បេក្ខនារី​ពី​ទីបេ​និង​តៃវ៉ាន់​ត្រូវ​ដក​ចេញ​ពី​ការ​ប្រកួត​បវរកញ្ញា Miss Global ដោយសារ​នយោបាយ​ចិន​តែ​មួយ

0:00 / 0:00

បេក្ខនារី​មក​ពី​ទីបេ (Tibet) និង​តៃវ៉ាន់​(Taiwan) ត្រូវ​អ្នក​រៀបចំ​កម្មវិធី​ដក​ចេញពី​ការ​ប្រឡង​បវរកញ្ញា Miss Global ឆ្នាំ​២០២៣ ដែល​កម្ពុជា និង​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ ដោយសារ​គោលនយោបាយ​ចិន​តែ​១។

កម្ពុជា និង​វៀតណាម​កំពុង​រួមគ្នា​រៀបចំ​កម្មវិធី​ប្រឡង​បវរកញ្ញា Miss Global ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​២ មករា និង​គ្រោង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៨ មករា​ខាងមុខ ដែល​ជា​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ។

ម្ចាស់​ផលិតកម្ម​មហាហង្ស ដែល​តំណាង​ឱ្យ​ភាគី​កម្ពុជា​នៃ​អ្នក​រៀបចំ​កម្មវិធី​ប្រឡង​បវរកញ្ញា Miss Global លោក អ៊ិន សុភិន អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​យប់​ថ្ងៃទី​១១ ខែ​មករា ថា ក្រោម​គោល​នយោបាយ​ចិន​តែមួយ​មន្ត្រី​រដ្ឋាភិបាល​បាន​ណែនាំ​ឱ្យ​ដក​បេក្ខនារី២​រូប គឺ​បេក្ខនារី​មក​ពី​ទីបេ និង​តៃវ៉ាន់ មិន​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ពិភពលោក​មួយ​នេះ។

លោក សុភិន បន្ត​ថា ប៉ុន្តែ​ដោយមាន​ការ​សម្របសម្រួល​បវរកញ្ញា​មកពី​តៃវ៉ាន់ កញ្ញា លីនដា ហ័ង (Linda Huang) បាន​ចូលរួម​ប្រកួត​វិញ ក្រោយ​យល់ព្រម​ប្ដូរ​ពី​ពាក្យ​ថា មក​ពី​តៃវ៉ាន់ ទៅ​ជា​ឈ្មោះ​ដែនដី​មួយ​នៅក្នុង​ប្រទេស​ចិន​វិញ។ តែ​ទោះជា​យ៉ាងណា​បវរកញ្ញា​ទីបេ កញ្ញា ទិនស៊ីន ផាលដុន (Tenzin Paldon) មិន​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ឡើយ។

លោក អ៊ិន សុភិន៖ «ហ្នឹង​រឿង​ថ្ងៃទី​២ ហើយ​យើង​ក៏​បាន​សម្របសម្រួល​តាម​ហ្នឹង​ទៅ​។ តាម​រាជរដ្ឋាភិបាល ប្រទេស​ទីបេ​មិន​អនុញ្ញាត​ឱ្យ​ចូល​រួម​ទេ ដោយសារ​យើង​ជ្រើស​រើស​យក​ប្រទេស​ចិន​គឺជា​ដៃគូ​នយោបាយ​។ តែ​តៃវ៉ាន់​អាច​ចូលរួម​បាន​ដោយ​ប្រើ​ឈាង​ថា មកពី​តៃប៉ិ ប្រទេស​ចិន ហើយ​រឿង​ហ្នឹង​ក៏​ចប់​ទៅ»។

លោក អ៊ិន សុភិន បញ្ជាក់​ដែរ​ថា កម្មវិធី​ផ្សាយ​ផ្ទាល់​កម្មវិធី​កាលពី​យប់​ថ្ងៃ​៣ ខែ​មករា ជា​យប់​បង្ហាញ​រូប​បេក្ខនារី​ចូលរួម​ការប្រកួត ដែល​ធ្វើ​នៅ​កម្ពុជា តាមរយៈ​បណ្ដាញ​សង្គម​របស់​ទូរទស្សន៍​បាយ័ន​ក៏​ត្រូវ​មន្ត្រី​រដ្ឋាភិបាល​ណែនាំ​ឱ្យ​លុបចេញ​ភ្លាមៗ​ដែរ ដោយសារតែ​បេក្ខនារី​ទាំងពីរ​បាន​ណែនាំ​ខ្លួន​ថា​ពួកគេ​មក​ពី​ទីបេ និង​តៃវ៉ាន់។

លោក អ៊ិន សុភិន ថា គ្មាន​ភាព​ប្រទាំង​ប្រទើស​អ្វី​ទៀត​ទេ មក​ដល់​ពេល​នេះ ព្រោះ​អ្នក​រៀបចំ​កម្មវិធី​យល់ស្រប​ថា នេះ​ជា​គោលនយោបាយ​របស់​រដ្ឋាភិបាល។

