កម្មករ​ណាហ្គា​វើលដ៍​រក្សា​ជំហរ​ធ្វើ​កូដកម្ម បើទោះបីជា​រង​ការព្រមាន​ចាត់វិធានការ​ពី​អាជ្ញាធរ​ក៏ដោយ

0:00 / 0:00

ក្រុមកម្មករ​និយោជិត​ណាហ្គា​វើលដ៍ (Naga World) ជាង​១​ពាន់​នាក់ ប្រកាន់​ជំហរ​រួមគ្នា ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី នៅ​ខាង​មុខ​ក្រុមហ៊ុន រហូត​ដល់​ពេល​យប់​ឆ្លង​ចូល​ឆ្នាំថ្មី ឆ្នាំ​២០២២ បើ​ទោះបី​ជា​ពួកគេ​រង​ការ​ព្រមាន និង​ចាត់វិធានការ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏ដោយ​។ អង្គការ​សង្គម​ស៊ីវិល​យល់​ថា នេះ​ជាស​ញ្ញា​មិនល្អ​ទេ ព្រោះ​វា​អាច​នាំ​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច និង​ក្រុម​កូដករ ហើយ​ឈាន​ដល់​ការ​ចាប់ខ្លួន​មនុស្ស ក្រោយពី​អាជ្ញាធរ​ចាត់ទុក​ការ​តវ៉ា​នេះ​ថា ជា​សកម្មភាព​ខុសច្បាប់។

កម្មករនិយោជិត​ជាង ១​ពាន់​នាក់ នៅ​ថ្ងៃទី​៣១ ធ្នូ សម្រេច​ថា ពួកគេ​នៅ​ជួបជុំគ្នា តវ៉ា​ដោយ​សន្តិវិធី នៅ​ខាងមុខ​អគារ​ទី​១ និង​ទី​២ នៃ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ ចាប់ពី​ម៉ោង​២​រសៀល រហូត​ដល់​ពេល​យប់​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​២០២២​ហើយ ទើប​ពួក​បំបែក​គ្នា​ទៅ​ផ្ទះ​វិញ។

ស្របគ្នា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដាក់​ពង្រាយ​កងកម្លាំង​នគរបាល​ស្ត្រី​បង្ក្រាប​កូដករ និង​កង​សន្តិសុខ​រាប់​រយ​នាក់ អម​ដោយ​រថយន្ត​សម្រាប់​ឃុំខ្លួន​របស់​អគ្គស្នងការ​នគរបាល​ជាតិ ដែល​ដាក់​ប្រចាំការ​នៅ​ក្បែរ​នោះ។

ការ​ដាក់​កងកម្លាំង​ទុក​បង្ក្រាប​ក្រុម​កូដករ នៅ​ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​នេះ ធ្វើឡើង​១​ថ្ងៃ បន្ទាប់​ពី​សាលារាជធានី​ភ្នំពេញ​ចេញ​លិខិត​ព្រមាន​លើក​ទី​២ ចំពោះ​ថ្នាក់ដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ ប្រាប់​ឲ្យ​កម្មករ​រំសាយ​ការ​ការ​តវ៉ា​នេះ​ជាបន្ទាន់ ដោយ​អាជ្ញាធរ​យល់​ថា ជា​ទង្វើ​ខុសច្បាប់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ កញ្ញា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៣១ ធ្នូ ថា ការ​សម្រេច​ធ្វើ​កូដកម្ម​រហូត​ដល់​យប់​ឆ្លង​ឆ្នាំនេះ គឺ​កើត​ចេញពី​ការ​បោះឆ្នោត​សម្រេច​ដោយ​សំឡេង​ភាគច្រើន​ពី​ក្រុម​កម្មករ ស្របតាម​ច្បាប់​ស្ដីពី​ការងារ មិនមែន​ជា​ការ​បញ្ជា​ពី​ខាង​ថ្នាក់ដឹកនាំ​សហជីព​ទេ។

