ក្រសួង​អប់រំ​ណែនាំ​ពី​ការ​ទប់ស្កាត់​ការ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​របស់​សិស្ស​នៅ​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់

ក្រសួង​អប់រំ​យុវជន និង​កីឡា​ណែនាំ​ដល់​បណ្ដា​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ឱ្យ​បន្ត​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង ដើម្បី​ទប់ស្កាត់​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ​របស់​សិស្សានុសិស្ស​នៅ​ថ្ងៃ ១៤ កុម្ភៈ ដែល​ជា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់។

ក្រសួង​អប់រំ យុវជន និង​កីឡា​បញ្ជាក់​ថា កន្លង​ទៅ​មាន​សិស្សានុសិស្ស​មួយចំនួន​តូច​យល់​ច្រឡំ​ថា ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​ជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​។ ក្រសួង​បន្ត​ថា ការ​យល់​ច្រឡំ​អត្ថន័យ​ថ្ងៃ​១៤ កុម្ភៈ ដែល​មិនមែន​ជា​ប្រពៃណី​របស់​ខ្មែរ​យើង​នេះ ធ្វើ​ឱ្យ​យុវជន​មួយចំនួន​តូច​បាន​ភ្លើតភ្លើន ភ្លេច​ការសិក្សា បាត់បង់​សេចក្ដីថ្លៃថ្នូរ​បុគ្គល និង​ក្រុម​គ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ជាតិ។

ករណី​នេះ​ក្រសួង​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវ​ពង្រឹង​បទបញ្ជាផ្ទៃក្នុង រួមមាន​៖ ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​កុំ​ឱ្យ​យល់​ច្រឡំ​អត្ថន័យ​នៃ​សេចក្ដីស្រឡាញ់ ពង្រឹង​វិន័យ​ឱ្យ​បាន​ម៉ឺងម៉ាត់​ពិសេស​ការអប់រំ​សីលធម៌ និង​វត្តមាន​របស់​សិស្ស ត្រូវ​ជំរុញ​សកម្មភាព​មិត្ត​អប់រំ​មិត្ត និង​ទាក់ទង​ជិត​ស្និត​ជាមួយ​ឪពុកម្ដាយ អាណាព្យាបាល​សិស្ស និង​សហគមន៍ ដើម្បី​សហការ​គ្នា​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​របស់​សិស្ស ឱ្យ​បាន​ទាន់​ពេល​វេលា។

ទាក់ទង​នឹង​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់ (Valentine's day) ១៤ កុម្ភៈ​នេះ អ្នក​តាមដាន​បញ្ហា​សង្គម​មើល​ឃើញ​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យុវវ័យ​មាន​ការ​យល់​ដឹង​ច្រើន ដោយ​ពួកគេ​លែង​ចាត់​ទុក​ថា​ថ្ងៃ​នេះ គឺជា​ថ្ងៃបុណ្យ​សង្សារ​សម្រាប់​ដៃគូ​ស្នេហា​ទៀត​ហើយ​។ ពួកគេ​ភាគច្រើន​បាន​ចាត់​ទុក​ថ្ងៃ១៤ កុម្ភៈ គឺជា​ថ្ងៃ​សម្រាប់​បង្ហាញ​ក្ដី​ស្រឡាញ់ ចំពោះ​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។