វត្តអារាម អាច​រៀបចំ​កន្លែង​ប្រគេន​ចង្ហាន់​ និង​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​អំឡុង​ពិធីបុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ

0:00 / 0:00

មន្ត្រី​សង្ឃ​បញ្ជាក់​ថា វត្ត​អារាម​ទូទាំង​ប្រទេស អាច​រៀប​ចំ​កន្លែង​ទទួល​ចង្ហាន់ និង​ទេយ្យវត្ថុ​ពី​ពុទ្ធ​បរិស័ទ អំឡុង​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ ដោយ​អនុវត្ត​តាម​វិធានការ​សុខាភិបាល។ ថេរ​ដីកា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រកាស​ផ្អាក​រៀបចំ​​ពិធី​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ ដោយ​សារ​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ-១៩ នៅ​​តាម​​វត្ត​​អារាម​ដែល​ធ្វើ​ឱ្យ​ចំនួន​​អ្នក​​ឆ្លង​​និង​​ស្លាប់​ដោយ​ជំងឺ​នេះ​កើន​ឡើង។

មន្ត្រី​សង្ឃ​បញ្ជាក់​ថា ពុទ្ធ​បរិស័ទ​ចំនួន​ម្នាក់ ឬ​ពីរ​នាក់​អាច​យក​ចង្ហាន់ ឬ​ទេយ្យវត្ថុ​ទៅ​ប្រគេន​ព្រះ​សង្ឃ​និង​បង្សុកូល​ឧទ្ទិស​កុសល​អំឡុង​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​ធម្មតា ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​ប្រារព្ធ​ពិធី​សាសនា ដែល​មាន​ការ​ជុំ​មនុស្ស​ច្រើន​ឡើយ។

ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃ​នាយក​ព្រះតេជព្រះគុណ ឃឹម សន មាន​ថេរ​ដីកា​ថា ទោះ​បី​រដ្ឋាភិបាល​បាន​ប្រកាស​ផ្អាក​រៀបចំ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​កាន់​បិណ្ឌ​ក៏​ដោយ ប៉ុន្តែ​វត្ត​អារាម​ទូទាំង​ប្រទេស​អាច​រៀបចំ​កន្លែង​ទទួល​ចង្ហាន់ និង​ទេយ្យវត្ថុ​ពី​ពុទ្ធ​បរិស័ទ​ត្រឹម​ក្លោង​ទ្វារ​វត្ត ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​វត្ត​អារាម។ ព្រះ​អង្គ​សង្កាត់​ធ្ងន់​ថា​វត្ត​នីមួយៗ​ត្រូវ​ប្រកាន់​ខ្ជាប់​វិធានការ​សុខា​បាល ដោយ​រក្សា​គម្លាត​សុវត្ថិភាព ពាក់​ម៉ាស់ ប្រើ​ឧបករណ៍​វាស់​កម្ដៅ បាញ់​អាល់កុល​សម្លាប់​មេរោគ​ជា​ដើម៖ «សូម​ឱ្យ​ញាតិ​ញោម​ពុទ្ធ​បរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​ហ្នឹង​យល់​ជ្រាប​តាម​ហ្នឹង​ទៅ​ពរ ព្រោះ​យើង​ទាំង​អស់​គ្នា​ហ្នឹង​សុទ្ធ​តែ​ស្រឡាញ់​ជីវិត​ស្រឡាញ់​សុខ​ភាព​ទាំង​អស់​គ្នា។ អ៊ីចឹង​យើង​ជ្រះ​ថ្លា​យើង​អាច​យក​ទៅ​បាន គ្រាន់​ថា ម្នាក់​ពីរ​នាក់​ព្រះ​សង្ឃ​ចាំ​ទទួល​នៅ​វត្ត យើង​ត្រឡប់​មក​វិញ​មក ពរ​តាម​ដែល​ព្រះ​សង្ឃ​ដាក់​តុ​តាម​វត្ត​អ៊ីចឹង មិន​អាច​ផ្ដុំ​គ្នា​យូរ​លក្ខណៈ​ប្រារព្ធ​អី​ពិធី​កាន់​បិណ្ឌ​ភ្នំ​បិណ្ឌ​ហ្នឹង​ពរ»។

កាល​ពី​ពេល​ថ្មីៗ នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ផ្អាក​រៀបចំ​ពិធី​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ​ចាប់​ពី​បិណ្ឌ​ទី៤ ដល់​ថ្ងៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​វិញ ដោយ​សារ​ការ​ជួប​ជុំ និង​ប្រមូល​ផ្ដុំ​នៅ​តាម​វត្ត​អារាម​មិន​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​វិធានការ​សុខាភិបាល​ក្នុង​ការ​បង្ការ និង​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩ ដែល​ធ្វើ​ចំនួន​អ្នក​ឆ្លង​ថ្មី និង​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​លោក ហ៊ុន សែន បាន​អនុញ្ញាត​ពុទ្ធ​បរិស័ទ​អាច​យក​ចង្ហាន់ និង​ទេយ្យវត្ថុ​ប្រគេន​ព្រះ​សង្ឃ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ។

