អ្នក​វិភាគ​ថា​ របប​ក្រុង​ភ្នំពេញ​បង្កើត​គណៈកម្មាធិការ​ពីរ​បន្ថែម​ទៀត​គឺ​ជា​ស្ថាប័ន​ទីងមោង​នយោបាយ

0:00 / 0:00

អ្នក​វិភាគ​អះអាង​ថា​ ការ​បង្កើត​គណៈកម្មាធិការ​ពីរ​ បន្ថែម​ទៀត​ របស់​ក្រសួង​មហាផ្ទៃ​គឺ​​ នឹង​ធ្វើឲ្យប៉ះពាល់ដល់ថវិកា​ជាតិ​។ប៉ុន្តែ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​វិល​យល់​ថា​ ការ​បង្កើត​គណៈកម្មាធិការ​នេះ​ គឺ​ដើម្បី​ឲ្យ​ក្រសួង​មហាផ្ទៃ អាច​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ​ ក្នុង​ការ​អនុវត្ត​ទិសដៅ​ការងារ​ ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ និង​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​។​​

ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃទី​២៧​ តុលា​ សម្រេច​បង្កើត​គណៈកម្មាធិការ​ពីរ​បន្ថែម​ទៀត​គឺ​ គណៈកម្មាធិការ​ ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ និង​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​/កាមរោគ បន្ថែម​លើ​អាជ្ញាធរ​គ្រឿងញៀន​ និង​អាជ្ញាធរ​អេដស៍​ដែល​មាន​ស្រាប់​រួច​ទៅ​ហើយ​នោះ។​

គេហទំព័រ​របស់​នាយក​ដ្ឋាន​ផ្សព្វផ្សាយ​អប់រំ​ របស់​ក្រសួង​មហាផ្ទៃ​ ​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧​ថា​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​/កាមរោគ បន្ថែម​លើ​អាជ្ញាធរ​គ្រឿងញៀន​ និង​អាជ្ញាធរ​អេដស៍ លោក​ កៅ ខុនដារ៉ា​ បាន​អះអាងថា​ ការ​បង្កើត​គណៈកម្មាធិការ​ទាំង​ពីរ​នេះ​គឺ​ដើម្បី​ឲ្យ​ក្រសួង​មហាផ្ទៃ អាច​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ​ ក្នុង​ការ​អនុវត្ត​ទិសដៅ​ការងារ​ ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ និង​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​។

លោក​ កៅ ខុនដារ៉ា ​បាន​បញ្ជាក់ថា​ អភិបាល​រាជធានី-​ខេត្ត​ ត្រូវ​រៀបចំ​ឲ្យ​មាន​យន្តការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ច្បាស់លាស់​ ពី​ថ្នាក់​រាជធានី-ខេត្ត​ ដល់​ខណ្ឌ/ក្រុង/ស្រុក​ និង​ឃុំ-សង្កាត់​ ហើយ​ត្រូវ​ធ្វើ​សកម្មភាព​ជា​ពហុ​វិស័យ​ជាប់​ជា​ប្រចាំ​។

លោក​ថា​ ​ក្នុង​ដំណាក់​កាល​ដែល​រាជរដ្ឋាភិបាល​ ​កំពុង​ដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់​ និង​គោល​នយោបាយ​ ភូមិ-ឃុំ-​សង្កាត់​ មាន​សុវត្ថិភាព​ ត្រូវ​យកចិត្ត​ទុកដាក់​អនុវត្ត​ ដោយ​ឈរ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ និង​មាន​ប្រសិទ្ធភាព​។

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ អគ្គស្នងការ​រង​នគរ​បាល​ជាតិ​ ទទួល​បន្ទុក​គ្រឿង​ញៀន​លោក​ ម៉ក់ ជីតូ​ ប្រាប់​អាស៊ីសេរីថា​ ការ​បង្កើត​គណៈកម្មាធិការ​ទាំង​ពីរ​នេះ​គឺ​ដើម្បី​ការពារ​ និង​បំផុស​ផ្ទៃ​ក្នុង​នៅ​តាម​ក្រសួង​ និង​តាម​បណ្តា​ខេត្ត​នីមួយ​ៗ​ អោយ​បាន​យល់​ច្បាស់​ពី​បញ្ហា​គ្រឿង​ញៀន​ និង​ជំងឺ​អេដស៍។​

