ក្រសួង​អប់រំ​ថា ការ​បើក​បវេសនកាល​ឆ្នាំ​ថ្មី ដំណើរ​ទៅ​ល្អ និង​​អនុវត្ត​គោល​ការណ៍​​បង្ការ​កូវីដ១៩ យ៉ាង​ខ្ជាប់​ខ្ជួន

0:00 / 0:00

មន្ត្រី​ក្រសួង​អប់រំ និងគ្រូ​បង្រៀន​ខ្លះ​ ឲ្យ​ដឹង​ថា ការ​បើក​បវេសនកាល​​ឆ្នាំ​សិក្សា​ថ្មី នៅ​ថ្ងៃ​ទី​១១ មករា ដំណើរ​ការ​ទៅ​ល្អ និង​បាន​អនុវត្ត​គោលការណ៍​បង្ការ​ជំងឺ​កូវីដ១៩ (Covid-19) យ៉ាង​ខ្ជាប់​ខ្ជួន។ អ្នក​​ជំនាញ​​វិស័យ​អប់រំ ជំរុញ​ក្រសួង​អប់រំ​​ឱ្យ​បើក​ថ្នាក់​សង្គ្រោះ សម្រាប់​សិស្ស​រៀន​ខ្សោយ ព្រោះ​ពួក​គាត់​បារម្ភ​ថា ​សិស្ស​មួយ​ចំនួន នឹង​​ប្រឈម​​បញ្ហា​​​រៀន​មិន​ទាន់​កម្មវិធី​សិក្សា។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា ឲ្យ​ដឹង​ថា ការ​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​គ្រប់​កម្រិត​ទាំង​អស់ ហើយ​ក្រសួង​ទទួល​បាន​សិស្ស​ចុះ​ឈ្មោះ នៅ​ទូទាំង​ប្រទេស ជាង​បី​លាន​ប្រាំ​សែន (៣.៥០០.០០០) នាក់។ លោក​​បន្ត​ថា ក្រសួង​នៅ​តែ​តម្រូវ​ឲ្យ​គ្រឹះស្ថាន​អប់រំ​សិក្សា​ទាំង​អស់ បន្ត​អនុវត្ត​គោល​ការណ៍​អនាម័យ និង​បង្ការ​ជំងឺ​កូវីដ១៩ តាម​ការ​ណែនាំ​របស់​ក្រសួង​អប់រំ និង​ក្រសួង​សុខាភិបាល​ដដែល៖ « នៅ​ក្នុង​នោះ គឺ​មាន​ចំណុច​សំខាន់ៗ ដូចជា​ការ​រក្សា​អនាម័យ ក៏​ដូចជា​ការ​រក្សា​គម្លាត​បុគ្គល​ នៅ​ក្នុង​ថ្នាក់​រៀន គឺ​ត្រូវ​យ៉ាង​តិច​មួយ​ម៉ែត្រ​កន្លះ ហើយ​ត្រូវ​បន្ត​អនុវត្ត​យក​ចិត្ត​ទុកដាក់​ការ​លាង​ដៃ​ ជាមួយ​សាប៊ូ​ជាដើម។ ជា​រួម ​ក្រសួង​សង្កេត​ឃើញ​ថា មាន​ការ​យក​ចិត្ត​ទុក​ដាក់​កម្រិត​ខ្ពស់ នៅ​តាម​គ្រឹះស្ថាន​សិក្សា​នៅ​ទូទាំង​ប្រទេស»

ក្នុង​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ ក្រសួង​អប់រំ បាន​ណែនាំ​ឲ្យ​គ្រឹះស្ថាន​មត្តេយ្យ​សិក្សា (មត្តេយ្យ​សាធារណៈ និង​មត្តេយ្យ​សហគមន៍) បឋម​សិក្សា និង​មធ្យម​សិក្សា (បឋម​ភូមិ និង​ទុតិយភូមិ) អនុវត្ត​កម្មវិធី​សិក្សា​ថ្មី ដែល​ហៅ​ថា កម្មវិធី​សិក្សា​បង្រួញ។ ក្នុង​កម្មវិធី​សិក្សា​បង្រួញ នៃ​កម្រិត​សិក្សា​នីមួយៗ ​មាន​ការ​បង្រៀន នៅ​ក្នុង​ថ្នាក់ កម្រង​កិច្ច​ការ​ផ្ទះ មេរៀន​សង្ខេប​របស់​ក្រសួង ការ​ប្រើប្រាស់​វីដេអូ ​ក្នុង​ការ​សិក្សា​ និង ​ស្វ័យ​សិក្សា។

