កម្មកររោងចក្រ ហុង សេន ថិចស្ថាយ (Hong Sen Textile (Cambodia) Co.ltd) ជិតមួយពាន់ (១.០០០)នាក់ នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ព្រមានថា នឹងនាំគ្នាតវ៉ា បិទផ្លូវមុខរោងចក្រម្ដងទៀត ដើម្បីទាមទារឲ្យមានដំណោះស្រាយ។ ក្រុមកម្មករ ឲ្យដឹងថា ពួកគេ លំបាកជីវភាពខ្លាំង ក្រោយពេលថៅកែ រត់ចោលកម្មករ ដោយមិនបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ឲ្យជិតមួយខែមកហើយនៅមិនទាន់មានដោះស្រាយទៀត។
កម្មការិនីផ្នែកដេរ លោកស្រី ម៉ៅ សារ៉ន ឲ្យដឹងថា កម្មករ បាននាំគ្នាបិទផ្លូវ នៅមុខរោងចក្រស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ កាលពីថ្ងៃទី២៥ កញ្ញា តែអាជ្ញាធរ បានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ ដំបងឆក់ និងខែល យ៉ាងច្រើន រួចប្រាប់ឲ្យក្រុមកម្មកររំសាយការតវ៉ាបិទផ្លូវ ដើម្បីចរចារកដំណោះស្រាយ។
លោកស្រី ប្រាប់ថា ក្រុមកម្មករ បានទទួលយក ការចរចាតែអាជ្ញាធរខេត្ត និងមន្ត្រីក្រសួងការងារ បានត្រឹមសន្យា និងប្រាប់ឲ្យកម្មកររង់ចាំ។ កម្មការិនីរូបនេះ បន្តថា ចំពោះដំណោះស្រាយជាក់ស្ដែងវិញ គឺមិនមានទេ។ លោកស្រី ម៉ៅ សារ៉ន ប្រាប់ថា ក្រុមកម្មករ អាចនឹងតវ៉ាទ្រង់ទ្រាយធំម្ដងទៀត បើនៅតែបន្តគ្មានដំណោះស្រាយ ព្រោះម្នាក់ៗ កំពុងប្រឈមជីវភាពខ្វះខាតខ្លាំង។
វិវាទការងារ រវាងកម្មករ និងថៅកែជនជាតិចិន នៃរោងចក្រ ហុង សេន បានចាប់ផ្ដើមកើតឡើង កាលពីថ្ងៃទី៩ កញ្ញា ដោយសារ ក្រុមកម្មករទទួលដំណឹងថា ថៅកែរត់ ហើយទុករោងចក្រចោល ដោយមិនទាន់បានទូទាត់លុយឲ្យកម្មករ។
កម្មករ ឲ្យដឹងថា មន្ត្រីក្រសួងការងារ បានចុះទៅអន្តរាគមន៍ច្រើនដងហើយ និងផ្ដល់ជម្រើស២ ឲ្យកម្មករ គឺ ការប្ដឹងតាមផ្លូវតុលាការ ដោយកម្មករដាក់ពាក្យប្ដឹងទៅតុលាការ ឬជម្រើសយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺដាក់ពាក្យស្នើសុំលក់ឡាយឡុង សម្ភារៈក្នុងរោងចក្រ។
ក្រុមកម្មករព្រួយបារម្ភថា ជម្រើសទាំងពីរ មិនអាចផ្ដល់លុយឲ្យកម្មករបានគ្រប់ចំនួន ព្រោះកម្មករ អះអាងថា ក្នុងម្នាក់ ត្រូវទទួលបានប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ប្រហែលជាងប្រាំពីរ (៧០០) ដុល្លារឡើង តាមអតីតភាពការងាររៀងៗ ខ្លួន។ កម្មករ ចង់ឲ្យខាងក្រសួងការងារ ទទួលខុសត្រូវ ថា ពួកគេ ពិតជាទទួលបានសំណងគ្រប់ចំនួន តាមច្បាប់ការងារ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) លោក ទេស រុក្ខាផល បានទេ នៅថ្ងៃទី២៨ កញ្ញា ដោយសារទូរស័ព្ទរោទ៍គ្មានអ្នកទទួល។
រោងចក្រ ហុង សេន បើកដំណើរការរយៈពេល ៨ឆ្នាំហើយ មានកម្មករសរុបប្រហែលប្រាំបួនរយ (៩០០) នាក់ ជារោងចក្រកាត់ដេរខោអាវក្នុង និងខោអាវកូនក្មេង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។