ជុំវិញ​​រឿង​​នេះ ព្រះ​សង្ឃ​គង់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ព្រះតេជ​ព្រះគុណ អ៊ិ ពុទ្ធី មាន​ថេរ​ដីកា​ថា នៅ​វត្ត​ព្រះ​អង្គ​បាន​បិទ​ទ្វារ​និង​ផ្អាក​ពិធី​សាសនា​ទាំង​ស្រុង ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩។ ព្រះ​អង្គ​បន្ត​ថា​មន្ត្រី​សង្ឃ​បាន​ចាត់​ឱ្យ​រៀបចំ​តុ​ទទួល​ចង្ហាន់ និង​ទេយ្យវត្ថុ​ដោយ​មាន​ព្រះ​សង្ឃ ៤ ទៅ ៥អង្គ​នៅ​តាម​ក្លោង​ទ្វារ​ចូល​វត្ត ដើម្បី​បង្សុកូល ចាប់​ពី​ម៉ោង ៦ដល់​ម៉ោង ១០កន្លះ​ព្រឹក បន្ទាប់​មក​ចង្ហាន់​ទាំង​នោះ​រៀប​ចំ​​ប្រគេន​ព្រះ​សង្ឃ​នៅ​តាម​កុដិ​នីមួយៗ ដោយ​អនុវត្ត​តាម​វិធានការ​សុខាភិបាល។ ព្រះ​អង្គ​ថា​ស្ថាន​ភាព​នេះ​ព្រះ​សង្ឃ​ខ្សត់ខ្សោយ​ចង្ហាន់​ដោយ​សារ​ពុទ្ធ​បរិស័ទ​ប្រមាណ​២០ទៅ​៣០នាក់​ក្នុង​មួយ​ថ្ងៃ​មក​ធ្វើ​បុណ្យ ខណៈ​ព្រះ​សង្ឃ​គង់​ចាំ​ព្រះ​វស្សា​នៅ​ក្នុង​វត្ត មាន​ចំនួន ២៧៧អង្គ ដោយ​មិន​គិត​ទាំង​អ្នក​រស់​នៅ​អាស្រ័យ​នឹង​វត្ត​ផង៖ «មិន​អនុញ្ញាត​ឱ្យ​ញាតិ​ញោម​ចូល​ទៅ​បង្សុកូល​នៅ​វត្ត​អ៊ីចឹង បាន​ត្រឹម​តែ​ដាក់​តុ​ឱ្យ​ព្រះ​សង្ឃ​ចាំ​ទទួល​ពុទ្ធ​បរិស័ទ​មក​ធ្វើ​បុណ្យ​នៅ​តាម​ក្លោង​ទ្វារ​ទាំង​បី​នៅ​ក្នុង​វត្ត ដល់​ពេល​មាន​ការ​ផ្អាក​អ៊ីចឹង​វា​មិន​គ្រប់​គ្រាន់​ប៉ុន្មាន​ទេ ថ្ងៃ​ខ្លះ​វា​ស្ទើរ​ថ្ងៃ​ខ្លះ​ល្មម​ថ្ងៃ​ខ្លះ​ក៏​វា​ខ្វះ​អ៊ីចឹង»។

