នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) លោក ណុប វី មានប្រសាសន៍ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី ៦ វិច្ឆិកាថា ការតម្រូវឱ្យស្ថាប័នដែលមិនរកប្រាក់កម្រៃចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងក្រសួងព័ត៌មាន នឹងបង្កឱ្យមានភាពស្មុគ្រស្មាញផ្នែករដ្ឋបាលកាន់តែខ្លាំង៖ «អង្គការអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានខ្លះមិនរកប្រាក់ចំណេញ មិនគួរឱ្យមានការចុះបញ្ជីច្រើនពេកទេ ដោយសារវាជាកាតព្វកិច្ចផង ណាមួយពួកគាត់ចូលរួមធ្វើការដើម្បីជួយសង្គម ហើយការបង្កើតឱ្យមានកិច្ចការរដ្ឋបាលកាន់តែច្រើន វាធ្វើឱ្យពួកគាត់បាត់បង់ពេលវេលាក្នុងការជួយសង្គមទៅវិញទេ»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនីតិកម្មរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី៥ វិច្ឆិកាថា កាលពីមុន ការស្នើសុំបើកកាសែត វិទ្យុ តម្រូវចុះបញ្ជីនៅត្រឹមតែក្រសួងព័ត៌មានប៉ុណ្ណោះ។ ក៏ប៉ុន្តែ ចាប់ពីពេលនេះតទៅ លោកស្នើឲ្យមានជាការចុះបញ្ជីនៅក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ក្រោមហេតុផលថា ដើម្បីធានាដល់សិទ្ធិរបស់បុគ្គលិក និងបុគ្គលិកដែលបំពេញការងារក្រោមឱវាទអង្គភាពស្ថាប័នព័ត៌មាន។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក សៀង ថៃ កាលពីថ្ងៃទី៦ វិច្ឆិកា ដើម្បីសុំការពន្យល់បន្ថែមជុំវិញរឿងនេះ តែលោកមិនលើកទូរស័ព្ទ។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ បញ្ជាក់ថា អ្វីដែលក្រសួងបានស្នើឡើងនេះ គឺចង់ផ្ដល់តម្លៃឱ្យកាន់តែប្រសើរឡើង ដល់អង្គភាពសារព័ត៌មានមួយចំនួនដែលមិនទាន់បានចុះបញ្ជី មានការការពារពីនិម្មិតសញ្ញារបស់អង្គភាពសារព័ត៌មានទាំងនោះ ដើម្បីចៀសវាងការលួចចម្លងកម្មសិទ្ធិបញ្ញា ឬក៏ស្លាកសញ្ញាសំគាល់របស់ស្ថាប័ន អ្នកសារព័ត៌មាន ឬស្ថាប័នវិទ្យុទាំងនោះ។
លោកបន្ថែមថា ការរិះគន់ពីអ្នកជំនាញសារព័ត៌មាន គឺដោយសារតែមិនទាន់យល់ពីសេចក្តីប្រកាសរួមរបស់ក្រសួងព័ត៌មាន ហើយក្រសួងគ្រោងនឹងរៀបចំវេទិកាមួយ ដោយមានការចូលរួមពីក្រសួងពាណិជ្ជកម្ម ដើម្បីពន្យល់ដល់អ្នកសារព័ត៌មាន ដែលកំពុងប្រកបរបរវិជ្ជាជីវៈនៅកម្ពុជា ឱ្យយល់ពីខ្លឹមសារប្រកាសរួមរវាងក្រសួងទាំងពីរ៖ «អ៊ីចឹងប្រកាសរួមនេះ មិនមែនជាការរឹតត្បិត ឬក៏ធ្វើឱ្យមានភាពតឹងរ៉ឹង ទៅលើអ្នកសារព័ត៌មានទេ គឺយើងចង់ផ្ដល់គុណតម្លៃផ្នែកផ្លូវច្បាប់ទៅដល់អ្នកសារព័ត៌មានហ្នឹង ឱ្យកាន់តែប្រសើរឡើងទៀតតាមរយៈ ការដែលចុះបញ្ជីពាណិជ្ជកម្មទៀត ដើម្បីការពារផលប្រយោជន៍របស់អង្គភាពសារព័ត៌មាន។ ពាក់ព័ន្ធនឹងការចុះបញ្ជីពាណិជ្ជកម្មនេះ វាដូចជាការធ្វើប្លង់រឹងរបស់ផ្ទះយើងចឹង»។
លោក មាស សុភ័ណ្ឌ បន្ថែមទៀតថា នៅពេលដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មហើយ មានន័យថា អង្គភាពសារព័ត៌មានដែលមានស្លាកសញ្ញារបស់អង្គភាព មិនត្រូវបានអ្នកដ៏ទៃយកទៅប្រើប្រាស់ ឬក៏យកទៅចំលងបានទេ។
លោកថា ប្រសិនបើអង្គភាពសារព័ត៌មានមិនរួសរាន់ទៅចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មទេ នោះក្រសួងមិនធានាថា អាចការពារបានទេ ចំពោះស្ថាប័នព័ត៌មានណាដែលមានស្លាកសញ្ញា ឬក៏ឈ្មោះស្រដៀងគ្នា។
ក្រសួងព័ត៌មានកាលពីឆ្នាំ២០១៧ បានលុបចោលស្ថាប័នកាសែតដែលមិនសូវល្បីឈ្មោះ ប្រមាណ ៣៣០ស្ថាប័ន ដោយសារតែស្ថាប័នទាំងនោះអស់សុពលភាព និងមិនសូវបោះពុម្ពផ្សាយ។
លំហសេរីភាពសារព័ត៌មាននៅកម្ពុជាមួយរយៈពេលចុងក្រោយនេះ រងនូវការរឹតត្បិតខ្លាំង ក្រោយពីរបបក្រុងភ្នំពេញបង្កើនយុទ្ធនាការបិទស្ថាប័នព័ត៌មានឯករាជ្យ បន្តចាប់អ្នកកាសែតដាក់គុក និងមិនព្រមទំលាក់ចោលបទចោទប្រកាន់បែបប្រឌិតលើអតីតអ្នករាយការណ៍ព័ត៌មានរបស់អាស៊ីសេរី។ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤៤ ក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២០ របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។