អាជ្ញាធរខេត្តព្រះសីហនុរៀបចំពិធីអបអរបុណ្យចូលឆ្នាំសកល
2014.12.31
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងវិស័យឯកជន នៃសភាពាណិជ្ជកម្មខេត្តជាប់មាត់សមុទ្រមួយនេះ បានបង្កើតឲ្យមានកម្មវិធីប្រគំតន្ត្រីសម័យ និងស្តង់លក់ទំនិញផ្សេងៗនាតំបន់មាត់សមុទ្រឆ្នេរអូរឈើទាល ដើម្បីផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងពិធីឆ្លងឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០១៥។
ពិធីកម្សាន្តឆ្លងឆ្នាំសកលនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្ថាប័នជំនាញនាមូលដ្ឋាននេះ បានអះអាងថា បានត្រៀមវិធានការការពារសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសុវត្ថិភាពជូនភ្ញៀវដែលចូលមកកម្សាន្តនៅតាមតំបន់ឆ្នេរនានាក្នុងខេត្តព្រះសីហនុ ក្នុងពិធីឆ្លងឆ្នាំសកល។
ពិធីបើកសម្ពោធស្តង់តាំងពិព័រណ៍លក់ទំនិញចម្រុះ និងការប្រគំតន្ត្រីសម័យ រៀបចំដោយវិស័យឯកជន សហការជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដើម្បីស្វាគមន៍ឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០១៥ បានចាប់ផ្ដើមនៅព្រលប់ថ្ងៃច័ន្ទ ទី២៩ ខែធ្នូ ដោយមានបាញ់កាំជ្រួចចម្រុះព័ណ៌ដ៏រញ្ជួយមាត់សមុទ្រនៃឆ្នេរអូរឈើទាល និងមានមនុស្សរាប់ម៉ឺននាក់ចូលរួមអបអរសាទរ។
ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ លោក សុខ សុង មានប្រសាសន៍ថា គោលបំណងបង្កើតកម្មវិធីសាទរឆ្នាំសកល ឆ្នាំ២០១៥ នាខេត្តជាប់មាត់សមុទ្រមួយនេះ គឺបំណងទាក់ទាញចំនួនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាមូលដ្ឋាននេះឲ្យបានច្រើន ដើម្បីបង្កើនចំណូលដល់ប្រជាពលរដ្ឋរស់នៅតំបន់នេះឲ្យបានថែមទៀត។ លោកបន្តថា ការរៀបចំកម្មវិធីឆ្លងឆ្នាំសកលនេះ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ដោយមានកម្មវិធីប្រគំតន្ត្រីសម័យមានការចូលរួមពីតារាចម្រៀង និងតារាសម្ដែងពីផលិតកម្មល្បីៗមួយចំនួននៅកម្ពុជា មានដូចជាតារាចម្រៀង ខេមរៈ សេរីមន្ត ក្រុមតារាកំប្លែងនាយក្រឹម និងអ្នកចម្រៀងអាយ៉ៃ លោក ព្រហ្ម ម៉ាញ ជាដើម ក៏នឹងមកចូលរួមសម្ដែងជូនភ្ញៀវក្នុងរយៈពេល ៣ថ្ងៃ ហើយកម្មវិធីនេះក៏មានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ម៉ាយធីវី (My TV) ថែមទៀត៖ «មានផ្សព្វផ្សាយមុខទំនិញផ្សេងៗទាំងទំនិញក្នុងស្រុក និងក្រៅស្រុក។ ជាងនេះក៏មានការប្រគំតន្ត្រី កីឡា និងមានអ្នកចម្រៀងសម័យ ពិធីករ និងតារាកំប្លែងមានឈ្មោះល្បីៗក្នុងប្រទេសកម្ពុជា មកសម្ដែងជូនភ្ញៀវកម្សាន្តក្នុងរយៈពេល ៣ថ្ងៃ នៃថ្ងៃឆ្លងឆ្នាំសកល ២០១៥»។
ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ លោក សុខ សុង បន្ថែមថា ក្រៅអំពីបានរៀបចំការប្រគំតន្ត្រីសម័យ ពិធីនេះក៏មានរៀបចំជាស្តង់តាំងពិព័រណ៍លក់ផលិតផលទំនិញចម្រុះជិត ១០០ស្តង់ ដើម្បីផ្តល់ជូនភ្ញៀវទស្សនា និងទិញទំនិញផ្សេងៗក្នុងតម្លៃសមរម្យ។