ចំណែក​វត្ត​អារាម​ដែល​អាជ្ញាធរ​កំពុង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​តំបន់​ក្រហម ឬ​បិទ​ខ្ទប់​វិញ ព្រះ​ចៅ​អធិការ​វត្ត​ប្រាសាទ​គោក​ចក ក្រុង​​សៀមរាប ព្រះតេជ​ព្រះគុណ ហែម គឹមសាន មាន​ថេរ​ដីកា​​ថា​ច្រើន​ថ្ងៃ​មក​ហើយ ដែល​អាជ្ញាធរ​បាន​ដាក់​ចេញ​វិធាន​ការ​ហាម​ប្រាម​មិន​ឱ្យ​ពុទ្ធ​បរិស័ទ​ចេញ​ពី​ផ្ទះ ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ ព្រះអង្គ​បន្ត​ថា​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ពុទ្ធ​បរិស័ទ​មិន​សូវ​មក​ធ្វើ​បុណ្យ​ទាន​ទេ ព្រោះ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ខ្វះខាត​ជីវភាព និង​បារម្ភ​ឆ្លង​ជំងឺ​កូវីដ-១៩។ ព្រះអង្គ​ឱ្យ​ដឹង​ថា ថ្វី​ត្បិត​ពេល​នេះ​រដូវ​កាល​បុណ្យ​ទាន​ក៏​ដោយ តែ​ព្រះអង្គ​នៅ​តែ​ចំណាយ​ប្រាក់​ដែល​បាន​ពី​ពុទ្ធបរិស័ទ​មួយ​ចំនួន ដើម្បី​ឱ្យ​ចុងភៅ​វត្ត​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ​ជាង ៣០អង្គ និង​ចែក​ជូន​ដូន​ជី សិស្ស​និស្សិត​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​ផង​ដែរ៖ «សម្រាប់​កន្លែង​ទទួល​ចង្ហាន់​ញាតិ​ញោម​គាត់​មក​ម្នាក់​ពីរ​នាក់ គឺ​មាន​នៅ​ក្នុង​វត្ត​ពរ​មួយ​​កន្លែង​ មាន​លោក​តា​មួយ​អង្គ​នៅ​ចាំ​ទទួល​ញាតិញោម បើ​ញាតិ​ញោម​ច្រើន​មិន​អនុញ្ញាត​ទេ ញាតិ​ញោម​យក​មួយ​ស្រាក់​ពីរ​ស្រាក់ ពរ គ្នា​គាត់​ម្នាក់​ពីរ​នាក់​តំណាង​គ្រួសារ​អនុញ្ញាត​បាន​ពរ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទាក់ អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី ដើម្បី​បញ្ជាក់​ជុំវិញ​ការ​ផ្ទុះ​​រាតត្បាត​ជំងឺ​កូវីដ-១៩​នៅ​តាម​វត្ត​អារាម​បាន​ទេ នៅ​ថ្ងៃ​២៧ កញ្ញា។

ទោះ​ជា​យ៉ាង​ណា​លោក សេង សុមុនី បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី២៦ កញ្ញា​ថា​ក្រសួង​សុខាភិបាល​បាន​យក​សំណាក​លើ​ព្រះសង្ឃ គណៈ​កម្មការ អាចារ្យ និង​សិស្ស​និស្សិត ចំនួន ៩៧៥អង្គ និង​នាក់ ដែល​ស្នាក់​នៅ​វត្ត​ចំនួន ១៥០ ក្នុង​ចំណោម ១៥៤ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​លទ្ធ​ផល​រក​ឃើញ​ថា អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន ១៤១អង្គ និង​នាក់ អំឡុង​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ ៤ថ្ងៃ​កន្លង​មក។

ពិធី​កាន់​បិណ្ឌ​មាន​រយៈ​ពេល ១៥ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ ១រោច​ដល់​ថ្ងៃ ១៥រោច ខែភទ្រ​បទ គឺ​ជា​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ធំ ទៅ​តាម​ទំនៀម​ទម្លាប់​ខ្មែរ និង​កាល​កំណត់​ជា​ទៀង​ទាត់​ពី​បុរាណ​មក ដើម្បី​ឧទ្ទិស​កុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ​នៃ​អ្នក​មានគុណ​ទាំង​ឡាយ​ដែល​បាន​លាចាក​លោក​នេះ​ទៅ​កាន់​លោក​ខាង​មុខ។ បុណ្យ​កាន់​បិណ្ឌ​ឆ្នាំ​នេះ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២២ កញ្ញា ដល់​ថ្ងៃ​ទី៦ តុលា ដែល​ជា​ថ្ងៃ​បុណ្យ​ភ្ជុំ។

កាល​ពី​ថ្ងៃ​ទី២៥ កញ្ញា លោក ហ៊ុន សែន ថា​ការ​រាតត្បាត​ជំងឺកូវីដ១៩ នៅ​តាម​វត្ត​អារាម គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ ដែល​គ្រោះថ្នាក់​ដល់​ជាតិ និង​សាសនា ទើប​លោក​ប្រកាស​ផ្អាក​រៀបចំ​ពិធី​​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​វិញ ដើម្បី​ការពារ​អាយុ​ជីវិត និង​សុខភាព​ពលរដ្ឋ ពី​ព្រោះ​ការ​ជួប​ជុំ និង​ប្រមូលផ្ដុំ​នៅ​តាម​វត្ត​អារាម​មិន​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​វិធានការ​សុខាភិបាល។ លោក ហ៊ុន សែន ទទួល​​ស្គាល់​ថា លោក​ធ្វេស​ប្រហែស អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​អំឡុង​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ដែល​បណ្ដាល​ឱ្យ​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយ​ជំងឺ​នេះ​កើន​ឡើង​ជា​បន្ត​បន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។