្មែរថាវរៈជាច្រើនរូប ដោយមិនឲ្យពួកគាត់ធ្វើយុទ្ធនាការសុំឲ្យរដ្ឋាភិបាលជួយពន្យារពេលសងបំណុលសម្រាប់ពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។