លោក​ថា​ កន្លងមក​ក្រសួង​មហាផ្ទៃ​ច្រើន​តែ​ឃោសនា​អប់​រំ​ប្រជាពលរដ្ឋ​ នៅ​តែ​ខាង​ក្រៅ​ប៉ុណ្ណោះ មិន​បាន​ស៊ីជម្រៅ​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ​៖«​ការ​រៀប​ចំ​គណៈកម្មាធិការ​នេះ​ទី​១​គឺ​បង្ក្រាប​គ្រឿង​ញៀន​ និង​ផ្ទៃ​ក្នុង​ មន្ត្រី​រាជការ​នៅ​ក្នុង​ក្រសួង​មហា​ផ្ទៃ​ ក៏​ដូច​ជា​បញ្ហា​ បង្ការ​ជំងឺ​អេដស៍​ / កាម​រោគ​ក៏​ដូច​គ្នា​ដែរ​។​ដូច​ពី​មុន​គេ​ហៅ​ថា​ សមាគម​ មិត្ត​ជួយ​មិត្ត​ចឹង​។​ ឃោសនា​អប់​រំ​គ្នា​ យើង​ទៅ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ សហការ​ដើម្បី​បង្ក្រាប​គ្រឿង​ញៀន​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​ ក្រសួង​ណា​ក៏​មាន​ នៅ​គ្រប់​ក្រសួង​»។

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ មាន​សមាសភាព​ចូល​រួម​ចំនួន​២៥​ រូប​ ចំណែក​ឯ​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍/​កាមរោគ​ ប្រចាំ​ក្រសួង​មហាផ្ទៃ​មាន​សមាសភាព​ចូលរួម​ចំនួន​២៧​រូប។

ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​នេះ​ មន្ត្រី​សង្គម​ស៊ីវិល​ ​នៅ​តែ​សំដែង​ក្តី​កង្វល់​ខ្ពស់​ដដែល​ បើ​ទោះ​បី​ជា​អាជ្ញាធរ​ មាន​ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់​ក៏​ដោយ​ ក៏​បញ្ហា​ការ​ជួញ​ដូរ​ និង​ការ​ប្រើ​ប្រាស់​ គ្រឿង​ញៀន​​នៅ​តែ​កើត​មាន​ឡើង​ដដែល​​។​​

អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​និទ្ទេស​នៅ​ប្រទេស​ហ្វាំងឡង់(Finland)​លោក​ គឹម សុខ​ មាន​ប្រសាសន៍​ថា​ ក្រសួង​មហាផ្ទៃ​មិន​ចាំ​បាច់​បង្កើត​ គណៈកម្មាធិការ​ ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀនទេ​ ដោយ​សារ​តែ​ក្រសួង​មាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ដែល​ដឹក​នាំ​ដោយ​លោក​ កែ គឹមយ៉ាន​រួច​ទៅ​ហើយ​។​ចំណែក​​នៅ​តាម​ស្នង​ការ​ខេត្ត​នីមួយ​ៗ​ក៏​មាន ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​​ទៀត​ផង​។​

លោក​ថា​ ដោយ​ឡែក​ការ​បង្កើត​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​/កាមរោគ ​ក៏​មិន​ចាំ​បាច់​បង្កើត​ដែរ ដោយសារ​កម្ពុជា​​មាន​អាជ្ញាធរ​អេដស៍​ និង​កាម​រោគ​រួច​ទៅ​ហើយៗ​តាម​ខេត្ត​ ស្រុក​ ខណ្ឌ​ នីមួយៗ​ក៏​មាន​មន្ទីរ​ពេទ្យ​បង្អែក ហេតុ​ដូច្នេះ​មិន​ត្រូវ​បង្កើត​ទៀត​នាំតែ​​ស្មុគស្មាញ​ទេ។​

លោក​បន្ថែមថា​ ការ​បង្កើត​ស្ថាប័ន​ជាតិ​កាន់​តែ​ច្រើន​ នឹង​ជាន់​តួនាទី​គ្នា​បែប​នេះ​គឺ​គ្រាន់​តែ​ជា​វិធី​ចែក​ដំណែង​គ្នា​ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ជម្លោះ​ផ្ទៃ​ក្នុង​តែ​ប៉ុណ្ណោះ​ ជា​ជាង​​ប្រសិទ្ធភាព​ការ​ងារ​ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​៖«នេះ​គេ​ហៅ​ថា​ ស្ថាប័ន​ទីង​មោង​នយោបាយ​ ដែល​ចាយ​លុយ​ជាតិ​អត់​បាន​ផល​ប្រយោជន៍​ដល់​ជាតិ​ និង​ប្រជារាស្ត្រ​ទេ​ ហើយ​គេ​គ្រាន់​តែ​បង្កើត​ឡើង​ យក​ទៅ​ឃោសនា​ បោក​បញ្ឆោត​ប្រជារាស្ត្រ​ ថា​គេ​យក​​ចិត្ត​ទុក​ដាក់​ណា​ថា​​ គេ​បង្កើត​ស្ថាប័ន​នេះ​ ស្ថាប័ន​នោះ»។

គណៈរដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​អនុម័ត​កាលពី​ថ្ងៃទី២៣ តុលា សម្រាប់​ឆ្នាំ២០២១​ខាងមុខ រដ្ឋ​គ្រោង​ចំណាយ​ថវិកា​ថ្នាក់ជាតិ​ប្រមាណ​ ៧,៥ ពាន់​លាន​ដុល្លារ ពោល​គឺ​ថយ​ចុះ​តែ ១,៩% បើធៀប​នឹង​ឆ្នាំ២០២០។ រីឯ នៅ​ថ្នាក់​ក្រោមជាតិ​វិញ រដ្ឋ​គ្រោង​ចំណាយ​ប្រមាណ​ជិត ៦៥០​លាន​ដុល្លារ។

សម្រាប់ឆ្នាំ២០២១​ខាងមុខនេះ​ រដ្ឋាភិបាល​នឹង​មិន​ដាក់​ចេញ​នូវ​ប្រភេទ​ពន្ធ​ថ្មី ឬ​បង្កើន​អត្រា​ពន្ធ​នោះទេ ខណៈចំណូល​ថវិកាជាតិ​សម្រាប់​ឆ្នាំ២០២១ ត្រូវ​រំពឹងថា​នឹង​មាន​ចំនួន​ប្រមាណ​ជិត ៥ពាន់​លាន​ដុល្លារ ពោលគឺ​ថយចុះជាង ១៧% ធៀប​នឹងឆ្នាំ២០២០។ នេះ​មានន័យ​ថា រដ្ឋាភិបាល​អាច​បង្កើន​ការខ្ចី​បុល​ពី​បរទេស​ក្នុង​រង្វង់​ប្រមាណ​ពី ២ពាន់លាន ទៅ ៣ពាន់​លាន​ដុល្លារ ដើម្បី​សម្រេច​បាន​ការ​ចំណាយ​ថវិកាជាតិ​ដែល​បាន​គ្រោង​នេះ។​​​​​​​​​​​​​​​​

តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បាន​ឲ្យ​ដឹងថា​ នៅក្នុង​ឆមាស​ទី១ ​ឆ្នាំ​២០២០ ​នេះ​ សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​​ចំនួន​ជាង​៥​ពាន់​ករណី(​៥.៤៦៣​ករណី)​គឺ​បាន​កើន​ឡើង​​ចំនួន​ជាង​ ១​ពាន់​ករណី(១.២៨៨​ករណី)​ស្មើ​នឹង​ជាង​៣០​ភាគរយ ​(៣០.៨ភាគរយ)​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩​។​

ទាក់​ទិន​នឹង​បញ្ហា​អេដស៍​/កាម​រោគ​វិញ ​​កម្ពុជា​ក៏បាន អនុវត្ត​កម្មវិធី​បង្ការ​ថ្មីៗ​ដែល​ធ្វើការ​ជាមួយ​អង្គការ​សហគមន៍​។​​ជា​លទ្ធផល​ចំនួន​នៃ​ករណី​ឆ្លង​មេរោគ​អេដស៍​ថ្មី​ នៅ​ក្នុង​មួយ​ឆ្នាំ​ បាន​ថយ​ពី​ចំនួន​ដែល​មាន​ច្រើន​បំផុត​ ជាង​២ម៉ឺន​នាក់​ក្នុង​ឆ្នាំ​ ១៩៩៦​ មក​នៅ​ត្រឹម​​​ជាង​១​ពាន់​នាក់​ ក្នុងឆ្នាំ ២០១៦​ហើយ​នៅ​ក្នុង​ឆ្នាំ​២០២៥​ខាង​មុខ​នេះ​កម្ពុជា​ប្ដេជ្ញា ​ថា​ នឹង​ទប់​ស្កាត់​ជំងឺ​អេដស៍​បាន​ជោគ​ជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។