កញ្ញា​បញ្ជាក់​ថា ក្រុម​កូដករ​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី អស់​រយៈពេល​១៤​ថ្ងៃ​មកនេះ គឺ​ពួកគាត់​ចង់​ឲ្យ​ខាង​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ជាង​៣​រយ​នាក់​ចូល​ធ្វើ​វិញ ដោយ​គ្មាន​បំណង​ណា​ចង់ទៅ​ប្រឈមមុខ​ជាមួយ​អាជ្ញាធរ​ទេ។ ប្រធាន​សហជីព​រូប​នេះ ស្នើសុំ​អាជ្ញាធរ​ប្រកាន់​ជំហរ​អព្យា​ក្រឹត្យ ក្នុង​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​និង​ក្រុម​កម្មករ ប្រសើរ​ជាង​ចេញ​សារ​គំរាមកំហែង ចាត់វិធានការ​ទៅលើ​ពួកគាត់ ដោយ​យក​ហេតុផល​ថា ជា​សកម្មភាព​ខុសច្បាប់៖ «ទុក​ឲ្យ​សាធារណជន​មើល​ទៅ​ថា​តើ ចំណាត់ការ​របស់​អាជ្ញាធរ​មកលើ​កម្មករនិយោជិត​ហ្នឹង តើ​វា​ត្រឹមត្រូវ ឬក៏​វា​យុត្តិធម៌​ឬក៏​អត់​ ? បើ​យើង​និយាយ​អំពី​ការ​តាំង​ចិត្ត​របស់​ពួកគាត់ គឺ​ដូច​ពួកគាត់​បាន​ប្រកាស​ហើយ​។ ជា​រៀងរាល់ថ្ងៃ គាត់​នឹងធ្វើ​ការ​តស៊ូ​មតិ​តាម​កូដកម្ម ដោយ​អហិង្សា​នេះ រហូត​ដល់​មាន​ដំណោះស្រាយ​។ មិន​ថា​មានរឿង​អី​កើតឡើង​ទេ ពីព្រោះ​វា​ជា​ជម្រើស​ចុងក្រោយ តែមួយ​គត់ បន្ទាប់​ពី​រក​ដំណោះស្រាយ​ម្ដង​ជា​ពីរដង តាំងពី​ការ​ចរចា​ផ្ទៃក្នុង​រហូត​ដល់​ក្រសួង​ការងារ រហូត​ដល់​សាលាក្រុង​។ ប៉ុន្តែ​គ្មាន​ភាគី​ណា ដែល​អាច​ផ្ដល់​យុត្តិធម៌​ឲ្យ​ពួកគាត់»។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ទាក់ទង​នឹង​ការ​ដាក់​កម្លាំង​បង្ក្រាប​កូដកម្ម ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី បាន​ទេ នៅ​ថ្ងៃទី​៣១ ធ្នូ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ទាក់ទង​នឹង​រឿង​នេះ អ្នកគ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ បង្ហាញ​ការ​សោកស្ដាយ ចំពោះ​ការ​លើកឡើង​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​នៅតែ​ចាត់ទុក​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នេះ ថា ជា​ការ​ធ្វើបាតុកម្ម​ខុសច្បាប់។ លោក​បន្ត​ថា នេះ​ជា​សញ្ញា​មិនល្អ​ឡើយ ព្រោះ​អាជ្ញាធរ​អាច​នឹង​ចាត់វិធានការ​បំបែក​ការ​តវ៉ា​នៅ​ខាងមុខ​ក្រុមហ៊ុន​ណាហ្គា វើលដ៍​នេះ នៅ​ពេល​ណាមួយ។

លោក​ស្នើសុំ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បន្ត​រក្សា​សន្តិសុខ និង​សុវត្ថិភាព​ជូន​កម្មករ ដូច​ធ្លាប់ធ្វើ​កន្លង​មក ព្រោះ​នេះ​ជា​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​។ លោក​យល់​ថា អ្នក​ដែល​មាន​ឥទ្ធិពល​អាច​ដាក់​សម្ពាធ​ឲ្យ​ក្រុមហ៊ុន​ព្រម​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ គឺ​មានតែ​ប្រមុខ​រដ្ឋាភិបាល​ប៉ុណ្ណោះ៖ «មកដល់ពេលនេះ ក្រសួង​ការងារ​ដូចជា​មិន​អំណាច ឥទ្ធិពល​នៅក្នុង​ការ​បង្ខំ​ឬក៏​បង្គាប់បញ្ជា​ទៅខាង​ក្រុមហ៊ុន ដើម្បី​ឲ្យ​ធ្វើការ​សម្រេចចិត្ត​ទេ។ យើង​ដឹង​ហើយ​ថា ណាហ្គា​នេះ គឺជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ឥទ្ធិពល​កន្លង​មក​ហ្នឹង​។ អ៊ីចឹង​ ! អ្វី​ដែល​ខ្ញុំ​អាច​មើល​ឃើញ លុះត្រា​តែ​មាន​ឥទ្ធិពល​ជំរុញ​ណាមួយ​ដើម្បី​សម្រេចចិត្ត​ក្នុង​ការ​អារកាត់​ការងារ​នេះ​។ ខ្ញុំ​មើល​ឃើញថា មិន​អី​ក្រៅពី​លោកនាយក​រដ្ឋមន្ត្រី​ទេ ដែល​លោក​អាច​មាន​សិទ្ធិអំណាច​អារកាត់​នូវ​វិវាទ​ការងារ​នេះ»។

សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ ឲ្យ​ដឹង​ថា ខាង​ក្រុមហ៊ុន​នៅតែ​គ្មាន​ឆន្ទៈ​ពិតប្រាកដ ចង់​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​រ៉ាំរ៉ៃ​មួយ​នេះ​ឡើយ ទោះបីជា​មានការ​សម្របសម្រួល​ពី​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​ការងារ ដោះស្រាយ​រឿង​នេះ ៥​លើក​មក​ហើយ​ក៏ដោយ។ សហជីព​បញ្ជាក់​ថា ក្រុមហ៊ុន​បន​ល្បែង​មួយ​នេះ នៅតែ​មាន​បំណង​ចង់​រំលាយ​ថ្នាក់ដឹកនាំ​សហជីព​ចេញពី​កន្លែងធ្វើការ ឲ្យ​ខាងតែ​បាន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ការងារ ដែល​តាមដាន​វិវាទ​ការងារ​នេះ ស្នើ​ដល់​រដ្ឋាភិបាល​ផ្ដល់​ដំណោះស្រាយ​ដោយ​យុត្តិធម៌ ជូន​កម្មករ​ជាង​៣​រយ​នាក់​បាន​ចូល​ធ្វើ​ការ​វិញ ក្នុង​ពេល​ឆាប់ៗ​នេះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។