ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី៧ ខែវិច្ឆិកា បញ្ជាក់តាមទំព័រហ្វេសប៊ុក (Facebook) ថា ចំនួនសិស្សអវត្តមានចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន ២.២៧៥នាក់ ក្នុងនោះមានស្រី ៩២៤នាក់ ដោយសារមានបញ្ហាសុខភាព ៨១ករណី និងមានបញ្ហាផ្សេងៗ មួយចំនួនផ្សេងទៀត។
ក្នុងពេលជាមួយគ្នានោះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក៏បានបង្ហោះព័ត៌មានផ្សេងៗ អំពីអវត្តមានរបស់បេក្ខជនប្រឡងមួយចំនួនផងដែរ។ គណនីហ្វេសប៊ុក (Facebook) ឈ្មោះជា Srey Leak បានបង្ហោះសារសោកស្ដាយ ដែលបេក្ខជនពីររូបមិនត្រូវបានគណៈកម្មការអនុញ្ញាតឱ្យចូលទៅប្រឡង ដោយសារបេក្ខជនទាំងពីរផ្ទះនៅឆ្ងាយពីមណ្ឌលប្រឡង ហើយមកប្រឡងយឺតដោយសារតែម៉ូតូបែកកង់តាមផ្លូវថែមទៀត។ រឿងនេះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកតៗ គ្នា ដែរ និងបញ្ចេញមតិសោកស្ដាយ ដែលគណៈកម្មការប្រឡងមិនអនុញ្ញាតឱ្យបេក្ខជនទាំងពីរនេះបានចូលទៅប្រឡងនឹងគេ។
វិទ្យុអាស៊ីសេរីនៅមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា អ្នកស្រី ឃួន វិច្ឆិកា និងលោក កាន់ ពុទ្ធី ដើម្បីសុំអត្ថាធិប្បាយជុំវិញដំណើរការប្រឡងនៅថ្ងៃចុងក្រោយបានទេ នៅថ្ងៃទី៧ ខែវិច្ឆិកា។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) លោក យង់ គិមអេង កត់សម្គាល់ថា មូលហេតុ ដែលបេក្ខជនអវត្តមានអាចមានច្រើនដូចជាបញ្ហាជីវភាព មិនមានលទ្ធភាពបន្តការសិក្សា ឬគ្មានអ្នកជំរុញទឹកចិត្តជាដើម។
ទាក់ទងនឹងបញ្ហាបេក្ខជននៅទីដាច់ស្រយាលមកប្រឡងយឺត ដោយសារតែធ្វើដំណើរផ្លូវឆ្ងាយជាដើមនោះ លោក យង់ គឹមអេង យល់ថា រដ្ឋាភិបាលគួរបង្កើតមណ្ឌលប្រឡងឱ្យបានច្រើនតាមបណ្ដាស្រុកនីមួយៗ ដើម្បីបង្កភាពងាយស្រួលដល់បេក្ខជនដែលចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។
លោក យង់ គឹមអេង៖«រឿងដែលសំខាន់បំផុតខ្ញុំថាក្រសួងមិនគួរដាក់ការប្រឡងនៅតែខេត្តទេ គួរតែជ្រើសរើសតាមមណ្ឌលមួយចំនួន ដើម្បីឱ្យមានភាពងាយស្រួល។ បើដាក់នៅតែខេត្តទេយឺតណាស់។ តាំងពីសម័យទសវត្ស ៨០មក ក៏ប្រឡងនៅតែខេត្ត។ ដល់បច្ចុប្បន្ន ប្រឡងនៅតែខេត្តទៀត ជារឿងមួយ ដែលការលំបាក គួរតែជ្រើសរើសនៅស្រុកមួយចំនួន ដែលបង្កភាពងាយស្រួល»។
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០២៣ នេះ ធ្វើឡើងរយៈពេល ២ថ្ងៃគឺ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ដែលមានបេក្ខជនចុះឈ្មោះប្រឡងជាង ១៣ម៉ឺននាក់ និងមណ្ឌលប្រឡងមាន ២៣៧មណ្ឌលនៅទូទាំងប្រទេស ហើយក្រសួងអប់រំគ្រោងនឹងប្រកាសលទ្ធផលប្រឡងនេះនៅថ្ងៃទី២៨ ខែវិច្ឆិកា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា សម្រាប់ខេត្តផ្សេងៗ ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
