អតីតសង្ឃដែលត្រូវមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យចាប់ផ្សឹក ស្វែងរកយុត្តិធម៌
2017.09.11

អតីតព្រះសង្ឃមួយអង្គគង់នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចោទប្រកាន់ព្រះអនុគណស្រុកនេះ ថាឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានចាប់ផ្សឹកខ្លួនទាំងបង្ខំ ដោយចោទថាមាននិន្នាការនយោបាយទៅរកបក្សប្រឆាំង។ អតីតសង្ឃរូបនេះកន្លងទៅ ធ្លាប់ផ្ដល់សម្ភាសឲ្យអ្នកយកព័ត៌មានអាស៊ីសេរី រឿងព្រះសង្ឃក្នុងវត្តខ្វះចង្ហាន់ ហើយក្រោយមកតែងមានសមត្ថកិច្ចចុះទៅសួរនាំព្រះសង្ឃក្នុងវត្តជាញឹកញាប់។ ប៉ុន្តែព្រះអនុគណស្រុកស្វាយចេក មានថេរដីកាថា ការផ្សឹកនេះធ្វើឡើងតាមបណ្ដឹងរបស់ពលរដ្ឋ ដោយសារអតីតព្រះសង្ឃរូបនេះធ្លាប់ប្រើប្រាស់ថ្នាំញៀននៅក្នុងវត្ត។
អន្ទិតដែលទើបត្រូវបានព្រះអនុគណស្រុកស្វាយចេក ចាប់ផ្សឹកនេះ លើកឡើងថា ការចាប់ផ្សឹកនេះគឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានទេ។ អន្ទិតរូបនេះទទូចឲ្យមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធ ជួយរកយុត្តិធម៌ដើម្បីបានបួសជាព្រះសង្ឃឡើងវិញ។
អតីតព្រះសង្ឃគង់នៅវត្តប្រាសាទបីរស្មីចម្ការគរ ដែលទើបត្រូវបានចាប់ផ្សឹក លោក សាន ចាន់ឌី ថ្លែងថា លោកពុំមានកំហុសអ្វីដែលត្រូវព្រះអនុគណចាប់ផ្សឹកនោះទេ។ អតីតភិក្ខុ សាន ចាន់ឌី ត្រូវបានព្រះអនុគណស្រុកស្វាយចេក សហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងឃុំស្វាយចេក ចាប់ផ្សឹកកាលពីរសៀលថ្ងៃទី៩ កញ្ញា។ លោក សាន ចាន់ឌី អះអាងថា ការផ្សឹកនេះដោយសមត្ថកិច្ចសង្ស័យថាលោកមាននិន្នាការទៅរកគណបក្សប្រឆាំង ព្រោះកន្លងទៅ លោកបានបញ្ចេញព័ត៌មានព្រះសង្ឃក្នុងវត្ត និងនៅតាមព្រំដែននៃឃុំស្វាយចេក ខ្វះចង្ហាន់៖ «គេតាមរករឿងប្រមាញ់ខ្ញុំតាំងពីនោះមក ថាខ្ញុំគណបក្សនេះបក្សនោះ។ តាមពិត ខ្ញុំអត់មាននៅគណបក្សណាទេ។ មន្ត្រីសង្ឃទៅវិញទេដែលគាត់កាន់គណបក្សនោះ ធ្វើយ៉ាងដូច្នេះដូចជាអយុត្តិធម៌មករូបខ្ញុំខ្លាំងណាស់។ ខ្ញុំទទូចសុំឲ្យមន្ត្រីសង្ឃបំបួសខ្ញុំជាសង្ឃវិញមក»។
ឆ្លើយតបនឹងបញ្ហានេះ ព្រះអនុគណស្រុកស្វាយចេក ព្រះតេជព្រះគុណ រៀម សុគន្ធ មានថេរដីកាថា មូលហេតុដែលផ្សឹកព្រះអង្គ សាន ចាន់ឌី ដោយសារមានបណ្ដឹងពីប្រជាពលរដ្ឋដែលចោទប្រកាន់ថា លោកប្រើប្រាស់ថ្នាំញៀននៅក្នុងវត្ត។ ព្រះតេជព្រះគុណបន្ថែមថា ក្រោយមកព្រះអង្គក៏ចុះទៅស្រាវជ្រាវដោយមានសាក្សីជាច្រើននាក់បញ្ជាក់ថា អតីតព្រះសង្ឃរូបនេះពិតជាបានប្រើប្រាស់ថ្នាំញៀន ហើយក៏ចាប់ផ្សឹកតែម្ដង៖ «ហើយអាត្មាផ្សឹកក៏អាត្មាឆ្លងយោបល់ពីព្រះមេគណខេត្ត និងប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ដែរ ថាមិនអាចទុកបានទេ។ ហើយផ្សឹក ហើយអាត្មាក៏បានរៃលុយឲ្យជិះឡានទៅស្រុកកំណើតទៅ»។
ព្រះតេជព្រះគុណបន្តទៀតថា ក្រោយពីផ្សឹក ហើយសមត្ថកិច្ចពាក់ព័ន្ធពុំបានដាក់ទោសនោះទេ ដោយសារលោក សាន ចាន់ឌី ពុំមានថ្នាំញៀនជាប់ខ្លួន។
ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ ព្រះតេជព្រះគុណ ចាន់ សុជន មានថេរដីកាថា ព្រះសង្ឃអាចផ្សឹកបានលុះត្រាតែប្រព្រឹត្តខុស ៤ប្រការ រួមមានសម្លាប់មនុស្ស លួចទ្រព្យសម្បត្តិរបស់គេ រួមរ័កជាមួយស្ត្រីភេទ និងការអួតនូវគុណវិសេសដែលពុំមានក្នុងខ្លួន ដូចជាថាខ្លួនចេះហោះ ចេះហើរ ជាដើម៖ «ហើយជាទោសក្នុងកម្រិតដែលត្រូវផ្សឹក ហើយទោសក្រៅពីនោះនៅអាចកាត់សេចក្ដីសម្ដែងអាបត្តិ ឬក៏ធ្វើសង្ឃកម្មដោយព្រះបាន។ ក្នុងនោះព្រះក៏មានសិទ្ធិដូចប្រជាពលរដ្ឋទូទៅដែរ។ តាមពិតព្រះសង្ឃក៏ដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយសង្គមយើង ហើយអ្វីដែលជាបញ្ហា លោកអាចមានសិទ្ធិបញ្ចេញយោបល់ក្នុងន័យស្ថាបនាបាន»។
ទាក់ទងនឹងបញ្ហានេះ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ លោក យិន យឿន មានប្រសាសន៍ថា ករណីនេះលោកពុំអាចជួយឲ្យលោក សាន ចាន់ឌី បួសជាព្រះសង្ឃឡើងវិញបាននោះទេ ព្រោះលោកបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ដែលធ្វើឲ្យខូចកិត្តិយសដល់ព្រះសង្ឃក្នុងខេត្តបន្ទាយមានជ័យ៖ «ហើយការផ្សឹកក៏មិនមែនខាងមន្ទីរអ្នកផ្សឹកដែរ ទាល់តែមានព្រះឧបជ្ឈា ឬព្រះអនុគណ ព្រះមេគណ ទើបអាចផ្សឹកបាន។ ដូច្នេះរឿងនេះលោកបានឆ្លើយសារភាពខ្លួនដល់ព្រះអនុគណអស់ហើយ បានជាព្រះអង្គផ្សឹកនោះ»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ការផ្សឹកព្រះសង្ឃនេះ គឺជារឿងមិនត្រឹមត្រូវឡើយ ដែលអាជ្ញាធរពាក់ព័ន្ធត្រូវតែស្វែងរកយុត្តិធម៌ជូនលោក សាន ចាន់ឌី។ លោកកត់សម្គាល់ថា មូលហេតុដែលព្រះអនុគណផ្សឹកព្រះសង្ឃនេះ អាចដោយសារអតីតព្រះសង្ឃរូបនេះបញ្ចេញព័ត៌មានករណីព្រះសង្ឃនៅវត្តតាមព្រំដែនខ្វះចង្ហាន់ ដែលជារឿងរសើបធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អាជ្ញាធរនៅស្រុកស្វាយចេក ដែលបង្ហាញឲ្យសាធារណជនវាយតម្លៃថា អាជ្ញាធរមិនអើពើជួយព្រះសង្ឃនៅតាមព្រំដែន៖ «នៅក្នុងព្រះពុទ្ធសាសនាមានវិន័យត្រឹមត្រូវសម្រាប់ការពារព្រះសង្ឃ ដូច្នេះត្រូវពិនិត្យមើលទៅលើបញ្ហាទាំងអស់នេះឡើងវិញ។ បើសិនជាចេះតែចាប់ផ្សឹក ហើយចោទលាបពណ៌ដាក់គ្នា ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា ដោយហេតុថាពុទ្ធសាសនិកដែលគោរពប្រតិបត្តិត្រូវបានអ្នកគោរពរបស់ខ្លួនជាអ្នកបំផ្លាញទៅវិញ»។
លោក ស៊ុំ ច័ន្ទគា បន្ថែមទៀតថា បញ្ហានេះប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនដោះស្រាយទេ គឺជាការគំរាមកំហែងមួយដល់ព្រះសង្ឃនៅតាមវត្តដទៃទៀត ធ្វើឲ្យមិនហ៊ានបញ្ចេញមតិទៅសារព័ត៌មាននៅពេលដែលព្រះអង្គជួបរឿងអយុត្តិធម៌នៅក្នុងសង្គម។ វត្តប្រាសាទបីរស្មីចម្ការគរ ឃុំស្វាយចេក កន្លងទៅ មានព្រះសង្ឃគង់ចាំវត្តចំនួន ៣អង្គ ហើយពុំសូវមានចង្ហាន់គ្រប់គ្រាន់នោះទេ។ ប៉ុន្តែបន្ទាប់ពីមានការផ្សព្វផ្សាយពីការខ្វះចង្ហាន់កាលពីខែកក្កដា មក មានពុទ្ធបរិស័ទក្នុង និងក្រៅប្រទេសទៅធ្វើបុណ្យជាបន្តបន្ទាប់ ធ្វើឲ្យព្រះសង្ឃមានចង្ហាន់ជាធម្មតាឡើងវិញ។ សព្វថ្ងៃ វត្តមួយនេះក្រោយពីព្រះអនុគណផ្សឹកព្រះសង្ឃមួយអង្គហើយ នៅមានព្រះចៅអធិការមួយអង្គគង់ចាំព្រះវស្សា៕