ក្រសួង​មហាផ្ទៃ​រៀបចំ​បង្កើត​បញ្ជី​ខ្មៅ​កត់ត្រា​អ្នក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍

0:00 / 0:00

ក្រសួង​មហាផ្ទៃ​រៀបចំ​បង្កើត​បញ្ជីខ្មៅ​កត់ត្រា​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​អ្នកដទៃ​រង​របួស ឬ​បាត់បង់​អាយុជីវិត។ អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ថា ការបង្កើត​បញ្ជីខ្មៅ​នេះ ជា​ចំណុច​ចាប់ផ្ដើម នៃ​ការ​ជជែក​ពី​សុវត្ថិភាព​ចរាចរណ៍។

ក្រសួង​មហាផ្ទៃ​កំពុង​រៀបចំ​បង្កើត​បញ្ជី​ខ្មៅ​កត់ត្រា​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ក្រោយពី​ចំនួន​គ្រោះថ្នាក់ បាន​ឆក់​យក​ជីវិត​មនុស្ស និង​បន្សល់​ទុក​ជនរងគ្រោះ​រាប់​ពាន់​នាក់​ក្នុង​មួយឆ្នាំៗ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា កាល​ពី​ថ្ងៃ​ទី២៣ ខែ​មករា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​ថា ក្នុង​រយៈពេល​មួយឆ្នាំ​២០២៣ គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ជិត ២​ពាន់​នាក់ បាន​ស្លាប់​នៅ​លើ​ដងផ្លូវ ហើយ​មូលហេតុ នៃ​សោកនាដកម្ម​នេះ គឺ​បណ្ដាល​មក​ពី​ការ​បើកបរ​ក្រោម​ឥទ្ធិពល នៃ​គ្រឿង​ស្រវឹង​។ លោក ស សុខា បន្ត ថា ការ​បញ្ជា​យានយន្ត​ក្នុង​ស្ថានភាព​ស្រវឹង ជា​ការ​ប្រមាថ​អាយុជីវិត​ខ្លួនឯង ហើយ​អាច​ក្លាយជា​ឃាតក​គ្រប់​វិនាទី​។ លោក​ឲ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ​កំពុង​បង្កើត​បញ្ជីខ្មៅ (Blacklist) ដើម្បី​កត់ត្រា និង​គ្រប់គ្រង​ទិន្នន័យ​អ្នកបើកបរ​នៅក្នុង​ស្ថានភាព​ស្រវឹង ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​អ្នកដទៃ រងរបួស ឬ​បាត់បង់​អាយុជីវិត។

ទាក់ទង​នឹង​រឿង​នេះ​ដែរ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០២៤ របស់​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី២៣ មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួល​ស្គាល់​ថា ការ​ស្លាប់​របស់​ពលរដ្ឋ​កម្ពុជា​បណ្ដាល​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន​ច្រើនជាង​គ្រោះថ្នាក់​ផ្សេង​ទៀត​ដូចជា គ្រោះថ្នាក់​បណ្ដាល​មក​ពី​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ។ លោក ហ៊ុន ម៉ាណែត ក៏​ដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​គ្រឿង​ស្រឹង​ហួសហេតុ តាម​កញ្ចក់​ទូរទស្សន៍។

លោក ហ៊ុន ម៉ាណែត៖ «ថ្ងៃមុន​បាន​ប្រជុំ​ហើយ​ជាមួយ​ស្ថានីយទូរទស្សន៍ គឺ​ឥឡូវ​ហាម​ការផ្សាយ​បិទ​ប៉ាណូ ប៉ុន្តែ​ដាក់ពាក្យ​អប់រំ​ជាមួយ ផឹក បើ​ថា ស្រវឹង​កុំ​បើកបរ អ៊ីចឹង​ទៅ។ ប៉ុន្តែ​រឿង​ឡើង​វាយ​បុក​ហៅ​មនុស្ស​ទៅ​គាស់​ផឹក​គាស់​អី អត់​ទេ សូម​ឲ្យ​គ្រប់​ស្ថានីយ​ទូរទស្សន៍​ទាំងអស់​ឈប់​ឲ្យ​ធ្វើ​បន្ត​ទៀត»។

