អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដកហូតសារធាតុញៀនជាង១៤តោនក្នុងឆ្នាំ២០២២
2023.01.07

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដកហូតគ្រឿងញៀនជាង១៤តោន និងឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនជាង ១ម៉ឺន ៤ពាន់នាក់ (១៤.៧៨៤) ក្នុងនោះមានជនបរទេសជាង២រយ (២៥៩)នាក់ មាន ៩សញ្ជាតិ កាលពីក្នុងឆ្នាំ២០២២។ របាយការណ៍របស់មន្ត្រីអាជ្ញាធរជំនាញបង្ហាញទៀតថា ក្នុងចំណោមការបង្ក្រាបជាង ៦ពាន់ករណី(៦.២៩០) រកឃើញមានការជួញដូរជាង ៣ពាន់ករណី(៣.០៩៧) ផលិតរក្សាទុកជាង ១ពាន់ករណី (១.១០៤) និងអ្នកប្រើប្រាស់គ្រឿងញៀនជាង ២ពាន់ករណី(២.០៤៥)។
របាយការណ៍ដដែល បញ្ជាក់ថា កម្លាំងសមត្ថកិច្ចក៏បានរឹបអូសយកសម្ភារៈមួយចំនួន ដូចជា មានរថយន្តជាង ១រយ ( ១៤៤)គ្រឿង ម៉ូតូជាង ១ពាន់(១.៤៣៦) គ្រឿង អាវុធខ្លី ២៩ដើម និងអាវុធវែង ៦៤ដើម (កែច្នៃ ៣៩ដើម) ព្រមទាំងគ្រាប់បែក ៥គ្រាប់។ ចំនួននេះ បើប្រៀបធៀបនឹងឆ្នាំ២០២១ គឺមានការកើនឡើងខ្លាំងដោយសារឆ្នាំ២០២១ អាជ្ញាធរបង្ក្រាបបានតែចំនួនជាង ៤តោន និងឃាត់ខ្លួនមនុស្សជាង ១ម៉ឺននាក់។
ស្ថានភាពនៃការជួញដូរគ្រឿងញៀនរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កាន់តែធ្ងន់ធ្ងរ ដោយជនល្មើស ហ៊ានបើករោងចក្រផលិត និងចែកចាយគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាតែម្ដង ហើយជនល្មើសសុទ្ធតែមានកាំភ្លើងក្នុងដៃទៀតផង។ ជាក់ស្តែង កាលពីសប្ដាហ៍មុននេះ ជនល្មើសបានបាញ់សមត្ថកិច្ចស្លាប់ម្នាក់ ក្នុងពេលចុះបង្ក្រាបគ្រឿងញៀន នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស ហៅកាត់ថា (CHRAC) លោក រស់ សុដ្ឋា បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ ខែមករា ថា "លោកអបអរសាទរជាមួយរាជរដ្ឋាភិបាលដែលបានខិតខំបំពេញចំណាត់ការលើបញ្ហានេះ ក៏ប៉ុន្តែលោកព្រួយបារម្ភពីចំនួនផលិត និងចរាចរនៅលើទីផ្សារព្រោះនេះជាបរិមាណច្រើនហើយអាចប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមធ្ងន់ធ្ងរ។
លោក រស់ សុដ្ឋា៖ «បើយើងមិនពង្រឹងវិន័យច្បាប់ និងសីលធម៌ទេ មិនបោសសំអាតអំពើពុករលួយមិនបានទេ បញ្ហាហ្នឹងចេះតែបង្កឱ្យសង្គមខ្មែរជួបវិបត្តិ»។
របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញផ្សាយកាលពីឆ្នាំ២០២១ ថា ឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនបានជាង ១ម៉ឺន ៣ពាន់នាក់(១៣.៧៦៥) បង្ក្រាបបានជាង ៦ពាន់ករណី (៦.២៤២) និងដកហូតគ្រឿងញៀនបានជាង ៤តោន។ ទោះបីយ៉ាងណា សមត្ថកិច្ចបង្ហាញថា ទីតាំងផលិតគ្រឿងញៀនភាគច្រើន ដែលសមត្ថកិច្ចចុះទៅបង្ក្រាបនោះគឺមានជនជាតិចិន និងវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។