ព្រះសង្ឃគង់នៅវត្តខេមរៈរាជាការាម ហៅវត្ត ប៉ាក់ណាម ជាប់ព្រំដែនកម្ពុជា-វៀតណាម ទទូចឲ្យពលរដ្ឋខ្មែរទៅរស់នៅក្បែរវត្ត ខណៈដែលវត្តនេះព័ទ្ធជុំជិតដោយជនជាតិវៀតណាម។ ការអំពាវនាវនេះ បន្ទាប់ពីរងការរឹតត្បិតពីអាជ្ញាធរខ្មែរមិនចង់ឲ្យពលរដ្ឋមកពីទីឆ្ងាយចូលធ្វើបុណ្យ និងក្រោមការឃ្លាំមើលពីជនជាតិវៀតណាម នៅទីនោះ។
ការអំពាវនាវសុំឱ្យពលរដ្ឋខ្មែរទៅរស់នៅក្បែរវត្តនៅពេលនេះ ខណៈស្ថានភាពវត្តនៅដាច់ពីប្រទេសកម្ពុជា មួយនេះ មិនសូវមានពុទ្ធបរិស័ទមកធ្វើបុណ្យ ព្រមទាំងមានការហាមប្រាមមិនឲ្យមកធ្វើបុណ្យ និងភៀសព្រះសង្ឃចេញពីវត្ត រហូតដល់បិទទ្វារព្រះវិហារ។ ព្រះសង្ឃ និងពលរដ្ឋរស់នៅទីនោះចង់ឃើញពលរដ្ឋខ្មែរផ្សេងទៀតមករស់នៅក្បែរវត្ត គ្រាន់បានជារបង។
ពុទ្ធបរិស័ទម្នាក់ក្នុងចំណោមពីរនាក់ ជាចំណុះជើងវត្តប៉ាក់ណាម លោក សឹម មៀច មានអាយុ ៨០ឆ្នាំ រៀបរាប់ថា កាលពីឆ្នាំ១៩៨១ ដែលលោកមកនៅវត្តនេះដំបូងមានព្រះសង្ឃ ៥អង្គ ប៉ុន្តែក្រោយមកព្រះសង្ឃបានចាកចេញជាបន្តបន្ទាប់ ព្រោះវត្តនៅឆ្ងាយពីពលរដ្ឋខ្មែរ។ លោក សឹម មៀច ពន្យល់ពីមូលហេតុដែលលោកមិនចេញចោលវត្តថា ព្រោះជាវត្តតពីដូនតារបស់លោកមក ទើបលោកយកពេលវេលាមួយជីវិតដើម្បីថែរក្សាវត្តអារាម និងបម្រើព្រះសង្ឃ៖ «ខ្ញុំនៅហ្នឹងអត់ទៅណាទេ។ ទៅណាទៀតបើយើងមិនមើល នរណាមើលទៀត? មាននរណាថែរក្សាវត្តនេះកម្សត់អត់មានពុទ្ធបរិស័ទមកនៅ»។
សព្វថ្ងៃ វត្តប៉ាក់ណាម ស្ថិតក្នុងភូមិប៉ាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំដែនកម្ពុជា-វៀតណាម មានព្រះសង្ឃគង់នៅពីរអង្គ និងពុទ្ធបរិស័ទចំណុះជើងវត្តមួយគ្រួសារពីរនាក់យាយតា។
បើទោះតំបន់នេះស្ថិតក្នុងបូរណភាពដែនដីរបស់កម្ពុជា ក្តី ប៉ុន្តែមានជនជាតិវៀតណាម ច្រើនណាស់មករស់នៅទីនេះ ហើយពួកគេថែមទាំងបង្កើតវប្បធម៌ប្រពៃណីវៀតណាម នៅទីនោះទៀតផង។ រីឯដីស្រែខ្មែរដែលជនជាតិវៀតណាម កំពុងបង្កបង្កើតផលសព្វថ្ងៃនេះ ពួកគេបានកប់សពដូនតារបស់គេនៅទីនោះ ដោយធ្វើផ្នូរនៅកណ្ដាលវាលស្រែ ហើយនៅលើផ្នូរមានចារិកជាអក្សរវៀតណាម។ ជាងនេះទៀត ម៉ូតូដែលជនជាតិវៀតណាម ជិះទៅមកពាក់ស្លាកលេខវៀតណាម ជាស្លាកលេខមានពណ៌សខ្មៅ មានអក្សរវៀតណាម ហើយមានទំហំធំជាងស្លាកលេខម៉ូតូខ្មែរពីរដង។
