សិស្សថ្នាក់ទី១០ នៃវិទ្យាល័យកោះធំ នៅស្រុកកោះធំ ខេត្តកណ្ដាល ជិត ៣០នាក់ បានដួលសន្លប់បន្តបន្ទាប់គ្នា នៅព្រឹកថ្ងៃទី ១៤ ធ្នូ។ អភិបាលស្រុកកោះធំ លោក ឯក មោក ប្រាប់សារព័ត៌មានក្នុងស្រុកថា សិស្សដែលដួលសន្លប់ចំនួន ២៨នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ទោះជាយ៉ាងណាក្ដី អាជ្ញាធរមិនទាន់ដឹងពីមូលហេតុនៃការដួលសន្លប់តគ្នានេះនៅឡើយទេ ដោយអះអាងថា សមត្ថកិច្ចកំពុងស្រាវជ្រាវ។
គ្រូបង្រៀននៅវិទ្យាល័យកោះធំម្នាក់ លោក ម៉ាន់ ឃី ប្រាប់អាស៊ីសេរីថា តាមការឲ្យដឹងពីនាយករងម្នាក់ មានសិស្សថ្នាក់ទី១០ ចំនួន ២៧នាក់ ដួលសន្លប់ដោយមិនបានដឹងពីមូលហេតុ ក្រោយពេល វិទ្យាល័យកោះធំ បានរៀបពិធីសូត្រមន្ត ប្រោះព្រំទឹកមន្តរួច ជាមួយអភិបាលស្រុកកោះធំរួច។ លោកគ្រូ ម៉ាន់ ឃី ថា កន្លងមក សិស្សនៅវិទ្យាល័យកោះធំ ឧស្សាហ៍កើតមានករណី ដួលសន្លប់ណាស់ ប៉ុន្តែមិនច្រើនទេ គឺសន្លប់ម្ដងតែម្នាក់ ឬ ២នាក់ ដោយសារសិស្សខ្លះ ខិតខំរៀនខ្លាំងពេក និងសិស្សខ្លះ ស្លេកស្លាំង។ លោកគ្រូ ម៉ាន់ ឃី អះអាងថា លោកបានសំណូមពរ ផ្ទាល់មាត់រួចហើយ ដើម្បីបើកកិច្ចប្រជុំ ហាមឃាត់ឈប់ឲ្យលក់នំចំណី ផ្ដេសផ្ដាស គ្មានគុណភាពក្នុងសាលារៀន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
