កូដករណាហ្គាវើលដ៍ខកចិត្តនឹងប្រព័ន្ធឃោសនារដ្ឋ ដែលថា ការទាមទារសិទ្ធិការងារពួកគេជារឿងនយោបាយ
2022.04.29

ក្រុមកូដករណាហ្គាវើលដ៍ និងសហជីព ចាត់ទុកប្រព័ន្ធឃោសនារបស់រដ្ឋាភិបាលលោក ហ៊ុន សែន ថាផ្សព្វផ្សាយព័ត៌មានមិនឆ្លុះបញ្ចាំងពីការពិត និងព្យាយាមដាក់សម្ពាធដល់ក្រុមកូដករ។ ប្រតិកម្មរបស់កូដករ និងសហជីពនេះ ធ្វើឡើងក្រោយពីសារព័ត៌មានដែលស្និតនឹងរដ្ឋាភិបាលចុះផ្សាយដោយចោទប្រកាន់ក្រុមកូដករថា កំពុងធ្វើសកម្មភាពដើម្បីកេងចំណេញរឿងនយោបាយ។
ក្រុមកូដករ និងសហជីពក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ហួសចិត្តនឹងប្រព័ន្ធឃោសនារដ្ឋាភិបាលលោក ហ៊ុន សែន និងមន្ត្រីអាជ្ញាធរ ដែលបន្តលាបពណ៌ចោទប្រកាន់លើសកម្មភាពកូដករដែលគ្រាន់ប្រើសិទ្ធិស្របច្បាប់ដើម្បីទាមទារសិទ្ធសេរីភាពការងារ។
កូដករ និងជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់ កញ្ញា ឡាយ សុភ័ក្រ្តា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ មេសាថា កញ្ញាខកចិត្តចំពោះអាជ្ញាធរ និងក្រសួងពាក់ព័ន្ធដែលតែងតែព្យាយាមបង្វែរសាច់រឿងមិនព្រមដើម្បីដោះស្រាយបញ្ចប់វិវាទការងារដ៍រ៉ាំរ៉ៃមួយនេះ។ កញ្ញាចាត់ទុកការចោទប្រកាន់មកលើកូដករថាជាក្រុមធ្វើសកម្មភាពនយោបាយនេះ ថាជារឿងមិនពិត និងចោទទាំងខ្វះមូលដ្ឋាន ដើម្បីដាក់សម្ពាធដល់ក្រុមកូដករបន្ថែមទៀត៖ «ខ្ញុំក៏ចង់សួរបកទៅវិញថា ការណ៍ដែលចោទនិងលាបពណ៌ពួកខ្ញុំជាក្រុមបដិវត្តន៍ពណ៌ ជារឿងនយោបាយ។ រឿងនយោបាយត្រង់ណាដែរ? ព្រោះរាល់ថ្ងៃអ្វីដែលពួកខ្ញុំធ្វើគឺដើម្បីឆ្នាំងបាយ ដើម្បីក្រពះ។ ពួកខ្ញុំគ្រាន់តែទាមទារឱ្យមានសហជីពនៅកន្លែងការងារតែប៉ុណ្ណឹងទេ។ អត់មានរឿងនយោបាយ អត់មានបដិវត្តន៍ពណ៌អីទេ»។
ប្រតិកម្មកូដករណាហ្គាវើលដ៍នេះ ធ្វើឡើងក្រោយពីប្រព័ន្ធឃោសនារដ្ឋាភិបាល លោក ហ៊ុន សែន គឺហ្វ្រេសញ៉ូ (Fresh New) បានចុះផ្សាយនៅថ្ងៃទី២៩មេសា ដោយចោទប្រកាន់សកម្មភាពរបស់ក្រុមសហជីព និងកូដករថាជាឆាកល្ខោនបន្លំភ្នែក និងជាសកម្មភាពនយោបាយ ក្រោយពីសហជីពបានអំពាវនាវរកជំនួយពីសប្បុរសធម៌ជួយដល់ក្រុមកូដករដែលកំពុងប្រឈមបញ្ហាជីវភាព។
ជុំវិញរឿងនេះ ប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ រិះគន់ថា បញ្ហាលាបពណ៌នេះកំពុងក្លាយជាជំងឺមហារីកសម្រាប់អ្នកមានអំណាច ឬមន្ត្រីអាជ្ញាធរដែលបានចោទប្រកាន់លើពលរដ្ឋទាំងខ្វះមូលដ្ឋាន។ កញ្ញាបន្តថា ការណ៍ដែលបន្តចោទប្រកាន់ក្រុមកូដករនេះ ក៏កាន់តែឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋពិតជាមិនមានសិទ្ធិពេញលេញក្នុងការសម្ដែងមតិដូចដែលមានធានាក្នុងច្បាប់នោះទេ៖ «គឺជាជំងឺមហារីកព្យាបាលលែងជា ពាក់ព័ន្ធនឹងការចោទប្រកាន់។ តើសារព័ត៌មានហ្រ្វេសញ៉ូហ្នឹងនៅពីក្រោយគណបក្សនយោបាយណាដែរ? បានជាខំ ប្រឹងលាបពណ៌កូដករខ្លាំងម៉្លេះ ឬដើម្បីកេងចំណេញឱ្យគណបក្សណា? ជាពិសេសក្រុមហ៊ុនណាហ្គាវើលដ៍កម្មករខ្មែរ ហើយវាក៏បានបញ្ជាក់ថា នៅប្រទេសកម្ពុជាមិនមានសេរីភាពសហជីព និងគ្មានសេរីភាពក្នុងការជួបជុំតវ៉ារបស់កម្មករដែរ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្ដា អ៊ន ដើម្បីសុំបំភ្លឺពីបញ្ហានេះបានទេនៅថ្ងៃទី២៩ មេសា។