ពលរដ្ឋមកពីឃុំព្រែកស្ដី ស្រុកកោះធំ លោកស្រី យ៉យ មុំ ដែលបានមកចូលរួមបុណ្យកឋិនកាលពីថ្ងៃទី៨ ខែវិច្ឆិកា ថ្លែងទាំងសំឡេងអួលដើមកនៅពេលបានមកឃើញវត្តខ្មែរមួយនេះ ដែលស្ទើរតែគ្មានពលរដ្ឋរស់នៅក្បែរនោះ។ លោកស្រីអំពាវនាវដល់ពលរដ្ឋខ្មែរផ្សេងទៀតឲ្យឧស្សាហ៍មកធ្វើបុណ្យទាននៅវត្តដាច់ស្រយាលមួយនេះឲ្យបានញឹកញាប់ ដើម្បីជួយថែរក្សាវត្តអារាម ក៏ដូចទឹកដីខ្មែរ៖ «ខ្ញុំឃើញអ៊ីចឹងទៅ ខ្ញុំស្រណោះស្រណោក អាណិតទឹកដីយើងនៅដាច់ស្រយាល គ្មានពុទ្ធបរិស័ទ»។

រីឯបរិស័ទម្នាក់ទៀត គឺលោកយាយ ពេជ្រ សៅ ចង់ឃើញវត្តប៉ាក់ណាម របស់ខ្មែរ មានការរីកចម្រើនជាងនេះ ជាពិសេសមានព្រះសង្ឃ និងលោកអាចារ្យនៅវត្តច្រើនជាងនេះ។ លោកយាយមានវ័យ ៧៥ឆ្នាំ ដែលអះអាងថា ធ្លាប់បានចូលរួមកសាងវត្តនេះ ស្នើទៅមន្ត្រីថ្នាក់លើ ដឹកនាំពលរដ្ឋមកជួយកសាងបន្ថែម។
វត្តប៉ាក់ណាម មានចម្ងាយជាង ៨០គីឡូម៉ែត្រពីរាជធានីភ្នំពេញ សង់នៅលើផ្ទៃដីបណ្ដោយ ៧០០ម៉ែត្រ និងទទឹង ៣០០ម៉ែត្រ។ ពលរដ្ឋដែលដឹងប្រវត្តិរបស់វត្តប្រាប់ថា វត្តនេះកសាងឡើងដោយព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ព្រះសង្ឃដែលគង់នៅវត្តនេះមួយអង្គមានព្រះជន្មជិត ៨០ព្រះវស្សាមួយអង្គទៀត មានព្រះជន្មជាង ១០ព្រះវស្សា។
សព្វថ្ងៃនេះមានព្រះវិហារមួយសង់ពីថ្ម កំពុងទ្រុឌទ្រោមដោយប្រេះជញ្ជាំង ធ្លុះដំបូល។ ចំណែកសាលាឆាន់មួយខ្នងសងពីឈើក៏ទ្រុឌទ្រោមដូចព្រះវិហារដែរ។
ព្រះគ្រូចៅអធិការស្ដីទី ព្រះតេជព្រះគុណ ឃួន សុខន ជាព្រះសង្ឃខ្មែរក្រោមមានថេរដីកាថា ព្រះសង្ឃដែលចាកចេញពីវត្តដោយសារវត្តនេះស្ងាត់ គ្មានភ្លើងប្រើប្រាស់ ហើយនៅទីនេះមានជនជាតិវៀតណាម ច្រើន ដែលព្រះសង្ឃពិបាកនិមន្តបិណ្ឌបាត្រ។
ព្រះតេជព្រះគុណមានថេរដីកាបន្តថា ប្រសិនបើព្រះសង្ឃចង់បិណ្ឌបាត្រ ត្រូវធ្វើដំណើរចេញពីភូមិទៅប៉ុស្តិ៍ប៉ូលិស និងទៅមុខកាស៊ីណូ ជាប់ព្រំដែន ទើបមានអ្នកដាក់បាត្រដោយជនជាតិវៀតណាម ដែលរស់នៅក្បែរវត្តគេមិនដាក់បាត្រទេ។ ព្រះតេជព្រះគុណ ក្រៅពីចង់ឃើញពលរដ្ឋខ្មែរមករស់នៅទីនោះ ក៏ចង់ឃើញមានសប្បុរសជនមករួមសាមគ្គីគ្នាកសាងវត្តនេះផងដែរ៖ «ចង់រីកចម្រើនថែមទៀត ចង់ឲ្យបានសុខបានចម្រើន មានមនុស្សមកឲ្យបានច្រើន កូនចៅមកលេងឲ្យបានសប្បាយ»។