អ្នកជំនាញ​ផ្នែក​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍ លោក គង់ រតនៈ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៤ ខែ​មករា ថា លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​នៅ​មិនទាន់​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​នៅ​ឡើយ​ទេ ជាហេតុ​នាំ​ឲ្យ​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​ល្មើសច្បាប់​ចរាចរណ៍​នៅតែ​មាន​ជា​បន្ត​ទៀត។ លោក​បន្ត​ថា ចំពោះ​ការ​បង្កើត​បញ្ជីខ្មៅ កត់ត្រា​អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​វិញ អាច​ជា​ផ្នែក​មួយ ធ្វើ​ឲ្យ​ពលរដ្ឋ​ងាក​មក​គោរព​ច្បាប់​ចរាចរណ៍ ហើយ​បើកបរ​គ្មាន​សារធាតុ​ស្រវឹង។ ប៉ុន្តែ​លោក​ថា ដើម្បី​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​វែង រដ្ឋាភិបាល និង​អាជ្ញាធរ​គួរតែ​បង្កើន​ការ​ផ្សព្វផ្សាយ និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ព្រមទាំង​ពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព​តាម​ដងផ្លូវ។

លោក គង់ រតនៈ៖ «ក៏ប៉ុន្តែ​អ្វី ដែល​សំខាន់​ជាង​ហ្នឹង​ទៅទៀត​នោះ​គឺ សម្រាប់​ខ្ញុំ គឺ​មាន​ការអនុវត្ត​យន្តការ ដើម្បី​ការពារ​សុវត្ថិភាព​ជាច្រើន​ទៅទៀត​ទេ ដែល​សំខាន់​ជាង​ហ្នឹង ហើយ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​កុំ​ឲ្យ​មានការ​ទទួលទាន​គ្រឿង​ស្រវឹង ឬក៏​បង្កើត​ឲ្យ​មានច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង ឬក៏​អីហ្នឹង​វា​ជា​រឿង ដែល​ប្រសើរ​ជាជាង​ហ្នឹង មានន័យថា វា​មាន​ឥទ្ធិពល​នៅក្នុង​រយៈពេល​វែង ជាជាង​ការ​ធ្វើ​សកម្មភាព​ឃើញ​តែ​ពេល​មួយភ្លែត ហើយក៏​បាត់​ទៅវិញ​អីចឹង​ទៅ»។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កន្លងមក គេ​សង្កេត​ឃើញ​ថា ជន​បង្ក​ដែល​ជា អ្នកមាន​លុយ​មានអំណាច​មួយចំនួន ដែល​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​កាន់អំណាច​តែង​រួច​ពី​សំណាញ់​ច្បាប់ ជាក់ស្ដែង​ដូច​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ដោយ​អនុប្រធាន​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ដែល​ឡាន​របស់​លោក បាន​បុក​មនុស្ស ហើយ​រត់គេច ដែល​បណ្ដាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​មាន​ផ្ទៃពោះ​ស្លាប់ និង​ប្ដី​រង​របួស​ធ្ងន់​ក្នុងស្រុក​កៀនស្វាយ​កាលពី​ឆ្នាំ​២០១៣ ។ ករណី​មួយ​ទៀត អភិបាលខេត្ត​មណ្ឌលគិរី លោក ថង សាវុន ក៏បាន​បើកឡាន​ទំនើប​បុក​ពលរដ្ឋ​ពីរ​នាក់​ស្លាប់​ភ្លាមៗ កាលពី​ខែកញ្ញា ឆ្នាំ​២០២១ ហើយ​មក​ទល់​ពេល​នេះ អាជ្ញាធរ​ក៏​មិនទាន់​ស្រាវជ្រាវ និង​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​នៅឡើយ​ទេ ។ ករណី​មួយ​ផ្សេងទៀត ជន​បង្ក​ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ដែល​ជា​កូនប្រុស​របស់​មេធាវី ព្រហ្ម វិចិត្រសុភា បើកឡាន​ទំនើប​(Jeep) ប្រណាំង​ជាមួយ​ឡាន​ទំនើប​មួយ​ផ្សេងទៀត បាន​បុក​លោក សៀង គីមហុង ដែល​ជា​កីឡាករ​វាយ​សី​ឆ្នើម​របស់​កម្ពុជា បណ្ដាល​ឲ្យ​ស្លាប់ កាល​ពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣។ ក្រោយពី​កើតហេតុ ជន​បង្ក​បាន​រត់​គេច​ខ្លួន ហើយ​អាជ្ញាធរ​បាន​ត្រឹមតែ​អំពាវនាវ​ឲ្យ​ជន​បង្ក​ចូលខ្លួន​សារភាព​កំហុស ដោយ​គ្មាន​ចំណាត់ការ​ណាមួយ​ឡើយ រហូត​ទាល់តែ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់​អ្នកបើកបរ​រថយន្ត​រូប​នោះ ទើប​ជន​បង្ក​ចូល​ខ្លួន​សារភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។