ក្រសួង​អប់រំ ក៏​តម្រូវ​ឲ្យ​គណៈ​គ្រប់គ្រង​មធ្យម​សិក្សា និង​គ្រូ​បង្រៀន វាយ​តម្លៃ​កម្រិត​ចំណេះ​ដឹង ​របស់​សិក្ស គ្រប់​កម្រិត នៅ​សប្ដាហ៍​ទី១ នៃ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ដែរ។ ក្នុង​ករណី​ការ​ធ្វើតេស្ត​ សមត្ថភាព​សិស្ស​មិន​ទាន់​ពេញលេញ ក្រសួង​អប់រំ តម្រូវ​ឲ្យ​គណៈ​គ្រប់គ្រង និង​គ្រូ​បង្រៀន​ ប្រើ​ពេល​មួយ​ខែ (១១ មករា ដល់ ១១ កុម្ភៈ) ដើម្បី​បង្រៀន​មេរៀន​កាល​ពី​ឆ្នាំ​សិក្សា​ចាស់​ដល់​សិស្ស​ទាំង​នោះ។ ក្រសួង​ ក៏​កំណត់​ឲ្យ​មាន​ការ​ ឆ្លាស់​វេន​គ្នា​រៀន​ដដែល ហើយ​ក្នុង​មួយ​ថ្នាក់ មិន​ឲ្យ​មាន​សិស្ស​លើស​ពី​៤០​នាក់​ឡើយ។ ក្រសួង​អប់រំ​ នៅ​តែ​តម្រូវ​ឲ្យ​គ្រប់​សាលា​ទាំង​អស់ ផ្ដោត​អាទិភាព​ខ្លាំង ទៅ​លើ​សិស្ស​ថ្នាក់​ទី៩ និង​សិស្ស​ថ្នាក់​ទី១២ ព្រោះ​ជា​ឆ្នាំ​ ប្រឡង​ថ្នាក់​ជាតិ។

គ្រូ​បង្រៀន​ថ្នាក់​ទី១ នៃ​សាលា​បឋម​សិក្សា​បូរី​កម្មករ នៅ​ជាយ​ក្រុង​ព្រះសីហនុ អ្នកគ្រូ គា ស៊ីសុគន្ធី ឲ្យ​ដឹង​ថា ឆ្នាំ​សិក្សា​ថ្មី អ្នក​ស្រី ទទួល​បាន​សិស្ស ៣០នាក់។ អ្នកស្រី បន្ត​ថា សិស្ស​ទាំង​អស់ ត្រូវ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​នៅ​ម៉ោង​រៀន ហើយ​ដាក់​ឲ្យ​អង្គុយ​ម្នាក់​មួយ​តុ នៅ​ឆ្ងាយ​ពី​គ្នា ប្រហែល ១ម៉ែត្រ​កន្លះ។ គ្រូបង្រៀន​រូប​នេះ មាន​ប្រសាសន៍​​បន្ត​ថា សិស្ស​នៅ​ថ្នាក់​បឋម​សិក្សា​ អាច​អនុវត្ត​គោលការណ៍​រក្សា​គម្លាត​ពី​គ្នា បាន​តែ​នៅ​ក្នុង​ថ្នាក់​រៀន​ទេ តែ​ចំពោះ​ ម៉ោង​ចេញ​លេង គឺ​សិស្ស​ប្រមូល​ផ្ដុំ​គ្នា រត់​លេង​ដដែល៖ « បើ​ខ្ញុំ​វិញ កាល​ពី​ឆ្នាំ​មុន សិស្ស​តិច។ សិស្ស​តិច ខ្ញុំ​អាច​ដាក់​វា​ឆ្លាស់ៗ គ្នា។ បើ​បង​ប្អូន ឲ្យ​អង្គុយ​ជាមួយ​គ្នា​បាន។ បង​ប្អូន​វា​នៅ​ផ្ទះ​ជាមួយ​គ្នា។ អា​ហ្នឹង តុ​មួយ ២នាក់​បាន តែ​បើ​អត់​ទេ មួយៗ ម្នាក់ ឆ្លាស់​គ្នា​អ៊ីចឹង​ទៅ។ មុន​ដំបូង គេ​ចែក​ម៉ោង​គ្នា​ចេញ​លេង​ដែរ ម្ដង ១០នាទី អ៊ីចឹង​ទៅ។ ដល់​ពេល​ក្រោម​មក ហាម​ឃាត់​ក្មេង មិន​បាន»

អ្នក​ពិគ្រោះ​យោបល់​ឯករាជ្យ​ផ្នែក​គោល​នយោបាយ​អប់រំ (Educational Freelancer) លោក សេង ហុង មើល​ឃើញ​ថា ការ​បើក​បវេសនកាល​ថ្មី​ជា​រឿង​ល្អ សម្រាប់​វិស័យ​អប់រំ។ តែ​យ៉ាង​ណា លោក​ព្រួយ​បារម្ភ​ថា អត្រា​សិស្ស​ពាក់​កណ្ដាល អាច​នឹង​បន្ត​រៀន​មិន​ទាន់​កម្មវិធី​សិក្សា ដូច​ឆ្នាំ​មុន។ លោក​យល់​ថា សិស្ស​មួយ​ចំនួន​ នៅ​តែ​ជួប​ការ​លំបាក បើ​ទោះ​ជា​មាន​ការ​រៀន​នៅ​ក្នុង​ថ្នាក់​ផង ការ​ឆ្លាស់​វេន​គ្នា ការ​រៀន​តាម​ប្រព័ន្ធ​វីដេអូ និង​​ការ​រៀន​បែប​ស្វ័យ​សិក្សា​ផង។

