សង្គមស៊ីវិលលើកឡើងថា គម្រោងរើសទាហានថ្មី ជិត៧០០នាក់ គឺជាការចំណាយថវិកាខ្ជះខ្ជាយ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី៤ តុលា ថា ទោះបីជាក្រសួងការពារជាតិលើកឡើង ថា ការជ្រើសរើសទាហានថ្មីបន្ថែមទៀត ដើម្បីពង្រឹងកិច្ចការពារបូរណភាពទឹកដី និងសេចក្ដីសុខរបស់ពលរដ្ឋក៏ដោយ ក៏លោកសង្កេតឃើញថា មានកងកម្លាំងប្រដាប់អាវុធខ្លះ បានប្រើប្រាស់ដើម្បីការពារក្រុមហ៊ុន និងអ្នកមានអំណាចទៅវិញ៖ «កន្លងមក យើងឃើញមានកងប្រដាប់អាវុធមួយចំនួន ត្រូវបានក្រុមហ៊ុនឯកជន បានយកទៅប្រើប្រាស់សម្រាប់ការពារសន្តិសុខ ជាដើម អ៊ីចឹងគួរតែបម្រើការងារឲ្យរដ្ឋ។ ដូចនេះយើងត្រូវពិនិត្យមើលដែរ បើយើងរើសថ្មីតែអ្នកចាស់ៗ យើងប្រើប្រាស់មិនត្រឹមត្រូវ គឺអាចជាការចំណាយថវិកាខ្ជះខ្ជាយ ...»។
លោក ស៊ឹង សែនករុណា បន្ថែមថា កម្ពុជាមិនចាំបាច់ចំណាយថវិកាជ្រើសរើសទាហានថ្មីឡើយ ដោយសារតែកម្ពុជា មិនមានសង្គ្រាមប្រឆាំងជាមួយប្រទេសជិតខាងនោះទេ។ លោកបន្តថា អាជ្ញាធរក្រុងភ្នំពេញ គួរតែប្រើប្រាស់ធនធានរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងប្រមូលកងកម្លាំងប្រដាប់អាវុធ ដែលប្រើប្រាស់ខុសទិសដៅទាំងនោះងាកមកជួយដល់ផ្នែកពាក់ព័ន្ធមួយចំនួនដែលចាំបាច់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
កាសែតភ្នំពេញប៉ុស្តិ៍ផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៤ ខែតុលានេះ បានដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ឲ្យដឹងថា ក្រសួងការពារជាតិនឹងជ្រើសរើសសិស្សនិស្សិតចំនួន ៦៨០នាក់ ឱ្យចូលសិក្សា និងបម្រើការងារជាទាហានថ្មី ក្នុងនោះរួមមាន សិស្សនាយទាហានទ័ពជើងគោកជំនាន់ទី១១ ចំនួន ២៥០នាក់ សិស្សនាយទាហានបន្តវេនជំនាន់ទី១២ ចំនួន ១៧០ នាក់ សិស្សសិក្សាបណ្ដុះបណ្ដាលជំនាញបច្ចេកទេសយោធានៅវិទ្យាស្ថានបច្ចេកវិទ្យា ចំនួន ៦០ នាក់ និងសិស្សនាយទាហានសកម្មជំនាន់ទី២៣ ចំនួន ២០០នាក់។
ចំពោះលក្ខខណ្ឌសម្រាប់ការជ្រើសរើសវិញ គឺបេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានអាយុចាប់ពី ១៨ ឆ្នាំដល់ ២៥ឆ្នាំ មានកាយសម្បទាគ្រប់គ្រាន់ មិនធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោស មានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ និងមានកម្ពស់ សម្រាប់បុរស ចាប់ពី ១ម៉ែត្រ ៦០ ឡើង ចំណែកនារីវិញ គឺមានកម្ពស់ចាប់ពី ១ម៉ែត្រ ៥០ ឡើងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