ទាក់ទិនពិធីសាទរឆ្លងឆ្នាំសកលឆ្នាំ២០១៥ នេះដែរ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលចូលរួមកម្មវិធីនេះ ឲ្យចូលរួមថែរក្សាអនាម័យឆ្នេរ និងមិនត្រូវបោះចោលសំរាមអនាធិបតេយ្យនៅតាមទីសាធារណៈនោះទេ។ ជាងនេះ ភ្ញៀវចូលរួមទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវថែរក្សាទ្រព្យសម្បត្តិ ឬសម្ភារៈដែលនាំមកតាមខ្លួន ដើម្បីជៀសវាងបាត់បង់ ឬជួបប្រទះនូវបញ្ហាអ្វីមួយក្នុងដំណើរកម្សាន្តឆ្លងឆ្នាំសកលឆ្នាំ២០១៥៖ «អ្នកចូលរួមពិធីឆ្លងឆ្នាំត្រូវទុកដាក់កាកសំណល់ផ្សេងៗដែលបានហូបចំណីអាហារនានា ត្រូវវេចខ្ចប់ និងទុកដាក់ឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងបោះចោលគ្មានសណ្ដាប់ធ្នាប់ នាំឲ្យប៉ះពាល់ដល់បរិស្ថានឆ្នេរ»។
ប្រធានសភាពាណិជ្ជកម្ម និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានឲ្យដឹងថា ពិធីឆ្លងឆ្នាំសកលឆ្នាំ២០១៥ នេះ ក៏នឹងត្រៀមបង្ហោះប៉េងប៉ោងចំនួន ២០១៥ប៉េងប៉ោង និងបាញ់កាំជ្រួចរាប់រយដើម ដើម្បីស្វាគមន៍ និងសាទរឆ្លងឆ្នាំសកលឆ្នាំ២០១៥ ឲ្យកក្រើកឆ្នេរសមុទ្រខេត្តព្រះសីហនុ ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវដែលបានចូលរួម។
បញ្ហានេះដែរ លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ និងលោក ស៊ាង កុសល ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា បានពង្រាយកម្លាំងទៅតាមជំនាញនីមួយៗ ដើម្បីថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខជូនភ្ញៀវដែលចូលមកកម្សាន្តក្នុងពិធីឆ្លងឆ្នាំសកលនាខេត្តព្រះសីហនុ។ លោក ហេង ប៊ុនទី ឲ្យដឹងថា លោកបានដាក់ពង្រាយកម្លាំងទាំងក្នុងបរិវេណរៀបចំពិធីនៅម្តុំឆ្នេរអូរឈើទាល និងនៅតាមគោលដៅ តាមផ្លូវជាតិ ឬតាមរមណីយដ្ឋាននានាដែលមានភ្ញៀវទៅកម្សាន្តទាំងយប់ទាំងថ្ងៃ ដោយការទទួលខុសត្រូវខ្ពស់៖ «កម្លាំងខ្ញុំបានដាក់ពង្រាយនៅគ្រប់គោលដៅ ទាំងគោលដៅនៅក្នុងក្បែររៀបចំពិធី និងគោលដៅនៅតាមរមណីយដ្ឋាននានាដែលមានភ្ញៀវទៅទស្សនា មានដូចជាតំបន់ទឹកធ្លាក់ក្បាលឆាយ និងតំបន់ឆ្នេរសមុទ្ររាម ជាដើម»។
លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានព្យាករថា ទំនងជាអាចមានភ្ញៀវចូលមកទស្សនាខេត្តឆ្នេរសមុទ្រមួយនេះឈានដល់ជិត ១០ម៉ឺននាក់។ លោកថា បើយោងតាមការអះអាងពីម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ជាដើមឲ្យដឹងថា បន្ទប់ជួលស្នាក់នៅភាគច្រើនត្រូវភ្ញៀវកក់ និងស្នាក់នៅស្ទើរគ្មានសល់៖ «កាលពីបុណ្យអុំទូកមានភ្ញៀវមកលេងខេត្តនេះចន្លោះពី ៧ ទៅ ៨ម៉ឺននាក់ទៅហើយ។ ដូច្នេះឆ្លងឆ្នាំសកល២០១៥នេះ អាចមានភ្ញៀវមកលេងរហូតដល់ជិត ១០ម៉ឺននាក់ក៏មិនដឹង»។
ទោះបែបនេះក្តី គេសង្កេតឃើញថា នៅយប់ដំបូងនៃកម្មវិធីតាំងពិព័រណ៍ឆ្លងឆ្នាំ២០១៥ ចាប់ផ្ដើម គេមិនសូវឃើញមានមនុស្សមកចូលរួមច្រើនពេកទេ ហើយទំនិញដែលដាក់លក់នៅក្នុងស្តង់នានា ក៏ពុំសូវមានអតិថិជនទិញច្រើននោះដែរ។ ជាងនេះ ទំនិញដែលដាក់លក់នៅតាមស្តង់មួយចំនួន ត្រូវអតិថិជនរិះគន់ថា មានតម្លៃខ្ពស់ជាងតម្លៃដាក់លក់នៅតាមទីផ្សារទៅទៀត ដែលជាហេតុនាំឲ្យមុខទំនិញមួយចំនួនលក់មិនសូវដាច់ ហើយម្ចាស់ស្តង់ដែលជួលស្តង់ពីអ្នករៀបចំកម្មវិធីតាំងពិព័រណ៍ ក៏បានបង្ហាញអារម្មណ៍ស្មុគស្មាញ ចំពោះបញ្ហាប្រឈមនឹងការខាតបង់ថវិកាពីការជួលស្តង់លក់ទំនិញរបស់ខ្លួន៕