អតិថិជនទិញផ្ទះបង់រំលស់ពីក្រុមហ៊ុនបុរីពិភពថ្មីលើកឡើងថា ម្ចាស់បុរីពិភពថ្មីនៅតែបន្តធ្វើទុក្ខបុកម្នេញ និងរឹបអូសយកផ្ទះរបស់ពួកគាត់វិញ ខណៈក្រសួងដែនដីនៅតែយឺតយ៉ាវក្នុងការដោះស្រាយបញ្ហាឱ្យពលរដ្ឋ។ ការយឺតយ៉ាវដោះស្រាយរបស់ក្រសួងដែនដីនេះ កំពុងធ្វើឱ្យអតិថិជនមួយចំនួនបាត់បង់ផ្ទះធ្លាក់ខ្លួនទៅរស់នៅផ្ទះជួល និងបង្ខំចិត្តកាត់បន្ថយការហូបចុកដើម្បីសន្សំប្រាក់សងបំណុលធនាគារ។
អតិថិជនអស់លទ្ធភាពបង់ប្រាក់បន្តទៅឱ្យក្រុមហ៊ុនបុរីពិភពថ្មី អះអាងថា ម្ចាស់បុរីពិភពថ្មីនៅតែបន្តអូសរឹបផ្ទះពីអតិថិជន និងចាក់សោពីខាងក្រៅផ្ទះរបស់ពួកគាត់ដែលភាគីក្រុមហ៊ុនថា ជាផ្ទះរបស់ក្រុមហ៊ុនអនុវត្តតាមកិច្ចសន្យា។
អតិថិជនបុរីពិភពថ្មីនៅខណ្ឌដង្កោ លោកស្រី គង់ លីដា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែមីនា ថាម្ចាស់បុរីពិភពថ្មីនៅតែបន្តគំរាមកំហែងអតិថិជនដោយមិនឱ្យពួកគាត់ចូលរស់នៅក្នុងផ្ទះរបស់ពួកគាត់ឡើយ។ លោកស្រីបន្តថា បើទោះបីជាក្រសួងដែនដីឱ្យម្ចាស់បុរីបញ្ឈប់ការរឹបអូសផ្ទះពីអតិថិជន ក៏ម្ចាស់ក្រុមហ៊ុននៅតែបំពានរឹបអូសផ្ទះដដែល។
លោកស្រី គង់ លីដា៖ «អាណិតគ្នាផងមួយៗគ្នាយកលុយធនាគារគ្នាជំពាក់គេរកស៊ីពិបាកណាស់ជំពាក់គេហើយត្រូវបុរីរឹបអូសផ្ទះទៀតដោះស្រាយឱ្យគ្នាទៅឱ្យគ្នាយកលុយមកសងគេដោះស្រាយជីវភាពក្នុងគ្រួសារកុំធ្វើអ៊ីចឹងអ្នកឧកញ៉ាមានលុយណាស់ធ្វើបុណ្យជាមួយអតិថិជនផង»។
ការបន្តរឹបអូសផ្ទះពីអតិថិជននេះធ្វើឱ្យអតិថិជនមួយចំនួនបាត់បង់ ខណៈអ្នកខ្លះទៀតកំពុងជំពាក់បំណុលធនាគារវ័ណ្ឌក ដោយសារមិនហ៊ានចេញទៅធ្វើការរកប្រាក់ចំណូលពីព្រោះខ្លាចត្រឡប់មកផ្ទះវិញក្រុមហ៊ុនរឹបអូសយកផ្ទះ។
អតិថិជនបង់រំលស់ផ្ទះនៅសាខាកួរស្រូវពីរ លោកស្រី ខាត់ ច័ន្ទកក្កដា ថ្លែងថា បច្ចុប្បន្នផ្ទះលោកស្រីប្រឈមនឹងការរឹបអូសដោយសារលោកស្រីគ្មានលទ្ធភាពបង់រំលស់ផ្ទះបន្តឡើយ។ លោកស្រីបន្តថា ស្ថានភាពជីវភាពគ្រួសារកាន់តែធ្លាក់ខ្លួនក្នុងបំណុលដោយសារលោកស្រីមិនបានចេញទៅធ្វើការនោះទេ ពីព្រោះខ្លាចបាត់បង់ផ្ទះ។
លោកស្រី ខាត់ ច័ន្ទកក្កដា៖ «រាល់ថ្ងៃខ្ញុំប្រឈមនឹងបញ្ហាទី១កាត់បន្ថយបាយពីបីពេលមកសល់ពីរពេលហើយថ្ងៃខ្លះក៏សល់តែមួយពេល។ ពេលខ្លះក៏អស់ទឹកដោះគោកូនអ៊ីចឹងដោយសារខ្ញុំអត់មានទឹកដោះឱ្យកូនបៅទេ ហើយកូនខ្ញុំនៅតូចគាត់ទើបតែមានអាយុ៧ខែ អីចឹងបានជួបវិបត្តិសេដ្ឋកិច្ចហ្នឹងខ្លាំងមែនទែន។ អ៊ីចឹងបានខ្ញុំស្នើហើយស្នើទៀតគឺស្នើឱ្យឧកញ៉ា ហុង ពីវ ទទួលទិញផ្ទះខ្ញុំ៥០ភាគរយដែលខ្ញុំបានបង់»។