លោក អ៊ិន សុភិន៖ «លុបចោល​ទាំងអស់​សិន ហើយ​យើង​នឹង​កាត់​គាត់​២​នាក់​ចោល ដើម្បី​យើង​យក​ទៅ​ផូស(Post)ឡើងវិញ​។ យើង​ផ្សព្វផ្សាយ​ឡើងវិញ»។

បេក្ខនារី​បវរកញ្ញា Miss Global មកពី​ទីបេ កញ្ញា ទិនស៊ីន ផាលដុន ដែល​ជា​បវរកញ្ញា​ទី​បេ ប្រចាំឆ្នាំ​២០១៧ បាន​ចុះឈ្មោះ​ចូលរួម​ការ​ប្រឡង​បវរកញ្ញា Miss Global ឆ្នាំ​២០២៣ ដោយ​បាន​ជាប់​ក្នុង​បញ្ជី​បេក្ខនារី ២៥​នាក់ ដែល​អ្នកមាន​អ្នកគាំទ្រ​បោះឆ្នោត​គាំទ្រ​ច្រើន​ក្នុង​ការ​ប្រឡង​នេះ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អ្នក​រៀបចំ​កម្មវិធី​មួយ​រូប​បាន​ប្រាប់​កញ្ញា​ថា រដ្ឋាភិបាល​ចិន​បាន​ដាក់​សម្ពាធ​ទៅ​លើ​នាយករដ្ឋមន្ត្រី​កម្ពុជា ហើយ​គឺ​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ផ្ទាល់ ដែល​ជា​អ្នក​ផ្ញើ​សារ​ប្រាប់​ទៅ​អ្នក​រៀបចំ​កម្មវិធី​ឱ្យ​បញ្ឈប់​មិន​ឱ្យ​កញ្ញា​បន្ត​ចូលរួម​ប្រកួត។

MissGlobal2023.png
រូបថត​របស់​បេក្ខនារី​បវរកញ្ញា​តៃវ៉ាន់ (Taiwan) កញ្ញា លីនដា ហ័ង (Linda Huang) (ឆ្វេង) និង​បេក្ខនារី​បវរ​កញ្ញា​ទីបេ (Tibet) កញ្ញា ទិនស៊ីន ផាលដុន (Tenzin Paldon) ​ដែល​ត្រូវបាន​គេ​បង្ហោះ​នៅលើ​វែបសាយ​ Miss Global 2023។ (រូប៖ វែបសាយ Miss Global 2023)

វិទ្យុ​អាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សុភ័ណ អំពី​ការ​លើកឡើង​នេះ​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

បើ​ទោះ​ជា​យ៉ាងណា លោក អ៊ិន សុភិន មិន​បញ្ជាក់​យ៉ាងណា​អំពី​រឿង​នេះ​ទេ ដោយ​លោក​យល់ថា រដ្ឋាភិបាល​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ចិន នៅ​ក្រោម​គោលនយោបាយ​ចិន​តែមួយ​គឺ​ត្រូវតែ​អនុវត្ត​តាម​គោលនយោបាយ​ដែល​បាន​កំណត់។

បើ​តាម​លោក អ៊ិន សុភិន ពេល​នេះ​ក្រុម​បេក្ខនារី​ប្រឡង​បវរកញ្ញា Miss Global កំពុង​បន្តសកម្មភាព​នានា ដែល​អ្នក​រៀបចំ​កម្មវិធី​ឱ្យ​ពួកគេ​ធ្វើ​នៅក្នុង​ប្រទេស​វៀតណាម ដើម្បី​ឈាន​ទៅ​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ ទី​១៣​មករា ដែល​គ្រោង​នឹង​ធ្វើ​នៅ​លើ​កោះត្រល់ ដែល​វៀតណាម ដាក់​ឈ្មោះ​ថា កោះ​ភូកុក (Phú Quốc) ។ បន្ទាប់​ពី​នោះ​ក្រុម​បេក្ខនារី​នឹង​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​យប់​ថ្ងៃទី​១៨ មករា។

លោក អ៊ិន សុភិន រំពឹង​ថា កម្មវិធី​នេះ​នឹង​បានជា​ផ្នែក​មួយ​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា នៅ​ក្រោយ​វិបត្តិ​កូវីដ-១៩ ពិសេស​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប ពីព្រោះ​នៅ​ក្រោយ​ការ​ប្រកួត​បវរកញ្ញា ដែល​ជាប់​ក្នុង​បញ្ជី​លំដាប់ថ្នាក់ ៥​នាក់​ចុងក្រោយ នឹង​ចំណាយ​ពេលវេលា​ជាច្រើន​ថ្ងៃ​ធ្វើ​កម្មវិធី​មនុស្សធម៌ និង​ផ្សព្វផ្សាយ​នៅ​ខេត្ត​សៀមរាប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។