នេះមិនមែនជាលើកទីមួយទេ ដែលក្រុមកូដកររងការចោទប្រកាន់ពីសំណាក់ប្រព័ន្ធឃោសនារដ្ឋាភិបាលបែបនេះ។ កន្លងមក រដ្ឋបាលក្រុងភ្នំពេញបានចេញក្ដីប្រកាសព័ត៌មានជាហូរហែ ដោយចោទក្រុមកូដករថាជាក្រុមបំពុលសង្គម ពេលដែលពួកគេចេញទាមទារដំណោះស្រាយពីថៅកែនៅក្បែរអគារក្រុមហ៊ុន។ លើសពីនេះ មន្ត្រីនៅក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ក៏ធ្លាប់បានចោទក្រុមកូដករថា ជាក្រុមមេរោគចង្រៃ និងជាក្រុមបដិវត្តន៍ពណ៌ចង់ផ្ដួលរលំរដ្ឋាភិបាល នៅពេលដែលក្រុមកូដករប្រមូលផ្ដុំគ្នាដោយសន្តិវិធីទាមទារឱ្យថៅកែគោរពសិទ្ធិសហជីពនៅកន្លែងការងារ។
ក្រៅពីការចោទប្រកាន់ក្រុមកូដករភ្ជាប់នឹងរឿងនយោបាយនេះ អាជ្ញាធរក្រុងភ្នំពេញក៏បានបង្កើនការប្រើអំពើហិង្សាលើកូដករស្ទើររៀងរាល់ថ្ងៃ។ អាជ្ញាធរក្រុងភ្នំពេញបន្តស្រែកសម្លុត និងរុញច្រានកូដករជិត ១០០រយនាក់ឱ្យរថយន្តទាំងកណ្ដាលភ្លៀងនៅថ្ងៃទី២៩ មេសា។
កូដករ និងជាបុគ្គលិកក្រុមណាហ្គាវើលដ៍ លោកស្រី សាំង សុផល បញ្ជាក់ថា អាជ្ញាធរបានដឹកកូដករទៅទម្លាក់នៅជាយក្រុងដូចសព្វដង។ លោកស្រី រិះគន់អាជ្ញាធរថា អសមត្ថភាពក្នុងដោះស្រាយបញ្ចប់វិវាទនេះ ដែលបណ្ដោយក្រុមហ៊ុនបន្តរំលោភសិទ្ធិកម្មករខ្មែរ៖ «ថៅកែណាហ្គាវើលដ៍ធ្វើបាបកម្មករខ្មែររាល់ថ្ងៃ អត់មានដំណោះស្រាយអីទេ។ ថៅកែបរទេស មករកស៊ីស្រុកខ្មែរ តែរំលោភច្បាប់ការងារស្រុកខ្មែរ។ ព្រៃផ្សៃណាស់! អាជ្ញាធរតស៊ូណាស់ គ្មានជំរុញឱ្យថៅកែចេញមុខដោះស្រាយអីទេ។ អាជ្ញាធរស៊ីប្រាក់ខែពីរាស្ត្រ តែការពារក្រុមហ៊ុនបរទេស»។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADO) លោក អំ សំអាត រិះគន់ថា ការណ៍ដែលមានករណីលាបពណ៌លើក្រុមកូដករជាច្រើនលើកមកច្រើនសារមកនេះ ដោយសារអាជ្ញាធរព្យាយាមគេចវេះក្នុងការរកយុត្តិធម៌ជូនកូដករតែប៉ុណ្ណោះ។ លោកបន្ត បើស្ថានភាពវិវាទការងារមួយនេះបន្តអូសបន្លាយ រដ្ឋាភិបាលនឹងរងការរិះគន់បន្ថែមទៀតពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិ៖ «សំខាន់បំផុតយើងត្រូវស្វែងរកដំណោះស្រាយប្រកបដោយសុចរិតភាព តម្លាភាព យុត្តិធម៌។ អាជ្ញាធរត្រូវឈរលើគោលការណ៍គោរពសិទ្ធិមនុស្ស គោរពទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលកម្ពុជាទទួលស្គាល់។ ក្រៅពីនេះ អាជ្ញាធរត្រូវស្វែងរកការផ្សះផ្សាមួយដែលអាចបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយអតីតបុគ្គលិក និងសហជីពក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍»។
ទោះជាយ៉ាងណាក្ដី ក្រុមកូដករប្រកាន់ជំហរថា ពួកគាត់នឹងបន្តចេញធ្វើកូដកម្មរហូតមានដំណោះស្រាយពីថៅកែបនល្បែងណាហ្គាវើលដ៍។ ពួកគេអំពាវនាវ ដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ឱ្យបញ្ឈប់លាបពណ៌សកម្មភាពទាមទារសិទ្ធិការងារនេះ ជារឿងនយោបាយ និងត្រូវជំរុញឱ្យភាគីក្រុមហ៊ុនចេញមុខដោះស្រាយវិវាទការងារមួយនេះប្រកបដោយតម្លាភាព និងយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។