ក្រុមអតិថិជនអះអាងថា ពួកគាត់គ្មានជំនឿលើក្រសួងដែនដីថាអាចជំរុញឱ្យភាគីក្រុមហ៊ុនបុរីពិភពថ្មីទទួលទិញផ្ទះក្នុងតម្លៃ៥០ភាគរយ (៥០%) ពីពួកគាត់ត្រឡប់ទៅវិញឡើយ ពីព្រោះកន្លងទៅ ក្រសួងដែនដីបានអញ្ជើញភាគីក្រុមហ៊ុនមកចរចារកដំណោះស្រាយជាមួយអតិថិជន ប៉ុន្តែបែរជាក្រសួង និងម្ចាស់បុរីសម្រេចឱ្យអតិថិជនបង់រំលស់ផ្ទះបន្តដោយតម្រូវឱ្យបង់តែការប្រាក់។ អតិថិជននឹងបន្តដាក់ទៅស្ថាប័នពាក់ព័ន្ធបន្តទៀត ប្រសិនបើក្រសួងដែនដីអសមត្ថភាពមិនអាចរកយុត្តិធម៌ជូនពួកគាត់បាន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង តំណាងក្រុមហ៊ុនបុរីពិភពថ្មី និងអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៣០ ខែមីនា។
ទាក់ទិនបញ្ហានេះ នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យ (CPDD) លោក សុន ពេញ មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលនៅតែបណ្ដែតបណ្ដោយមិនដោះស្រាយបញ្ហាអតិថិជនបុរីពិភពថ្មី នោះវិសមភាពសង្គមកាន់តែធ្ងន់ធ្ងរ។ លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះរដ្ឋាភិបាលគួរតែបង្កើតគណៈកម្មការដោះស្រាយវិវាទឯករាជ្យក្នុងការធានា យុត្តិធម៌ដល់ពលរដ្ឋ។
លោក សុន ពេញ៖ «អ្នកដែលមានឥទ្ធិពលគាត់តែងតែមានឱកាសក្នុងការការពារផលប្រយោជន៍គាត់បានច្រើនជាងពលរដ្ឋ ដល់ពលរដ្ឋដែលគាត់អត់មានទីពឹងដែលគាត់អត់ដឹងស្វែងរកជំនួយពីណាអ៊ីចឹងមានតែរដ្ឋាភិបាលហ្នឹងឯងដែលជាពលរដ្ឋពឹងផ្អែកបានអ៊ីចឹងប្រសិនរដ្ឋាភិបាលអត់អើពើទេ។ តើប្រជាពលរដ្ឋគាត់ហ្នឹងទៅណា?អ៊ីចឹងប្រសិនបើរដ្ឋាភិបាលអត់យកចិត្តទុកដាក់ដោះស្រាយបញ្ហានេះឱ្យបានម៉ឺងម៉ាត់ទេ ខ្ញុំគិតថាករណីផ្សេងៗទៀតនឹងអាចកើតឡើងផ្ទុះឡើងករណីនៅបុរីផ្សេងៗទៀត»។
អតិថិជនបុរីពិភពថ្មីជិត២០០គ្រួសារ (១៨២) កំពុងរស់នៅក្នុងស្ថានភាពខ្វះខាត អ្នកខ្លះបានសម្រេចទៅនៅស្រុកកំណើតតាមបណ្ដាខេត្តផ្សេងៗ បន្ទាប់ពីក្រុមហ៊ុនរឹបអូសយកផ្ទះរបស់ពួកគាត់ជាស្ថាពរ និងអតិថិជនខ្លះបង្ខំចិត្តសុំផ្ទះគេរស់នៅដោយសារគ្មានលុយបង់ថ្លៃផ្ទះជួល។ ចំណែកអតិថិជនមួយចំនួនទៀត ដែលនៅបុរីពិភពថ្មីខណ្ឌកំបូល ខណ្ឌដង្កោ និងចម្ការដូងក្នុងរាជធានីភ្នំពេញកំពុងកាត់បន្ថយអាហារហូបចុកដើម្បីបន្តការតវ៉ាទាមទារឱ្យម្ចាស់បុរីគឺ ឧកញ៉ា ហុង ពីវ ចេញមកដោះស្រាយរឿងលុយ៥០ភាគរយដល់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