លោក សេង ហុង យល់​ថា ក្រសួង​អប់រំ គួរ​តែ​តម្រូវ​ឲ្យ​មាន​ថ្នាក់​សង្គ្រោះ សម្រាប់​សិស្ស​ ដែល​រៀន​មិន​ទាន់​កម្មវិធី។ លោក​បន្ត​ថា សិស្ស​រៀន​មិន​ទាន់​កម្មវិធី ភាគច្រើន ជា​សិស្ស​នៅ​តាម​ទី​ជនបទ និង​ជា​សិស្ស ដែល​គ្មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ សម្រាប់​រៀន​នៅ​ផ្ទះ។ ទន្ទឹម​នឹង​នេះ លោក​ក៏​ជំរុញ​ឲ្យ​អាណា​ព្យាបាល ខិតខំ​ជំរុញ និង​ជួយ​បង្រៀន​កូន​នៅ​ផ្ទះ​ឲ្យ​បាន​ច្រើន៖ « ការ​ស្រាវជ្រាវ​យើង​រក​ឃើញ​ថា កូន​សិស្ស​ប្រហែល​ជា​ពាក់​កណ្ដាល​ទេ ដែល​មាន​ទូរស័ព្ទ​ដៃ ទូរទស្សន៍​​អ្វី​រៀន។ ក្នុង​ចំណោម​ពាក់​កណ្ដាល​ហ្នឹង ប្រហែល​ហាសិប ឬ​ហុកសិប ​ភាគរយ ដែល​មាន​ឧបករណ៍​ហ្នឹង​រៀន ប៉ុន្តែ​គ្នា​ ក៏​មិន​មែន​មាន​លទ្ធភាព​ទិញ​អ៊ីនធឺណិត ទិញ Data រៀន​កើត​ដែរ អ៊ីចឹង​ណា ព្រោះ​ឪពុក​ម្ដាយ ប្រឈម​អត់​ការ​ងារ​ធ្វើ​ច្រើន​សឹង​អ្វី។ អ៊ីចឹង វា​ជា Gate ធំ​ណាស់ ដែល​យើង​ត្រូវ​ផ្ដួច​ផ្ដើម​បង្កើត​ថ្នាក់​សង្គ្រោះ​យ៉ាង​ម៉េច អ្វី​យ៉ាង​ម៉េច ដើម្បី​សង្គ្រោះ​​ក្មេង ដែល​គ្នា​រៀន​យឺត ព្រោះ​ក្មេង​ទាំង​អស់ អត់​ដូច​គ្នា​ទេ។ ក្មេង ដែល​រៀន​យឺត មាន​ច្រើន​ណាស់»

ជាមួយ​គ្នា​នេះ នៅ​ថ្ងៃ​ទី១១ ខែ​មករា ក្រសួង​សុខាភិបាល​រក​ឃើញ​ថា ស្ត្រី​ពលករ​ខ្មែរ​ម្នាក់ អាយុ ២៨ឆ្នាំ រស់​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង មាន​ផ្ទុក​ជំងឺ​កូវីដ១៩។ ពលករ​រូប​នេះ បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​មក​ដល់​កម្ពុជា កាល​ពី​ថ្ងៃ​ទី៨ មករា។ បច្ចុប្បន្ន ស្ត្រី​រូប​នេះ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយ​មានជ័យ។ នៅ​ថ្ងៃ​ដដែល អ្នក​ជំងឺ ៣នាក់ បាន​ជា​សះ​ស្បើយ​ជំងឺ​កូវីដ១៩ ក្នុង​នោះ​មាន ពលករ​ខ្មែរ មក​ពី​ប្រទេស​ថៃ ២នាក់ និង​ភរិយា​របស់​អគ្គ​នាយក​ពន្ធនាគារ លោក ឆែម សាវុធ ដែល​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ គិត​ត្រឹម​ព្រឹក ថ្ងៃទី១១ មករា កម្ពុជា​រក​ឃើញ​អ្នក​​ជំងឺ​កូវីដ១៩ ៣៩២នាក់។ ក្នុង​នោះ ភាគ​ច្រើន (៣៧៤នាក់) បាន​ព្យាបាល ជា​សះ​ស្បើយ​អស់​ហើយ និង​​នៅ​សល់​អ្នក​ជំងឺ​ចំនួន ១៨នាក់ កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។