យ៉ាងណាក៏ដោយចុះ កាលពីដើមខែវិច្ឆិកា នេះ មន្ត្រីធម្មការស្រុកកោះធំ នៃក្រសួងធម្មការ និងសាសនា បាននិមន្តព្រះសង្ឃទាំងពីរព្រះអង្គចេញពីវត្តអស់រយៈពេលមួយសប្ដាហ៍ និងបិទទ្វារព្រះវិហារ មិនឲ្យមានអ្នកណាចូល។ ចំណាត់ការបែបនេះ បន្ទាប់ពីមានព័ត៌មានថា ពលរដ្ឋខ្មែរក្រោមនិងក្រុមយុវជននឹងដង្ហែអង្គកឋិនទានទៅកាន់វត្តនេះ។
ដំណាលគ្នាដែលជម្លៀសព្រះសង្ឃចេញពីវត្តដូចនេះ លោក សឹម មៀច ជាពុទ្ធបរិស័ទចំណុះជើងវត្តប៉ាក់ណាម ប្រាប់ថា កម្មវិធីបុណ្យកឋិនដែលលោកបានដើរអញ្ជើញពលរដ្ឋនៅភូមិក្បែរៗនេះរួចមកហើយនោះ លោកត្រូវដើរប្រាប់ម្ដងទៀតថា ពិធីបុណ្យកឋិនទាននេះ ត្រូវអាក់ខានទៅវិញ។ លោកថា មូលហេតុដែលអាជ្ញាធរធ្វើដូចនេះ ដោយគេចោទប្រកាន់ថា អ្នកដង្ហែកឋិនជាក្រុមបក្សប្រឆាំង។
ប៉ុន្តែនៅយប់ថ្ងៃទី៧ ខែវិច្ឆិកា មន្ត្រីនៃមន្ទីរធម្មការអនុញ្ញាតឲ្យព្រះសង្ឃនិមន្តចូលវត្តវិញ ឲ្យបើកទ្វារវត្តទទួលកឋិន។ នៅថ្ងៃទី៨ ខែវិច្ឆិកា ពិធីបុណ្យកឋិនទានត្រូវបានប្រារព្ធឡើងក្រោមការឃ្លាំមើលពីកម្លាំងសមត្ថកិច្ចរបស់កម្ពុជា យ៉ាងម៉ត់ចត់ និងមានជនជាតិវៀតណាម ចូលរួមអង្កេត និងថតគ្រប់សកម្មភាពនៃពិធីបុណ្យ៖ «អាត្មាចង់ឲ្យពុទ្ធបរិស័ទទាំងឡាយ ជួយកសាងសាលាឆទានឲ្យបានសម្រេច»។
ដោយឡែក ប្រធានការិយាល័យធម្មការស្រុកកោះធំ លោក តឿង ស្រ៊ុន ពន្យល់ថា ការនិមន្តព្រះសង្ឃចេញពីវត្ត ព្រោះដើម្បីដោះស្រាយទំនាស់ដែលឡើងនៅក្នុងវត្តនេះ ត្បិតអីមានព្រះសង្ឃមួយទៀតចង់មកទទួលកឋិនដែរ ប៉ុន្តែព្រះសង្ឃអង្គនោះ មិនគង់នៅវត្តជាប់លាប់កាលពីចូលព្រះវស្សានោះឡើយ។ លោកពន្យល់ទៀតថា មូលហេតុដែលបិទទ្វារព្រះវិហារ ព្រោះដំបូលធ្លុះធ្លាយ ការពារក្មេងចូលលេងខាងក្នុងបង្កគ្រោះថ្នាក់៖ «មាន ពាក្យចចាមអារ៉ាមថា បិទទ្វារវិហារ។ តាមពិតវិហារលិចទឹកសស្រាក់ ការពារក្មេងចូលលេងគ្រោះថ្នាក់ អ៊ីចឹងទេខ្ញុំឲ្យបិទមួយរយៈសិន»។
ប្រធានការិយាល័យធម្មការស្រុកកោះធំ លោក តឿង ស្រ៊ុន ឲ្យដឹងទៀតថា កន្លងមកមានពលរដ្ឋខ្មែរមករស់នៅក្បែរវត្តដែរ ដោយអាជ្ញាធរផ្ដល់ដីមួយគ្រួសារពីរហិកតារ ប៉ុន្តែក្រោយមកអ្នកទាំងនោះបានចាកចេញទៅវិញ។
ព្រះសង្ឃ និងពលរដ្ឋខ្មែរព្រួយបារម្ភថា ប្រសិនបើគ្មានពុទ្ធបរិស័ទខ្មែរមករស់នៅទីនេះច្រើនទេ ឬថ្ងៃមុខគ្មានព្រះសង្ឃគង់នៅវត្តអារាមមួយនេះ នឹងត្រូវគេបោះបង់ចោល ខណៈដែលនៅជុំវិញទីនេះបានក្លាយជាភូមិរបស់ជនជាតិវៀតណាម អស់ទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
